ធនាគារ​ជាតិ​នៃ​កម្ពុជា​ជម្រះ​បញ្ជី​ធនាគារ​ ​៣​ ​ខណៈ​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ធនាគារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារ​ជាតិ​នៃ​កម្ពុជា​ជម្រះ​បញ្ជី​ធនាគារ​ ​៣​ ​ខណៈ​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ធនាគារ​

ធនាគារ​ជាតិ​នៃ​កម្ពុជា​ជម្រះ​បញ្ជី​ធនាគារ​ ​៣​ ​ខណៈ​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ធនាគារ​

ភ្នំពេញ​៖​ ធនាគារ​ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​៣​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​បាន​ប្រកាស​​ពី​ការសម្រេចដកហូតអាជ្ញាបណ្ណ និងការ​ដាក់​ឱ្យ​ជម្រះ​បញ្ជី​គ្រឹះស្ថាន​ធនាគារ​ចំនួន​ ​៣​ ​ដែល​មិន​សូវ​មាន​ប្រតិបត្តិការ​សកម្ម​ក្នុង​សេដ្ឋកិច្ច​ ​បន្ទាប់ពី​អាជីវកម្ម​របស់​គ្រឹះស្ថាន​ទាំងនេះ​ទទួលរង​ផលប៉ះពាល់​ជាបន្តបន្ទាប់ពី​កត្តា​មួយ​ចំនួន​។

Advertisement

​គ្រឹះស្ថាន​ធនាគារ​ទាំង ​៣​ ​រួមមាន​ ធនាគារ​ ស៊ីស៊ី​យូ ​ខម​មើស​ល ​ប៊ែង​ ម​.​ក ធនាគារ​ ​ហេង​ ហ្វឹង​ (​ខេមបូឌា​) ​ម.​ក ​និង​ធនាគារ ​អេច​អេច ​(​ខេមបូឌា​) ម​.ក​។

​យោង​តាម​សេចក្តីជូនដំណឹង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ធនាគារ​ ស៊ីស៊ី​យូ ​ខម​មើស​ល ​ប៊ែង​ ម​.​ក ​ត្រូវបាន​ដាក់​ឱ្យ​ជម្រះ​បញ្ជី​ដោយ​ក្រុមហ៊ុន​ រីចឆ៍​ & ​ផាត​នើរ ​ខណៈ​ធនាគារ​ ​ហេង​ ហ្វឹង​ (​ខេមបូឌា​) ​ម.​ក ​និង​ធនាគារ ​អេច​អេច ​(​ខេមបូឌា​) ​ម.​ក ​ត្រូវបាន​ដាក់​ឱ្យ​ជម្រះ​បញ្ជី​ដោយ​ក្រុមហ៊ុន​ ​បេ​ឃើរ ​ធីល​លី ​(​ខេមបូឌា​) ​ឯ​.ក​។

​តួលេខ​ផ្លូវការ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បង្ហាញ​ថា​ ​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ធនាគារ​ទាំង​ ​៣​ ​បូក​បញ្ចូល​គ្នា​ ​មាន​ចំណែក​ត្រឹមតែ​ ​០.៥​ ​ភាគរយ​នៃ​ប្រព័ន្ធ​ធនាគារ​ទាំងមូល​ប៉ុណ្ណោះ​។​ ក្នុង​នោះ​ ​ទ្រព្យ​សកម្ម​មាន​ចំណែក​ ​០.៥​ ​ភាគរយ​ ​ប្រាក់​បញ្ញើ​ ​០.៥​ ​ភាគរយ​ ​និង​ឥណទាន​ ​០.៥​ ​ភាគរយ​។

​ដោយសារ​ចំណែក​ទីផ្សារ​របស់​គ្រឹះស្ថាន​ទាំង ​៣​ ​មាន​ទំហំ​តូច​ធៀប​នឹង​ប្រព័ន្ធ​ធនាគារ​ទាំងមូល ​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​លើកឡើង​ថា​ ​ការ​សម្រេច​ដាក់​ឱ្យ​ជម្រះ​បញ្ជី​នេះ​ ​នឹង​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នោះ​ទេ​។​

មន្ត្រី​ជាន់​ខ្ពស់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​៖​ “​ការ​ដាក់​ឱ្យ​ជម្រះ​បញ្ជី​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ដែល​មិន​មាន​អនុលោម​ភាព​ ​គឺជា​ប្រក្រតីភាព​នៃ​ការ​អនុវត្ត​ការងារ​របស់​ធនាគារ​កណ្តាល​ ​ដែល​ជា​អាជ្ញាធរ​ត្រួតពិនិត្យ​ប្រព័ន្ធ​ធនាគារ​ ក្នុង​គោលដៅ​រក្សា​ស្ថិរភាព​ តម្លាភាព​ ​និង​កេរ្តិ៍ឈ្មោះ​នៃ​ប្រព័ន្ធ​ធនាគារ​ទាំងមូល​។​”

​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​អនុវត្ត​នីតិវិធី​ជម្រះ​បញ្ជី​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ដែល​មិន​មាន​អនុលោមភាព​នេះ​ តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​ មក​ម្ល៉េះ​ ​ហើយ​ស្ថិរភាព​ប្រព័ន្ធ​ធនាគារ​ក៏​បាន​លើកកម្ពស់​ជាបន្តបន្ទាប់​គិត​មកទល់​ពេល​បច្ចុប្បន្ន​។

​គួរ​រំលេច​ថា​ ​ថ្មី​ៗ​នេះ​ ធនាគារ​ពាណិជ្ជ ​២​ ​ផ្សេង​ទៀត​ ​ក៏​ត្រូវបាន​ដាក់​ឱ្យ​ជម្រះ​បញ្ជី​រួចហើយ​ដែរ​ ​គឺ​ ធនាគារ​ ​ព្រីនស៍​ និង​ធនាគារ ​ផេន​ដា​។​

យ៉ាងណា​ក៏ដោយ​ ​បើ​ទោះបីជា​បូកបញ្ចូល​ទំហំ​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ទាំង​ ​៣​ ​ដែល​ទើប​ដាក់​ឱ្យ​ជម្រះ​បញ្ជី ​ជាមួយ​គ្រឹះស្ថាន​ទាំង​ ​២​ ​ខាងលើ​ ​ក៏​ចំណែក​ទីផ្សារ​របស់​គ្រឹះស្ថាន​ទាំង​ ​៥​ ​បូកបញ្ចូល​គ្នា​មាន​ប្រមាណ​ត្រឹមតែ​ ​១​ ​ភាគរយ​ប៉ុណ្ណោះ​នៃ​ប្រព័ន្ធ​ធនាគារ​ទាំងមូល​។

​អ្នកជំនាញ​បាន​បញ្ជាក់​ថា​ ​ចាប់តាំងពី​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​ក្នុង​ឆ្នាំ​២០១៩​ ​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ធនាគារ​ទាំង​ ​៣​ ​បាន​រង​ផលប៉ះពាល់​ជាបន្តបន្ទាប់​ ​និង​មិន​អាច​ស្តារ​ឡើងវិញ​បាន​ ​ដោយសារ​កត្តា​មួយ​ចំនួន​ ​ដូចជា​ ​វិបត្តិ​ជំងឺ​កូវីដ​-​១៩​ ​ស្ថានភាព​សេដ្ឋកិច្ច​មិន​អំណោយផល ​គួបផ្សំ​នឹង​ការ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​។

​ការ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​នេះ​ ​ក៏​ពាក់ព័ន្ធ​នឹង​មតិ​សាធារណៈ​មួយចំនួន​ដែល​ផ្សារភ្ជាប់គ្រឹះស្ថាន​ទាំងនេះ​ទៅនឹង​សកម្មភាព​មិន​ស្រប​ច្បាប់​មួយចំនួន​។

​ការ​ដាក់​ឱ្យ​ជម្រះ​បញ្ជី​គ្រឹះស្ថាន​ធនាគារ​ទាំង​ ​៣​ ​នេះ​ ​ត្រូវបាន​ធ្វើឡើង​ក្នុង​បរិបទ​ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បន្ត​អនុវត្ត​តួនាទី​ជា​អាជ្ញាធរ​ត្រួតពិនិត្យ​ ​ដើម្បី​រក្សា​ស្ថិរភាព​ តម្លាភាព​ ​និង​កេរ្តិ៍ឈ្មោះ​នៃ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​ទាំងមូល​។

​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​ទិន្នន័យ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បង្ហាញ​ថា​ ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​នៅតែ​មាន​ទំហំ​ ​និង​ស្ថានភាព​រឹងមាំ ​បើ​ទោះបីជា​កំពុង​ប្រឈម​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន​ក៏ដោយ​។

​លោកជំទាវ​បណ្ឌិត​ ​ជា ​សិរី ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ថ្លែង​ក្នុង​ឱកាស​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី​១​ ​និង​ទិសដៅ​ការងារ​ឆមាស​ទី​២​ ​ឆ្នាំ​២០២៦​ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​កាលពី​ថ្មី​ៗ​នេះ​ ​ថា​ ​ចំពោះ​ប្រព័ន្ធ​ធនាគារ​ ​ទោះបី​ជួបប្រទះ​បញ្ហា​ប្រឈម​មួយ​ចំនួន​ ជាពិសេស​ហានិភ័យ​ដែល​កើតឡើង​ពី​កត្តា​ខាងក្រៅ​ក្តី​  ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​នៅតែ​បន្ត​មាន​សុខភាព​រឹងមាំ​។​

​លោកជំទាវ​បណ្ឌិត​ ​បាន​បន្ថែម​ថា​ ​ក៏ប៉ុន្តែ​ដោយសារ​អភិរក្ស​និយម ​(​Conservatism​) ​នៃ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ក្នុង​រយៈពេល​ជិត​ ​៣​ ទសវត្សរ៍​កន្លងមក​នេះ​ ​ប្រព័ន្ធ​ធនាគារ​ក៏​ត្រូវបាន​រំពឹង​កាន់តែ​ខ្ពស់​ពី​រដ្ឋាភិបាល​ វិស័យ​ឯកជន ​និង​ សាធារណជន​ទូទៅ​ ​ទៅលើ​ការ​ចូលរួមចំណែក​របស់​វិស័យ​ធនាគារ​ក្នុង​ការ​ទប់ទល់​នឹង​វិបត្តិ​។

​លោកជំទាវ​ ​ជា ​សិរី ​បាន​ថ្លែង​ដូច្នេះ​ថា​៖​ ​“​ក្នុង​ស្ថានភាព​នេះ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​និង​ប្រព័ន្ធ​ធនាគារ​កម្ពុជា​ ​បាន​សហការ​អនុវត្ត​ការងារ​ យ៉ាង​សកម្ម ​ស្រប​តាម​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ​ខណៈ​ដែល​ការ​រក្សា​ស្ថិរភាព​ថ្លៃ​និង​ហិរញ្ញវត្ថុ​នៅតែ​ជា​អាទិភាព​ចម្បង​។​”

​គិត​ត្រឹម​ឆមាស​ទី​១​ ​ឆ្នាំ​២០២៦​ ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​មាន​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន​ ​៦១​ ​ក្នុង​នោះ​មាន​ធនាគារ​ពាណិជ្ជ ​៥៨​ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ​៣​។

​ប្រព័ន្ធ​ធនាគារ​ក៏​មាន​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ចំនួន​ ​១០៤​ ​ក្នុង​នោះ​មាន​ធនាគារ​ឯកទេស ​៧​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ ​៨៥​ ​និង​គ្រឹះស្ថាន​ភតិសន្យា​ហិរញ្ញវត្ថុ​ ​១២​ ​ព្រមទាំង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​ ​៨៨​។

​ទ្រព្យ​សកម្ម​របស់​ប្រព័ន្ធ​ធនាគារ​មាន​កំណើន​ ​២.៥​ ​ភាគរយ​ ​ដល់​ ​៣៩៩.៣​ ​ទ្រី​លាន​រៀល ​ឬ​ប្រមាណ​ ​៩៩.៨​ ​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​ក្នុង​នោះ​ ​ឥណទាន​អតិថិជន​កើនឡើង​ ​៤.៦​ ​ភាគរយ​ ​ដល់​ ​២៥៦.៧​ ​ទ្រី​លាន​រៀល ​ឬ​ ​៦៤.២​ ​ពាន់​លាន​ដុល្លារ​អាមេរិក​។

​ប្រាក់​បញ្ញើ​អតិថិជន​ក៏​មាន​កំណើន​ ​៤.៤​ ​ភាគរយ​ ​ដល់​ ​២៥៧.៤​ ​ទ្រី​លាន​រៀល ​ឬ​ ​៦៤.៤​ ​ពាន់​លាន​ដុល្លារ​អាមេរិក ​ខណៈ​ដើមទុន​មាន​កំណើន​ ​៣​ ​ភាគរយ​ ​ដល់​ ​៤២​ ​ទ្រី​លាន​រៀល ​ឬ​ ​១០.៥​ ​ពាន់​លាន​ដុល្លារ​អាមេរិក​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា