សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមគ្នាពង្រឹងការផ្តល់ឥណទានដោយការទទួលខុសត្រូវ និងការពារអតិថិជន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមគ្នាពង្រឹងការផ្តល់ឥណទានដោយការទទួលខុសត្រូវ និងការពារអតិថិជន

សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមគ្នាពង្រឹងការផ្តល់ឥណទានដោយការទទួលខុសត្រូវ និងការពារអតិថិជន

ភ្នំពេញ៖ សមាគម​ធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ​ នៅ​ថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ​២០២៦​ នេះ បាន​ចេញ​សេចក្ដី​ប្រកាសព័ត៌មាន​រួមដោយ​ប្ដេជ្ញាចិត្ដពង្រឹង​ការ​អនុវត្ដផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និង​បង្កើន​កិច្ច​ការពារអតិថិជន​ទូទាំង​ប្រទេស។

សេចក្ដី​ប្រកាសព័ត៌មាន​រួម​នេះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ជាសាធារណៈ​នាពេល​ថ្មីៗ​ អំពី​បំណុល​គ្រួសារ និង​កិច្ច​ការពារ​អ្នក​ខ្ចី​ប្រាក់។ ទន្ទឹម​គ្នានេះ សមាគមក៏​សង្កេត​ឃើញថា អ្នកខ្ចីឥណទានមួយចំនួនកំពុងប្រឈមនឹងភាពលំបាកផ្នែកហិរញ្ញវត្ថុ ជាពិសេសក្នុងស្ថានភាពសេដ្ឋកិច្ចដែលកំពុងមានបញ្ហាប្រឈម។

សមាគមថានឹងជួយសម្រាលបន្ទុកចំពោះអ្នកខ្ចីដោយយុត្តិធម៌ ព្រមទាំងស្វែងរកដំណោះស្រាយជាក់ស្តែងសម្រាប់អ្នកកំពុងជួបផលលំបាកផ្នែកហិរញ្ញវត្ថុ។​ ជាមួយគ្នា ក៏មាន​ការរឹតបន្តឹងលើការទទួលយកដីរដ្ឋ ដីការពារ និងដីសហគមន៍ទៅធ្វើជាទ្រព្យធានាសម្រាប់ការស្នើសុំប្រាក់កម្ចីថ្មី ហាមយកអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនធ្វើជាទ្រព្យធានា និងបង្កើនការវាយតម្លៃសមត្ថភាពបង់សងប្រាក់​ត្រឡប់សម្រាប់គ្រួសារមានប្រាក់ចំណូលទាប ដែល​វិធានការ​ទាំង​នេះ​ជួយ​កាត់បន្ថយហានិភ័យធ្ងន់ធ្ងរទៅ​ថ្ងៃ​អនាគត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាសកម្មភាពបំពេញបន្ថែមពីលើបទប្បញ្ញត្តិ និងវិធានការត្រួតពិនិត្យរបស់ធនាគារជាតិ​។

នៅ​ក្នុង​សេចក្ដី​ប្រកាសរួមដែលបណ្ដាញសារព័ត៌មាន AMS ទទួល​បាន​នៅ​រសៀល​ថ្ងៃ​ទី២១ ខែតុលា ​នេះ ក៏បាន​រំលេច​នូវ​គំនិត​ផ្ដួចផ្ដើមចំនួន ៩ចំណុច​ មានដូចជា ទី១. ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ គឺសំដៅ​ដល់​ការលើកកម្ពស់ការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ និងតម្លាភាព រួមទាំងការអនុវត្តដោយយុត្តិធម៌ចំពោះអតិថិជន។ ទី២. គោលការណ៍ណែនាំស្តីពីការផ្តល់ឥណទាន​ គឺត្រូវណែនាំមន្ត្រីឥណទានក្នុងការវាយតម្លៃសមត្ថភាពបង់សងប្រាក់ ផ្គូផ្គងទំហំឥណទានទៅនឹងតម្រូវការរបស់អតិថិជន និងកាត់បន្ថយហានិភ័យនៃការជំពាក់បំណុលលើសលប់ និង៣. ស្តង់ដាកិច្ចសន្យាឥណទាន និងគោលការណ៍ណែនាំ​ គឺបង្កើនភាពច្បាស់លាស់​ នៃលក្ខខណ្ឌកម្ចី តម្លាភាព និងការការពារអ្នកខ្ចីប្រាក់ ជាដើម។

យោង​តាម​សេចក្ដី​ប្រកាស​ដដែល ក្នុង​ពេល​ឆាប់ៗ​នេះ សមាគម​ ​ធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បន្តសហការជាមួយធនាគារជាតិនៃកម្ពុជា (NBC) និងគ្រឹះស្ថានជាសមាជិក ព្រមទាំង​ដៃគូ​ពាក់ព័ន្ធ នឹងពង្រឹងការអនុវត្តស្ដង់ដារផ្តល់ឥណទានប្រកបដោយ​ការទទួលខុសត្រូវ លើកកម្ពស់ការប្រមូលបំណុល និងការសម្របសម្រួលចំពោះអតិថិជន គាំទ្រដល់ការរៀបចំឥណទានឡើងវិញ (Restructuring) ទៅតាមករណីនីមួយៗសម្រាប់អ្នកខ្ចីប្រាក់ដែលប្រឈមមុខនឹងផលលំបាកក្នុងការបង់សងប្រាក់ត្រឡប់ និងបង្កើនការទទួលបានយន្តការដោះស្រាយបណ្តឹងដោយយុត្តិធម៌។

ជាមួយគ្នា​នេះ សមាគមបានលើកទឹកចិត្តអតិថិជនដែលកំពុងជួបផលលំបាកផ្នែកហិរញ្ញវត្ថុ ឬមានបណ្តឹង សូមទាក់ទងទៅធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលខ្លួនប្រើប្រាស់សេវា។ ក្នុង​ករណី​មួយ​ទៀត បើ​អតិថិជនមានបញ្ហាមិនទាន់ត្រូវបានដោះស្រាយ​បញ្ចប់ អាចទូរស័ព្ទទៅកាន់មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ហៅ​កាត់​ថា FCPC តាមរយៈលេខ ០១៥ ៣៦៥ ២២២​ ដើម្បី​ទទួល​បាន​ការគាំទ្រ និង​ប្រឹក្សា​បន្ថែមភ្លាមៗ។

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បន្ដ​ប្ដេជ្ញាគាំទ្រវិស័យធនាគារ និងហិរញ្ញវត្ថុដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព រក្សាបានការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងទទួលបានទំនុកចិត្តពីសាធារណជនតាមរយៈការអនុវត្តប្រកបដោយសង្គតិភាព គណនេយ្យភាព និងសកម្មភាពជាក់ស្ដែង៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា