ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)»។ ពិធីសម្ពោធដាក់ឲ្យអនុវត្តកម្មវិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា(ភ្នំពេញ)​​ ក្រោមអធិបតីភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អន្តរជាតិ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងក្រុមហ៊ុនឯកជនពាក់ព័ន្ធផ្សេងទៀត។

Advertisement

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ(ARDB) បានថ្លែងសារបញ្ជាក់ថា កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា ហៅកាត់ថាកម្មវិធី(CCFF) គាំទ្រដោយ​រាជរដ្ឋាភិបាលកម្ពុជា គឺជាកម្មវិធីថ្នាក់ជាតិដំបូងគេ​នៅអាស៊ីសម្រាប់វិស័យ​ឯកជន ដែលទទួលបានមូលនិធិគាំទ្រ​ពីមូលនិធិ​អាកាសធាតុបៃតង (Green Climate Fund) ដោយមានទំហំមូលនិធិ​សរុបប្រមាណ ១០៩ លានដុល្លារ​អាម៉េរិក ក្នុងនោះឥណទានចំនួន ៥០ លានដុល្លារអាម៉េរិក និងជំនួយបច្ចេកទេសចំនួន ៥ លានដុល្លារ​អាម៉េរិក ត្រូវបានផ្តល់ដោយមូលនិធិ GCF  និងហិរញ្ញប្បទានចំនួន ៥៤ លានដុល្លារអាម៉េរិក បានផ្តល់​ដោយដៃគូហិរញ្ញប្បទាននានា រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

ឯកឧត្តមបញ្ជាក់បន្ថែមថា ៖

«កម្មវិធី CCFF មានគោលបំណងសំខាន់ក្នុងការបង្កើនការផ្តល់ឥណទានបៃតង និងការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ជាពិសេសការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។»

លោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើក​ឡើង​អំពីភាពជាដៃគូ​រវាងអូស្ត្រាលី និងកម្ពុជាក្នុងការដោះស្រាយបញ្ហាអាកាសធាតុ និងជំរុញការអភិវឌ្ឍប្រកប​ដោយចីរភាព។ លោកបានហៅពិធីនេះថា ជាគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ដែលមានគោលបំណងរួមចំណែកកាត់បន្ថយ​ហានិភ័យ​អា​កាស​​ធាតុ តាមរយៈការផ្តល់ឥណទានដែលមានអត្រាការប្រាក់សម្បទាន និងរយៈពេលវែងដល់ម្ចាស់អាជីវកម្ម​បៃតង។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ដោយមានការកើនឡើងនៃការប្រែប្រួលអាកាសធាតុជាសកល រាជរដ្ឋាភិបាលបានផ្តល់ឥណទានកាន់តែខ្ពស់ ក្នុងការការពារ និងជំរុញកំណើនបៃតង ដើម្បីធានានូវសន្តិសុខស្បៀង សន្តិសុខថាមពល ដែលចាត់ទុកថាជាធាតុផ្សំសំខាន់ក្នុងរយៈពេលវែង ព្រមទាំងគោលនយោបាយជាតិជាបន្តបន្ទាប់ សម្រាប់ដោះស្រាយបញ្ហាប្រឈមគ្រប់ជ្រុងជ្រោយ។  

ឯកឧត្តមបញ្ជាក់បន្ថែមដូច្នេះថា​ ៖

«ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍន៍មូលធនមនុស្សដែលជាមូលដ្ឋានចាំបាច់មិនអាចខ្វះបាន ក្នុការជំរុញដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គមប្រកបដោយបរិយាកាសនិងភាពធន់»។

សម្រាប់បណ្តាក្រុមដៃគូរអភិវឌ្ឍន៍កម្មវិធីខាងលើនេះរួមមាន ក្រុមហ៊ុន Mekong Strategic Capital (MSC) និងធនាគារអភិវឌ្ឍន៍កូរ៉េ (KDB)ជាដើម ក៏បានបង្ហាញពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តក្នុងការ​គាំទ្រដល់​ការបង្កើនភាពធន់របស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុផងដែរ។

គួរបញ្ជាក់ថា កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)»ក៏មានការផ្តល់ឥណទានដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក ដើម្បីគាំទ្រដល់​វិស័យអាទិភាពចំនួន ៥ មានដួចជា ទី១.ថាមពលកកើតឡើងវិញ, ទី ២.ថាមពលប្រកបដោយប្រសិទ្ធភាព, ទី ៣.កសិកម្មព្រៃឈើ និងការប្រើប្រាស់ដី, ទី ៤.ប្រព័ន្ធធារាសាស្ត្រ និង ទី៥.ការដឹកជញ្ជូនដែលមានការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ទាបជាដើម។

កម្មវិធីនេះទទួលបានការគាំទ្រថវិកាពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF) តាមរយៈធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ដែលជាស្ថាប័នមានសម្បទា (Accredited Entity) ហើយធនាគារ ARDB ជាប្រតិបត្តិករអនុវត្តកម្មវិធី និងក្រុមហ៊ុន Mekong Strategic Capital (MSC) ជាទីប្រឹក្សាបច្ចេកទេស៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា