ចិន​ត្រៀម​ដោះស្រាយ​កង្វល់​ឱនភាព​ពាណិជ្ជកម្ម ១១២ ពាន់​លាន​ដុល្លារ​ជាមួយ​ឥណ្ឌា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន​ត្រៀម​ដោះស្រាយ​កង្វល់​ឱនភាព​ពាណិជ្ជកម្ម ១១២ ពាន់​លាន​ដុល្លារ​ជាមួយ​ឥណ្ឌា

ចិន​ត្រៀម​ដោះស្រាយ​កង្វល់​ឱនភាព​ពាណិជ្ជកម្ម ១១២ ពាន់​លាន​ដុល្លារ​ជាមួយ​ឥណ្ឌា

​បរទេស​៖ ​ប្រទេស​ចិន​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ឥណ្ឌា ​និង​ចូលរួម​ដោះស្រាយ​កង្វល់​ពាណិជ្ជកម្ម​របស់​ទីក្រុង​ញូវដេលី ​ស្រប​ពេល​ឱនភាព​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​ជាមួយ​ចិន​បាន​កើន​លើស ១១២ ពាន់​លាន​ដុល្លារ​ក្នុង​តួលេខ​ប្រចាំ​ឆ្នាំ​នា​ពេល​ថ្មី​ៗ​នេះ​។

យោង​តាម​ការ​ចេញផ្សាយ​របស់​ RT ​ការ​បើក​កិច្ច​សន្ទនា​សេដ្ឋកិច្ច​ឡើង​វិញ​នេះ​ ​កើតមាន​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ឥណ្ឌា ​លោក​ ​Narendra ​Modi ​និង​ប្រធានាធិបតី​ចិន ​លោក​ ​X​i Jinping ​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល ​BRI​CS ​ក្នុង​ទីក្រុង​ញូវ​ដេលី​។

​មេដឹកនាំ​ទាំង​ពីរ​បាន​ពិនិត្យ​ឡើង​វិញ​លើ​ទំនាក់ទំនង​ទ្វេ​ភាគី​ ​និង​ផ្តោត​លើ​ការ​ដោះស្រាយ​បញ្ហា​មិន​សម​មាត្រ​នៃ​រចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​ ការ​ពង្រឹង​ស្ថិរ​ភាព​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ​និង​ការ​ធានា​ឱ្យ​មាន​ការ​ចូល​ទៅកាន់​ទីផ្សារ​ដែល​មាន​ភាព​ប្រាកដប្រជា​។

​បន្ទាប់ពី​ជំនួប​រវាង​មេដឹកនាំ​ទាំង​ពីរ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន ​លោក​ ​Wang ​Wentao ​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​និង​ឧស្សាហកម្ម​ឥណ្ឌា ​លោក​ ​Piyush ​Goyal ​នៅ​ទីក្រុង​ញូវ​ដេលី​។ ​ជំនួប​នេះ​ជា​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម​ផ្ទាល់​កម្រិត​រដ្ឋមន្ត្រី​លើក​ដំបូង​រវាង​ប្រទេស​ទាំង​ពីរ ​បន្ទាប់ពី​ខកខាន​អស់​រយៈពេល​យូរ​។

​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌា​បាន​ឱ្យ​ដឹង​ថា​ ​កិច្ច​ពិភាក្សា​ដំបូង​នេះ​មាន​គោលបំណង​បង្កើត​ការ​យល់ដឹង​ច្បាស់លាស់​អំពី​ចំណុច​ខ្វែង​គំនិត​សេដ្ឋកិច្ច​សំខាន់​ៗ ​និង​បើក​ផ្លូវ​សម្រាប់​កិច្ចព្រមព្រៀង​បន្ត​ទៀត​។

​បន្ទាប់ពី​កិច្ច​សន្ទនា​កម្រិត​រដ្ឋមន្ត្រី​ ​អ្នក​នាំពាក្យ​ស្ថានទូត​ចិន ​លោក​ស្រី​ ​Yu Jing ​បាន​បញ្ជាក់​ពី​ឆន្ទៈ​របស់​ទីក្រុង​បេកាំង​ក្នុង​ការ​អនុវត្ត​ការ​យល់ស្រប​ដែល​សម្រេចបាន​ដោយ​មេដឹកនាំ​ទាំង​ពីរ ​ដោយ​បញ្ជាក់​ថា​ ​ចិន​ត្រៀម​ខ្លួន​ដោះស្រាយ​កង្វល់​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​របស់​គ្នា​ទៅវិញទៅមក​ ​ដោយ​ផ្អែក​លើ​សមភាព និង​តុល្យភាព​។

កង្វល់​សំខាន់​មួយ​របស់​ឥណ្ឌា​គឺ​ឱនភាព​ពាណិជ្ជកម្ម​ដ៏​ធំ​ជាមួយ​ចិន​។ ​ការ​នាំចូល​របស់​ឥណ្ឌា​ពី​ចិន​បាន​កើន​ដល់​ ១៣១​,​៦៣ ពាន់​លាន​ដុល្លារ ​ដែល​ធ្វើឱ្យ​ចិន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ឥណ្ឌា ​ដោយ​ទំនិញ​ចិន​មាន​ចំណែក​ប្រមាណ ​១៧ ​ភាគរយ​នៃ​ការ​នាំចូល​សរុប​របស់​ឥណ្ឌា​។

​ការ​នាំចូល​ភាគ​ច្រើន​រួមមាន​វត្ថុធាតុដើម​ ​និង​សមាស​ភាគ​ឧស្សាហកម្ម​សំខាន់​ៗ​ ​ដូច​ជា​ ​គ្រឿង​បន្លាស់​អេឡិចត្រូនិក​ ​គ្រឿងចក្រ​ធុន​ធ្ងន់ ​និង​រ៉ែ​កម្រ​ដែល​ត្រូវការ​សម្រាប់​ការ​ផលិត​ក្នុង​ស្រុក​។

​នៅ​ផ្នែក​នាំចេញ​ ​អ្នក​នាំចេញ​ឥណ្ឌា​នៅតែ​ជួប​ប្រទះ​ឧបសគ្គ​ក្នុង​ការ​ចូល​ទៅកាន់​ទីផ្សារ​ចិន​លើ​វិស័យ​សំខាន់​ៗ រួម​មាន​ផលិតផល​ឱសថ ​សេវាកម្ម​បច្ចេកវិទ្យា​ព័ត៌មាន​ ​សារធាតុ​គីមី​ឯកទេស ​និង​ទំនិញ​កសិកម្ម​ ​ដោយ​សារ​របាំង​មិន​មែន​ពន្ធ​គយ ​និង​បទប្បញ្ញត្តិ​ផ្សេង​ៗ​។

​កិច្ច​សន្ទនា​សេដ្ឋកិច្ច​នេះ​ក៏​កើតឡើង​ក្នុងពេល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​ចាប់ផ្តើម​មាន​ភាព​ប្រក្រតី​ឡើង​វិញ​ ​បន្ទាប់ពី​ទំនាក់ទំនង​ទ្វេ​ភាគី​ជួប​ភាព​តានតឹង​ដោយសារ​ជម្លោះ​ព្រំដែន​ក្នុង​ឆ្នាំ​ ​២០​២០​។

​នា​ពេល​ថ្មី​ៗ​នេះ​ ​ឥណ្ឌា​បាន​ចាប់ផ្តើម​ធូរ​ស្រាល​វិធានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សម្រាប់​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់គ្នា ​ដោយ​អនុញ្ញាតឱ្យ​មាន​ការ​វិនិយោគ​ទុន​ក្នុង​កម្រិត​កំណត់ ​និង​គ្មាន​អំណាច​ត្រួតពិនិត្យ​លើ​វិស័យ​ផលិតកម្ម​សំខាន់​ៗ ដូច​ជា​ទំនិញ​ដើមទុន ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ព្រះ​អាទិត្យ​។

​ប្រទេស​ទាំង​ពីរ​ក៏​បាន​សម្រេច​ស្តារ​ជើង​ហោះហើរ​ត្រង់​ឡើង​វិញ​ ​និង​សម្រួល​ដល់​ការ​ធ្វើដំណើរ​ពាណិជ្ជកម្ម​។ ​មន្ត្រី​រដ្ឋាភិបាល​ទាំង​ពីរ​បាន​បញ្ជាក់​ថា​ ការ​ធ្វើឱ្យ​ពាណិជ្ជកម្ម​មាន​ស្ថិរ​ភាព ​និង​ការ​ដោះស្រាយ​ការ​ពឹងផ្អែក​លើ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ត្រូវ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​ការ​រក្សា​ស្ថិរ​ភាព​ព្រំដែន ​និង​ការ​ស្វែងរក​ដំណោះស្រាយ​ដែល​ភាគី​ទាំង​ពីរ​អាច​ទទួល​យកបាន​លើ​បញ្ហា​ព្រំដែន​ដែល​អូសបន្លាយ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា