វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

​ភ្នំពេញ​៖​ វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់​។

​យោង​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា​ ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧​ ​ខែ​តុលា ​និង​ត្រូវ​បាន​រាយការណ៍​ដោយ​ VN ​Express ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ចំនួន​ ២​,​៤៦​លាន​នាក់​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ធ្លាក់​ចុះ​ ៤៣​,​៧​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

​ក្នុង​ចំណោម​ទីផ្សារ​ប្រភព​សំខាន់​ៗ​ វៀតណាម​មាន​ចំណែក​ ២៦​,​៤​ភាគរយ​ ​នៃ​ទីផ្សារ​ទេសចរ​សរុប​របស់​កម្ពុជា​ ​ខណៈ​ចិន​មាន​ចំណែក​ ២៦​,​១​ភាគរយ​។ ការ​ផ្លាស់ប្តូរ​នេះ​បាន​ធ្វើឱ្យ​វៀតណាម​ឡើង​កាន់​តំណែង​ជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ជំនួស​ចិន​ដែល​ធ្លាប់​កាន់កាប់​តំណែង​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ​និង​នៅតែ​ជា​ទីផ្សារ​នាំ​មុខ​គេ​ក្នុង​ឆមាស​ទី​១ ​ឆ្នាំ​នេះ​។​

​ទោះជា​យ៉ាងណា ​ចំនួន​ភ្ញៀវ​ទេសចរ​ពី​វៀតណាម ​និង​ចិន ​សុទ្ធតែ​បាន​ធ្លាក់ចុះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ ​ភ្ញៀវ​ទេសចរ​វៀតណាម​ថយចុះ​ ​២៨​ភាគរយ​ ​ខណៈ​ភ្ញៀវ​ទេសចរ​ចិន​ថយចុះ​ ២៧​,​៦​ភាគរយ​។

​ឯក​ឧត្តម​ ហួត ​ហាក់​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​បាន​គូសបញ្ជាក់​ថា​ ​ការ​ធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បាន​កើតឡើង​ដោយសារ​បញ្ហា​ប្រឈម​នៅក្នុង​តំបន់​ ​និង​សកល​លោក​ ​រួម​មាន​ព័ត៌មាន​អវិជ្ជមាន​ជុំវិញ​បណ្តាញ​ឆ​បោក​តាម​ប្រព័ន្ធ​អនឡាញ​ ភាព​តានតឹង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ​និង​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា​។

​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា​ក៏​បាន​ជំរុញ​ឱ្យ​តម្លៃ​ប្រេងឥន្ធនៈ​កើនឡើង​ ​ដែល​ជា​ហេតុ​ធ្វើឱ្យ​តម្រូវការ​ធ្វើដំណើរ​កម្សាន្ត​នៅ​ទូទាំង​ពិភពលោក​ធ្លាក់ចុះ​។

វិស័យ​ទេសចរណ៍​ ​គឺជា​សសរស្តម្ភ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ ​បន្ថែម​លើ​វិស័យ​កសិកម្ម​ ​សំណង់ អចលន​ទ្រព្យ​ ​និង​ការ​នាំចេញ​ផលិតផល​កែច្នៃ​។

​កាលពី​ឆ្នាំ​២០២៥​ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ ៥​,​៥៧​លាន​នាក់​ ​និង​រក​ចំណូល​បាន​ប្រមាណ ​៣​,​៨៧​ពាន់​លាន​ដុល្លារ​អាម៉េរិក​ពី​វិស័យ​ទេសចរណ៍​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា