សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ

សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ

បរទេស​៖​ ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ​៩​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៦ ​និង​ ១​១ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៧ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ផលិតកម្ម ការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​បរទេស ​និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា​។​

ទី​ភ្នាក់ងារ​សារព័ត៌មាន​ AFP រាយការណ៍​ថា​ ​សេដ្ឋកិច្ច​វៀតណាម​បាន​កើនឡើង​ ៨​,​៤​ ​ភាគរយ​នៅក្នុង​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ​២០២៥​ ​និង​ខ្ពស់​ជាង​ការ​ព្យាករណ៍​ ៧ ​ភាគរយ​។

​ជា​រួម ​ក្នុង​ឆមាស​ទី​១ ​ឆ្នាំ​នេះ​ ​សេដ្ឋកិច្ច​វៀតណាម​មាន​កំណើន ៨​,​២ ​ភាគរយ ​ដោយ​វិស័យ​ឧស្សាហកម្ម ​និង​សំណង់​ជា​កម្លាំង​ចលករ​ស្នូល​នៃ​កំណើន ​ព្រមទាំង​ការ​ងើប​ឡើង​វិញ​នៃ​សកម្មភាព​ផលិតកម្ម ​និង​តម្រូវការ​ក្នុង​ស្រុក​។

​លោក​ Standre ​Bezuidenhout ​មក​ពី​ក្រុមហ៊ុន​ច្បាប់​អន្តរជាតិ​ DFDL ​លើកឡើង​ថា​ ​វៀតណាម​បាន​ចាប់​យក​ឱកាស​ពី​ការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​ ​និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ ​ដោយ​បន្ត​ពង្រឹង​តួនាទី​របស់​ខ្លួន​ជា​គោលដៅ​ដែល​គួរឱ្យ​ទុកចិត្ត​សម្រាប់​វិនិយោគិន​។

​កំណើន​សេដ្ឋកិច្ច​ក៏​ត្រូវ​បាន​ជំរុញ​ដោយ​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​)​។ ​ការ​នាំចេញ​របស់​វៀតណាម​ឈាន​ដល់​ ​២៦​៦​,​៥២ ​ពាន់​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ ​២១ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​ ​ខណៈ​ការ​វិនិយោគ​បរទេស​កើនឡើង​ ​៦១ ​ភាគរយ ​ដល់​ ៣៤​,​៦៥ ​ពាន់​លាន​ដុល្លារ​។​

​ធនាគារ​អន្តរជាតិ​ Standard ​Chartered ​ព្យាករណ៍​ថា​ ​កំណើន​សេដ្ឋកិច្ច​របស់​វៀតណាម​នឹង​កើនឡើង​ ​៩​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៦ ​និង​ ១​១ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៧​។ ​អត្រា​អតិផរណា​របស់​វៀតណាម​ក៏​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ថយចុះ​មក​ត្រឹម​ ​៤​,​៤​ ​ភាគរយ​ ​ដោយសារ​គោលនយោបាយ​រូបិយវត្ថុ​អាច​បន្ត​គាំទ្រ​ដល់​កំណើន ​និង​អាច​គ្រប់គ្រង​អតិផរណា​បាន​។

​សេដ្ឋកិច្ច​វៀតណាម​បាន​បង្ហាញ​ភាព​ធន់​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ឆ្នាំ​នេះ​ ​ដោយ​ត្រូវ​បាន​ជំរុញ​ដោយ​វិស័យ​ផលិតកម្ម ​សេវាកម្ម ​និង​ការ​វិនិយោគ ​ព្រមទាំង​ការ​គាំទ្រ​ពី​គោលនយោបាយ​នានា​ដែល​ផ្តោត​លើ​ការ​ពង្រីក​សេដ្ឋកិច្ច​។

ស្រប​ពេល​សេដ្ឋកិច្ច​សកល​កំពុង​មាន​ភាព​មិន​ប្រាកដប្រជា​ ​សេដ្ឋកិច្ច​វៀតណាម​នៅតែ​មាន​ជំហរ​រឹងមាំ ​ដោយសារ​តម្រូវការ​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា​ ​ការ​បន្តវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ​និង​សមត្ថភាព​ផលិតកម្ម ​ដែល​នឹង​ជួយ​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​រយៈពេល​វែង​របស់​ប្រទេស​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា