CSX៖ ការជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈការកៀរគរទុនឈានដល់ ៧២០ លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
CSX៖ ការជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈការកៀរគរទុនឈានដល់ ៧២០ លានដុល្លារ

CSX៖ ការជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈការកៀរគរទុនឈានដល់ ៧២០ លានដុល្លារ

ភ្នំពេញ​៖​ ​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​កត់សម្គាល់​ថា​ ​សកម្មភាព​ជួញដូរ​ភាគហ៊ុន​កើនឡើង​ខ្លាំង​ ​ខណៈ​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​បាន​កៀរគរ​ទុន​ប្រមាណ ​៧​២០ លាន​ដុល្លារ​ ​តាមរយៈ​ទីផ្សារ​មូលធន​កម្ពុជា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦​។

​ក្នុង​រយៈពេល​ ៨ ​ខែ ​ឆ្នាំ​២០២៦ ​បរិមាណ​ជួញ​ដូរ​ភាគហ៊ុន​ប្រចាំ​ថ្ងៃ​ជា​មធ្យម​មាន​ជាង​ ​២៣ ​ម៉ឺន​ភាគហ៊ុន​ ​កើន​ឡើង​ជិត​ ​១៥០ ​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​២០២៥​ ​ខណៈ​ទំហំ​ជួញដូរ​ភាគហ៊ុន​ប្រចាំ​ថ្ងៃ​ជា​មធ្យម​មាន​ប្រមាណ​ ​៣០​ ម៉ឺន​ដុល្លារ​។

​តួ​លេខ​នេះ​ត្រូវ​បាន​បង្ហាញ​ដោយ​ ​ឯកឧត្តម​ ​ហុង សុហួរ​ ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​ផ្សារ​មូលបត្រ​កម្ពុជា ​ក្នុង​ពិធី​ចុះ​បញ្ជី​លក់​សញ្ញា​បណ្ណ​ចីរភាព​ជា​ផ្លូវការ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​អិល​អូ​អិល​ស៊ី ​(​ខេម​បូឌា​)​ ភី​អិល​ស៊ី ​កាលពី​ថ្ងៃ​ទី​១០​ ​ខែ​កញ្ញា​ ​នៅ​អគារ​ផ្សារ​មូលបត្រ​កម្ពុជា​។

​សម្រាប់​ខែ​សីហា​ ​កន្លងទៅ​ ​បរិមាណ​ជួញ​ដូរ​ភាគហ៊ុន​ប្រចាំ​ថ្ងៃ​ជា​មធ្យម​បាន​កើនឡើង​គំហុក​ដល់​ជាង​ ៥​៨ ម៉ឺន​ភាគហ៊ុន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ទំហំ​ជួញដូរ​ភាគហ៊ុន​ប្រចាំ​ថ្ងៃ​ជា​មធ្យម​មាន​ប្រមាណ ៨០​ ម៉ឺន​ដុល្លារ​។

​ជាមួយគ្នា​នេះ​ ​ចំនួន​គណនី​ជួញដូរ​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​បាន​កើនឡើង​ដល់​ប្រមាណ​ ៨​២​,​០០០​ ​គណនី ​ដែល​បង្ហាញ​ពី​ការ​កើនឡើង​នៃ​ការ​ចូលរួម​ក្នុង​ទីផ្សារ​មូលធន​។

តាមការ​បញ្ជាក់​របស់​ឯកឧត្តម​ ​ហុង សុហួរ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចុះ​បញ្ជី​ទាំង​ ​២​៨ ​មាន​ក្រុមហ៊ុន​ចំនួន​ ​១២ ​បាន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ ​និង​ក្រុមហ៊ុន​ចំនួន​ ១៦ ​បាន​ចុះ​បញ្ជី​ជា​សញ្ញា​បណ្ណ​សាជីវកម្ម​។

ការ​បង្ហាញ​ពី​កំណើន​នៃ​ទីផ្សារ​មូលធន​នេះ​ ​ធ្វើឡើង​ស្រប​ពេល​ដែល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ LOL​C ​បាន​វិល​មក​កៀរគរទុន​តាមរយៈ​ផ្សារ​មូលបត្រ​កម្ពុជា​ ​ជា​លើក​ទី​២ ​ដោយ​បោះផ្សាយ ​និង​ចុះ​បញ្ជី​លក់​សញ្ញា​បណ្ណ​ចីរភាព​ក្នុង​ទំហំ​ ២០ លាន​ដុល្លារ​ មាន​អត្រា​ការប្រាក់​ ៥​,​៧៥​ ​ភាគរយ ​សម្រាប់​រយៈពេល​ ៥ ​ឆ្នាំ​។​

​ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ​ ​ហ៊ាន​ ​សាហ៊ីប ​រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ផ្សារ​មូលបត្រ​កម្ពុជា ​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ LOL​C ​ដែល​សម្រេចបាន​ការ​បោះផ្សាយ ​និង​ចុះ​បញ្ជី​លក់​សញ្ញា​បណ្ណ​ចីរភាព​មាន​បុគ្គល​ធានា​។

​ឯកឧត្តម​ ​បាន​គូសរំលេច​ថា​ LOL​C ​ធ្លាប់​បាន​កៀរគរ​ទុន​លើក​ទី​១ ​ពី​ផ្សារ​មូលបត្រ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០១៩ ​ក្នុង​ទំហំ​ ២០ លាន​ដុល្លារ​ ​ហើយ​ការ​បោះផ្សាយ​លើក​នេះ​ជា​លើក​ទី​២ ​ដែល​ធ្វើឱ្យ​គ្រឹះស្ថាន​នេះ​កៀរ​គរ​មូលធន​សរុប​ប្រមាណ​ ៤០​ ​លាន​ដុល្លារ​ ​តាមរយៈ​ទីផ្សារ​មូលបត្រ​។

​ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ​បាន​លើកឡើង​ថា​ ​ការ​ចូលរួម​ក្នុង​ផ្សារ​មូលបត្រ​បាន​បង្ហាញ​ពី​តម្លាភាព ​និង​អភិបាលកិច្ច​រឹងមាំ​ ​ទំនុកចិត្ត​ពី​វិនិយោគិន ​និង​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​មូលធន​កម្ពុជា​។​

​ឯក​ឧត្តម ​បាន​បញ្ជាក់​ថា​ ​ការ​អនុញ្ញាត​ឱ្យ​ចុះ​បញ្ជី​ជា​ផ្លូវការ​ពី​និយ័តករ​មូលបត្រ​កម្ពុជា ​និង​ផ្សារ​មូលបត្រ​កម្ពុជា​ ​បាន​បញ្ជាក់​ពី​ការ​អនុលោម​តាម​ច្បាប់​ ​ស្តង់ដារបាយ​ការណ៍​ហិរញ្ញវត្ថុ​ ​និង​ស្ថិរ​ភាព​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​បោះផ្សាយ​។ ការ​គាំទ្រ​ពី​វិនិយោគិន​ជាតិ ​និង​អន្តរជាតិ​ ​ក៏​បង្ហាញ​ពី​ជំនឿ​ទុក​ចិត្ត​លើ​ចក្ខុវិស័យ​ ​និង​និរន្តរភាព​នៃ​ការ​រីកចម្រើន​របស់​ក្រុមហ៊ុន​បោះផ្សាយ​។

ដោយឡែក ​លោក​ សុខ​ ​វឿន ​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​អិល​អូ​អិល​ស៊ី ​(​ខេម​បូឌា​) ​បាន​មានប្រសាសន៍​ថា​ ​សញ្ញា​បណ្ណ​ចីរភាព​នេះ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​ប្រមូល​មូលនិធិ​រយៈពេល​វែង ​សម្រាប់​គាំទ្រ​គម្រោង​ ​និង​សកម្មភាព​ដែល​ផ្តល់​ប្រយោជន៍​ជាក់ស្តែង​ដល់​បរិស្ថាន ​និង​សង្គម​។

​លោក​បាន​បញ្ជាក់​ថា​ ​មូលនិធិ​ដែល​ទទួល​បាន​ពី​ការ​បោះផ្សាយ​សញ្ញា​បណ្ណ​ចីរភាព​នេះ​ ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ដែល​គាំទ្រ​ផ្នែក​បរិស្ថាន​ប្រមាណ​ ​២០​ ​ភាគរយ​ ​និង​ផ្នែក​សង្គម​ប្រមាណ ៨០​ ​ភាគរយ​។

​ឯក​ឧត្តម​ ​ស៊ូ ​សុជាតិ​ ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​នៃ​និយ័តករ​មូលបត្រ​កម្ពុជា ​បាន​មានប្រសាសន៍​ថា​ ​សមិទ្ធផល​នេះ​ក៏​កើត​ចេញ​ពី​ការ​រួមចំណែក​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ ​(​CG​C​C​)​ ​ដែល​បាន​ធ្វើជា​បុគ្គល​ធានា​មូលបត្រ​បំណុល​របស់​ LOL​C​។​

​ឯក​ឧត្តម​ ​បាន​បញ្ជាក់​ថា​ ការ​ផ្តល់​ការ​លើកកម្ពស់​ឥណទាន​តាមរយៈ​ការ​ធានា​នេះ​ ​បាន​ដើរ​តួនាទី​ជា​ខែល​ការពារ​ហានិភ័យ​ ​ក្នុង​ការ​កាត់បន្ថយ​ផលប៉ះពាល់​ពី​ឥណទាន​មិន​ដំណើរការ ​ដែល​អាច​ប៉ះពាល់​ដល់​លទ្ធភាព​របស់​គ្រឹះស្ថានក្នុង​ការ​ទូទាត់​សង​ប្រាក់​ដើម​ ​និង​ការប្រាក់​ជូន​វិនិយោគិន​។

​ឯកឧត្តម​ ​បាន​បន្ថែម​ថា​ ​ការ​ចូលរួម​ធានា​មូលបត្រ​បំណុល​ពី​ ​CG​C​C ​មិន​ត្រឹមតែ​ជួយ​កសាង ​និង​បង្កើន​ទំនុកចិត្ត​ដល់​វិនិយោគិន​សាធារណៈ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែមទាំង​ជា​ជំហាន​សំខាន់​ក្នុង​ការ​លើកកម្ពស់​កម្រិត​ឥណទាន​ទីផ្សារ ​និង​សម្រាប់​ទីផ្សារ​មូលធន​កម្ពុជា​។​

​ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ​ ​ហ៊ាន​ សាហ៊ីប បាន​មានប្រសាសន៍​បន្ថែម​ថា​ ​ការ​ចូលរួម​របស់​វិស័យ​ឯកជន ​ជាពិសេស​សហគ្រាស​ក្នុង​ស្រុក​ ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ ​បាន​រួមចំណែក​ដល់​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ ​និង​ការ​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ​កម្ពុជា ​ដើម្បី​ឈានទៅជា​ជន្ទល់​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​ប្រកបដោយ​ចីរភាព​។

​ឯក​ឧត្តម ​បាន​លើកទឹកចិត្ត​ដល់​សហគ្រិន​ទាំងអស់​ឱ្យ​គិតគូរ ​និង​ផ្សារភ្ជាប់​អាជីវកម្ម​របស់​ខ្លួន​ទៅ​នឹង​ការ​រីកលូតលាស់​នៃ​ផ្សារ​មូលបត្រ​កម្ពុជា ​ជាពិសេស​ការ​ទាញយក​អត្ថប្រយោជន៍​ពី​ការ​កៀរគរ​ទុន​ជា​សាធារណៈ​ ​និង​ការ​ធ្វើ​ពិពិធកម្ម​ប្រភព​ទុន​តាមរយៈ​ផ្សារ​មូលបត្រ ​ដើម្បី​ជំរុញ​ឱ្យ​ការ​ប្រកប​អាជីវកម្ម​បាន​រលូន ​និង​រីកចម្រើន​ប្រកបដោយ​ចីរភាព​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា