លោក រ័ត្ន សោភ័ណ ត្រូវបានបោះឆ្នោតជ្រើសរើសសារជាថ្មី ធ្វើជាប្រធានសមាគមធនាគារនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក រ័ត្ន សោភ័ណ ត្រូវបានបោះឆ្នោតជ្រើសរើសសារជាថ្មី ធ្វើជាប្រធានសមាគមធនាគារនៅកម្ពុជា

លោក រ័ត្ន សោភ័ណ ត្រូវបានបោះឆ្នោតជ្រើសរើសសារជាថ្មី ធ្វើជាប្រធានសមាគមធនាគារនៅកម្ពុជា

លោក រ័ត្ន សោភ័ណ ប្រធាននាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស នៃធនាគារ មេយប៊ែង ខេមបូឌា បានជាប់ឆ្នោតធ្វើជាប្រធានសមាគមធនាគារនៅកម្ពុជាសារជាថ្មី ហើយលោកបានដាក់ចេញនូវចក្ខុវិស័យនិងសរសរស្តម្ភចំនួន ០៣ សម្រាប់អាណត្តិថ្មី ដើម្បីលើកកម្ពស់វិស័យធនាគារ និងហិរញ្ញវត្ថុឱ្យមាននិរន្តរភាព ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់។

Advertisement

នេះបើយោងតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ស្ដីពីមហាសន្និបាតសមាជិកប្រចាំឆ្នាំ ២០២៦ របស់សមាគមធនាគារនៅកម្ពុជា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងប្រធានក្រុមប្រឹក្សាភិបាលអាណត្តិ ២០២៦-២០២៨ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦។

សមាគមធនាគារនៅកម្ពុជា បានឱ្យដឹងថា ខ្លួនមានកិត្តិយសនិងសេចក្តីសោមនស្សរីករាយ និង​ប្រកាសជាផ្លូវការនូវ សមាសភាពសមាជិកក្រុមប្រឹក្សានិងប្រធានក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិ ២០២៦-២០២៨ នៅក្នុងមហាសន្និបាតសមាជិកប្រចាំឆ្នាំរបស់ខ្លួន ដែលធ្វើឡើងកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៦។

ក្នុងអំឡុងពេលនៃមហាសន្និបាតសមាជិកប្រចាំឆ្នាំ (AGM) សមាជិកទាំងអស់បានពិនិត្យ និងអនុម័តនូវរបាយការណ៍ប្រចាំឆ្នាំ របាយការហិរញ្ញវត្ថុឆ្នាំ ២០២៥ និងអនុម័តផែនការថវិកាឆ្នាំ ២០២៦។ មហាសន្និបាត ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សមាគមធនាគារក្នុងការគាំទ្រដល់វិស័យធនាគារនៅកម្ពុជាឱ្យមានភាពរឹងមាំ ការទទួលត្រូវ និងបរិយាបន្ន ព្រមទាំងការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិករបស់ខ្លួនផងដែរ។

សមាគមបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖

“លោក រ័ត្ន សោភ័ណ ប្រធាននាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស នៃធនាគារ មេយប៊ែង ខេមបូឌា ត្រូវបានសមាជិកបោះឆ្នោតជ្រើសរើសសារជាថ្មី ធ្វើជាប្រធានសមាគមធនាគារនៅកម្ពុជា។​ ខណៈ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារប្រៃសណីយ៍កម្ពុជា ក.អ ត្រូវបានជាប់ឆ្នោត ជាអនុប្រធានសមាគម។”

នៅក្នុងសុន្ទរកថាទៅកាន់សមាជិក  លោក រ័ត្ន សោភ័ណ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការបន្តអនុវត្តនូវអនុសាសន៍ស្តីពីការវាយតម្លៃដោយឯករាជ្យលើការគ្រប់គ្រងសមាគមធនា​គារ​​នៅកម្ពុជា ក្នុងនោះរួមមាន កំណែទម្រង់ពាក់ព័ន្ធនឹងអភិបាលកិច្ច ភាពជាអ្នកដឹកនាំ គណៈកម្មាធិការ និងការតស៊ូមតិ ក្នុងគោលបំណងបន្តពង្រឹងប្រសិទ្ធភាព និងសម្លេងរបស់សមាគមបន្ថែមទៀត។

សមាសភាពក្រុមប្រឹក្សាភិបាលសមាគមធនាគារសម្រាប់អាណត្តិ ២០២៦-២០២៨

ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា សូមប្រកាសអំពីសមាសភាពក្រុមប្រឹក្សាភិបាលទាំង១១រូប ដែលបានជាប់ឆ្នោតសម្រាប់អាណត្តិ ២០២៦-២០២៨ រួមមាន៖

  1. លោក រ័ត្ន សោភ័ណ ជាប្រធានសមាគមធនាគារនៅកម្ពុជា ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិ នៃធនាគារ មេយប៊ែង ខេមបូឌា
  2. លោក តូច ចៅចេក ជាអនុប្រធានសមាគម ដែលមានសមាសភាព ជាប្រធាននាយកប្រតិបត្តិ នៃ​ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
  3. លោកស្រី ម៉ារ អមរា ជាសមាជិកក្រុមប្រឹក្សាភិបាល ដែលមានសមាសភាព ជាគណៈប្រធាន​នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់ហិរញ្ញវត្ថុ នៃធនាគារ អេស៊ីលីដា ភិអិលស៊ី
  4. លោក គា បូរាណ ជាសមាជិកក្រុមប្រឹក្សាភិបាល ដែលមានសមាសភាព ជាប្រធាននាយកប្រតិបត្តិនៃ ធនាគារ អេ អឹម ខេ​ ភីអ៊ិលស៊ី
  5. លោក Yeung Kin Man, KENNY ជាសមាជិកក្រុមប្រឹក្សាភិបាល ដែលមានសមាសភាពជាអគ្គនាយករងនៃ ធនាគារ ចិន (ហុងកុង) សាខាភ្នំពេញ
  6. លោក Ong Ming Teck ជាសមាជិកក្រុមប្រឹក្សាភិបាល ដែលមានសមាសភាព ជាប្រធាននាយកប្រតិបត្តិ នៃធនាគារ កម្ពុជាសាធារណៈ
  7. លោក អ៊ូ សុផាន់ណារិទ្ធ ជាសមាជិកក្រុមប្រឹក្សាភិបាល ដែលមានសមាសភាព ជាអនុប្រធានប្រតិបត្តិ នៃធនាគារកាណាឌីយ៉ា ក.អ
  8. លោក ហុង ជៀប ជាសមាជិកក្រុមប្រឹក្សាភិបាល ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
  9. លោក ឌិត សុចល ជាសមាជិកក្រុមប្រឹក្សាភិបាល ដែលមានសមាសភាព ជាប្រធាននាយកប្រតិបត្តិ  នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
  10. លោក សុខ វឿន ជាសមាជិកក្រុមប្រឹក្សាភិបាល ដែលមានសមាសភាពជា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
  11. លោក ប៉ិល រ៉េមីស៊ីសុផុន ជាសមាជិកក្រុមប្រឹក្សាភិបាល ដែលមានសមាសភាពជា ប្រធានសមាគមសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា

​​លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សាភិបាលផុតអាណត្តិទាំងអស់ចំពោះការដឹកនាំប្រកបដោយភាពស្វាហាប់ និងក្រុមការងារលេខាធិការដ្ឋានចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដើម្បីចូលរួមគាំទ្រដល់វិស័យ​ធនាគារ។

ក្នុងឱកាសនោះ លោកប្រធានសមាគម បានអបអរសាទរជូនសមាជិកក្រុមប្រឹក្សាភិបាលដែលទើបជាប់ឆ្នោតថ្មី និងបានដាក់ចេញនូវចក្ខុវិស័យនិងសរសរស្តម្ភចំនួន ០៣ សម្រាប់អាណត្តិថ្មី ដើម្បីលើកកម្ពស់វិស័យធនាគារ និងហិរញ្ញវត្ថុឱ្យមាននិរន្តរភាព ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ដើម្បីពង្រឹងទំនុកចិត្តសាធារណៈនិងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ដើម្បីពង្រឹងសមត្ថភាពធនាគារិកតាមរយៈការបណ្តុះបណ្តាលជាប្រចាំ ទំាងជំនាញបច្ចេកទេសធនាគារ និងភាពជាអ្នកដឹកនាំ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀតក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាពនិងវិបុលភាពជាតិ។

លោកប្រធានសមាគម ក៏បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សមាគមធនាគារក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ភាគីពាក់ព័ន្ធ និងដៃគូទាំងអស់ក្នុងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា  ដើម្បីគាំទ្រដល់គោលនយោបាយអាទិភាពក្នុងការចូលរួមពង្រឹងស្ថិរភាពវិស័យហិរញ្ញវត្ថុ បរិយាបន្ន ភាពធន់ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា