ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ភ្នំ​ពេញ​៖​ ​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ​។

យោង​តាម​ទិន្នន័យ​ទីផ្សារ​កាលពី​ថ្ងៃ​ទី​៧ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​ក្នុង​ខែ​កញ្ញា​ ​បាន​កើន​ប្រមាណ​ ​៦៣​% បើ​ធៀប​នឹង​កំណត់​ត្រា​ចាស់​ដែល​សម្រេចបាន​ក្នុង​ខែ​មេសា ​ឆ្នាំ​២០២២ ​ដែល​មាន​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​ ​៣​.​៦​ ​ពាន់​លាន​រៀល ​ឬ​ប្រមាណ ០​.​៨៩ ​លាន​ដុល្លារ​អាម៉េរិក​។

​ក្នុង​ខែ​កញ្ញា​ ​ចំនួន​ការ​ដាក់​បញ្ជា​ជា​មធ្យម​ប្រចាំ​ថ្ងៃ​បាន​កើន​ដល់​ជាង​ ​១​.​២ ម៉ឺន​បញ្ជា​ ​ខណៈ​ចំនួន​ភាគ​ហ៊ុន​ជា​មធ្យម​ជិត​ ៧​.​៥ លាន​ភាគហ៊ុន​ ​ត្រូវ​បាន​ដាក់​បញ្ជា​លើ​ទីផ្សារ​ជា​រៀងរាល់​ថ្ងៃ​។

​ជាមួយគ្នា​នេះ​ ​សន្ទស្សន៍​ផ្សារ​មូលបត្រ​កម្ពុជា​ ​បាន​កើន​ដល់​ ៦៥០​.​៦២ ​ពិន្ទុ ​ឬ​កើនឡើង​ ​២០​.​២៦​%​ ​ក្នុង​ខែ​កញ្ញា​ ​ដែល​តាម​របាយការណ៍​បាន​បង្ហាញ​ពី​ការ​ជឿជាក់​លើ​ទីផ្សារ ​និង​ការ​បន្ត​កើនឡើង​នៃ​សាច់ប្រាក់​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅក្នុង​ទីផ្សារ​។

​ការ​ចូលរួម​របស់​វិនិយោគិន​ក៏​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ផងដែរ​។ ចំនួន​គណនី​ជួញដូរ​ដែល​បាន​បើក​ថ្មី​ក្នុង​ខែ​កញ្ញា​ ​មាន​ចំនួន​ ៤​.​១៦២ ​គណនី ​ដែល​ជា​ចំនួន​ខ្ពស់​បំផុត​របស់​ផ្សារ​មូលបត្រ​កម្ពុជា​ បំបែក​កំណត់​ត្រា​ចាស់​ចំនួន​ ៤​.​០​៣៤​ គណនី ​ដែល​សម្រេចបាន​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០១៨​។

​ចំណែក​ចំនួន​វិនិយោគិន​សកម្មក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​បាន​កើន​ដល់​ ៩​.​៨០​៦​ ​នាក់​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ផងដែរ​។ របាយការណ៍​បាន​បញ្ជាក់​ថា​ ការ​កើនឡើង​នៃ​តម្លៃ​ ​និង​បរិមាណ​ជួញដូរ​ដល់​កម្រិត​ប្រវត្តិសាស្ត្រ​ថ្មី​នេះ​ ​បាន​កើត​ចេញ​ពី​ការ​បន្ត​ចូលរួម​យ៉ាង​សកម្ម​របស់​ទាំង​វិនិយោគិន​ថ្មី​ ​និង​វិនិយោគិន​ដែល​មាន​ស្រាប់​។

តាម​របាយការណ៍​ ​ការ​រក្សា​បាន​នូវ​វឌ្ឍនភាព​នេះ​បង្ហាញ​ថា​ ​សកម្មភាព​ទីផ្សារ​នា​ពេល​កន្លង​មក​មិន​មែន​ជា​និន្នាការ​រយៈពេល​ខ្លី​នោះ​ទេ​ ​ប៉ុន្តែ​ជា​ផល​កើត​ចេញ​ពី​ការ​ចូលរួម ​និង​ការ​ជឿជាក់​របស់​វិនិយោគិន​នៅក្នុង​ទីផ្សារ​។

ការ​បន្ត​ចូលរួម​របស់​វិនិយោគិន ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​កម្លាំង​ស្នូល និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​ផ្សារ​មូលបត្រ​ឱ្យ​កាន់តែ​រឹងមាំ ​ព្រមទាំង​ជួយ​បង្កើន​ប្រភព​ទុន​សម្រាប់​សហគ្រាស​ក្នុង​ស្រុក​ ​និង​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា