អ្នក​ជំនាញ​៖​ ​រៀបចំ​ថវិកា​ច្បាស់លាស់​​ជួយ​ជៀសវាង​សម្ពាធ​ហិរញ្ញវត្ថុ​ ​ក្រោយ​ភ្ជុំ​បិណ្ឌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នក​ជំនាញ​៖​ ​រៀបចំ​ថវិកា​ច្បាស់លាស់​​ជួយ​ជៀសវាង​សម្ពាធ​ហិរញ្ញវត្ថុ​ ​ក្រោយ​ភ្ជុំ​បិណ្ឌ

អ្នក​ជំនាញ​៖​ ​រៀបចំ​ថវិកា​ច្បាស់លាស់​​ជួយ​ជៀសវាង​សម្ពាធ​ហិរញ្ញវត្ថុ​ ​ក្រោយ​ភ្ជុំ​បិណ្ឌ

​ភ្នំពេញ​៖​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​រៀបចំ​ផែនការ​ថវិកា​ច្បាស់លាស់​ ​និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សន្សំ​សំចៃ​តាម​លទ្ធភាព​ជាក់ស្តែង​ ​ក្នុង​ការ​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដើម្បី​ជៀសវាង​វិបត្តិ​បំណុល​ ​ឬ​សម្ពាធ​ហិរញ្ញវត្ថុ​ក្រោយ​រដូវ​កាល​បុណ្យ​។

​បណ្ឌិត​ ​ហុង វណ្ណៈ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​បាន​ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន​ AMS ថា​ ​ការ​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​អំឡុងពេល​ភ្ជុំ​បិណ្ឌ ​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​ចរន្ត​សេដ្ឋកិច្ច​ជាតិ​។ ​ទោះជា​យ៉ាងណា ​លោក​បាន​លើកឡើង​ថា​ ​ចរន្ត​សេដ្ឋកិច្ច​នេះ​គួរតែ​ដំណើរការ​ទៅ​ដោយ​រលូន ​ដោយ​មិន​បង្ក​ជា​វិបត្តិ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ​ឬ​គ្រួសារ​ឡើយ​។

​លោក​បណ្ឌិត​បាន​ណែនាំឱ្យ​ប្រជា​ពលរដ្ឋ​គ្រប់គ្រង​ចំណាយ​ជាក់ស្ដែង​ ​ដោយ​អាច​រៀបចំ​ចង្ហាន់ ​និង​ទេ​យ្យទាន​ដោយ​ខ្លួនឯង​ ​ដើម្បី​កាត់បន្ថយ​ចំណាយ​ជាង​ការ​ទិញ​ម្ហូប​កញ្ចប់​ស្រាប់​ពី​ផ្សារ ​ព្រមទាំង​ធានា​បាន​នូវ​អនាម័យ​ខ្ពស់​។

​ជាមួយគ្នា​នេះ​ ការ​ទិញ​ទំនិញ​រួមគ្នា​ ​រៀបចំ​កន្ត្រក​ទេយ្យទាន​ ​ឬ​ទិញ​សម្ភារ​ជាដុំ​ ​អាច​ជួយ​ឱ្យ​តម្លៃ​ទំនិញ​សម្រាប់​ម្នាក់​ៗ​ចំណាយ​តិច​ជាង​មុន​។ ​លោក​បាន​ណែនាំឱ្យ​ជ្រើសរើស​ទេយ្យ​វត្ថុ​ឱ្យ​ស្រប​តាម​តម្រូវការ​ ​និង​ផ្តោត​លើ​សម្ភារ​ប្រើប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ​សម្រាប់​ព្រះ​សង្ឃ ​និង​សិស្ស​លោក​ ​ដូចជា​ ​ថ្នាំ​សង្កូវ ​ទឹក​ស្អាត ​អង្ករ​ ​ឬ​សម្ភារ​សិក្សា​ ​ជា​ជាង​ទិញ​សម្ភារ​ដែល​មាន​តម្លៃ​ថ្លៃ ប៉ុន្តែ​ខ្វះ​ប្រយោជន៍​ប្រើប្រាស់​ជាក់ស្តែង​។

​បណ្ឌិត​ ​ហុង វណ្ណៈ ​ក៏​បាន​ណែនាំឱ្យ​ប្រជា​ពលរដ្ឋ​រៀបចំ​មុនពេល​ធ្វើដំណើរ ​ដោយ​ពិនិត្យ​ ​និង​ថែទាំ​យានយន្ត​ឱ្យ​បាន​ត្រឹមត្រូវ​ ​មុនពេល​ចេញដំណើរ ​ដើម្បី​ចៀសវាង​ការ​ខូចខាត​តាម​ផ្លូវ ដែល​អាច​នាំឱ្យ​ចំណាយ​លើ​សេវា​ជួសជុលបន្ទាន់​ក្នុង​តម្លៃ​ខ្ពស់​។

​លោក​បណ្ឌិត​បន្ត​ថា​ ​ប្រជា​ពលរដ្ឋ​អាច​ទាញ​ប្រយោជន៍​ពី​សេវា​រថយន្តក្រុង​សាធារណៈ​ជិះ​ឥត​គិត​ថ្លៃ​របស់​រាជ​រដ្ឋាភិបាល​ ​ដើម្បី​កាត់បន្ថយ​បន្ទុក​ថ្លៃ​សំបុត្រ​ធ្វើដំណើរ​។ ​លោក​បាន​បញ្ជាក់​ថា​ រៀងរាល់​ឆ្នាំ ​រាជ​រដ្ឋាភិបាល​តែង​យកចិត្តទុកដាក់​លើ​ការ​ធ្វើដំណើរ​របស់​ប្រជា​ពលរដ្ឋ​តាម​បណ្តា​ខេត្ត​ ​ដោយ​ផ្តល់​សេវា​រថយន្ត​ក្រុង​ជិះ​ឥត​គិត​ថ្លៃ​ផងដែរ​។

ដោយឡែក ​លោក​ កាំង​ ​តុងងី ​អ្នក​នាំពាក្យ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ​បាន​លើកឡើង​ថា​ ​ប្រជា​ពលរដ្ឋ​គួរ​កំណត់​កញ្ចប់​ថវិកា​ឱ្យ​បាន​ច្បាស់លាស់ ​មុននឹង​ចាប់ផ្តើម​ចូលរួម​ពិធី​កាន់​បិណ្ឌ​នៅ​តាម​បណ្តា​វត្ត ​ហើយ​បែងចែក​ថវិកា​ជា​ចំណែក​ៗ ​ដូច​ជា​ ​ថ្លៃ​ធ្វើដំណើរ ​ថ្លៃ​អាហារ​ ​បច្ច័យ​បូជា ​និង​ប្រាក់​ជូន​អ្នក​មាន​គុណ​ជាដើម​។

​សម្រាប់​ដំណោះស្រាយ​រយៈពេល​វែង​ក្នុង​ការ​គ្រប់គ្រង​ប្រាក់​កាស ​លោក​ កាំង​ ​តុងងី ​បាន​ណែនាំឱ្យ​អនុវត្ត​រូប​មន្ត​គ្រប់គ្រង​ហិរញ្ញវត្ថុ​ ​៥០​/​៣០​/​២០ ​ដែល​អាច​អនុវត្ត​បាន​ចំពោះ​គ្រប់​មុខរបរ​។

​លោក​បាន​ពន្យល់​ថា​ ​រូប​មន្ត​នេះ​បែងចែក​កញ្ចប់​ថវិកា​ជា​បី​ផ្នែក​ធំ​ៗ​។​ ៥០​%​ ​នៃ​ចំណូល​ត្រូវ​ប្រើ​សម្រាប់​តម្រូវ​ការ​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន​ ​(​Needs​)​ ​ខណៈ​ ​៣០​%​ ​ប្រើ​សម្រាប់​ចំណាយ​លើ​ចំណង់​ផ្សេង​ៗ​ ​(​Wants​)​ ​ដូចជា​ ការ​ដើរ​លេង​ ទិញ​សម្ភារ​ប្រើប្រាស់​ទំនើប​ៗ និង​ការ​កម្សាន្ត​ផ្សេង​ៗ​។ រី​ឯ​ ​២០​%​ ​ទៀត​ ​ទុក​សម្រាប់​វិនិយោគ ​ឬ​សន្សំទុក​សម្រាប់​ដោះស្រាយ​បំណុល​ ​ឬ​តម្រូវការ​ផ្សេង​ៗ​។

​លោក​ កាំង​ តុងងី ​បាន​បញ្ជាក់​ថា​ វិធីសាស្ត្រ​នេះ​សមស្រប​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​មាន​តម្រូវការ​ចាំបាច់​យក​ទៅ​ប្រើប្រាស់​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​។ ទោះ​បី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ទាមទារ​ការ​ថែរក្សា​វិន័យ​ ​និង​ពេលវេលា​ក្នុង​ការ​សម្របខ្លួន​ក៏​ដោយ​ ​ក៏​វា​ជា​ការ​រួមចំណែក​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​សំខាន់​សម្រាប់​ការ​រស់នៅ​។

​លោក​បន្ត​ថា​ ​ការ​រៀន​គ្រប់គ្រង​ប្រាក់​កាស​ឱ្យ​មាន​ប្រសិទ្ធភាព​ ​គឺ​ជា​កត្តា​កំណត់​សុខុមាលភាព​ហិរញ្ញវត្ថុ​របស់​គ្រួសារ​ ​ទាំង​ក្នុង​ ​និង​ក្រោយ​រដូវកាល​បុណ្យ​ទាន​។

​ដូច្នេះ​ ​ការ​ចូលរួម​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឱ្យ​បាន​សមរម្យ​តាម​គន្លង​ប្រពៃណី​ផង ​និង​រក្សា​បាន​នូវ​ការ​សន្សំ​សំចៃ​ថវិកា​ផង ​គឺ​ជា​រឿង​សមស្រប​ ​តាមរយៈ​ការ​រៀបចំ​ផែនការ​ ​និង​ការ​ចាត់ចែង​ថវិកា​ឱ្យ​បាន​ច្បាស់លាស់​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា