កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ភ្នំ​ពេញ​៖​ ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ប្រឈម​នឹង​សម្ពាធ​ពី​កត្តា​ខាង​ក្រៅ​ ​និង​បញ្ហា​ប្រឈម​ក្នុង​ស្រុក​ជា​ច្រើន​ ​ដែល​ជំរុញ​ឱ្យ​ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​ធ្លាក់ចុះ​នៅ​ឆ្នាំ​២០២៦​។​ ​ទោះជា​យ៉ាងណា ​រាជ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ដាក់​ចេញ​នូវ​វិធានការ​អន្តរាគមន៍​ ​ដើម្បី​រក្សា​ចរន្ត​សេដ្ឋកិច្ច​ ​គាំទ្រ​ជីវភាព​ប្រជា​ពលរដ្ឋ​ ​រក្សា​ការងារ​ ​និង​ជំរុញ​សកម្មភាព​អាជីវកម្ម ​ស្រប​ពេល​ដែល​ការ​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​រយៈពេល​វែង​ក្លាយជា​អាទិភាព​សំខាន់​។

​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ព្យាក​រ​ថា​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ថយចុះ​មក​ត្រឹម​ ​៣​,​០​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦ ​មុននឹង​ងើប​ឡើង​វិញ​ដល់​ ៤​,​០​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​។ ការ​ថយចុះ​នៃ​កំណើន​ត្រូវ​បាន​ IMF ​ភ្ជាប់​ទៅ​នឹង​កត្តា​ជា​ច្រើន រួម​មាន​តម្លៃ​ថាមពល​ខ្ពស់​ ការ​ធ្លាក់ចុះ​នៃ​វិស័យ​ទេសចរណ៍​ ​និង​ការ​វិលត្រឡប់​របស់​ពលករ​ចំណាកស្រុក​ ​សន្ទុះ​នាំចេញ​សម្លៀកបំពាក់​យឺត ​តម្រូវការ​ក្នុង​ស្រុក​មាន​កម្រិត​ ​និង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​ដែល​កាន់តែ​តឹងរ៉ឹង​។

​ក្នុង​បរិបទ​នេះ​ ការ​ឆ្លើយតប​របស់​កម្ពុជា​កំពុង​ផ្តោត​លើ​ពីរ​ផ្នែក​សំខាន់ ​គឺ​ការ​ជួយ​សម្រាល​សម្ពាធ​ដែល​កំពុង​កើតមាន​ចំពោះ​ប្រជា​ពលរដ្ឋ​ ​និង​អាជីវកម្ម​នៅក្នុង​រយៈពេល​ខ្លី ​ព្រមទាំង​ការ​កសាង​មូលដ្ឋាន​សេដ្ឋកិច្ច​ដែល​មាន​ភាព​ធន់​សម្រាប់​រយៈពេល​វែង​។

IMF ​រំពឹង​ថា​ ​អត្រា​អតិផរណា​នៅ​កម្ពុជា​នឹង​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ ៥​,​៦​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦ ​មុននឹង​ថយចុះ​ ​នៅពេល​តម្លៃ​ថាមពល​វិលត្រឡប់​ទៅ​រក​កម្រិត​ធម្មតា​។ ទន្ទឹម​នឹង​នេះ​ ឱនភាព​គណនី​ចរន្ត​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​យ៉ាង​ខ្លាំង​ ​ខណៈ​ហានិភ័យ​ចំពោះ​ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​នៅតែ​មាន​ទំនោរ​ទៅ​រក​ការ​ធ្លាក់ចុះ​។

​ទោះជា​យ៉ាងណា​ ​IMF ​ក៏​បាន​មើលឃើញ​ថា​ ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដ៏​រឹងមាំ ​និង​ទុន​បម្រុង​អន្តរជាតិ​ដែល​មាន​កម្រិត​គ្រប់គ្រាន់ ​នឹង​បន្ត​ដើរ​តួនាទី​ជា​ខែល​ការពារ​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ ​ទោះបី​បរិយាកាស​ខាង​ក្រៅ​នៅតែ​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​ក៏ដោយ​។

ការ​អន្តរាគមន៍​មិន​មែន​ស្ថិត​ត្រឹមការ​បញ្ចេញ​ថវិកា​

​សម្រាប់​អ្នក​ស្រាវជ្រាវ​ផ្នែក​គោលនយោបាយ​ ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ចំពោះ​សម្ពាធ​សេដ្ឋកិច្ច​ ​មិន​មែន​មាន​ន័យ​ត្រឹមការ​បញ្ចេញ​ថវិកា​កាន់តែ​ច្រើន​នោះ​ទេ​ ​ប៉ុន្តែ​ស្ថិត​នៅ​លើ​សមត្ថភាព​ក្នុង​ការ​ធ្វើឱ្យ​ធនធាន​ទាំងនោះ​ទៅ​ដល់​ក្រុមគោលដៅ ​និង​បង្កើត​ផលបន្ត​នៅក្នុង​សេដ្ឋកិច្ច​។

​រាជ​រដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ចេញ​កញ្ចប់​ថវិកា​ ​និង​វិធានការ​អន្តរាគមន៍​ជា​បន្តបន្ទាប់​ ​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ ​និង​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ​ ​ប៉ុន្តែ​ការ​ប្រែប្រួល​នៃ​សេដ្ឋកិច្ច​នៅតែ​ជា​បញ្ហា​បារម្ភ​សម្រាប់​រយៈពេល​វែង​។

​ឯកឧត្តម​ ​មាស​ ​សុខ​សេន​សាន ​រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ ​បាន​មានប្រសាសន៍​ប្រាប់​បណ្តាញ​សារព័ត៌មាន​ AMS ថា​ ​រដ្ឋាភិបាល​មាន​គោលនយោបាយ​រួចរាល់ ​ដើម្បី​ធ្វើឱ្យ​ថវិកា​អន្តរាគមន៍​ចូល​ទៅក្នុង​ចរន្ត​សេដ្ឋកិច្ច​។

យោង​តាម​ឯកឧត្តម​ ​មិន​មែន​ត្រឹមតែ​ទំហំ​ថវិកា​ដែល​បាន​បញ្ចេញ​នោះ​ទេ​ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ធនធាន​ត្រូវ​ទៅ​ដល់​ទីកន្លែង​ដែល​ត្រូវការ​ ទាន់​ពេលវេលា​ ​មាន​ប្រសិទ្ធភាព​ ​និង​អាច​បង្កើត​ផលបន្ត​នៅក្នុង​សេដ្ឋកិច្ច​។

​ឯកឧត្តម​ ​បាន​ថ្លែង​ថា​៖ «​គោលដៅ​របស់​រាជ​រដ្ឋាភិបាល​ ​មិន​មែន​គ្រាន់តែ​បញ្ចេញ​សាច់ប្រាក់​ឱ្យ​បាន​ច្រើន​នោះ​ទេ​។ ​អ្វី​ដែល​សំខាន់​ជាង​នេះ​ ​គឺ​ឱ្យ​ធនធាន​នោះ​ទៅ​ដល់​ទីកន្លែង​ដែល​ត្រូវការ​ ទាន់​ពេលវេលា​ ​មាន​ប្រសិទ្ធភាព​ ​និង​អាច​បង្កើត​ផលបន្ត​នៅក្នុង​សេដ្ឋកិច្ច​។ ​ដូច្នេះ​ ​យើង​ត្រូវ​មើលទាំង​ការ​បញ្ចេញ​ថវិកា​ ​ល្បឿន​នៃ​ការ​អនុវត្ត​ ​ក្រុម​គោលដៅ​ដែល​ទទួល​ផល ការ​បង្កើត​និង​រក្សា​ការងារ​ ការ​រក្សា​សកម្មភាព​អាជីវកម្ម ​និង​ផលប៉ះពាល់​ទៅលើ​តម្រូវការ​ក្នុង​ស្រុក​»​។

​កន្លងមក​ ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​កម្មវិធី​អន្តរាគមន៍​មួយ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​ ​ដែល​រួម​មាន​កញ្ចប់​អន្តរាគមន៍​ចំនួន​ ៣ ​និង​វិធានការ​សរុប​ចំនួន​ ​២៧ ​ដោយ​មាន​ការ​ប៉ាន់ប្រមាណ​ថវិកា​ចំណាយ​ប្រមាណ​ ១​,​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​។

​លោក​ និត ​កុសល ​អ្នក​ស្រាវជ្រាវ​ផ្នែក​គោលនយោបាយ​សារពើពន្ធ​នៅ​ ​Future ​Forum ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​ ​និង​វិភាគ​គោលនយោបាយ​ឯករាជ្យ​ ​បាន​លើកឡើង​ថា​ ​កម្ពុជា​ហាក់បីដូចជា​នៅ​មាន​កម្រិត​លើ​ការ​បញ្ចេញថវិកា​ ​និង​គោលនយោបាយ​គាំទ្រ​សេដ្ឋកិច្ច​។​

​ទោះជា​យ៉ាងណា ​លោក​បាន​មើល​ឃើញ​ថា​ ​កន្លង​មក​រដ្ឋាភិបាល​បាន​ផ្តល់​ការ​គាំទ្រ​ដល់​ប្រជា​ពលរដ្ឋ​ ​និង​ក្រុមគោលដៅ​មួយចំនួន​តាមរយៈ​កម្មវិធី​គាំពារ​ផ្សេង​ៗ ​ដោយ​មាន​ការ​បញ្ចេញ​សាច់​ប្រាក់​ជាង​ ១ ​ពាន់​លាន​ដុល្លារ​។

​លោក​បាន​បន្ត​ថា​ ​បច្ចុប្បន្ន​ ​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ជាក់ស្តែង​ ​ដោយ​ទាំង​ប្រជា​ពលរដ្ឋ​ ​និង​អ្នក​ប្រកប​អាជីវកម្ម​ត្រូវ​ខិតខំ​ប្រឹងប្រែង​រក​ចំណូល ​ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​របស់​ខ្លួន​។​

​ការ​គាំពារ​គ្រួសារ​ងាយ​រងគ្រោះ ​និង​ការ​រក្សា​អំណាច​ទិញ​

​ក្នុង​ចំណោម​វិធានការ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ ​គឺ​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រងគ្រោះ ​និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ដែល​ទទួល​ផលប៉ះពាល់​ដោយ​ផ្ទាល់​ពី​សម្ពាធ​ឡើង​ថ្លៃ​ប្រេង ​និង​ឧស្ម័ន​។

តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ក្រសួង​ផែនការ​ ​រដ្ឋាភិបាល​បាន​កំណត់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​គ្រួសារ​នៅ​រាជធានី​ភ្នំពេញ​ចំនួន​ ៦០​.​០០០​ ​រៀល​ក្នុង​មួយ​គ្រួសារ​ ​ដោយ​សមាជិក​គ្រួសារ​ម្នាក់​ទទួល​បាន​ ៥​.​០០០ រៀល​។ ​ចំណែក​គ្រួសារ​រស់​នៅ​តាម​ទីប្រជុំជន​ក្រៅ​រាជធានី​ភ្នំពេញ​ ​ទទួល​បាន​ ៤៨​.​០០០​ រៀល​ក្នុង​មួយ​គ្រួសារ​ ​ដោយ​សមាជិក​ម្នាក់​ទទួល​បាន​ ៥​.​០០០​ រៀល​។

​ចំពោះ​ការ​បង្កើន​អំណាច​ទិញ​ ​ឯកឧត្តម​ ​មាស​ ​សុខ​សេន​សាន ​បាន​លើកឡើង​ថា​ ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ត្រូវ​ធ្វើឡើង​ដោយ​មាន​គោលដៅ​ច្បាស់លាស់ ​ជា​ពិសេស​ក្នុង​ស្ថានភាព​ដែល​អតិផរណា​កំពុង​មាន​សម្ពាធ​។

IMF ​ក៏​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ប្រើ​ការ​គាំទ្រ​ផ្នែក​សារពើពន្ធ​ដែល​មាន​ការ​កំណត់​គោលដៅ ​ដោយ​ផ្តោត​ជាពិសេស​លើ​គ្រួសារ​ងាយ​រងគ្រោះ​។

​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​ការ​ចំណាយ​ដែល​អាច​មាន​ប្រសិទ្ធភាព​ ​គឺ​ការ​គាំទ្រ​ក្រុម​ងាយ​រងគ្រោះ ការ​រក្សា​ការងារ​ ​និង​ចំណូល​ ការ​ពន្លឿន​ការ​អនុវត្ត​គម្រោង​ ​និង​ការ​ចំណាយ​សាធារណៈ​ដែល​មាន​ផលប៉ះពាល់​ដោយ​ផ្ទាល់​ទៅលើ​សកម្មភាព​សេដ្ឋកិច្ច​ ​ព្រមទាំង​ការ​គាំទ្រ​វិស័យ​ផលិតកម្ម ​និង​អាជីវកម្ម​ដែល​មាន​សក្តានុពល​។

ការ​អនុវត្ត​បែបនេះ​ តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​ ​គឺ​ត្រូវ​ធ្វើ​ស្រប​ជាមួយ​ការ​រក្សា​ចីរភាព​បំណុល ​និង​ប្រសិទ្ធភាព​នៃ​ការ​បែងចែក​ ​និង​អនុវត្ត​ចំណាយ​។

ពី​ការ​គាំទ្រ​រយៈពេល​ខ្លី​ទៅ​ការ​កសាង​ភាព​ធន់​រយៈពេល​វែង

​ក្រៅ​ពី​ការ​ដោះស្រាយ​សម្ពាធ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ខ្លី​ IMF ​បាន​លើកឡើង​ថា​ ​កំណែទម្រង់​រចនាសម្ព័ន្ធ​នឹង​មាន​សារៈសំខាន់​សម្រាប់​ការ​បង្កើន​អត្ថប្រយោជន៍​ផលិតភាព​ពី​ការ​វិនិយោគ ​និង​ការ​ពង្រឹង​ភាព​ធន់​របស់​កម្ពុជា​។​

I​MF ​បាន​ផ្តោត​លើ​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​មាន​គុណភាព​ខ្ពស់​ ការ​ជំរុញ​ការ​វិនិយោគ​ក្នុង​ស្រុក​ ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អ្នក​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ​ការ​បង្កើន​ជំនាញ ​និង​ការ​ជំរុញ​ការ​ផ្ទេរ​បច្ចេកវិទ្យា​។

​ស្ថាប័ន​នេះ​ក៏​បាន​បញ្ជាក់​ថា​ ​ការ​កែលម្អ​អភិបាលកិច្ច​ នីតិរដ្ឋ ​និង​ភាព​អាច​ប៉ាន់ស្មាន​បាន​នៃ​ការ​អនុវត្ត​ច្បាប់​ ​អាច​ជួយ​ពង្រឹង​បរិយាកាស​វិនិយោគ​។ ​ជាមួយគ្នា​នេះ​ ការ​វិនិយោគ​លើ​សន្តិសុខ​ថាមពល ​និង​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​អាច​ជួយ​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ ការ​តាមដាន​ហានិភ័យ​ ​និង​ការ​រៀបចំ​គោលនយោបាយ​។

​សម្រាប់​លោក​ ​សឿង​ ​សារឿន ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​ផ្នែក​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​និង​អភិបាលកិច្ច​ ​ថាមពល​គឺជា​ផ្នែក​មួយ​ដែល​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​ផលិតភាព​ ​និង​សមត្ថភាព​ប្រកួតប្រជែង​របស់​សេដ្ឋកិច្ច​។

​លោក​បាន​មានប្រសាសន៍​ថា​៖ ​«​ថាមពល​មិន​មែន​គ្រាន់តែ​ជា​តម្រូវការ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រួសារ​ដែល​មាន​ផលិតភាព​ សហគ្រាស​ដែល​មាន​សមត្ថភាព​ប្រកួតប្រជែង​ ​កសិកម្ម​ទំនើប​ ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ វិស័យ​ដឹកជញ្ជូន ​និង​ការ​ផ្លាស់ប្តូរ​ឌីជីថល​»​។

​លោក​មើលឃើញ​ថា​ ​កម្ពុជា​មាន​ឱកាស​ប្រើប្រាស់​ការ​វិនិយោគ​លើ​វិស័យ​ថាមពល ​ដើម្បី​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ ​និង​ពន្លឿន​ការ​ផ្លាស់ប្តូរ​ទៅ​រក​ថាមពល​ក​កើត​ឡើង​វិញ​ ​និង​ថាមពល​ដែល​មាន​ការ​បញ្ចេញ​កាបូន​ទាប​។

​នេះ​រួមមាន​ការ​បង្កើន​ការ​វិនិយោគ​លើ​ថាមពល​ក​កើត​ឡើង​វិញ​ ការ​ធ្វើ​ទំនើបកម្ម​បណ្តាញ​អគ្គិសនី​ ​ការ​បង្កើន​ប្រសិទ្ធភាព​ថាមពល ​ប្រព័ន្ធ​ស្តុក​ថាមពល ​និង​ការ​ដឹកជញ្ជូន​ស្អាត​ ​ខណៈ​កាត់បន្ថយ​ជា​បណ្តើរ​ៗ​នូវ​ការ​ពឹងផ្អែក​លើ​ធ្យូង​ថ្ម​ ​ប្រេង ​និង​ឧស្ម័ន​។

​យោង​តាម​លោក​ ​សឿង​ ​សារឿន ​ការ​ផ្លាស់ប្តូរ​នេះ​អាច​កាត់បន្ថយ​ហានិភ័យ​ពី​ការ​ប្រែប្រួល​តម្លៃ​ឥន្ធនៈ​ហ្វូស៊ីល​នាំចូល​ ​កាត់បន្ថយ​ចំណាយ​លើ​ថាមពល​ក្នុង​រយៈពេល​វែង​ ​ទាក់ទាញ​ការ​វិនិយោគ​ដែល​យកចិត្តទុកដាក់​លើ​បញ្ហា​អាកាសធាតុ​ ​បង្កើត​ការងារ​បៃតង​ថ្មី​ៗ ​និង​រក្សា​តម្លៃ​សេដ្ឋកិច្ច​ឱ្យ​នៅក្នុង​ប្រទេស​បាន​កាន់តែ​ច្រើន​។

​លោក​បាន​បញ្ជាក់​ថា​ ​គោលដៅ​មិន​គួរ​គ្រាន់តែ​ជា​ការ​ផលិត​ថាមពល​ឱ្យ​បាន​កាន់តែ​ច្រើន​នោះ​ទេ​ ​ប៉ុន្តែ​ត្រូវ​ធានា​ថា​ ​ថាមពល​ស្អាត​ដែល​មាន​តម្លៃ​សមរម្យ​អាច​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​ផលិត​បាន​កាន់តែ​ច្រើន​ រក​ចំណូល​បាន​កាន់តែ​ច្រើន ​និង​កសាង​សេដ្ឋកិច្ច​ដែល​មាន​ភាព​ធន់រឹងមាំ​។​

​ហិរញ្ញប្បទាន​សម្រាប់​អាជីវកម្ម​ដែល​ខ្វះ​ទ្រព្យ​បញ្ចាំ​

​ការ​កសាង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ក៏​មិន​អាច​ផ្តាច់​ចេញ​ពី​ការ​រក្សា​សមត្ថភាព​របស់​វិស័យ​ឯកជន​ក្នុង​ការ​បន្ត​អាជីវកម្ម​បាន​ដែរ​។ ​ចំណុច​មួយ​ដែល​រដ្ឋាភិបាល​បាន​គិត​គូរ ​គឺ​ការ​ផ្តល់​លទ្ធភាព​ដល់​សហគ្រាស​តូច ​និង​មធ្យម​ដែល​មាន​សមត្ថភាព​អាជីវកម្ម​ ​ប៉ុន្តែ​ខ្វះ​ទ្រព្យ​បញ្ចាំ​។

យោង​តាម​ឯកឧត្តម​ ​មាស​ ​សុខ​សេន​សាន ​នេះ​ជា​មូលហេតុ​ដែល​រាជ​រដ្ឋាភិបាល​មិន​ប្រើ​តែ​យន្ត​ការ​ផ្តល់​ឥណទាន​តាម​ធនាគារ​រដ្ឋ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​បាន​បង្កើត​យន្ត​ការ​ធានា​ឥណទាន​តាមរយៈ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ ​ឬ​ C​G​C​C​។

​លោក​បាន​លើកឡើង​ថា​ ​អាជីវកម្ម​ដែល​មាន​លទ្ធភាព​សង ​មាន​គម្រោង​អាជីវកម្ម​ល្អ ​ប៉ុន្តែ​ខ្វះ​ទ្រព្យ​បញ្ចាំ​ ​មិន​គួរ​ត្រូវ​បាន​បិទ​ទ្វារ​ចេញ​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដោយសារ​បញ្ហា​ទ្រព្យ​បញ្ចាំ​តែ​មួយ​នោះ​ទេ​។​

ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម​ ​ឬ​ ​ARDB ​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ ​CG​C​C ​ដើម្បី​អាច​ប្រើប្រាស់​ការ​ធានា​នេះ​សម្រាប់​អតិថិជន​ដែល​មាន​ស្ថានភាព​អាជីវកម្ម​ល្អ ​ប៉ុន្តែ​ខ្វះ​ទ្រព្យ​បញ្ចាំ​គ្រប់​គ្រាន់​។

​តាម​ការ​លើកឡើង​របស់​ឯកឧត្តម​ ​មាស​ ​សុខ​សេន​សាន ​កិច្ច​សហការ​នេះ​ផ្តោត​លើ​ការ​ផ្តល់​សេវា​ធានា​ឥណទាន ​ដែល​អាច​ផ្តល់​លទ្ធភាព​ដល់​ធនាគារ​ក្នុង​ការ​បញ្ចេញ​ឥណទាន​បាន​ច្រើន​ជាង​មុន​ជូន​អតិថិជន​ដែល​មាន​ស្ថានភាព​អាជីវកម្ម​ល្អ ​ប៉ុន្តែ​មិន​មាន​ទ្រព្យធានា​គ្រប់គ្រាន់​។

យន្តការ​នេះ​ត្រូវ​បាន​មើលឃើញ​ថា​ជា​កាតាលីករ​ក្នុង​ការ​លើកកម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុ​ ​និង​រក្សា​លទ្ធភាព​របស់​អាជីវកម្ម​មួយ​ចំនួន​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​។

ពី​វិធានការ​បន្ទាន់​ទៅ​ការ​រៀបចំ​មូលដ្ឋាន​សេដ្ឋកិច្ច​ថ្មី​

​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២៦ ​បង្ហាញ​ថា​ ​ការ​គ្រប់គ្រង​សម្ពាធ​ក្នុង​រយៈពេល​ខ្លី ​និង​ការ​រៀបចំ​មូលដ្ឋាន​សម្រាប់​កំណើន​រយៈពេល​វែង​ ត្រូវ​ដើរ​ទន្ទឹម​គ្នា​។

ការ​គាំពារ​គ្រួសារ​ងាយ​រងគ្រោះ ការ​រក្សា​ការងារ​ ការ​គាំទ្រ​អាជីវកម្ម​ដែល​មាន​សក្តានុពល ​និង​ការ​ធានា​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​គឺជា​វិធានការ​ដែល​ផ្តោត​លើ​ការ​កាត់បន្ថយ​ផលប៉ះពាល់​ភ្លាម​ៗ​ ​និង​រក្សា​សកម្មភាព​សេដ្ឋកិច្ច​។

​ជាមួយគ្នា​នេះ​ ការ​ទាក់ទាញ​ការ​វិនិយោគ​ដែល​មាន​គុណភាព​ ការ​បង្កើន​ផលិតភាព​ ការ​អភិវឌ្ឍ​ជំនាញ​ ការ​ផ្ទេរ​បច្ចេកវិទ្យា​ ការ​ពង្រឹង​អភិបាលកិច្ច ​និង​ការ​វិនិយោគ​លើ​សន្តិសុខ​ថាមពល ​គឺជា​ផ្នែក​នៃ​ការ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ដែល​មាន​លក្ខណៈ​រយៈពេល​វែង​ជាង​នេះ​។​

IMF ​រំពឹង​ថា​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ងើប​ឡើង​វិញ​ដល់​ ៤​,​០​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧ ​នៅពេល​សម្ពាធ​មួយចំនួន​ថយចុះ​។ ​ប៉ុន្តែ​ការ​ងើប​ឡើង​វិញ​នោះ​នឹង​កើតឡើង​ក្នុង​បរិបទ​ដែល​ហានិភ័យ​ខាង​ក្រៅ​ ​និង​បញ្ហា​រចនាសម្ព័ន្ធ​ក្នុង​ស្រុក​នៅតែ​ត្រូវការ​ការ​យកចិត្តទុកដាក់​។

​ដូច្នេះ​ ​សម្រាប់​កម្ពុជា​ ​បញ្ហា​មិន​មែន​មាន​ត្រឹមការ​ឆ្លងកាត់​សម្ពាធ​សេដ្ឋកិច្ច​បច្ចុប្បន្ន​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​ប្រើប្រាស់​រយៈពេល​នេះ​ ​ដើម្បី​រក្សា​សកម្មភាព​សេដ្ឋកិច្ច​ ​និង​ពង្រឹង​មូលដ្ឋាន​ដែល​អាច​ធ្វើឱ្យ​សេដ្ឋកិច្ច​មាន​ភាព​ធន់​ជាង​មុន​នៅពេល​ប្រឈម​នឹង​ការ​ប្រែប្រួល​ថ្មី​ៗ​នៅ​ថ្ងៃ​អនាគត​។​

​ទោះ​កំណើន​ថយ ​អ្នក​សេដ្ឋកិច្ច​មើលឃើញ​ភាព​ធន់​តាមរយៈ​ការ​នាំចេញ ​និង​ការ​វិនិយោគ​

​ទោះ​បី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​ថយចុះ​តាម​ការ​វាយតម្លៃ​របស់​ IMF ​ក៏​ដោយ​ ​បណ្ឌិត​ ឌុធ ​ដារិន ​អ្នក​សេដ្ឋកិច្ច​ម្នាក់ ​មើល​ឃើញ​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​នៅ​មាន​ភាព​ធន់ ​ដោយសារ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ​និង​ការ​នាំចេញ​នៅតែ​បន្ត​កើនឡើង​។

​បណ្ឌិត​ ឌុធ ​ដារិន ​បាន​កត់សម្គាល់​ថា​ ​ពី​ខែ​មករា ​ដល់​ខែ​សីហា ​ឆ្នាំ​២០២៦ ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​មាន​ប្រមាណ​ ៥០​,​៦ ​ពាន់​លាន​ដុល្លារ​ ​កើនឡើង​ ​២០​,​២ ​ភាគរយ​ ​ខណៈ​ការ​នាំចេញ​មាន​ប្រមាណ​ ២៤​,​១ ​ពាន់​លាន​ដុល្លារ ​កើនឡើង​ ​១៩​,​៧ ​ភាគ​រយ​។

​លោក​បណ្ឌិត​ បាន​បន្ថែម​ថា​ ​កម្ពុជា​ក៏​បន្ត​ទាក់ទាញ​ការ​វិនិយោគ​ថ្មី​ៗ​ផងដែរ​។ គិត​ត្រឹម​ថ្ងៃ​ទី​៧ ​ខែ​សីហា ​ឆ្នាំ​២០២៦ ​មាន​គម្រោង​វិនិយោគ​ថ្មី​ចំនួន​ ​២១៤​ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ៤ ពាន់​លាន​ដុល្លារ ​និង​រំពឹង​ថា​នឹង​បង្កើត​ការងារ​ប្រមាណ​ ​១៤០ ​ពាន់​កន្លែង​។

​តាម​ការ​លើកឡើង​របស់​បណ្ឌិត​ ឌុធ ​ដារិន ការ​ថមថយ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មាន​កត្តា​ជា​ច្រើន​ ដូច​ដែល​ IMF ​បាន​លើកឡើង​។ ​ក្នុង​ស្ថានភាព​នេះ​ ​លោក​បណ្ឌិត​យល់​ថា​ ​កម្ពុជា​គួរ​បន្ត​រក្សា​ស្ថិរ​ភាព​នយោបាយ ​និង​ស្ថិរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​ដើម្បី​រក្សា​ទំនុកចិត្ត​របស់​វិនិយោគិន ​និង​ស្ថិរ​ភាព​ទីផ្សារ​។

​លោក​បណ្ឌិត​ ​បាន​មានប្រសាសន៍​ថា​៖​ «​ជា​រួម ​ខ្ញុំ​យល់​ថា​ ​កម្ពុជា​គួរ​បន្ត​រក្សា​ស្ថិរ​ភាព​នយោបាយ ​និង​ស្ថិរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​ដើម្បី​រក្សា​ទំនុកចិត្ត​របស់​វិនិយោគិន ​និង​ស្ថិរ​ភាព​ទីផ្សារ​។ ​ជាមួយគ្នា​នេះ​ ​ភាគី​ពាក់ព័ន្ធ​គួរ​បន្ត​តាមដាន​ ​និង​ត្រួតពិនិត្យ​តម្លៃ​ទំនិញ​ចាំបាច់​ ​ជាពិសេស​ម្ហូប​អាហារ​ ​ដើម្បី​ជួយ​ការពារ​អំណាច​ទិញ​ ​និង​ផលប្រយោជន៍​ជូន​ប្រជា​ពលរដ្ឋ​«​។

​សម្រាប់​វិស័យ​ឯកជន ​បណ្ឌិត​ ឌុធ ​ដារិន ​យល់​ថា​ ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ប្រឈម​នេះ​ ​គួរ​បន្ត​ជំរុញ​ផលិតកម្ម​ក្នុង​ស្រុក​ ​ជាពិសេស​ក្នុង​វិស័យ​កសិកម្ម​ ​ម្ហូប​អាហារ​ ​និង​ឧស្សាហកម្ម​កែច្នៃ ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​។

​ចំណែក​ប្រជា​ពលរដ្ឋ​ ​លោក​បណ្ឌិត​បាន​លើកឡើង​ថា​ ​អាច​ចូលរួម​តាមរយៈ​ការ​គាំទ្រ​ផលិតផល​ខ្មែរ ​ដែល​អាច​ជួយ​លើកស្ទួយ​ផលិតផល​កសិកម្ម ​និង​ផលិតផល​ផលិត​ក្នុង​ស្រុក​ ​បង្កើត​ការងារ​ ​និង​ពង្រឹង​សេដ្ឋកិច្ច​ជាតិ​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា