អ្នកវិនិយោគនៅលើផ្សារហ៊ុនកម្ពុជា កាន់តែមានចំណេះដឹង​គ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ការទិញ-លក់ ដើម្បីទទួលបានផលចំណេញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកវិនិយោគនៅលើផ្សារហ៊ុនកម្ពុជា កាន់តែមានចំណេះដឹង​គ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ការទិញ-លក់ ដើម្បីទទួលបានផលចំណេញ

អ្នកវិនិយោគនៅលើផ្សារហ៊ុនកម្ពុជា កាន់តែមានចំណេះដឹង​គ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ការទិញ-លក់ ដើម្បីទទួលបានផលចំណេញ

ភ្នំពេញ ៖ ក្នុងពេលដែលទីផ្សារភាគហ៊ុនមានភាពរីកចម្រើន ជាការកត់សម្គាល់ត្រូវបានគេមើលឃើញថា អ្នកវិនិយោគនៅលើទីផ្សារភាគហ៊ុននៅកម្ពុជា បាន និងកំពុងបង្ហាញពីចំណេះដឹងនៃការចេះសន្សំប្រាក់ ក៏ដូចជាភាពប៉ិនប្រសប់ក្នុងការវិនិយោគភាគហ៊ុនដើម្បីទទួលបានផលចំណេញ និងកើនទ្រព្យ។ 

​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​កន្លងទៅនេះ ទី​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) ​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ និងបាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ខណៈសកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​។

ពាក់ព័ន្ធទៅនឹងសកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រនាពេលបច្ចុប្បន្ន ត្រូវបានអ្នកជំនាញអះអាងថា មានភាពខុសគ្នាបើធៀបនឹងប៉ុន្មានឆ្នាំមុន ពោល គឺកាលពីមុន នៅពេលមានបុណ្យទាន ឬមុនថ្ងៃឈប់សម្រាក អ្នកវិនិយោគភាគច្រើនតែងលក់ហ៊ុន ដើម្បីដកលុយសម្រាប់ប្រើសប្រាស់ ឬចំណាយ ដែលធ្វើឱ្យតម្លៃហ៊ុនធ្លាក់ចុះ ​ប៉ុន្តែនាពេលបច្ចុប្បន្ននេះ អ្វីៗមិនដូចការគិតនោះឡើយ ពោលគឺទាំងមុន និងក្រោយបញ្ចប់ពិធីបុណ្យទាន តម្លៃហ៊ុននៅលើទីផ្សារ នៅតែរក្សាអត្រាខ្ពស់ដដែល។

ជាមួយនឹងឥរិយាបថនៃការវិនិយោគនេះ លោក ទ្រី តៃហ៊ី ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការទីផ្សារនៃផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ ប្រាប់ AMS​​ កាលពីពេលថ្មីៗនេះថា ជាក់ស្ដែង ពាក់ព័ន្ធនឹងទីផ្សារភាគហ៊ុន ការទិញលក់ក្នុងទំហំទឹកប្រាក់ធំៗភាគច្រើនគឺត្រូវបានសម្រេចដោយក្រុមវិនិយោគិនធំៗ។ ចំពោះវិនិយោគិនដែលវិនិយោគទឹកប្រាក់តូចៗអាចមានការដកប្រាក់តិចតួចមុន ឬក្រោយពេលបុណ្យទាន ដែលមិនមានឥទ្ធិពលខ្លាំងដល់ទីផ្សារនោះឡើយ ខណៈអ្នកវិនិយោគទុនរាប់ម៉ឺនដុល្លារ មិនមានការប្រែប្រួលឥរិយាបថច្រើននោះទេ ដោយពួកគេផ្តោតលើការទិញពេលតម្លៃចុះថោក និងលក់ចេញពេលតម្លៃឡើងថ្លៃ។

បើតាមការបញ្ជាក់របស់លោក ទ្រី តៃហុី បានឱ្យដឹងថា ចំណេះដឹង និងភាពវៃឆ្លាតរបស់វិនិយោគិននៅលើផ្សារហ៊ុនមានភាពចាស់ទុំជាងមុន ជាង់ស្ដែង ការកើនឡើងនូវទំហំ និងតម្លៃជួញដូរក្នុងខែកញ្ញាកន្លងទៅ គឺបានបង្ហាញយ៉ាងច្បាស់ថា ផ្សារហ៊ុនបានក្លាយជាជម្រើសដ៏មានសុវត្ថិភាព និងមានប្រជាប្រិយភាពសម្រាប់ការសន្សំប្រាក់ និងវិនិយោគដើម្បីបង្កើនទ្រព្យ ជាពិសេស អ្នកដែលចូលប្រឡូកនៅក្នុងទីផ្សារហ៊ុនលើសពី ៣ ខែឡើងទៅ ដែលមានទំនុកចិត្តកាន់តែខ្លាំង។

ចំពោះឥរិយាបថរបស់អ្នកវិនិយោគនាពេលបច្ចុប្បន្ននេះ លោកក៏បានពន្យល់ថា ភាគច្រើននៃវិនិយោគិនក្នុងស្រុកមិនមានការស្លន់ស្លោរក្នុងការដកដើមទុនចេញពីទីផ្សារនោះទេបើទោះបីជាមានពិធីបុណ្យទាន ឬភាពមិនប្រាកដប្រជាសេដ្ឋកិច្ច ផ្ទុយទៅវិញ ពួកគាត់នៅតែបន្តសម្រុកទិញចូលបន្ថែម។  ជាទូទៅ ពុំមានហេតុផលណាមួយដែលតម្រូវឱ្យវិនិយោគិនដកប្រាក់ចេញយ៉ាងគំហុកនោះឡើយ ដោយសកម្មភាពភាគច្រើនគ្រាន់តែជាការលក់ចេញដើម្បីទិញចូលវិញ ឬទិញចូលដើម្បីលក់ប្រាក់យកចំណេញតែប៉ុណ្ណោះ។

ជាក់ស្តែង ដូចជាការវិនិយោគលើភាគហ៊ុនធនាគារ អេស៊ីលីដា (ACLEDA) ជាដើម ទោះបីជាកន្លងមកមានធនាគារតូចៗមួយចំនួនប្រឈមនឹងការផ្អាក ឬបិទប្រតិបត្តិការដោយធនាគារជាតិនៃកម្ពុជាយ៉ាងណាក៏ដោយ ក៏ធនាគារ អេស៊ីលីដា មានស្ថានភាពខុសប្លែកពីនោះ ហើយសាធារណជននៅតែមានទំនុកចិត្តខ្ពស់លើសេដ្ឋកិច្ចជាតិ។ វិនិយោគិនមិនមានក្តីបារម្ភថា ក្រុមហ៊ុនចុះបញ្ជីនឹងត្រូវខ្ស័យធន ឬដួលរលំឡើយ ដោយសារអាជីវកម្មរបស់ក្រុមហ៊ុនទាំងនោះនៅតែបន្តដំណើរការល្អ ប្រកបដោយទំនុកចិត្ត និងស្ថិរភាព។ នេះបើតាមការលើកឡើងរបស់លោក ទ្រី តៃហុី។

និយាយជារួម រូបភាពនៃផ្សារហ៊ុនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានបង្ហាញពីភាពរីកចម្រើន ដោយមានការចូលរួមកាន់តែច្រើនពីអតិថិជន ក៏ដូចជាទទួលបានការជឿទុកចិត្តពីបណ្តាវិនិយោគិន ហើយការជឿទុកចិត្ត និងចូលរួមទាំងនេះ បានធ្វើឱ្យការប្រមូលទុនរបស់ក្រុមហ៊ុនដែលចង់បោះផ្សាយទាំងភាគហ៊ុន ទាំងសញ្ញាប័ណ្ណ កាន់តែមានងាយស្រួល និងក្លាយជាកាតាលីករធ្វើឱ្យសេដ្ឋកិច្ច និងសង្គមជាតិ កាន់តែរីកចម្រើន៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា