អ្នកជំនាញ ៖ ភាសាបរទេសនៅតែជាឧបសគ្គសម្រាប់សាធារណៈជនក្នុងការស្វែងយល់ពីបច្ចេកវិទ្យា​ហិរញ្ញវត្ថុ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
អ្នកជំនាញ ៖ ភាសាបរទេសនៅតែជាឧបសគ្គសម្រាប់សាធារណៈជនក្នុងការស្វែងយល់ពីបច្ចេកវិទ្យា​ហិរញ្ញវត្ថុ

អ្នកជំនាញ ៖ ភាសាបរទេសនៅតែជាឧបសគ្គសម្រាប់សាធារណៈជនក្នុងការស្វែងយល់ពីបច្ចេកវិទ្យា​ហិរញ្ញវត្ថុ

ភ្នំពេញ ៖ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាបំណិនជីវិតដ៏សំខាន់មួយ ដែលមនុស្សគ្រប់រូបចាំបាច់ត្រូវមាន ដើម្បីឱ្យការរស់នៅកាន់តែប្រសើរ។ បន្ថែមពីលើចំណេះដឹងហិរញ្ញវត្ថុទូទៅ បច្ចុប្បន្ននេះសង្គមបានវិវត្តទៅដល់ការប្រើបច្ចេកវិទ្យានៅក្នុងវិស័យហិរញ្ញវត្ថុ (Fintech) ដែលកាន់តែទាមទារឱ្យ​ប្រជាជនមានការយកចិត្តទុកដាក់កាន់តែខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណា​ គេនៅតែសង្កេតឃើញមានបញ្ហាប្រឈមមួយចំនួនដែលរារាំងដល់ការទទួលបានចំណេះដឹងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ។

ថ្លែងក្នុងកិច្ចពិភាក្សាស្ដីអំពី «អក្ខរកម្មឌីជីថល និងសុវត្ថិភាពឌីជីថលក្នុងបរិបថ AI» លោក រ៉ូន្នី ឧត្តម  ប្រធាននាយកដ្ឋានត្រួតពិនិត្យហានិភ័យបច្ចេកវិទ្យា និងនវានុវត្តន៍នៃអគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា លោកសង្កេតឃើញមានបញ្ហាធំៗចំនួន២នៅបន្តរារាំងដល់ការទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺបញ្ហាភាសា និងការផ្សព្វផ្សាយ។

លោក រ៉ូន្នី ឧត្តម បានរៀបរាប់យ៉ាងដូច្នេះថា៖

« ភាគច្រើន ព័ត៌មាន ឬក៏ទិន្នន័យទាំង​អស់​ដែលពាក់​ព័ន្ធជាមួយនឹងវិស័យហិរញ្ញវត្ថុ ឬក៏ប្រព័ន្ធឌីជីថល​គឺភាគច្រើនមកជាភាសាបរទេស…​ហើយនៅពេល​ដែលយើងទទួលយកព័ត៌មានទាំងនោះមក យើងបកមកជាភាសាខ្មែរ ពេលខ្លះក៏បកត្រូវ តែមួយ​ចំនួន​ធំគឺបកអត់ត្រូវទេ»។

បកមិនត្រូវក៏ដោយសារតែពាក្យបច្ចេកទេសមានលក្ខណៈស៊ីជម្រៅ ដែលទាមទារការពន្យល់ឱ្យបានច្បាស់លាស់។ ការពន្យល់នេះទៀតសោត ក៏នៅមានភាពស្មុគស្មាញសម្រាប់ប្រជាជនមួយចំនួនដែលចំណេះដឹងផ្នែកបច្ចេកវិទ្យារបស់ពួកគេនៅមានកម្រិត។ នេះបើតាមការបកស្រាយ​បន្ថែម​របស់លោក រ៉ូន្នី ឧត្តម។

បន្ថែមពីលើនេះ លោកបន្តឱ្យដឹងថា សកម្មភាពផ្សព្វផ្សាយអំពីចំណេះដឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ បានធ្វើហើយ ក៏ប៉ុន្តែការផ្សព្វផ្សាយនៅមិនទាន់ទៅដល់ទីកន្លែង និងចំគោលដៅ។

ក្នុងន័យនេះ​ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖

«ខ្ញុំឃើញថាមានកម្មវិធីច្រើនហើយដែលធ្វើនៅ​តាមសាលារៀន តាមស្ថាប័ននានា ប៉ុន្តែជនរងគ្រោះភាគច្រើនគឺគាត់អត់នៅក្នុងតំបន់​ទាំងអស់​ហ្នឹងទេ តាមអ្វីដែលខ្ញុំធ្លាប់ជួបគឺប្រជាជនមូលដ្ឋាន ហើយនឹងប្រជាជនដែលនៅតាមតំបន់ដាច់ស្រយាល ទៅសួរពួកគាត់ទៅគឺគាត់អត់ដែលបានមើលវីដេអូទាំងអស់ហ្នឹងទេ ហើយបញ្ហាមួយទៀត ដែលធ្វើឱ្យមាតិកាផ្សព្វផ្សាយមិនបានទៅដល់ពួកគេ គឺដោយសារពួកគេមិនសូវខ្វល់ខ្វាយ ​រួមផ្សំនឹងការមិនយល់ដឹងច្រើនពាក់ព័ន្ធជាមួយហានិភ័យបច្ចេកវិទ្យានេះឯង»។

យោងតាមរបាយការណ៍ពី UNESCO កាលពីឆ្នាំ ២០២០ បានឱ្យដឹងថា ប្រជាជនកម្ពុជាត្រឹមតែចំនួន ៣២ភាគរយប៉ុណ្ណោះ ដែលមានមូលដ្ឋានចំណេះដឹងផ្នែកឌីជីថល ហើយមានត្រឹមតែ ៥%ប៉ុណ្ណោះ ដែលមានចំណេះដឹងមធ្យម និងត្រឹមតែ១%ប៉ុណ្ណោះ ដែលមានជំនាញឌីជីថលកម្រិតខ្ពស់៕

កញ្ញា សាន ស្រីនិច | Ms. San Sreynich

កញ្ញា សាន ស្រីនិច | Ms. San Sreynich

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា