ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

កំពង់ឆ្នាំង៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច បានចាត់ទុកវិស័យកសិកម្មជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជនបទដ៏សំខាន់ ព្រោះការធ្វើកសិកម្មឱ្យមានប្រសិទ្ធ​​​​ភាព គឺជាមធ្យោបាយមួយអាចបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងពង្រឹងសេដ្ឋកិច្ចគ្រួសារប្រជាកសិករនៅជនបទថែមទៀត។

Advertisement

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា កសិករនៅតែប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការប្រែប្រួលតម្លៃកសិផល ការកើនឡើងនៃថ្លៃជីគីមី ថ្លៃថ្នាំកសិកម្ម និងប្រេងឥន្ធនៈ ក៏ដូចជា ខ្វះដើមទុន​សម្រាប់ផលិតកម្ម ព្រមទាំងមិនចេះគិតអំពីថ្លៃដើមផលិតដែលជាគន្លឹះសំខាន់បំផុតក្នុងការវាយតម្លៃថា ការធ្វើកសិកម្មចំណេញ ឬខាត ។

ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ថា កសិករគួរនាំគ្នាកត់ត្រាចំណាយគ្រប់មុខ រួមមាន ថ្លៃពូជ ថ្លៃជី ថ្លៃថ្នាំ ថ្លៃប្រេង ឈ្នួលកម្មករ និងចំណាយផ្សេងៗឱ្យបានច្បាស់លាស់ ដើម្បីអាចដឹងពីថ្លៃដើមផលិតពិតប្រាកដ ទើបអាចដឹងថា ស្រូវផលិតបានហើយត្រូវសម្រេចចិត្តលក់ក្នុងតម្លៃប៉ុន្មានទើបទទួលបាន​ប្រាក់ចំណេញ។ លើសពីនេះ ចំណុចសំខាន់បន្ទាប់គឺការប្រើប្រាស់ជីតាមបច្ចេកទេស បើអនុវត្តតាមបច្ចេកទេសនោះ មិនត្រឹមតែអាចបង្កើនទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណេញប្រកបដោយនិរន្តរភាព ។ ដូច្នេះ ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្ម ត្រូវការជ្រើសរើសពូជស្របទៅនឹងលក្ខ​ខណ្ឌដីដែលមានគុណភាព និងការគណនាថ្លៃដើមផលិត ដើម្បីបង្កើនទិន្នផល កាត់បន្ថយថ្លៃដើម គឺជារឿងសំខាន់បំផុត។

សូមជ្រាបថា ការអនុវត្តបច្ចេកទេសកសិកម្មត្រឹមត្រូវ (Good Agricultural Practices – GAP) គឺជាការដាំដុះតាមគោលការណ៍វិទ្យាសាស្ត្រ ដែលខុសពីការធ្វើតាមទម្លាប់ចាស់។ វាជាគន្លឹះបង្កើនទិន្នផល និងធានាសេដ្ឋកិច្ចកសិករ ពីព្រោះវាអាចដោះស្រាយបញ្ហាធំៗបានមួយចំនួន ដូចជា កាត់បន្ថយការចំណាយដើមទុន ដោយការព្រួសគ្រាប់ពូជតាមបច្ចេកទេស ប្រើពូជត្រឹមតែ ៦០-៨០គីឡូ​ក្រាម​/ហិកតា ។

ដោយឡែក ការបង្កើនបរិមាណ គុណភាពគ្រាប់ពូជស្រូវសុទ្ធល្អ ធ្វើឱ្យស្រូវដុះស្មើគ្នា មានគ្រាប់ពេញល្អ មិនបាក់ និងគ្មានសំណល់សារធាតុគីមី ធ្វើឱ្យការលក់ទទួលបានតម្លៃខ្ពស់។ កាត់បន្ថយការខូចខាតពីសត្វល្អិត និងអាកាសធាតុ ដោយការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសត្វល្អិតចម្រុះ (IPM) ដោយប្រើបច្ចេកទេស «ប្រាំង-សើម» ជួយឱ្យស្រូវធន់នឹងការរាំងស្ងួត និងមិនបារម្ភរឿងខ្វះខាតទឹក។ ការប្រើប្រាស់ជីសរីរាង្គលាយគីមី ជួយរក្សាជីវជាតិដីឱ្យនៅមានជីជាតិសម្រាប់ធ្វើបានរាប់សិបឆ្នាំទៅមុខ។ នៅពេលការចំណាយទាប ហើយទិន្នផលខ្ពស់ កសិករនឹងទទួលបានប្រាក់ចំណេញដុល ធានាដល់ជីវភាពគ្រួសារយូរអង្វែង។

សូមជម្រាបថា ជាបទពិសោធន៍របស់កសិករម្នាក់នៅស្រុកតាំងគោក ខេត្តកំពង់ធំ ដែលបានអនុវត្តការធ្វើកសិកម្មទៅតាមបច្ចេកទេសត្រឹមត្រូវ ជាលទ្ធផលទទួលទិន្នផលស្រូវកើនឡើងជាបន្តបន្ទាប់ចន្លោះពី ៧តោន ទៅ ៩តោនក្នុង១ហិកតា ដែលជាភស្តុតាងមួយបង្ហាញថា ការធ្វើកសិកម្មដោយអនុវត្តតាមបច្ចេកទេស អាចបង្កើនទាំងទិន្នផលស្រូវ កាត់បន្ថយថ្លៃដើម និងបង្កើនប្រាក់ចំណេញយ៉ាងមានប្រសិទ្ធភាព៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា