មានដីត្រឹមតែ៣០០០ម៉ែត្រការ៉េរ កសិករ​មួយគ្រួសារ ដាំដុះ​បន្លែចម្រុះ និងចិញ្ចឹម​សត្វ អាច​រក​ចំណូលបានជិត​១ពាន់​ដុល្លារ​ក្នុងមួយខែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មានដីត្រឹមតែ៣០០០ម៉ែត្រការ៉េរ កសិករ​មួយគ្រួសារ ដាំដុះ​បន្លែចម្រុះ និងចិញ្ចឹម​សត្វ អាច​រក​ចំណូលបានជិត​១ពាន់​ដុល្លារ​ក្នុងមួយខែ

មានដីត្រឹមតែ៣០០០ម៉ែត្រការ៉េរ កសិករ​មួយគ្រួសារ ដាំដុះ​បន្លែចម្រុះ និងចិញ្ចឹម​សត្វ អាច​រក​ចំណូលបានជិត​១ពាន់​ដុល្លារ​ក្នុងមួយខែ

ភ្នំពេញ ៖ កសិករ​មួយគ្រួសារ ស្ថិតនៅភូមិរំដេង ឃុំខ្នារពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប បានចែករំលែកពីបទពិសោធន៍នៃការ​ធ្វើកសិកម្ម​ចម្រុះ ( កសិអេកូឡូស៊ី ) នៅលើផ្ទៃដីសរុប​ត្រឹមតែ ០,៣ហិកតា​ ​ឬប្រមាណ​ ៣០០០ម៉ែត្រ​ការ៉េ​ ដោយក្នុងមួយខែ​គិតជាមធ្យមអាចរកចំណូល​បាន​ជិត​ ​១០០០​ដុល្លារអាម៉េរិក សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

Advertisement

លោក ​ឈត់​ ឈន បច្ចុប្បន្នជាកសិករ​គំរូ​​ ដែលអនុវត្ត​កសិកម្ម​តាមប្រព័ន្ធ​កសិអេកូឡូស៊ី បាន​ថ្លែងប្រាប់​បណ្ដាញព័ត៌​មាន​ AMS ឱ្យដឹងថា ក្រោយពេលរៀបការ​រួច​ លោ​ក និងភរិយា​ គ្រាន់តែជាអ្នកស៊ីឈ្នួលធ្វើជាជាងសំណង់(ផ្ទះឈើ)ឱ្យគេដែលជាអ្នកម៉ៅការ ហើយចំណូលដែលជាប្រាក់ឈ្នួលទទួលបានមកគ្រាន់តែចម្អែតក្រពះប្រចាំថ្ងៃប៉ុណ្ណោះ ឬអាចនិយាយបានថា ការ​ងារ​បែបនេះ គឺរកចំណូល​បាន​មិន​គ្រប់គ្រាន់សម្រាប់ការ​ចំណាយនោះទេ​ បើសិនជា​ថ្ងៃណាមានធុរៈនៅផ្ទះមិនបានទៅធ្វើការ គឺអត់ចំណូល​ ជាក់ស្ដែង ​នៅអំឡុងវិបត្តិកូវីដ​១៩ គឺជាវេលា​មួយដែលលោក​ និងភរិយាត្រូវ​បាត់បង់​ការងារ​ គ្មាន​ប្រាក់ចំណូលទាំង​ស្រុង ។

លោកបន្តថា ក្នុងពេលរូប​លោក​បាត់ចំណូល​ អត់ការងារធ្វើ លោកបានចាប់ផ្ដើមដាំដំណាំ​នៅជុំវិញផ្ទះតាមការណែនាំរបស់អង្គការ​ហ្គ្រេត ដោយជំហាន​ដំបូង​លោក​ដាំតែដំណាំមួយ​ប្រភេទប៉ុណ្ណោះក្នុង​មួយលើកៗ ឧទាហរណ៍ថា ​ដាំ​តាសក់ ​គឺដាំតែតាសក់ បើដាំស្ពៃ ​គឺដាំតែស្ពៃ ។​ ការ​ដាំដំណាំបែបនេះ លោកទទួលបានចំណូលតែមួយលើក​ៗដូច​គ្នា ហើយនៅពេល​ប្រមូលផល​អស់​ លោកក៏លែងទទួលបានចំណូល​ដែរ ។ ក្រោយមក​ លោកក៏បានដាំបន្លែ​ចម្រុះជាច្រើនមុខ​ ហើយអាចរកចំណូលបាន​ប្រចាំថ្ងៃតែម្ដង ជាក់ស្ដែង​ បច្ចុប្បន្ន លោកបានដាំដំណាំចម្រុះ​ប្រមាណ ៣០ប្រភេទ ហើយ​​ក្រៅពីនេះ លោកក៏​មានចិញ្ចឹមសត្វផ្សេងៗផងដែរ ដូចជា ​មាន់​ ត្រី និង​កង្កែប ជាដើម។

លោក​បញ្ជាក់ថា ៖

«ការដាំដុះបន្លែចម្រុះ និង​ចិញ្ចឹមសត្វ​ បានធ្វើឱ្យ​ខ្ញុំ​រកចំណូល​បានប្រចាំថ្ងៃ ពោលគឺនៅពេល​បើកភ្នែក​កាល​ណា ​ឬមេឃភ្លឺភ្លាម​ ដឹងតែមានចំណូល​ចូលហើយ ដោយយ៉ាងហោចណាស់ ក្នុងមួយថ្ងៃក៏អាច​រកចំណូលពីការលក់​បន្លែ និង​លក់​​មាន់​ កង្កែប ត្រី បាន​ ១០ម៉ឺនរៀល​ដែរ ។​ ចំណែកអ្នកទិញ​បន្លែ និង​មាន់ ត្រី កង្កែប មានទាំងអ្នក​ក្នុងភូមិ​ ឃុំ និង​ឈ្មួញ​មកទិញ​ដើម្បីយកទៅលក់បន្ត​នៅទីផ្សារក្នុងក្រុងសៀមរាប» ។

លោក​ ឈត់ ឈន បាន​ប្រាប់​បន្ថែមថា នៅក្នុងភូមិ​ឃុំ​របស់លោក​មានកសិករមិនច្រើនទេ​ដែលអនុវត្ត​កសិកម្ម​តាមប្រព័ន្ធកសិអេ​កូឡូស៊ី ដោយភាគច្រើនគឺដាំ​ដុះតាមទម្លាប់ និងប្រើជីគី​មី​ ប្រើថ្នាំកសិកម្ម ព្រោះងាយស្រួលជាង​ការ​ដាំដុះ​បន្លែសុវត្ថិភាព ឬ សរីរាង្គ​ ។

លោកថា​ ៖​

« ការ​ដាំដុះ​បន្លែតាមទម្លាប់ធម្មតា ​វាបានផ្ដល់​ចំណូលឱ្យ​តែក្នុង​មួយលើកៗទេ ហើយពេល​ខ្លះបន្លែទាំង​នោះលក់មិនចេញទៀត ដោយសារតែក្នុងពេល​តែមួយ ក៏មានគេដាំដូចគ្នាដែរ គេក៏ដាំ​ យើងក៏ដាំ ហើយប្រមូលផល​ក្នុងពេលតែមួយដូចគ្នា​ ។ សម្រាប់ខ្ញុំ​ បានដាំបន្លែ​ចម្រុះ​ជាច្រើនមុខ​​ គឺប្រមូលផល​រៀងរាល់ថ្ងៃ ដូច្នេះ នៅខែណាក៏មានបន្លែសម្រាប់លក់​ដែរ​»។

ជាការកត់សម្គាល់ ក្រោយពេលអនុវត្តការដាំដុះដំណាំចម្រុះតាមប្រព័ន្ធកសិអេកូឡូស៊ី ជាលទ្ធផល ទិន្នផលរបស់កសិករ ឈត់ ឈន ទទួលបានការគាំទ្រពីអតិថិជនជាច្រើន ទាំងអ្នករស់នៅក្នុងតំបន់ ទាំងអ្នករង់ចាំតទទួលទិញយកទៅលក់បន្ត ដោយសារតែការជឿទុកចិត្ត​លើ​បន្លែសុវត្ថិភាពរបស់លោក ហើយថែមទាំងបានស្នើឱ្យ​កសិករគំរូម្នាក់នេះ បន្ថែមការដាំដុះ​ឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការដែលកំពុងកើនឡើងជាលំដាប់។

នៅក្នុងឱកាសជាមួយគ្នានេះដែរ លោកក៏បាន​បញ្ជាក់ថា ចាប់តាំងពីលោក​បាន​ចាប់ផ្ដើម​របរ​កសិកម្ម​ដោយអនុវត្ត​តាមប្រព័ន្ធកសិអេកូឡូស៊ីរហូតមក វា​បានផ្លាស់ប្តូរ​ជីវភាព​គ្រួសារ​ស្ទើរមិនគួរឱ្យ​​ជឿ ។ ពីគ្រួសារដែលមានជីវភាពលំបាក មកជា​គ្រួសារមានប្រាក់​ចំណូលរាល់ថ្ងៃ អាចឱ្យកូនៗចូលរៀន​សូត្រ​បានគ្រប់គ្នា និងត្រៀម​បញ្ជូនកូន​ឱ្យទៅរៀន​ដល់​ថ្នាកឧត្តមសិក្សានៅទីក្រុង​នៅពេលអនាគត ខណៈបច្ចុប្បន្ន​ កូនច្បងរបស់លោក​​កំពុងរៀនថ្នាក់ទី១១ ហើយកូនពៅរៀនថ្នាក់ទី៩ ។

លោក​ សុខ សុធា មន្ត្រីជំនាញ​ផ្នែកកសិអេកូឡូស៊ី នៃអង្គការ​ ហ្គ្រេត បានមានប្រសាសន៍ថា ​ការ​ធ្វើកសិកម្ម​តាមប្រព័ន្ធកសិអេកូឡូស៊ី​ មិនត្រឹមតែជួយកសិករ​ឱ្យរក​ចំណូលបានតែមួយមុខនោះទេ ប៉ុន្តែ​វាក៏បានលើកកម្ពស់សុខុមាលភាព​ពលរដ្ឋ​ក្នុង​សហគមន៍តាមរយៈការ​បរិភោគបន្លែ ត្រី សាច់ ដែលមានសុវត្ថិភាព គ្មានសារធាតុគីមី មិនបារម្ភ​ប៉ះពាល់ដល់សុខភាព ។ ការធ្វើកសិកម្ម​តាមប្រព័ន្ធ​កសិអេកូឡូស៊ីនេះដែរ​ ក៏នឹងជួយរក្សា​គុណភាព​ដីរបស់កសិករ​ឱ្យនៅតែមានជីជាតិ​ កាត់បន្ថយផលប៉ះពាល់​ទៅលើ​បរិស្ថាន ធ្វើឱ្យការរស់នៅរបស់ពលរដ្ឋ​កាន់តែប្រសើរ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា