អ្នកជំនាញប្រាប់ឱ្យពលរដ្ឋបង្កើតទន្លាប់សន្សំ ប្រសើរជាងចំណាយប្រាក់ទៅលើការសេពគ្រឿងស្រវឹង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញប្រាប់ឱ្យពលរដ្ឋបង្កើតទន្លាប់សន្សំ ប្រសើរជាងចំណាយប្រាក់ទៅលើការសេពគ្រឿងស្រវឹង

អ្នកជំនាញប្រាប់ឱ្យពលរដ្ឋបង្កើតទន្លាប់សន្សំ ប្រសើរជាងចំណាយប្រាក់ទៅលើការសេពគ្រឿងស្រវឹង

ភ្នំពេញ ៖ ក្រុមអ្នកជំនាញេសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញដល់ពលរដ្ឋខ្មែរ ចេះបង្កើតទម្លាប់សន្សំប្រាក់ជាប្រចាំ ប្រសើរជាងចំណាយទៅលើការសេពគ្រឿងស្រវឹងដែលមិនត្រឹមតែនាំឱ្យប៉ះពាល់ដល់ថវិកាគ្រួសារ និងប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងនាំទៅរកភាពទន់ខ្សោយនៃសេដ្ឋកិច្ចគ្រួ​សារទៀតផង​។

Advertisement

លោក ទិត្យ កំរង ស្ថាបនិកក្រុមហ៊ុន ឬទ្ធិពល និងកត់លុយ និងជាអ្នកឯកទេសហិរញ្ញវត្ថុបានមានប្រសាសន៍ថា ការបង្កើតទម្លាប់ពិសាស្រាបៀរជាប្រចាំ បានបង្កឱ្យពលរដ្ឋខាតពេលវេលា ខាតបង់ថវិកាគ្រួសារអស់ជាច្រើនជារៀងរាល់ថ្ងៃ។

លោកថា ៖

«ហូបច្រើនទៅស្រវឹងអត់បានទៅប្រកបរបរការងារ វាអត់បានចំណូលមួយ ហើយត្រូវចំណាយទៀតបើសិនឈឺ អ្នកហូបស្រាច្រើនភាគច្រើនព្រលឹមឡើងនឹងត្រូវទិញភេសជ្ជៈប៉ូវកម្លាំង គ្រឿងផ្អែមឱ្យស្វាងមកវិញ​វាត្រូវចាយលុយមួយតង់ទៀត» ។

នៅលើពិភពលោក គេមិនអាចហាមឃាត់ និងទប់ស្កាត់ពលរដ្ឋមិនឱ្យពិសាស្រាបៀរទាំងស្រុងនោះទេ ប៉ុន្តែពួកគាត់ត្រូវចេះពិសាដោយទទួលខុសត្រូវ ពិសានៅពេលមានការណាត់ជួប ឬពិធីជប់លៀងម្តងម្កាល។ ផ្ទុយទៅវិញ បើសិនការហូបស្រាបៀរច្រើនជាប្រចាំនោះ ប្រាកដជាប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចគ្រួសារ ប៉ះពាល់ដល់សង្គមជាមិនខាន។

ករណីនេះលោក ទិត្យ កំរង បញ្ជាក់បន្ថែមថា ការពិសាស្រាច្រើនបង្កឱ្យកើតមានអំពើហឹង្សា បាត់បង់ចំណូលគ្រួសារ កើតមានជំងឺដង្កាត់ និងកើតមានគ្រោះថ្នាក់ចរាចរណ៍ជាដើម ធ្វើឱ្យគ្រួសារខ្លះត្រូវបង្ខំចិត្តខ្ចីបុលអ្នកដទៃសម្រាប់ការព្យាបាលបន្ទាន់ ដែលនាំឱ្យបង្កើតបំណុលក្នុងគ្រួសារថែមទៀត។   

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានលើកឡើងដែរថា ស្ថិតក្នុងបរិបទសេដ្ឋកិច្ចដ៏លំបាកនេះ ពលរដ្ឋគួរចេះសន្សំថវិកាបម្រុងទុក ជាជាងយកប្រាក់ទៅចំណាយលើការពិសាស្រាបៀរជាប្រចាំ ដែលនាំឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងកើតជំងឺឈឺថ្កាត់ផ្សេងៗទៅថ្ងៃអនាគត។

លោកបញ្ជាក់ថា​ ៖

«យើងឃើញហើយបញ្ហាជំងឺមិនឆ្លងនៅកម្ពុជាកើនឡើងយ៉ាងច្រើន ជាពិសេសការញៀនស្រា ជំងឺដាច់សរសៃរឈាមខួរក្បាល ជំងឺមហារីក ជំងឺថ្លើម ជំងឺទាចទឹក និងជំងឺផ្សេងៗជាច្រើន ជាពិសេស ពលរដ្ឋនៅទីជនបទ គឺកើតឡើងយ៉ាងច្រើន។ នេះជាពេលវេលាដែលពលរដ្ឋត្រូវគិតឡើងវិញអំពីការចំណាយលុយទៅលើការទិញស្រាបៀរ ដែលមានជាតិអាល់កុល មិនអាចផ្តល់ផលចំណេញឡើយ ជាពិសេស ក្នុងស្ថានភាពសេដ្ឋកិច្ចជួបការលំបាករកប្រាក់ចំណូលនេះ ហើយគួរផ្តោតលើការសន្សំសំចៃសម្រាប់ការវិនិយោគបង្កើតមុខរបរស្វែងរកប្រាក់ចំណូលបន្ថែម ឬវិនិយោគទៅលើការសិក្សារបស់កូនវិញទើបជាការប្រសើរ» ។

យោងតាមការស្ទង់មតិរបស់ក្រសួងសុខាភិបាល មានបុរស ០៧នាក់ ក្នុងចំណោម ១០នាក់ ស្មើនឹង ៧០% សេពគ្រឿងស្រវឹង។ ក្នុងមួយខែមានបុរសប្រមាណ ១០% ពិសាគ្រឿងស្រវឹងជារៀងរាល់ថ្ងៃ ឬស្ទើរាល់ថ្ងៃ រីឯបុរស ៦០% ផ្សេងទៀតសេពគ្រឿងស្រវឹងពី ១ថ្ងៃ ទៅ៥ថ្ងៃក្នុងមួយខែ និង ១៨% សេពគ្រឿងស្រវឹងពី ០៦ ទៅ១០ថ្ងៃ និងបុរស ១២% ពិសាគ្រឿងស្រវឹងពី១១ ថ្ងៃទៅ ២៤ថ្ងៃ ក្នុងមួយខែ។

តាមការសិក្សាស្រាវជ្រាវរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុង១ឆ្នាំៗ ពលរដ្ឋកម្ពុជាម្នាក់អាចចំណាយថវិកាប្រមាណជា ៤៨៦ដុល្លារ លើការទិញគ្រឿងស្រវឹង។ ដោយឡែកក្នុង១ឆ្នាំៗ មានពលរដ្ឋខ្មែរអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ជាង ៤លាននាក់ បានចំណាយថវិកាប្រមាណ ១​,៩​៤៤លានដុល្លារ លើការទិញគ្រឿងស្រវឹងនេះ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា