ប្លុក​ ​BRI​CS ​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន ​គោល​ដៅ​កាត់ផ្តាច់​ពី​ដុល្លារ​អាម៉េរិក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្លុក​ ​BRI​CS ​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន ​គោល​ដៅ​កាត់ផ្តាច់​ពី​ដុល្លារ​អាម៉េរិក​

ប្លុក​ ​BRI​CS ​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន ​គោល​ដៅ​កាត់ផ្តាច់​ពី​ដុល្លារ​អាម៉េរិក​

​ភ្នំពេញ​៖​ ​ប្លុក​ ​BRI​CS ​កំពុង​បន្ត​ស្វែងរក​ការ​អភិវឌ្ឍ​បណ្ដាញ​ហិរញ្ញវត្ថុ​ទាំង​សាច់​ប្រាក់​ ​និង​ឌីជីថល​ដែល​អាច​តភ្ជាប់​គ្នា​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​និង​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​អាម៉េរិក​ ​ខណៈ​ប្រទេស​ជា​សមាជិក​ផ្តោត​កាន់តែ​ខ្លាំង​លើ​ការ​ទូទាត់​ជា​រូបិយប័ណ្ណ​ជាតិ​ ជា​ជាង​ការ​បង្កើត​រូបិយ​ប័ណ្ណ​រួម​សម្រាប់​ប្លុក​។

យោង​តាម​អត្ថបទ​ដែល​ចេញផ្សាយ​ដោយ​សារ​ព័ត៌មាន​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ ​បាន​ឱ្យ​ដឹង​ថា​ ​មុន​កិច្ច​ប្រជុំ​កំពូល​ ​BRI​CS ​លើក​ទី​ ១៨ ​នៅ​ទីក្រុង​ញូវដេលី ​ប្រទេស​ជា​សមាជិក​កំពុង​ផ្តល់​អាទិភាព​ដល់​ការ​បង្កើត​យន្តការ​សម្រាប់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជាក់ស្តែង​ ​ជា​ជាង​ការ​បង្កើត​រូបិយប័ណ្ណ​រួម​សម្រាប់​ប្លុក​។

ការ​ពិភាក្សា​កំពុង​ផ្តោត​លើ​ការ​បង្កើត​យន្ត​ការ​ទូទាត់​ឆ្លង​ដែន​ដែល​មាន​ល្បឿន​លឿន ​និង​ចំណាយ​តិច ​តាមរយៈ​ការ​ទូទាត់​ដោយ​ផ្ទាល់​ជា​រូបិយប័ណ្ណ​ក្នុង​ស្រុក​ ការ​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ក្នុង​ស្រុក​ ​និង​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ឌីជី​ថល​របស់​ធនាគារ​កណ្តាល​។

​ប្រភព​រដ្ឋាភិបាល​ឥណ្ឌា​បាន​ឱ្យ​ដឹង​ថា​ ​ក្របខ័ណ្ឌ​ដែល​បាន​ស្នើ​ឡើង​មាន​គោលបំណង​កាត់បន្ថយ​ថ្លៃ​ប្រតិបត្តិការ​ ​បង្កើន​ល្បឿន​ទូទាត់ ​និង​ជំរុញ​ការ​វិនិយោគ​នៅ​ទូទាំង​ប្លុក​។

​ជា​ជាង​ការ​រំលាយ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​ដែល​មាន​ស្រាប់ ​ឬ​ប្រឆាំង​នឹង​ប្រទេស​ជាក់លាក់​ណាមួយ​ ​គំនិត​ផ្តួចផ្តើម​ទាំង​នេះ​មាន​បំណង​បំពេញ​បន្ថែម​លើ​យន្តការ​បច្ចុប្បន្ន​ ​តាមរយៈ​ការ​បង្កើត​ច្រក​របៀង​ហិរញ្ញវត្ថុ​ដោយ​ផ្ទាល់ ​និង​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង​រវាង​ប្រទេស​ជា​សមាជិក​។

​តាមរយៈ​ការ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​បណ្តាញ​ធនាគារ​អន្តរការី​ដែល​មាន​ភាព​ស្មុគស្មាញ​ ​និង​កាត់បន្ថយ​ហានិភ័យ​ពី​ថ្លៃ​ប្តូរ​រូបិយប័ណ្ណ​បរទេស​ យុទ្ធសាស្ត្រ​នេះ​អាច​ជួយ​ឱ្យ​អាជីវកម្ម ​និង​ធនាគារ​កណ្តាល​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ផ្ទាល់​ជា​រូបិយប័ណ្ណ​ជាតិ​របស់​ខ្លួន​។

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌា ​លោក​ Piyush ​Goyal ​បាន​បញ្ជាក់​ជា​ថ្មី​ថា​ ​ទីក្រុង​ញូវ​ដេលី​គាំទ្រ​ការ​ទូទាត់​ជា​រូបិយ​ប័ណ្ណ​ជាតិ​រវាង​ប្រទេស​ជា​សមាជិក​ ​ជា​ជាង​ការ​បង្កើត​រូបិយប័ណ្ណ​រួម​តែ​មួយ​សម្រាប់​ ​BRI​CS​។​

​ទន្ទឹម​នេះ​ ​ទេសាភិបាល​ធនាគារ​កណ្តាល​ឥណ្ឌា ​លោក​ Sanjay ​Malhotra ​បាន​គូស​បញ្ជាក់​ថា​ ការ​ទូទាត់​ឆ្លង​ដែន​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​កាត់បន្ថយ​ចំណាយ​។

មន្ត្រី​កំពូល​ឥណ្ឌា​ក៏​បាន​លើកឡើង​ពី​សក្តានុពល​នៃ​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ក្នុង​ស្រុក​ ​ដូចជា​ ​Unified Payments ​Interface ​(​UPI​)​ ​របស់​ឥណ្ឌា​ ​ជាមួយ​វេទិកា​ដៃគូ ​រួម​មាន​ ​Cross​-​Border ​Interbank ​Payment System ​(​CIPS​)​ ​របស់​ចិន​,​ System ​for ​Transfer ​of Financial ​Messages ​(​SPFS​)​ ​របស់​រុស្ស៊ី ​និង​ Pix ​របស់​ប្រេស៊ីល​។

​បន្ថែម​ពី​នេះ​ ​គំនិត​ផ្តួចផ្តើម​ ​BRI​CS Pay ​របស់​ក្រុមប្រឹក្សា​អាជីវកម្ម​ ​BRI​CS ​ក៏​កំពុង​បន្ត​វាយ​តម្លៃ​វិធីសាស្ត្រ​ផ្សេង​ៗ​សម្រាប់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាត់​ដែល​អាច​តភ្ជាប់​ប្រព័ន្ធ​របស់​ប្រទេស​ជា​សមាជិក​ ​ជា​ជាង​ការ​បង្កើត​បណ្តាញ​ថ្មី​ទាំងស្រុង​។​

​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​រហ័ស ​និង​វេទិកា​រូបិយប័ណ្ណ​ឌីជីថល​នៅ​ទូទាំង​ BRI​CS ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ជា​ជំហាន​សំខាន់​ឆ្ពោះទៅ​រក​ការ​កសាងយន្ត​ការ​ទូទាត់​ជា​រូបិយប័ណ្ណ​ជាតិ​ ​ឱ្យ​ក្លាយជា​ដំណោះស្រាយ​ពាណិជ្ជកម្ម​រយៈពេល​វែង​សម្រាប់​ប្រទេស​ជា​សមាជិក​។

​BRI​CS ​ដើម​ឡើយ​ជា​អក្សរ​កាត់​មក​ពី​ឈ្មោះ​ប្រទេស​ស្ថាបនិក​ចំនួន​ ៥ ​គឺ​​ប្រេស៊ីល រុស្ស៊ី ​ឥណ្ឌា ​ចិន ​និង​អាហ្វ្រិក​ខាង​ត្បូង​។ ​ប្លុក​នេះ​បាន​ពង្រីក​សមាជិក​ភាព​ ​ហើយ​បច្ចុប្បន្ន​មាន​សមាជិក​ពេញ​សិទ្ធិ​ចំនួន​ ១១ ​ប្រទេស រួម​មាន​ ​ប្រេស៊ីល រុស្ស៊ី ​ឥណ្ឌា ​ចិន ​អាហ្វ្រិក​ខាង​ត្បូង​ អេហ្ស៊ីប អេត្យូ​ពី​ ​អ៊ីរ៉ង់ ​អារ៉ាប៊ី​សាអូឌីត ​អេមីរ៉ាត​អារ៉ាប់​រួម ​និង​ឥណ្ឌូណេស៊ី​។

​តាម​ទិន្នន័យ​របស់​ ​BRI​CS ​ប្លុក​នេះ​តំណាង​ឱ្យ​ប្រមាណ ​៣៩​ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ពិភពលោក​ ​គិត​តាម​អំណាច​ទិញ​ស្មើគ្នា​ ​ឬ​ Purchasing Power ​Parity ​(​PPP​)​ ​និង​ប្រមាណ​ ​៤៩​ ​ភាគរយ​នៃ​ប្រជាជន​ពិភពលោក​។ ​ប្រភព​ផ្លូវការ​របស់​ ​BRI​CS ​ក៏​បញ្ជាក់​ថា​ ​សមាជិក​ទាំង​ ​១១ ​មាន​ចំណែក​ប្រមាណ ​២៤​ ​ភាគរយ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​និង​ ២៤​ ​ភាគរយ​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​។

​សម្រាប់​ប្រព័ន្ធ​ទូទាត់​ដែល​ត្រូវ​បាន​លើកឡើង​ ​UPI ​គឺ​ ​Unified Payments ​Interface ​របស់​ឥណ្ឌា​,​ ​CIPS ​គឺ​ ​Cross​-​Border ​Interbank ​Payment System ​របស់​ចិន​,​ SPFS ​គឺ​ System ​for ​Transfer ​of Financial ​Messages ​របស់​រុស្ស៊ី​ ​ខណៈ​ Pix ​គឺ​ប្រព័ន្ធ​ទូទាត់​របស់​ប្រេស៊ីល​។ ​គំនិត​នៃ​ការ​តភ្ជាប់​ប្រព័ន្ធ​ទាំងនេះ​ស្ថិត​ក្នុង​ការ​ពិភាក្សា​របស់​ ​BRI​CS ​ក្នុង​បំណង​កាត់បន្ថយ​ថ្លៃ​ទូទាត់​ ​និង​ជំរុញ​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុង​ស្រុក​។

​គួរ​បញ្ជាក់​ថា​ ​ការ​ពិភាក្សា​របស់​ ​BRI​CS ​មិន​ផ្តោត​លើ​ការ​បង្កើត​រូបិយប័ណ្ណ​រួម​មួយ​នៅ​ពេលនេះ​ទេ​។ ​ប្រភព​ផ្លូវការ​របស់​ ​BRI​CS ​បាន​បញ្ជាក់​ថា​ ​ការងារ​ដែល​កំពុង​ពិភាក្សា​ផ្តោត​លើ​វេទិកា​ផ្សេង​ៗ​សម្រាប់​កាត់បន្ថយ​ថ្លៃ​ទូទាត់​ ​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុង​ស្រុក​ ​និង​បច្ចេកវិទ្យា​រូបិយប័ណ្ណ​ឌីជីថល ​ដើម្បី​ធ្វើឱ្យ​ការ​ទូទាត់​រវាង​ប្រទេស​ជា​សមាជិក​កាន់តែ​មាន​ប្រសិទ្ធភាព​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា