ទីផ្សារប័ណ្ណបំណុលនៅ CSX កើនឡើងដល់ជិត ៥៩០ លានដុល្លារ ខណៈអ្នកជំនាញរំពឹងថា មានកំណើនកាន់តែខ្លាំងក្នុងពេលឆាប់ៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីផ្សារប័ណ្ណបំណុលនៅ CSX កើនឡើងដល់ជិត ៥៩០ លានដុល្លារ ខណៈអ្នកជំនាញរំពឹងថា មានកំណើនកាន់តែខ្លាំងក្នុងពេលឆាប់ៗ

ទីផ្សារប័ណ្ណបំណុលនៅ CSX កើនឡើងដល់ជិត ៥៩០ លានដុល្លារ ខណៈអ្នកជំនាញរំពឹងថា មានកំណើនកាន់តែខ្លាំងក្នុងពេលឆាប់ៗ

ភ្នំពេញ ៖ គិតចាប់ពីឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០២៦ ទីផ្សារមូលបត្រកម្ពុជា (CSX) ប្រមូលសាច់ប្រាក់បានជាង ៥៨៩លានដុល្លារ តាមរយៈការបោះផ្សាយសញ្ញាបណ្ណ ឬប័ណ្ណបំណុលសរុប ២៣លើក ដោយរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

សកម្មភាព​ជួញដូរ​ប្រចាំថ្ងៃនៅលើទី​ផ្សារ​មូលបត្រ​កម្ពុជា​​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​​ ​ក៏​ប៉ុន្តែ​ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចុះ​បញ្ជី​ទាំង​ ​២​៨ ​មាន​តែ​ក្រុមហ៊ុន​ចំនួន​ ​១២ ​ប៉ុណ្ណោះ ​ដែល​មាន​សកម្មភាព​ជួញដូរ​ ​និង​វិនិយោគ​ ​ខណៈ​ក្រុមហ៊ុន​ចំនួន​ ១៦ ​ទៀត​បាន​ចុះ​បញ្ជី​ជា​សញ្ញា​បណ្ណ​សាជីវកម្ម​ ​ឬ​អាច​ហៅ​ថា​ប័ណ្ណ​បំណុល​។

នាពេលកន្លងមក លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានបញ្ជាក់ឱ្យដឹងថា ប័ណ្ណ​បំណុល​មិន​មាន​ការ​ជួញដូររាល់​ថ្ងៃ​នោះ​ទេ​ ​ប៉ុន្តែ​ការ​ជួញដូរ​នៅតែ​មាន​ជា​ទៀងទាត់​ ដោយ​រាល់​ខែ​យ៉ាងហោចណាស់​មាន​ ២ ​ទៅ​ ​៣ ​លើក​។​ ​ការ​វិនិយោគ​លើ​ប័ណ្ណ​បំណុល​ភាគ​ច្រើន​ធ្វើឡើង​ដោយ​វិនិយោគិន​​ ជា​ស្ថាប័ន ​ដូចជា​ ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ដែល​ត្រូវ​ការ​លក់​បន្ត​ ​ឬ​ទិញ​ទុក ​ដើម្បី​ទទួល​បាន​ការប្រាក់​ថេរ​មួយ​។

ជាមួយនឹង​ផែនការ​យុទ្ធសាស្ត្រ​បន្ទាប់ ​លោក​ ហុង សុហួរ ​បាន​បន្ត​ថា​ ​ទោះបី​ការ​ជួញដូរ​ប័ណ្ណ​បំណុល​មាន​ចំនួន​តិច​ក៏ដោយ​ ​ប៉ុន្តែ​រាល់​ការ​ទិញ​ ​ឬ​លក់​ ​គិត​ជា​ទឹកប្រាក់​ដែល​ប្រមូល​បាន​ ​គឺ​ច្រើន​ជាង​ការ​វិនិយោគ​មូលបត្រ​កម្មសិទ្ធិ​។

យោងតាមរបាយការណ៍របស់ CSX ចាប់តាំងពីឆ្នាំ២០១៨ មកដល់ខែកញ្ញា ឆ្នាំ២០២៦ ការបោះផ្សាយប័ណ្ណបំណុលនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុន និងវិនិយោគិន។

មូលធន ឬសាច់ប្រាក់សរុបដែលប្រមូលបានពីការបោះផ្សាយសញ្ញាបណ្ណ មានប្រមាណ ២,៣៥៦,៩៧០,០០០,០០០ រៀល ឬ ចំនួន ៥៨៩ ២៤៣ ២៧៥ ដុល្លារអាមេរិក។ 

តាមរយៈការបោះផ្សាយសញ្ញាបណ្ណសរុបចំនួន ២៣ លើក (២៣,៥៦៩,៧៣១ បណ្ណ) សរុបដើមទុនដែលប្រមូលបានទាំងពីភាគហ៊ុន និងសញ្ញាបណ្ណ មានប្រមាណជា ២,៨៧៩,៨០០,០០០,០០០ រៀល ឬស្មើនឹងចំនួន ៧១៩,៩៤៩,៦៣១.៣៩ ដុល្លារអាមេរិក។  

របាយការណ៍ក៏បានបង្ហាញថា សម្រាប់កាលបរិច្ឆេទចាប់ផ្តើម៖ ការបោះផ្សាយសញ្ញាបណ្ណដំបូងគេគឺ HKL នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ហើយការបោះផ្សាយចុងក្រោយគេក្នុងតារាងគឺ LOLC31A នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ 

បើមើលទៅតាមតារាង ភាគច្រើនជាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (ដូចជា ACLEDA, ABA, PPCBank, LOLC…) ព្រមទាំងមានក្រុមហ៊ុនក្នុងវិស័យផ្សេងៗទៀតដូចជា កសិកម្ម, អប់រំ, និងថាមពលព្រះអាទិត្យ/ហេដ្ឋារចនាសម្ព័ន្ធជាដើម។

គួរបញ្ជាក់ផងដែរថា សម្រាប់ប័ណ្ណបំណុលនេះ ភាគច្រើនជាវិនិយោគិនស្ថាប័ន ប៉ុន្តែក៏មានការបើកទូលាយឱ្យវិនិយោគិនបុគ្គល (Retail Investors) ចូលរួមផងដែរនៅក្នុងការបោះផ្សាយមួយចំនួន។

ថ្លែងប្រាប់ AMS កាលពីពេលថ្មីៗនេះ លោក ទ្រី តៃហ៊ី ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការទីផ្សារនៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ការវិនិយោគលើសញ្ញាបណ្ណ បាន និងកំពុងមានកំណើន ហើយក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំទៀត វាកាន់តែមានការកើនឡើងថែមទៀត។ 

បើតាមការបញ្ជាក់របស់លោក មូលហេតុដែលជំរុញឱ្យមានការកើនឡើង ព្រោះថា ក្រុមហ៊ុនដែលយកមកចុះបញ្ជីគឺកាន់តែមានស្តង់ដារ ហើយតាមរយៈការបោះផ្សាយនៅលើទីផ្សារមូលបត្រផ្ទាល់ ក្រុមហ៊ុនអាចប្រមូលទឹកប្រាក់បានច្រើនដោយមិនសូវជាចាំបាច់ត្រូវការទ្រព្យធានាក្នុងការវិនិយោគនោះឡើយ។

លោក ទ្រី តៃហ៊ី បានបន្តថា ដូចនេះហើយទើបក្រុមហ៊ុនកាន់តែច្រើនឡើងព្យាយាមកសាងស្តង់ដារឱ្យបានគ្រប់គ្រាន់ ដើម្បីអាចបោះផ្សាយសញ្ញាបណ្ណតាមរយៈទីផ្សាររបស់ផ្សារមូលបត្រកម្ពុជា។ តាមរយៈនេះ ក្រុមហ៊ុនក៏អាចមានជម្រើសបន្ថែម ឬអាចកាត់បន្ថយការការពឹងផ្អែកលើការខ្ចីប្រាក់ពីធនាគារ ដោយប្ដូរមកប្រមូលទុនលើទីផ្សារមូលបត្រវិញ។

លោកបានកត់សម្គាល់ថា​៖ ​បច្ចុប្បន្ននេះ សញ្ញាបណ្ណមួយចំនួនគឺជាសញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម និងសញ្ញាបណ្ណចីរភាព ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិនមួយចំនួន មានន័យថា តម្រូវការក៏មាន អ្នកផ្គត់ផ្គង់ក៏មានច្រើន។​

សូមជម្រាបថា ការប្រមូលដើមទុនពីប័ណ្ណបំណុល គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនុកចិត្តមកលើទីផ្សារ ដែលបង្កើតជាឱកាសផ្តល់ជម្រើសផ្សេងៗដល់វិនិយោគិនពីសំណាក់ក្រុមហ៊ុនបោះផ្សាយទាំងនោះ។ មកដល់ពេលនេះ ជាទូទៅក្រុមហ៊ុនទាំងនោះផ្តល់ជាជម្រើសពីរគឺ សញ្ញាបណ្ណដែលមានអ្នកធានា និងសញ្ញាបណ្ណដែលគ្មានអ្នកធានា។ ដូចនេះ វាអាស្រ័យលើការសម្រេចចិត្តរបស់វិនិយោគិនផ្ទាល់ថា តើពួកគេចង់ជ្រើសរើសវិនិយោគលើសញ្ញាប័ណ្ណប្រភេទណា ប៉ុន្តែ ជាទូទៅ សញ្ញាបណ្ណដែលមានការធានា គឺមានអត្រាការប្រាក់ទាបជាងសញ្ញាបណ្ណដែលគ្មានការធានា៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា