CMA និង ARDB សហការគ្នាលើកកម្ពស់ហិរញ្ញប្បទានបៃតង ប្រកបដោយចីរភាពនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
CMA និង ARDB សហការគ្នាលើកកម្ពស់ហិរញ្ញប្បទានបៃតង ប្រកបដោយចីរភាពនៅកម្ពុជា

CMA និង ARDB សហការគ្នាលើកកម្ពស់ហិរញ្ញប្បទានបៃតង ប្រកបដោយចីរភាពនៅកម្ពុជា

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ កសិកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា។

Advertisement

ភាពជាដៃគូយុទ្ធសាស្ត្រ ដែលត្រូវបានឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ គឺជាគំនិតផ្តួចផ្តើមដែលរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងភាពងាយរងគ្រោះរបស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ និងការសឹករេចរិលបរិស្ថាន និងស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់នឹងអាកាសធាតុ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញដោយលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមវត្តមានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានជាសមាជិករបស់សមាគម ថ្នាក់ដឹកនាំនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងធនាគារជាតិនៃកម្ពុជា ក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងភ្ញៀវកិត្តិយសផ្សេងទៀត។

ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងធនាគារ ARDB នឹងសហការគ្នាលើគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចបៃតងរបស់កម្ពុជា និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ គំនិតផ្តួចផ្តើមទាំងនេះរួមមាន៖

  • លើកកម្ពស់ហិរញ្ញប្បទានបៃតង និងសេវាហិរញ្ញវត្ថុពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ។
  • សម្របសម្រួលលទ្ធភាពទទួលបានហិរញ្ញប្បទានបៃតងដែលមានលក្ខខណ្ឌអនុគ្រោះសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
  • រៀបចំសិក្ខាសាលាបណ្តុះបណ្តាលរួមគ្នា ដើម្បីពង្រឹងការយល់ដឹងរបស់គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអំពីស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ការគ្រប់គ្រង    ហានិភ័យអាកាសធាតុ និងកាលានុវត្តក្នុងការអនុវត្តហិរញ្ញវត្ថុបៃតង។
  • គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សហគមន៍កសិកម្ម និងកសិករខ្នាតតូច ក្នុងការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងដំណោះស្រាយពាក់ព័ន្ធនឹងថាមពលកកើតឡើងវិញ។
  • រួមចំណែកដល់យុទ្ធសាស្រ្តជាតិស្តីពីអាកាសធាតុ និងការអភិវឌ្ឍបៃតងរបស់កម្ពុជា និង
  • លើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធពាក់ព័ន្ធនឹងហិរញ្ញវត្ថុបៃតង និងការប្រែប្រួលអាកាសធាតុ។

ក្រោមអនុស្សរណៈនៃការយោគយល់នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានឹងដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការកៀរគរឱ្យមានការចូលរួមពីគ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិករបស់ខ្លួន ព្រមទាំងសម្របសម្រួលការប្រមូលទិន្នន័យ និងការរាយការណ៍នៅកម្រិតវិស័យ និងរៀបចំសកម្មភាពកសាងសមត្ថភាព ដើម្បីពង្រឹងការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីហិរញ្ញវត្ថុបៃតង។

សមាគម ក៏នឹងគាំទ្រឱ្យមានការផ្សព្វផ្សាយគោលការណ៍ណែនាំ និងស្តង់ដារ  ហិរញ្ញប្បទានបៃតង ព្រមទាំងជួយសម្របសម្រួលផ្សព្វផ្សាយអំពីយន្តការហិរញ្ញប្បទានពាក់ព័ន្ធនានារបស់ធនាគារ ARDB ដល់ភាគីពាក់ព័ន្ធដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ រួមទាំងសមាគមបណ្តាញកសិករតេជោផងដែរ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា៖

“អនុស្សរណៈនៃការយោគយល់គ្នានេះគឺជារបត់ដ៏សំខាន់មួយសម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ តាមរយៈការបន្ស៊ីកិច្ចខិតខំប្រឹងប្រែងរបស់យើងទៅនឹងអាទិភាពអាកាសធាតុថ្នាក់ជាតិ យើងបាន និងកំពុងពង្រឹងសមត្ថភាពគ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិករបស់យើងពាក់ព័ន្ធនឹង ESG និងក្នុងការគ្រប់គ្រងហានិភ័យអាកាសធាតុ ព្រមទាំងជួយត្រួសត្រាយផ្លូវហិរញ្ញប្បទានបៃតងដែលកំពុងត្រូវការជាចាំបាច់ ទៅកាន់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងគម្រោងនានាដែលមានចីរភាព ដែលគាំទ្រដល់ការលូតលាស់សេដ្ឋកិច្ចបៃតង និងភាពធន់របស់កម្ពុជា។”

ធនាគារ ARDB នឹងចូលរួមគាំទ្រក្នុងការផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទានបៃតង និងការគាំទ្រផ្សេងទៀត ព្រមទាំងការចែករំលែកផ្នែកបច្ចេកទេសលើវិស័យបៃតង។ ធនាគារ ARDB ក៏នឹងជួយក្នុងការផ្តល់ហិរញ្ញប្បទានបៃតងដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម, កសិឧស្សាហកម្ម សហគមន៍កសិកម្ម និងប្រជាកសិករ ព្រមទាំងចូលរួមគាំទ្រដល់យន្តការចែករំលែកហានិភ័យ ការតាមដាន និងការវាយតម្លៃផងដែរ។

ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB បានមានប្រសាសន៍ថា៖

“វិស័យកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា តម្រូវឱ្យមានយន្តការហិរញ្ញប្បទានដ៏រឹងមាំ និងមានចីរភាព ដើម្បីកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ហើយធនាគារ ARDB នឹងបន្តគាំទ្រការផ្តល់ហិរញ្ញប្បទានបៃតងប្រកបដោយប្រសិទ្ធភាព និងចីរភាព។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានេះ យើងមានគោលបំណងកៀរគរឥណទានបៃតង បំពេញគម្លាតផ្នែកហិរញ្ញប្បទាន និងគាំទ្រកសិករ និងសហគ្រាសជនបទក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកការអនុវត្តដែលមានចីរភាពបរិស្ថានជាងមុន។”

តាមរយៈភាពជាដៃគូនេះ ស្ថាប័នទាំងពីរក៏បានប្តេជ្ញាចិត្តក្នុងការផ្លាស់ប្តូរចំណេះដឹង ទិន្នន័យ និងបទពិសោធន៍ប្រតិបត្តិការពាក់ព័ន្ធនឹងហិរញ្ញវត្ថុបៃតង និងភាពធន់នឹងអាកាសធាតុ ព្រមទាំងគោរពសិទ្ធិស្ថាប័ន រក្សាការសម្ងាត់ និងគោលការណ៍ផ្សព្វផ្សាយម៉ាកយីហោរបស់គ្នាទៅវិញទៅមក៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា