មន្ត្រីជំនាញសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល ក្រើនរំលឹកឱ្យប្រុងប្រយ័ត្នករណីឆបោក តាមរយៈការទិញ​ទំនិញ​អនឡាញ និងការផ្ទេរប្រាក់

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
មន្ត្រីជំនាញសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល ក្រើនរំលឹកឱ្យប្រុងប្រយ័ត្នករណីឆបោក តាមរយៈការទិញ​ទំនិញ​អនឡាញ និងការផ្ទេរប្រាក់

មន្ត្រីជំនាញសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល ក្រើនរំលឹកឱ្យប្រុងប្រយ័ត្នករណីឆបោក តាមរយៈការទិញ​ទំនិញ​អនឡាញ និងការផ្ទេរប្រាក់

ភ្នំពេញ ៖ ជាការពិតណាស់ បច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថលបានចាក់ចូលមកក្នុងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងសកលលោក ដែលទាមទារឱ្យមានការយកចិត្តដាក់ខ្ពស់។ សុវត្ថិភាពលើប្រព័ន្ធឌីជីថល បានក្លាយជារឿងដ៏សំខាន់ ដែលរាជរដ្ឋាភិបាល បាន និងកំពុងបញ្ច្រាបដល់ពលរដ្ឋឱ្យមានចំណេះដឹង ដើម្បីធ្វើយ៉ាងណាអាចទទួលបានប្រយោជន៍ និងបញ្ចៀសហានិភ័យ ឬការខាតបង់។ ជាក់ស្ដែង ថ្មីៗនេះមន្ត្រីជំនាញពីនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋាន​បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះមួយចំនួន​ ដោយ​បញ្ជាក់ថា ពួកគេបាន​ចាញ់ល្បិចឆបោករបស់ឧក្រិដ្ឋជនតាមរយៈការទិញ​ផលិតផល​តាមអនឡាញ និងបានផ្ទេរប្រាក់ពីគណនីធនាគារ ប៉ុន្តែ មិនបានទទួលផលិតផល ឬសម្ភារដែលបានបញ្ជា​ទិញនោះទេ។

ក្រោយទទួលបានពាក្យបណ្ដឹងនេះ មន្ត្រីជំនាញបានស្រាវជ្រាវ និងកោះហៅម្ចាស់គណនីធនាគារ ឬកុងធនាគារទាំងនោះ ព្រមទាំងបានរកឃើញថា ម្ចាស់គណនីដើមបានជួលគណនីរបស់ខ្លួន​ទៅឱ្យជនល្មើស ឬជនឆបោកប្រាក់តាមបណ្តាញសង្គម ដើម្បីទទួលប្រាក់កម្រៃជើងសារ។

មន្ត្រីជំនាញបានឱ្យដឹងទៀតថា ក្រោយពីក្រុមជនល្មើសបានប្រើវិធីសាស្រ្តលួងលោមសុំទិញ និងជួលគណនីធនាគារពីម្ចាស់ដើម ពួកគេបានផ្លាស់ប្តូរលេខទូរស័ព្ទ និងលេខសម្ងាត់ ដើម្បីយក​ទៅគ្រប់គ្រង និងធ្វើសកម្មភាពឆបោកប្រាក់តាមបណ្តាញសង្គមនានាជាច្រើនករណី។

តាមរយៈករណីនេះ អ្នកជំនាញបានក្រើនរំលឹកដល់ប្រជាពលរដ្ឋថា ការផ្តល់គណនីធនាគារ (ឬហៅថា កុងធនាគារ) ទៅឱ្យអ្នកដទៃប្រើប្រាស់ ដើម្បីទទួលបានកម្រៃជើងសារ អាចធ្វើឱ្យ​អ្នកប្រឈមមុខនឹងការចូលរួមប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាជាមួយក្រុមឧក្រិដ្ឋជន។ ការទទួលប្រាក់ជំនួសការជួល ឬការលក់គណនីធនាគាររបស់ខ្លួនឱ្យទៅបុគ្គលដទៃប្រើប្រាស់​ក្នុងគោលបំណងណាមួយ ឬដើម្បីបានប្រាក់កម្រៃ គឺជាការផ្តល់នូវមធ្យោបាយប្រព្រឹត្ត​បទល្មើស​បច្ចេកវិទ្យា។ ចំពោះអ្នកផ្តល់មធ្យោបាយក្នុងការប្រព្រឹត្តនូវបទល្មើសគឺត្រូវចាត់ទុកថាជា “សហចារី” ដែលនឹងមានទោសទណ្ឌដូចជា “ចារី”ដែរ។

ស្រដៀងគ្នានេះ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងឱកាសជាវាគ្មិននៃកម្មវិធីអក្ខរកម្មឌីជីថល ធ្លាប់បានលើកឡើងនូវករណីមួយដែលអ្នកប្រើប្រាស់គណនីធនាគារចូលចិត្តបង្ហោះតាមបណ្ដាញសង្គម ហើយបង្ហាញនូវព័ត៌មានគណនីរបស់ខ្លួនជាសាធារណៈ រហូតដល់ពេលវេលាមួយ ដែលមានជនខិលខូចផ្ទេរប្រាក់ចូលគណនីនោះ។

ម្ចាស់គណនីដែលនឹកគិតថា ចង់បានប្រាក់នោះដែរ ហើយមិនបានដាក់ពាក្យបណ្ដឹងទៅធនាគារនោះទេ ពោលគឺគ្រាន់តែរង់ចាំឱ្យមានអ្នកទំនាក់ទំនងមកសួរ ហើយនៅពេលដែលមិនមានអ្នកសួរ គេក៏យកប្រាក់នោះទៅចាយ។ ក្រោយមក ក្រុមសមត្ថកិច្ចបានស្រាវជ្រាវឃើញមានសកម្មភាពចាយប្រាក់ខុសច្បាប់នោះ ក៏បានកោះហៅម្ចាស់គណនីទៅសាកសួរ។

តាមរយៈករណីនេះ លោក អ៊ូ ផាន់ណារិទ្ធ បានក្រើនរំលឹកដល់អ្នកប្រើប្រាស់បណ្ដាញសង្គម សូមកុំចែករំលែកព័ត៌មានណាដែលជាព័ត៌មានផ្ទាល់ខ្លួន។ ម្យ៉ាងទៀត ប្រសិនបើគណនីធនាគារទទួលបានការផ្ទេរប្រាក់ចូលក្នុងចំនួនដ៏ច្រើន ម្ចាស់គណនីត្រូវប្ដឹងទៅធនាគារ ចៀសវាងជាប់បទចោ​ទប្រកាន់ថា ខុបខិតជាមួយជនល្មើសដែរ៕

កញ្ញា សាន ស្រីនិច | Ms. San Sreynich

កញ្ញា សាន ស្រីនិច | Ms. San Sreynich

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា