អ្នកជំនាញ៖ កម្ពុជាគួរមានផែនការសកម្មភាពលើកកម្ពស់អក្ខរកម្មផ្នែកហិរញ្ញវត្ថុ ពង្រឹងគុណភាពឥណទាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ៖ កម្ពុជាគួរមានផែនការសកម្មភាពលើកកម្ពស់អក្ខរកម្មផ្នែកហិរញ្ញវត្ថុ ពង្រឹងគុណភាពឥណទាន

អ្នកជំនាញ៖ កម្ពុជាគួរមានផែនការសកម្មភាពលើកកម្ពស់អក្ខរកម្មផ្នែកហិរញ្ញវត្ថុ ពង្រឹងគុណភាពឥណទាន

ស្របពេលទំហំឥណទានបានកើនឡើងខ្ពស់ជាងផលិតផលក្នុងស្រុកសរុប (GDP) ខណៈចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋនៅមានកម្រិត អ្នកជំនាញហិរញ្ញវត្ថុបង្ហាញការយល់ឃើញថា កម្ពុជាគួរមានផែនការសកម្មភាពស្តង់ដារ (standard framework) មួយ សម្រាប់លើកកម្ពស់អក្ខរកម្មផ្នែកហិរញ្ញវត្ថុ ដល់ប្រជាជន ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ជាពិសេសគុណភាពកម្ចី។

Advertisement

របាយការណ៍របស់ក្រុមហ៊ុនក្រេឌីតប្យូរ៉ូ ខេមបូឌា (CBC) បានបញ្ជាក់ថា ទំហំកម្ចីសរុបរបស់ប្រជាជនកម្ពុជាក្នុងឆ្នាំ២០២៥ បានកើនឡើងដល់ ៦៣ ពាន់លានដុល្លារ ដោយប្រជាជនទទួលសេវាឥណទានចំនួនជាង ៥ លាននាក់ ខណៈឥណទានមិនដំណើរការ (NPL) កើនឡើងដល់ ៨,៩% ខ្ពស់ជាងឆ្នាំ ២០២៤ ដែលមានត្រឹម ៨,៣ ភាគរយ។ ទោះជាយ៉ាងនេះក្តី ទន្ទឹមនឹងឥណទានកើនឡើង ប្រាក់បញ្ញើរក្នុងធនាគារបានកើនឡើង ដល់ ៦៥.៧ ពាន់លានដុល្លារនៅឆ្នាំ ២០២៥។

បណ្ឌិត គី សេរីវឌ្ឍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា បញ្ជាក់ថា៖

កម្ចីរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្នេះ ស្មើនឹង ១២៦% នៃផលិតផលក្នុងស្រុកសរុប (GDP)។ ចំនួននេះស្ថិតក្នុងស្ថានភាពអាចទទួលយកបាន និងមានភាពធន់នៅឡើយ ព្រោះវាស្ថិតនៅក្រោមបន្ទាត់ក្រហមនៃបំណុលសកលនៅឡើយ ដោយបំណុលសកលមានចំនួនជាង ១៤០% នៃ GDP ខណៈប្រាក់បញ្ញើរ និងទ្រព្យសកម្មនៅកម្ពុជាមានភាពរឹងមាំ។”

ទោះជាយ៉ាងនេះក្តី អ្នកជំនាញសេដ្ឋកិច្ចរូបនេះ លើកទឹកចិត្តឱ្យកម្ពុជាគួរយកចិត្តទុកដាក់លើការអប់រំអក្ខរកម្មផ្នែកហិរញ្ញវត្ថុដល់ប្រជាជន ដែលជាអ្នកប្រើប្រាស់សេវាកម្ចី ដើម្បីឱ្យពួកគាត់អាចប្រើប្រាស់លុយកាក់ចំគោលដៅ និងកាត់បន្ថយបំណុលលើសលប់។

លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្ម នៃធនាគារ អេ អឹម ខេ បានលើកឡើងក្នុងកិច្ចពិភាក្សានៃកម្មវិធី វិថីហិរញ្ញវត្ថុ ថា ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុសំខាន់ណាស់ដល់ប្រជាជនខ្លួនឯងផ្ទាល់ និងសម្រាប់ធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយសារប្រជាជនរាប់លាននាក់ជាអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ។ ហេតុនេះប្រសិនបើការយល់ដឹងផ្នែកហិរញ្ញវត្ថុនៅទន់ខ្សោយ នោះការប្រើប្រាស់កម្ចីអាចនឹងខុសគោលដៅ ធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពសងត្រលប់ ឬធ្លាក់ក្នុងសភាពបំណុលលើសលុបជាដើម។

លោកបន្តថា លើសពីនេះ ស្ថានការណ៍អាចនឹងកាន់តែធ្ងន់ធ្ងរប្រសិនបើប្រជាជនប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលមានការប្រាក់ខ្ពស់ និងមិនទទួលបានការធានាពីច្បាប់ជំនួសឱ្យកម្ចីពីគ្រឹះស្ថានផ្លូវការ ដែលធ្វើឱ្យពួកគាត់ផុងខ្លួនកាន់តែខ្លាំងទៅក្នុងវិបត្តិ។

លោក សាំង វណ្ណឌី នាយកនាយកដ្ឋានទីផ្សារ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយណែន លើកឡើងក្នុងកិច្ចពិភាក្សានៃកម្មវិធីវីថីហិរញ្ញវត្ថុ ថា ដើម្បីបង្ការបញ្ហាប្រឈមនៃស្ថានភាពបំណុលមិនល្អនៅថ្ងៃខាងមុខ កម្ពុជាគួររៀបចំផែនការសកម្មភាពរួមគ្នាមួយដោយមានសមាសភាពចូលរួមពីអាជ្ញាធរ (regulator) ឬសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីដាក់ចេញនូវសកម្មភាពគោលសំខាន់ៗសម្រាប់អនុវត្ត ដោយមានការវាស់វែងច្បាស់លាស់ដើម្បីសម្រេចគោលដៅជាក់លាក់មួយ។ ជាក់ស្តែង តាមទិន្នន័យដែលបានសិក្សាកាលពីឆ្នាំ ២០១៥ បញ្ជាក់ថាអក្ខរកម្មផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាមានត្រឹម ១៨ ភាគរយ ប៉ុណ្ណោះ តែការសិក្សាក្នុងពេលក្រោយមកទៀតអាចនឹងឃើញតួលេខប្រសើរឡើង តែក៏ស្ថិតក្នុងចំនួនគួរយកចិត្តទុកដាក់នៅឡើយ។

យោងតាមការស្ទង់មតិពី OECD/INFE ក្នុងឆ្នាំ ២០២៣ បញ្ជាក់ថា កម្ពុជាមានពិន្ទុចំណេះដឹងផ្នែកហិរញ្ញវត្ថុ (financial literacy) មធ្យមប្រមាណ ៤៩/១០០ ទាបជាងកម្រិតមធ្យមជាអន្តរជាតិដែលមានពិន្ទុ ៦០/១០០។

ដំណាលគ្នានេះ លោក ប៉ែន សុវណ្ណសុខស៊ីថា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផលិតផលនៃធនាគារ ខេប៊ី ប្រាសាក់ បានបញ្ជាក់ថា ក្រៅពីបង្កើតផែនការសកម្មភាពរួមមួយហើយ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏គួរសិក្សាឱ្យបានកាន់តែស៊ីជម្រៅពីកម្រិតនៃការយល់ដឹងរបស់អតិថិជន ហើយអភិវឌ្ឍផលិតផល ឬសេវាកម្មឱ្យស្របនឹងលក្ខខណ្ឌជាក់ស្តែងដើម្បីឱ្យប្រជាជនងាយយល់ និងសម្រេចចិត្តកាន់តែច្បាស់លាស់។ បន្ថែមពីលើនេះ អាជ្ញាធរ (regulator) រួមទាំងភាគីពាក់ព័ន្ធ គួរកំណត់កាតព្វកិច្ច ក៏ដូចជាលើកទឹកចិត្តបន្ថែមឱ្យស្ថាប័នហិរញ្ញវត្ថុចូលរួមកាន់តែសកម្មក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជន។

រាជរដ្ឋាភិបាលកម្ពុជា កន្លងមកបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ដើម្បីជំរុញអក្ខរកម្មផ្នែកហិរញ្ញវត្ថុ និងការប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យបានទូលំទូលាយ។ មកដល់ពេលនេះស្ថាប័នជំនាញកំពុងបន្តសិក្សាវាយតម្លៃ និងរៀបចំដាក់ចេញនូវផែនការសកម្មភាពថ្មីបន្ថែមទៀតសម្រាប់អនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាព៕

លោក ហេង សុវណ្ណ | Mr. Heng Sovann

លោក ហេង សុវណ្ណ | Mr. Heng Sovann

លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា