អ្នកជំនាញចង្អុលបង្ហាញពីកត្តាចម្បងៗ ដែលធ្វើឱ្យគណនីជួញដូរភាគហ៊ុននៅកម្ពុជាភាគច្រើនមិនសកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញចង្អុលបង្ហាញពីកត្តាចម្បងៗ ដែលធ្វើឱ្យគណនីជួញដូរភាគហ៊ុននៅកម្ពុជាភាគច្រើនមិនសកម្ម

អ្នកជំនាញចង្អុលបង្ហាញពីកត្តាចម្បងៗ ដែលធ្វើឱ្យគណនីជួញដូរភាគហ៊ុននៅកម្ពុជាភាគច្រើនមិនសកម្ម

ភ្នំពេញ ៖ អ្នកជំនាញបានលើកឡើងថា កង្វះចំណេះដឹងហិរញ្ញវត្ថុ ភាពស្មុគស្មាញនៃបច្ចេកវិទ្យា ការវិនិយោគតាមអារម្មណ៍ និងការប្រុងប្រយ័ត្នខ្ពស់លើការចាយវាយក្នុងបរិបទសេដ្ឋកិច្ច គឺជាមូលហេតុចម្បងធ្វើឱ្យម្ចាស់គណនីជួញដូរភាគហ៊ុនមិនសូវមានសកម្មភាពទិញ-លក់ជាក់ស្តែង។

ថ្លែងប្រាប់ AMS នាពេលថ្មីៗនេះ លោក ទ្រី តៃហ៊ី ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការទីផ្សារនៃផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ គណនីជួញដូរនៅផ្សារហ៊ុនមានចំនួនប្រមាណ ៨៧ ០០០ គណនីជួញដូរ ហើយភាគច្រើនជាមនុស្សប្រុស ដែលមានអាយុខ្ទង់២០ជាង និង៣០ឆ្នាំជាង ក៏ប៉ុន្តែអ្នកដែលវិនិយោគលុយច្រើនៗ គឺអ្នកវិនិយោគដែលមានខ្ទង់៤០ឆ្នាំជាង។

ចំពោះគណនីសកម្ម លោកបានបញ្ជាក់ថា យោងតាមរបាយការណ៍ដែលបានចេញផ្សាយសម្រាប់ខែកញ្ញាកន្លងទៅ ចំនួនវិនិយោគិនសកម្មបានកើនឡើងដល់កម្រិតខ្ពស់បំផុតរហូតដល់ ៩ ៨០៦ នាក់ ក៏ប៉ុន្តែបើយោងតាមការបញ្ជាក់របស់លោកអំពីចំនួនគណនីសរុបដែលបើកទាំងអស់នៅលើផ្សារហ៊ុននៅមានកម្រិតនៅឡើយ ដែលលោកក៏មិនបានបញ្ជាក់ពីហេតុផលនោះទេថា ហេតុអ្វីបានជាគណនីផ្សេងទៀតមិនសកម្ម​។​

បើយោងតាម​លោក​ ​ទឿយ​ ​ហុង ​អ្នក​ជំនាញ ​និង​ជា​គ្រូបង្គោលប្រឹក្សា​លើ​ការ​វិនិយោគ​ភាគហ៊ុន​ជិត ​១០ ​ឆ្នាំ មកដល់ពេលនេះ មានមូលហេតុមួយចំនួនដែលបណ្ដាលឱ្យអ្នកមានគណនីជួញដូរហ៊ុនហើយ ប៉ុន្តែមិនសកម្មក្នុងការជួញដូរ។

កត្តាទី១គឺ ការវិនិយោគតាមគ្នា តាមអារម្មណ៍មួយភ្លែត។ អ្នកវិនិយោគដែលមិនសកម្ម ភាគច្រើនគ្រាន់តែបើកគណនីជួញដូរតាមគ្នាដោយសារការចង់ដឹង ចង់ឮ ប៉ុន្តែពួកគេមិនមានការតាំងចិត្តខ្ពស់ និងមិនបានធ្វើសកម្មភាពជួញដូរពិតប្រាកដនោះឡើយ។

ភាពស្មុគស្មាញនៃបច្ចេកវិទ្យា និងដំណើរការ៖ នៅពេលដែលចង់វិនិយោគតិចតួច ហើយផ្សារហ៊ុនតម្រូវឱ្យមានការដំឡើងកម្មវិធី និងបំពេញបែបបទផ្សេងៗច្រើន ពួកគេអាចមានអារម្មណ៍ថា ស្មុគស្មាញ ដែលនេះអាចជាហេតុផលធ្វើឱ្យពួកគេមិនបន្តសកម្មភាពវិនិយោគ។

ខ្វះចំណេះដឹង និងក្ដីព្រួយបារម្ភ៖ ភាពថ្មីថ្មោងនៃវិស័យនេះ និងកង្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ បានធ្វើឱ្យពួកគេមានក្ដីព្រួយបារម្ភ និងមិនហ៊ានដាក់ទុនវិនិយោគ។ ភាគច្រើនពួកគេគ្រាន់តែបើកគណនីទុកចោលដោយដាក់លុយក្នុងបរិមាណតិចតួច (ប្រហែល ២ម៉ឺនរៀល ឬប្រើប្រាស់កូដប្រូម៉ូសិន)​ ដោយមិនហ៊ានចាប់ផ្តើមធ្វើសកម្មភាពជួញដូរពិតប្រាកដនោះទេ។ ចំពោះកត្តាមួយទៀតដែលសំខាន់នោះគឺអាចមកពីកត្តាសេដ្ឋកិច្ច។

លោក​ ​ទឿយ​ ​ហុង បានសង្កត់ធ្ងន់ថា ៖ «ទាក់ទងនឹងសេដ្ឋកិច្ច ទាំងសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចក្នុងស្រុក បើ​យើងគិតមកដល់ពេលនេះ គឺមនុស្សប្រើប្រាស់លុយប្រយ័ត្នណាស់។ នៅពេលដែលពួកគាត់រកលុយបាន ពួកគាត់មិនសូវចាយនោះទេ ហើយគាត់ក៏មិនហ៊ានយកលុយទៅវិនិយោគដែរ។ ដូចនេះហើយបានជាគាត់បើកហើយ មិនមានសកម្មភាពទិញលក់ហ៊ុន»។

ដូចទៅនឹងការលើកឡើងខាងលើនេះ កន្លងមក ផ្សារមូលបត្រកម្ពុជា តែងព្យាយាមផ្សព្វផ្សាយ ធ្វើយ៉ាងណាឱ្យវិនិយោគិនមានការយល់ដឹងពីទីផ្សារមូលបត្រ និងងាកមកចាប់អារម្មណ៍លើផ្សារហ៊ុន ដោយមានធ្វើសិក្ខាសាលាជាប្រចាំជាមួយភាគីពាក់ព័ន្ធ ទាំងតាមរយៈអនឡាញ និងទាំងកម្មវិធីជួបជជែកផ្ទាល់។ បន្ថែពីនេះ ផ្សារមូលបត្រក៏បានសម្រួលដល់វិធីសាស្ត្រនៃការដក-ដាក់លុយ ជាពិសេស ការធ្វើទំនើបកម្ម app ឱ្យស្រួលជួញដូរ ស្រួលបើកគណនីជាងមុន​ និងព្យាយាមរកផលិតផលថ្មីៗមកដាក់លើទីផ្សារ​ ក៏ដូចជាស្វែងរកក្រុមហ៊ុនថ្មីៗចុះបញ្ជីបន្ថែមផងដែរ៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា