ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

​ភ្នំពេញ​៖​ ​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០ ​លាន​ដុល្លារ​អាម៉េរិក​។

យោង​តាម​ប្រសាសន៍​របស់​សម្ដេច​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​កាលពី​ថ្ងៃ​ទី​៧ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ឱ្យ​ដឹង​ថា​ ​តាម​ការ​អំពាវនាវ​របស់​រាជ​រដ្ឋាភិបាល​ ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ចំនួន​ ៦១ ​បាន​ជួយ​ពន្យារការ​ទូទាត់​ប្រចាំ​ខែ ​ទាំង​ប្រាក់​ដើម​ ​និង​ការប្រាក់​ សរុប​ប្រមាណ​ ​២០០ ​លាន​ដុល្លារ​អាម៉េរិក​ ​និង​បាន​លើកលែង​ប្រាក់​ពិន័យ​សរុប​ជាង​ ២​លាន​ដុល្លារ​។

​សម្រាប់​យោធិន​ដែល​ធ្វើ​ប្រតិបត្តិការ​ផ្ទាល់​នៅ​ជួរ​មុខ​ ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​ ៧៧ ​បាន​ពន្យារ​ការ​ទូទាត់​សង​ទាំង​ប្រាក់​ដើម​ ​និង​ការប្រាក់​ សរុប​ជិត ៥០​លាន​ដុល្លារ​អាម៉េរិក​ ​និង​លើកលែង​ប្រាក់​ពិន័យ​ប្រមាណ​ ៥២ ​ម៉ឺន​ដុល្លារ​។

​ដោយឡែក​ ​សម្រាប់​យោធិន​ពិការ ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​ ១៤ ​បាន​ពន្យារ​ការ​ទូទាត់​សង​ទាំង​ប្រាក់​ដើម​ ​និង​ការប្រាក់​ ​សរុប​ចំនួន​ ៣​២​ម៉ឺន​ដុល្លារ​អាម៉េរិក​។​ ​ចំណែក​យោធិន​ពលី ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ចំនួន​ ​២៣ ​បាន​លុប​បំណុល​ទាំងស្រុង​ជូន​តែម្តង​។

​សម្ដេចធិបតី​បាន​បញ្ជាក់​ថា​ ​វិធានការ​ទាំងនេះ​ ​គឺជា​ការ​ចូលរួម​របស់​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ ​តាម​ការ​អំពាវនាវ​របស់​រាជ​រដ្ឋាភិបាល​ ​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ដល់​អ្នក​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​។

​លោក​ ​សុខ​ ចាន់ នាយក​ផ្នែក​ទំនាក់ទំនង​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ ​រហូត​មក​ដល់​បច្ចុប្បន្ន​ ​អតិថិជន​ដែល​ជួប​ប្រទះ​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ជា​បណ្តោះអាសន្ន ​នៅតែ​អាច​បន្ត​ចរចា ​និង​ស្នើសុំ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ពី​គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញវត្ថុ​។

​លោក​បន្ត​ថា​ ​ការ​សម្រេចចិត្ត​ចុងក្រោយ​លើ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ អាស្រ័យ​លើ​ការ​ពិភាក្សា​ដោយ​ផ្ទាល់​រវាង​គ្រឹះស្ថាន ​និង​អតិថិជន ​ដោយ​គ្រឹះស្ថាន​ត្រូវ​វាយតម្លៃ​លើ​លទ្ធភាព​ជាក់ស្តែង​ក្នុង​ការ​សង​ត្រឡប់​ប្រាក់​កម្ចី​របស់​អតិថិជន​នីមួយ​ៗ​។

​បន្ថែម​ពីលើ​ការ​វាយតម្លៃ​សំណើ​របស់​បុគ្គល​នីមួយ​ៗ​ គ្រឹះ​ស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​ត្រូវ​ចាត់ថ្នាក់​ឥណទាន​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​ស្រប​តាម​ប្រកាស​ស្តីពី​ការ​ចាត់ថ្នាក់​ហានិភ័យ​ឥណទាន ​និង​ការ​កំណត់​ប្រាក់​បម្រុង​សម្រាប់​ឥណទាន​ខូច​គុណភាព​។ វិធានការ​នេះ​មាន​គោលបំណង​បង្កើន​តម្លាភាព​ ​លើកកម្ពស់​ការ​គ្រប់គ្រង​ហានិភ័យ​ឥណទាន ​និង​ការពារ​ស្ថិរ​ភាព​រួម​នៃ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​។​

​គួរ​បញ្ជាក់​ថា​ ​ក្រោយ​មាន​ការ​ផ្ទុះ​អាវុធ​រវាង​យោធា​កម្ពុជា​ ​និង​ថៃ​អំឡុង​ខែ​កក្កដា ​ឆ្នាំ​២០២៥​ ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ចេញ​សេចក្តី​ណែនាំ​ដល់​គ្រឹះ​ស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ស្តីពី​វិធានការ​ជួយ​សម្រាល​បន្ទុក​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ​ដោយ​អំពាវនាវ​ឱ្យ​គ្រឹះស្ថាន​អនុគ្រោះ​ដល់​អតិថិជន​ជា​ជន​ភៀសសឹក​ ​និង​យោធិន​ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ផ្ទាល់​ក្នុង​សមរភូមិ​ប្រយុទ្ធ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា