ជីប​ម៉ុង ​ត្រៀម​បង្កើន​ហិរញ្ញប្បទាន​ស្វាយចន្ទី​ដល់​ ៧០០ ​លាន​ដុល្លារ ​នៅ​ឆ្នាំ​ ​២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជីប​ម៉ុង ​ត្រៀម​បង្កើន​ហិរញ្ញប្បទាន​ស្វាយចន្ទី​ដល់​ ៧០០ ​លាន​ដុល្លារ ​នៅ​ឆ្នាំ​ ​២០២៧

ជីប​ម៉ុង ​ត្រៀម​បង្កើន​ហិរញ្ញប្បទាន​ស្វាយចន្ទី​ដល់​ ៧០០ ​លាន​ដុល្លារ ​នៅ​ឆ្នាំ​ ​២០២៧

​ភ្នំពេញ​៖​ ​ធនាគារ​ ជីប​ម៉ុង ​គ្រោង​បង្កើន​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​ស្វាយចន្ទី​នៅ​កម្ពុជា ​ដល់​ប្រមាណ ​៧០០​លាន​ដុល្លារ​អាម៉េរិក​ ​នៅ​ឆ្នាំ​២០២៧ ​ដើម្បី​ជួយ​ផ្តល់​ទុន​បង្វិល​ដល់​កសិករ ​និង​ជំរុញ​ការ​បង្កើត​តម្លៃ​បន្ថែម​លើ​ផលិតផល​កសិកម្ម​។

​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ហានិភ័យ ​នៃ​ធនាគារ​ ជីប​ម៉ុង ​លោក​ ​ជ័យ​ ​សំរេច ​បាន​ឱ្យ​ដឹង​តាមរយៈ​វេទិកា​កសិកម្ម​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ក្នុង​ឆ្នាំ​២០២៦​ ​ធនាគារ​ ជីប​ម៉ុង ​បាន​ផ្តល់​ហិរញ្ញប្បទាន​ជា​ទុន​បង្វិល​សរុប​ប្រមាណ ​៥០០​លាន​ដុល្លារ ​ដល់​កសិករ​ក្នុង​វិស័យ​ស្វាយចន្ទី​។​ ​សម្រាប់​ឆ្នាំ​២០២៧​ ​ធនាគារ​គ្រោង​បង្កើន​ទំហំ​ហិរញ្ញប្បទាន​ដល់​ ៧០០​លាន​ដុល្លារ​។

​លោក​បាន​បញ្ជាក់​ថា​ ​កសិករ​ម្នាក់​អាច​ខ្ចី​បាន​ចន្លោះ​ពី​ ​៣​លាន ​ទៅ​ ៥​លាន​ដុល្លារ ​ហើយ​កម្រិត​ខ្ពស់​បំផុត​អាច​រហូតដល់​ ៣០​លាន​ដុល្លារ​។

​លោក​ ​ជ័យ​ សំរេច ​មើល​ឃើញ​ថា​ ​ការ​បង្កើន​កញ្ចប់​ហិរញ្ញប្បទាន​ជា​បន្តបន្ទាប់​ ​នឹង​ផ្តល់​លទ្ធភាព​កាន់តែ​ច្រើន​ដល់​កសិករ​ក្នុង​ការ​បង្កើត​តម្លៃ​បន្ថែម​លើ​ផលិតផល​ស្វាយ​ចន្ទី ​ចាប់​ពី​ការ​ដាំដុះ​រហូតដល់​ការ​កែច្នៃ​ជា​ផលិតផល​សម្រេច​។

​លោក​បាន​លើកឡើង​ថា​ ​ការ​ប្រើប្រាស់​ជី ​និង​ថ្នាំ​បាញ់​ស្វាយចន្ទី​ឱ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ​ដើម្បី​បង្កើន​ទិន្នផល​ ​និង​គុណភាព​ ការ​សាងសង់​ឃ្លាំង​ស្តុក​ ​និង​ការ​កែលម្អ​គុណភាព​ម៉ាស៊ីន​កែច្នៃ​ ​សុទ្ធតែ​ត្រូវការ​ទុន ​និង​ជា​ផ្នែក​សំខាន់​ក្នុង​ការ​បង្កើត​តម្លៃ​បន្ថែម​។​

​ទោះជា​យ៉ាងណា​ ​ប្រធាន​សមាគម​ស្វាយ​ចន្ទី​កម្ពុជា​ ​លោក​ អួន ស៊ីឡុត ​បាន​សង្កេតឃើញ​ថា ​កញ្ចប់​ហិរញ្ញប្បទាន​របស់​ធនាគារ​មួយចំនួន​នៅ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​សម្រាប់​កសិករ​នៅឡើយ​ ​ដោយសារ​លក្ខខណ្ឌ​មួយ​ចំនួន​មាន​ភាព​លំបាក​។

​លោក​បាន​លើក​ឧទាហរណ៍​ពី​ការ​ដាក់​សន្និធិ ​ឬ​ស្តុក​ជា​ទ្រព្យ​បញ្ចាំ​ដែល​អនុវត្ត​កាលពី​ឆ្នាំ​២០២៥ ​ដែល​តម្រូវឱ្យ​មាន​ការ​គ្រប់គ្រង​ស្តុក​គ្រាប់​ស្វាយចន្ទី​រួមគ្នា​។ ​ក្នុង​ករណី​នេះ​ ​ភាគី​កសិករ​ដែល​ជា​ម្ចាស់​សហគ្រាស​ ​មិន​អាច​លក់​ ​ឬ​ចាត់ចែង​ស្តុក​ដោយ​ខ្លួនឯង​បាន​ទេ ប្រសិនបើ​មិន​មាន​ការ​ឆ្លងកាត់​ធនាគារ​ដែល​ផ្តល់​កម្ចី​។

​ជាមួយគ្នា​នេះ​ ​អ្នក​ស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍន៍​សង្គម ​និង​សេដ្ឋកិច្ច​ ​លោក​បណ្ឌិត​ ជ័យ​ តិច ​បាន​ចាត់ទុក​ការ​ផ្តល់​ហិរញ្ញប្បទាន​ដើម្បី​បង្កើត​តម្លៃ​បន្ថែម​លើ​កសិផល​ថា​ជា​រឿង​ល្អ ​ប៉ុន្តែ​លោក​បាន​អះអាង​ថា​ ​អត្រា​ការប្រាក់​លើ​កម្ចី​កសិកម្ម​នៅតែ​មាន​កម្រិត​ខ្ពស់​។

​លោក​បាន​ស្នើ​ឱ្យ​ធនាគារ​ជាតិ​ជួយ​សម្របសម្រួល​លើ​លក្ខខណ្ឌ​ផ្តល់​កម្ចី​ ​និង​បញ្ចុះ​អត្រា​ការប្រាក់​ ​ដើម្បីឱ្យ​កសិករ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ឥណទាន​ ​ខណៈ​វិស័យ​កសិកម្ម​មិន​មែន​ជា​វិស័យ​ដែល​ផ្តល់​ប្រាក់​ចំណេញ​ខ្ពស់​ដូច​វិស័យ​អចលន​ទ្រព្យ​ ​ឬ​អាជីវកម្ម​មួយចំនួន​ផ្សេង​ទៀត​នោះ​ទេ​។

​លោក​បណ្ឌិត​ ជ័យ​ តិច ​ក៏​បាន​មើលឃើញ​ថា​ ​អ្នក​មាន​ទុន ​និង​វិស័យ​ធនាគារ​កំពុង​ចាប់ផ្តើម​ងាក​មក​ចាប់​អារម្មណ៍​លើ​វិស័យ​កសិកម្ម​កាន់តែ​ច្រើន​ ​ដោយ​សារ​វិស័យ​នេះ​មាន​សក្ដានុពល​ក្នុង​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ ​និង​បង្កើត​ផលិតផល​ដោយ​ខ្លួនឯង​។

​យោងតាម​ប្រភព​ខាង​លើ​ ​វិស័យ​កសិកម្ម​កម្ពុជា​រួមចំណែក​ប្រមាណ​ ១៦​%​ ​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​។ ​សម្រាប់​ស្វាយចន្ទី ​កម្ពុជា​បាន​លក់​គ្រាប់​ស្រស់​ទៅ​វៀតណាម​ចំនួន​ ​១​,០២០​,​៧៥៧​តោន​ ​មាន​តម្លៃ​ប្រមាណ​ ១​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ក្នុង​ឆ្នាំ​២០២៥​។

​ក្នុង​រយៈពេល​ ៨​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​កម្ពុជា​បាន​លក់​ស្វាយចន្ទី​ចេញ​ប្រមាណ ​១​,​៨​លាន​តោន ​ដែល​មាន​តម្លៃ​ប្រមាណ ១​,​៩​ពាន់​លាន​ដុល្លារ​អាម៉េរិក​៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា