វៀតណាម​រៀបចំ​វេទិកា​ត​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​​ និង​ដាក់​គោលដៅ​ ​២០ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០៣០​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាម​រៀបចំ​វេទិកា​ត​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​​ និង​ដាក់​គោលដៅ​ ​២០ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០៣០​

វៀតណាម​រៀបចំ​វេទិកា​ត​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​​ និង​ដាក់​គោលដៅ​ ​២០ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០៣០​

​បរទេស​៖​ ​ក្រសួង​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​វៀតណាម​ ​(​MO​IT​)​ ​សហការ​ជាមួយ​មន្ទីរ​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​ខេត្ត​ ​An ​Giang ​បាន​រៀបចំ​សន្និសីទ​ស្តីពី​ការ​លើកកម្ពស់​ការ​តភ្ជាប់​ពាណិជ្ជកម្ម​រវាង​វៀតណាម ​និង​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​១៣​ ​ខែ​វិច្ឆិកា ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​និង​ពង្រីក​ឱកាស​ពាណិជ្ជកម្ម​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ។ ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Vietnam Plus​។​

​សន្និសីទ​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ជំរុញ​ពាណិជ្ជកម្ម​ឆ្លង​ដែន ​និង​ការ​នាំចេញ​ពី​វៀតណាម​ទៅកាន់​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ​ដែល​មាន​គោលបំណង​រួមចំណែក​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឈាន​ដល់​ ​២០​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​នៅ​ត្រឹម​ឆ្នាំ​ ​២០៣០​។

​ក្រសួង​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​វៀតណាម​បាន​បញ្ជាក់​ថា​ ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បន្ត​មាន​ការ​រីកចម្រើន​ជា​លំដាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដែល​បាន​រួមចំណែក​គាំទ្រ​ដល់​លំហូរ​ទំនិញ​ ការ​តភ្ជាប់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ ​និង​ការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេ​ភាគី​។

​ទិន្នន័យ​ពាណិជ្ជកម្ម​ក្នុង​រយៈពេល​ ៨​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​បង្ហាញ​ថា​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​វៀតណាម​សម្រេចបាន​ ៨​,​៦៧ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ៨​,​៣​%​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ ​ក្នុង​នោះ​ វៀតណាម​នាំចេញ​ទំនិញ​មក​កម្ពុជា​មាន​តម្លៃ​ ៤​,​២៨ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​១៣​,​៨​%​ ​ខណៈ​ការ​នាំចូល​ពី​កម្ពុជា​មាន​តម្លៃ​ ៤​,​៣៨ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​៣​,​៤​%​។

​ក្រសួង​វៀតណាម​បាន​ចាត់ទុក​តួ​លេខ​នេះ​ថា​ ​ជា​សញ្ញា​បង្ហាញ​ពី​សក្តានុពល​សម្រាប់​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​បន្ថែម​ទៀត​ ​និង​តម្រូវការ​ក្នុង​ការ​ពង្រឹង​ការ​តភ្ជាប់​រវាង​សហគ្រាស​នៃ​ប្រទេស​ទាំង​ពីរ ​ដើម្បី​ចាប់​យក​ឱកាស​ទីផ្សារ​ឱ្យ​កាន់តែ​ទូលំទូលាយ​។

​សន្និសីទ​នេះ​ផ្តល់​វេទិកា​ដល់​ស្ថាប័ន​រដ្ឋាភិបាល​ ​សមាគម​ឧស្សាហកម្ម ​និង​សហគ្រាស​កម្ពុជា​-​វៀតណាម ​ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន​ទីផ្សារ​ ​និង​បទពិសោធន៍​ ស្វែងរក​ដៃគូ​សហការ​ ​ផ្សារភ្ជាប់​តម្រូវ​ការ​ផ្គត់ផ្គង់ ​និង​ពង្រីក​បណ្តាញ​ចែកចាយ​ផលិតផល​។

​អ្នក​ចូលរួម​ក្នុង​សន្និសីទ​នេះ រួម​មាន​ថ្នាក់ដឹកនាំ​ទីភ្នាក់ងារ​ឃ្លាំមើល​ ​និង​អភិវឌ្ឍន៍​ទីផ្សារ​ក្នុង​ស្រុក​នៃ​ក្រសួង​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​វៀតណាម ​មន្ទីរ​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​ខេត្ត​ ​An ​Giang ​អង្គភាព​ពាក់ព័ន្ធ​របស់​ក្រសួង​ ​និង​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​។ ​ក៏​មាន​តំណាង​មន្ទីរ​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​តាម​បណ្តា​ខេត្ត​-​ក្រុង​ភាគ​ខាង​ត្បូង​វៀតណាម​ ​អាជ្ញាធរ​មូលដ្ឋាន​កម្ពុជា​ ​សមាគម​ឧស្សាហកម្ម ​និង​ក្រុមហ៊ុន​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ​។

​ចំណុច​សំខាន់​ៗ​នៃ​កិច្ច​ពិភាក្សា​ ​រួម​មាន​និន្នាការ​ទីផ្សារ​ ​តម្រូវការ​អ្នក​ប្រើប្រាស់​ ​លក្ខខណ្ឌ​នៃ​ការ​ចូល​ទៅកាន់​ទីផ្សារ​ ​និង​ឱកាស​ពាណិជ្ជកម្ម​។ ​ភាគី​ពាក់ព័ន្ធ​ក៏​នឹង​ចែក​រំលែក​បទពិសោធន៍​ក្នុង​ការ​កែលម្អ​គុណភាព​ផលិតផល​ ការ​រចនា​ម៉ូដ​ ​ការ​វេច​ខ្ចប់​ ​និង​ការ​កសាង​ម៉ាក​យីហោ ​ព្រមទាំង​ការ​បំពេញ​តាម​ស្តង់ដារ​គុណភាព​ ការ​តាមដាន​ប្រភព​ដើម​ទំនិញ​ ការ​ដាក់​ស្លាកសញ្ញា​ ​និង​សុវត្ថិ​ភាព​ចំណីអាហារ​។

​ក្រៅ​ពី​នេះ​ សន្និសីទ​នឹង​ពិភាក្សា​អំពី​ការ​ពង្រីក​ទីផ្សារ ​និង​បណ្តាញ​ចែកចាយ​ ការ​កែលម្អ​ប្រព័ន្ធ​ភស្តុភារ​កម្ម ការ​ជំរុញ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​(​e​-​commerce​)​ ​និង​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​នាំចេញ​ ​ដោយ​ផ្តោត​លើ​ការ​បង្ហាញ​ពី​ផលិតផល​ដែល​មាន​សក្តានុពល​ប្រកួតប្រជែង​ ​និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ពាណិជ្ជកម្ម​ឆ្លង​ដែន​។

​ជាមួយគ្នា​នេះ​ ​ក៏​មាន​វគ្គ​ជំនួប​ផ្គូផ្គង​អាជីវកម្ម ​ដែល​ផ្តល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​កម្ពុជា ​និង​វៀតណាម​បង្ហាញ​ពី​តម្រូវការ​របស់​ខ្លួន​ ​កំណត់​អត្តសញ្ញាណ​ដៃ​គូ​សក្តានុពល ​និង​ស្វែងរក​កាលានុវត្តភាព​សហប្រតិបត្តិការ​ថ្មី​ៗ​។

​ស្រប​ពេល​ជាមួយ​សន្និសីទ​នេះ​ ​ពិព័រណ៍​តភ្ជាប់​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម ​ក៏​ត្រូវ​បាន​រៀបចំឡើង​នៅ​ទីតាំង​តែ​មួយ ​ចាប់​ពី​ថ្ងៃ​ទី​១២ ​ដល់​ថ្ងៃ​ទី​១៤​ ​ខែ​វិច្ឆិកា​ ​ដោយ​ដាក់​តាំង​បង្ហាញ​ផលិតផល​ពិសេស​ៗ​ប្រចាំ​តំបន់​ ​ផលិតផល​ក្រោម​កម្មវិធី​ ​«​ឃុំ​មួយ​ ​ផលិតផល​មួយ​» ​(​OCOP) ​ផលិតផល​កសិកម្ម ​និង​ជល​ផល ​ទំនិញ​ប្រើប្រាស់​ ​និង​ផលិតផល​ផ្សេង​ៗ​ដែល​មាន​ទិសដៅ​នាំចេញ​របស់​សហគ្រាស​ប្រទេស​ទាំង​ពីរ​។

ពិព័រណ៍​នេះ​ក៏​មាន​សកម្មភាព​ផ្សព្វផ្សាយ​ផលិតផល​ ​ការ​ផ្តល់​ជូន​ពិសេស​សម្រាប់​អ្នក​ទិញ​ ការ​ទាក់ទាញ​អតិថិជន ​ការ​សម្តែង​សិល្បៈ​ ​ការ​ផ្លាស់ប្តូរ​វប្បធម៌​ ​ការ​លក់​ទំនិញ​តាម​ប្រព័ន្ធ​ផ្សាយ​ផ្ទាល់ ​និង​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល ​ដើម្បី​ទាក់ទាញ​អ្នក​ទស្សនា ​និង​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​។

​តាមរយៈ​ការ​ចូលរួម​ពី​ស្ថាប័ន​រដ្ឋាភិបាល​ ​សមាគម​ឧស្សាហកម្ម​ ​និង​សហគមន៍​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ពីរ ​សន្និសីទ ​និង​ពិព័រណ៍​នេះ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​បង្កើត​ឱកាស​សហ​ប្រតិបត្តិការ​ជាក់ស្តែង​ ​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​ឆ្លង​ដែន ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ ​និង​និរន្តរភាព​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា