វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ Black swan កម្ពុជា ២០២៦ បង្ហាញ​ចក្ខុវិស័យចំនួន ៤ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ Black swan កម្ពុជា ២០២៦ បង្ហាញ​ចក្ខុវិស័យចំនួន ៤

វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ Black swan កម្ពុជា ២០២៦ បង្ហាញ​ចក្ខុវិស័យចំនួន ៤

ភ្នំពេញ៖ វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុប្លែកស្វន (Black swan) កម្ពុជា ២០២៦ បាន​ឈាន​ចូល​ដល់ថ្ងៃ​ទី២ហើយ នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា នេះ ដោយ​បាន​ពិភាក្សា​ស៊ីជម្រៅ​លើ​ចក្ខុវិស័យ​ចំនួន ៤ ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​​ ជាមួយ​នឹង​បច្ចេកវិទ្យាទំនើប កាន់​តែងាយស្រួល និងមាន​សុវត្ថិភាព។

យោង​តាម​សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹង​ថា កិច្ច​ពិភាក្សា​ចំណុច​ទី១ បានផ្ដោត​លើប្រធាន​បទ “អធិបតេយ្យភាពរូបិយវត្ថុ និងហិរញ្ញវត្ថុឌីជីថល” ដែល​និយាយ​ពីការប្រែក្លាយហិរញ្ញវត្ថុឌីជីថលទៅជាបរិយាបន្នហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់បាគង (Bakong) ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក និងអនាគតនៃរូបិយវត្ថុក្នុងយុគសម័យឌីជីថល។​ ទី២ ផ្ដោត​លើ​ប្រធាន​បទ “ការតភ្ជាប់ការទូទាត់ឆ្លងដែន” ដែល​លម្អិត​លើការពង្រឹងប្រសិទ្ធភាពផ្ទេរប្រាក់ និងការទូទាត់ពាណិជ្ជកម្មឆ្លងដែនតាមរយៈប្រព័ន្ធ QR Code និងការសិក្សាអំពីកាក់ស្ថិរភាព (Stablecoins)។

ចំណែក​ប្រធាន​បទទី៣ គឺ “ហេដ្ឋារចនាសម្ព័ន្ធទំនើប និងសុវត្ថិភាពអ្នកប្រើប្រាស់” បាន​ពិភាក្សា​លម្អិត​លើការកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសម្រាប់នវានុវត្តន៍ហិរញ្ញវត្ថុ ការអភិវឌ្ឍបច្ចេកវិទ្យាសាធារណៈ ការគ្រប់គ្រងអត្តសញ្ញាណ ទិន្នន័យ និងការការពារអ្នកប្រើប្រាស់។ ទី៤ ផ្ដោត​លើ​ប្រធាន​បទ “ហិរញ្ញវត្ថុសម្រាប់សេដ្ឋកិច្ចពិតប្រាកដ និង MSMEs” ការរចនាប្រព័ន្ធហិរញ្ញវត្ថុដើម្បីគាំទ្រដល់អាជីវកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម និងការពង្រីកឱកាសពាណិជ្ជកម្មក្នុងទីផ្សារពិភពលោក។

អគ្គទេសាភិបាលធនាគារជាតិ នៃ​កម្ពុជា លោកជំទាវបណ្ឌិត ជា សិរី បានបង្ហាញ​វត្ដមាននៅ​លើ​វេទិកាជាមួយ​តំណាង​ធនាគារជាតិមកពី​បណ្ដាប្រទេស​ជឿនលឿន​លើ​វិស័យ​ហិរញ្ញវត្ថុ និងធនាគារក្នុង​វិស័យឯកជន​ល្បីៗ​ជាមួយនឹងការ​លើក​យក​ចំណុច​មួយក្នុង​ប្រព័ន្ធធនាគារនាបរិបទ​បច្ចេកវិទ្យាទំនើប គឺ​ការ​ប្រើប្រាស់​បាគង។

លោក​ជំទាវបណ្ឌិត ជា សិរី បានមាន​ប្រសាសន៍​ថា ប្រព័ន្ធ​សុវត្ថិភាព​ក្នុង​ការ​ផ្ទេរតាម​បាគង គឺ​ជា​រឿង​ចាំបាច់​ក្នុង​ការ​ដោះស្រាយ ឬ​ត្រូវ​ពង្រឹងឱ្យ​កាន់​តែប្រសើរ រាប់​​តាំង​ពី​ការ​ផ្ទេរ​ប្រាក់​ពី​ដៃគូ​ទៅ​ដៃគូ ពីសមាជិក​គ្រួសារម្នាក់​​ទៅកាន់​គ្រួសារ​ទាំង​មូល ដើម្បីឱ្យ​​មាន​ទំនុកចិត្ត​ខ្ពស់​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារផ្សេងៗ។

លោកជំទាវបានសង្កត់ធ្ងន់ថា ៖ «ពេល​យើង​បង្កើត​បាគង យើង​មិន​គិតតែ​ទៅ​លើ​ភាពងាយស្រួល និង​រហ័ស​នោះ​ទេ ប៉ុន្តែ​យើង​បាន​គិត​យ៉ាង​ច្បាស់ពី​ប្រព័ន្ធ​សុវត្ថិភាព»។

សូម​ជម្រាបជូន​ថា វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុប្លែកស្វន (Black Swan) កម្ពុជា ២០២៦ បានចាប់ផ្តើមពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅសាលសន្និសីទ និង​ពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិ នៃ​កម្ពុជា ។ វេទិកានេះសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា ក្រសួងពាក់ព័ន្ធ និង GFTN របស់សិង្ហបុរី ក្នុងគោលបំណងបើកច្រករបៀងកិច្ចសហប្រតិបត្តិការរវាងអាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសនិយាយភាសាបារាំង ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើក​ទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុង​ឆ្នាំ​២០២៦​នេះ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា