បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ការភ្ជាប់ប្រព័ន្ធឌីជីថលទៅក្នុងវិស័យសុខាភិបាល ៖ ABA និង ពេទ្យយើង ចុះអនុស្សរណៈយោគយល់ ដើម្បីសម្រួលដល់ការទូទាត់បែបឌីជីថល

ការភ្ជាប់ប្រព័ន្ធឌីជីថលទៅក្នុងវិស័យសុខាភិបាល ៖ ABA និង ពេទ្យយើង ចុះអនុស្សរណៈយោគយល់ ដើម្បីសម្រួលដល់ការទូទាត់បែបឌីជីថល

 ភ្នំពេញ ៖ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានប្រកាសភាពជាដៃគូយុទ្ធសាស្រ្តជាមួយ ពេទ្យយើង ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឈានមុខ ដើម្បីសម្រួលដល់ការទូទាត់ឌីជីថលសម្រាប់វិស័យសុខាភិបាលកម្ពុជា។ 

ក្រោមភាពជាដៃគូនេះ ABA KHQR នឹងក្លាយជាមធ្យោបាយទូទាត់ចម្បងនៅលើប្រព័ន្ធទូទាត់វិក្កយបត្ររបស់ ពេទ្យយើង ដោយបម្រើជូនដៃគូសេវាសុខាភិបាលជាច្រើន រួមមានគ្លីនិក មន្ទីរពេទ្យ និងឱសថស្ថាននានាទូទាំងប្រទេស។ តាមរយៈការភ្ជាប់ QR API របស់ ABA នៅលើអេក្រង់ម៉ាស៊ីនគិតលុយ និងលើវិក្កយបត្ររបស់ គ្លីនិក មន្ទីរពេទ្យ និងឱសថស្ថាននានា អតិថិជននឹងទទួលបានបទពិសោធទូទាត់កាន់តែរលូនស្រួល ខណៈដែលដៃគូជាគ្លីនិក មន្ទីរពេទ្យ និងឱសថស្ថាននានា ទទួលបានប្រសិទ្ធភាពប្រតិបត្តិការកាន់តែប្រសើរ និងសុវត្ថិភាពពង្រឹងបន្ថែមកាន់តែរឹងមាំ។  

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងនៅការិយាល័យកណ្តាលធនាគារ ABA ដោយមានការអញ្ជើញចូលរួមពីលោក Zhiger Atchabarov អគ្គនាយករងប្រតិបត្តិ និងជានាយកប្រតិបត្តិការនៃធនាគារ ABA និងលោកស្រី ប៉ុង លីមសាន នាយិកាប្រតិបត្តិ និងស្ថាបនិក នៃក្រុមហ៊ុន ពេទ្យយើង ព្រមទាំងក្រុមការងាររបស់ស្ថាប័នទាំងពីរផងដែរ។ 

លោក Zhiger Atchabarov មានប្រសាសន៍ថា ៖ «ក្នុងនាមជាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខ យើងខ្ញុំនៅធនាគារ ABA មានមោទនភាពយ៉ាងក្រៃលែងក្នុងការបន្តពង្រីកសេវាកម្មរបស់យើងខ្ញុំ ទៅកាន់វិស័យសុខាភិបាល។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា តាមរយៈភាពជាដៃគូ ប្រព័ន្ធបច្ចេកវិទ្យា និងចក្ខុវិស័យរួមគ្នានេះ យើងនឹងអាចបង្កើតគុណតម្លៃរយៈពេលវែង សម្រាប់ស្ថាប័នទាំងពីរ និងសហគមដែលយើងបម្រើសេវាជូន»។

លោកស្រី ប៉ុង លីមសាន ក៏មានប្រសាសន៍ផងដែរថា ៖ «កិច្ចសហការជាមួយ ABA គឺជាជំហានដ៏សំខាន់មួយចំពោះវឌ្ឍនភាពឌីជីថលក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ដោយធ្វើឲ្យការទូទាត់សេវាសុខាភិបាល កាន់តែងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់គ្រប់គ្នា។ ប្រតិបត្តិករសេវាសុខាភិបាល នឹងអស់បារម្ភចំពោះបញ្ហាទូទាត់ខុស ឬច្រឡំ នាំឲ្យមានការខាតបង់ប្រាក់ចំណូល ខណៈអ្នកទទួលសេវា អាចទូទាត់បែបឌីជីថលយ៉ាងរលូន»។

សម្រាប់ជំហានតទៅមុខ ធនាគារ ABA និងក្រុមហ៊ុនពេទ្យយើង នឹងប្តេជ្ញាបន្ត​ពង្រឹងការតភ្ជាប់នៃមធ្យោបាយទូទាត់ឌីជីថល និងសេវាសុខាភិបាលនៅកម្ពុជា ដោយបន្តផ្តល់ភាពងាយស្រួលបន្ថែម សម្រាប់សម្រាប់ទាំងដៃគូផ្តល់សេវាសុខាភិបាល និងអ្នកទទួលសេវា។  

អំពី ABA៖ 

ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ ២០២១-២០២៤។

ធនាគារ ABA មាន ១០១ សាខា, ទីតាំងស្វ័យសេវា ABA ២៤/៧ ចំនួន ៤៥ កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង ១៨០០ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប អនុញ្ញាតឲ្យអតិថិជនជាង ៥ លាននាក់ ប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។

អំពី ពេទ្យយើង៖ 

ពេទ្យយើង ជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឌីជីថលឈានមុខនៅកម្ពុជា ដោយមានបម្រើសេវាជូន អ្នកផ្តល់សេវាសុខាភិបាល និងអប់រំ ជាង ៤០០ ស្ថាប័ន នៅទូទាំងប្រទេស។ យើងមានបេសកកម្មចម្បង ពោលគឺការធ្វើឌីជីថលូបនីយកម្មរំហូរការងារសុខាភិបាល, ពង្រឹងការថែទាំអ្នកជំងឺ និងភ្ជាប់ប្រព័ន្ធជាមួយផ្លែតហ្វមដែលមានសុវត្ថិភាព អន្តរប្រតិបត្តិការ និងងាយស្រួលប្រើប្រាស់។ 

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា