វៀតណាម និងប្រទេសអឺរ៉ុបចំនួន ៤ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាម និងប្រទេសអឺរ៉ុបចំនួន ៤ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

វៀតណាម និងប្រទេសអឺរ៉ុបចំនួន ៤ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

បរទេស៖ វៀតណាម និងប្រទេសអឺរ៉ុបចំនួន ៤ ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នានៅក្នុងទីក្រុងហាណូយ រួមមាន អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងស្វីស ។

សេចក្ដីរាយការណ៍ពី CNA បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ វៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមាន ៤ ប្រទេស រួមមាន អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងស្វីស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីលុបបំបាត់ ឬកាត់បន្ថយពន្ធគយ រាប់បញ្ចូលទាំងការនាំចូលផលិតផលឧស្សាហកម្ម នេសាទ និងកសិកម្មផងដែរ។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីហាណូយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលរបស់វៀតណាម លោក តូ ឡាំ និងតំណាងរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិក EFTA។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមបានឱ្យដឹង កិច្ចព្រមព្រៀងនេះបង្ហាញពីឆន្ទៈរបស់ភាគីទាំងអស់ក្នុងការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ ចំពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានភាពមិនប្រាកដប្រជា។ តាមរយៈកិច្ចព្រមព្រៀងមួយនេះគេរំពឹងថា នឹងជួយឱ្យវៀតណាម អាចពង្រីកទំហំពាណិជ្ជកម្ម ទាំងការនាំចូល និងនាំចេញ កាន់តែមានភាពចម្រុះសម្បូរបែបជាងមុន ព្រមទាំងធ្វើសមាហរណកម្មកាន់តែជ្រៅទៅក្នុងខ្សែច្រវាក់តម្លៃសកល។

គួរឲ្យបញ្ជាក់ដែរថា សមាគម EFTA ត្រូវបានបង្កើតឡើងដើម្បីធ្វើជាដៃគូជិតស្និទ្ធជាមួយសហភាពអឺរ៉ុប ខណៈដែលប្រទេសអឺរ៉ុបទាំងបួននេះមិនទាន់បានចូលរួមជាសមាជិកពេញសិទ្ធិនៃសហភាពអឺរ៉ុបនៅឡើយទេ។ វៀតណាម និងសមាគម EFTA បានបញ្ចប់កិច្ចចរចានៅក្នុងខែកក្កដា បន្ទាប់ពីការចរចាពាណិជ្ជកម្មសេរីនេះចាប់ផ្តើមជាផ្លូវការអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ពោលគឺតាំងពីឆ្នាំ២០១២ មកម្ល៉េះ ប៉ុន្តែត្រូវជាប់គាំងចាប់តាំងពីឆ្នាំ ២០១៨។ ក្រោយមក នៅក្នុងខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ ភាគីទាំងពីរចាប់ផ្តើមចរចាឡើងវិញ បន្ទាប់ពីអាម៉េរិកដំឡើងពន្ធយ៉ាងគំហុកលើដៃគូពាណិជ្ជកម្មជាច្រើន ដែលបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្មសកល និងធ្វើឱ្យការនាំចេញទំនិញរបស់វៀតណាមទៅកាន់អាមេរិកត្រូវរងពន្ធយ៉ាងធ្ងន់ធ្ងរ។

ក្រុមអ្នកជំនាញបានលើកឡើងថា កិច្ចព្រមព្រៀងថ្មីនេះឆ្លុះបញ្ចាំងពីគំនិតផ្តួចផ្តើមរួមគ្នាក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មឲ្យមានភាពចម្រុះសម្បូរបែបជាងមុន និងកាត់បន្ថយការពឹងផ្អែកលើដៃគូពាណិជ្ជកម្មធំៗ។ នៅពេលដែលអាម៉េរិកបង្កើនសម្ពាធពាណិជ្ជកម្មលើបណ្តាប្រទេសនៅអឺរ៉ុប កិច្ចព្រមព្រៀងនេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយដើម្បីបង្វែរសមាហរណកម្មសេដ្ឋកិច្ចទៅជាស្វ័យភាពយុទ្ធសាស្ត្រកាន់តែធំ និងដើម្បីអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មជម្រើសផ្សេងទៀត ជំនួសឱ្យការពឹងផ្អែកតែលើដៃគូធំបំផុតរបស់ពួកគេ។ សម្រាប់វៀតណាមវិញ ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសេដ្ឋកិច្ច EFTA អាចគាំទ្រដល់បំណងប្រាថ្នារបស់ខ្លួនក្នុងការឈានទៅរកការបង្កើនតម្លៃបន្ថែមខ្ពស់ជាងមុន។

សូមជម្រាបថា នៅក្នុងឆ្នាំ២០២៥ ពាណិជ្ជកម្មទ្វេភាគីរវាង EFTA និងវៀតណាម មានទំហំទឹកប្រាក់ប្រមាណ ៤.៨ ពានលានអឺរ៉ូ (ប្រហែល ៥.៤ ពាន់លានដុល្លារ)។ គ្រឿងម៉ាស៊ីនអគ្គិសនី និងមេកានិច, ផលនេសាទ, និងផលិតផលឱសថ គឺជាមុខទំនិញនាំចេញកំពូលរបស់បណ្តាប្រទេស EFTA មកកាន់វៀតណាម។ ចំណែកឯវៀតណាមនាំចេញគ្រឿងម៉ាស៊ីន, ស្បែកជើង, និងសម្លៀកបំពាក់ទៅកាន់តំបន់ EFTA ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា