ធនាគារ​ជាតិ​នៃ​កម្ពុជា ​ចាប់​ដៃ Visa ​និង​ Mastercard ​ពង្រីក​ការ​ទូទាត់​ KHQ​R ​សម្រាប់​ភ្ញៀវ​អន្តរជាតិ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារ​ជាតិ​នៃ​កម្ពុជា ​ចាប់​ដៃ Visa ​និង​ Mastercard ​ពង្រីក​ការ​ទូទាត់​ KHQ​R ​សម្រាប់​ភ្ញៀវ​អន្តរជាតិ​

ធនាគារ​ជាតិ​នៃ​កម្ពុជា ​ចាប់​ដៃ Visa ​និង​ Mastercard ​ពង្រីក​ការ​ទូទាត់​ KHQ​R ​សម្រាប់​ភ្ញៀវ​អន្តរជាតិ​

​ភ្នំពេញ​៖​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​ចំនួន​ពីរ​ដាច់ដោយឡែក​ពី​គ្នា​ជាមួយ​ក្រុមហ៊ុន​បណ្ដាញ​បណ្ណ​ទូទាត់​អន្តរជាតិ​ Visa ​និង​ Mastercard ​ដើម្បី​សហការ​អភិវឌ្ឍ​មុខងារ​ ​QR ​Connector ​ក្នុង​គោលដៅ​ពង្រីក​លទ្ធភាព​ទូទាត់​តាម​ K​HQR ​និង​សម្រួល​ដល់​ការ​ទូទាត់​ឆ្លង​ប្រទេស​។

​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​នេះ​ ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​ក្នុង​ឱកាស​នៃ​វេទិកា​ហិរញ្ញវត្ថុ​អន្តរជាតិ​ Black Swan Summit ​Cambodia​។

​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា​ ​ការ​សហការ​នេះ​មាន​គោលបំណង​លើកកម្ពស់​ ​និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ទូទាត់​ឌីជីថល​នៅ​កម្ពុជា​ ​តាមរយៈ​ការ​ស្កេន​ KHQR ​Code ​ដោយ​ពង្រឹង​លទ្ធភាព​ទូទាត់​ជាមួយ​ប្រតិបត្តិករ ​និង​គ្រឹះស្ថាន​ជា​ដៃគូ​នៅ​ក្រៅ​ប្រទេស​ ​ដែល​ភ្ជាប់​ជាមួយ​បណ្ដាញ​បណ្ណ​ទូទាត់​អន្តរជាតិ​ទាំង​ពីរ​។

តាមរយៈ​កិច្ច​សហការ​នេះ​ ​ភ្ញៀវ​ទេសចរ​បរទេស ​និង​អ្នក​ដំណើរ​ដែល​មកកាន់​ប្រទេស​កម្ពុជា ​នឹង​អាច​ប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត​ ​ឬ​កម្មវិធី​ទូទាត់​ចល័ត​របស់​ខ្លួន​ ​ដែល​ភ្ជាប់​ជាមួយ​បណ្ដាញ Visa ​និង​ Mastercard ​ដើម្បី​ស្កេន​ KHQ​R ​Code ​និង​ទូទាត់​ប្រាក់​ជាមួយ​ពាណិជ្ជករ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

ធនាគារ​ជាតិ​នៃ​កម្ពុជា​បញ្ជាក់​ថា​ ការ​អភិវឌ្ឍ​មុខងារ​នេះ​ ​នឹង​ជួយ​លើកកម្ពស់​បទពិសោធ​នៃ​ការ​ទូទាត់​ឌីជីថល​នៅ​កម្ពុជា​ ​ព្រមទាំង​ជំរុញ​ការ​ប្រើប្រាស់​មធ្យោបាយ​ទូទាត់​អេឡិចត្រូនិក​ជំនួស​ឱ្យ​សាច់​ប្រាក់​ ​ដោយ​ផ្ដល់​ភាព​ងាយស្រួល​ រហ័ស ​និង​មាន​សុវត្ថិ​ភាព​ខ្ពស់​។

​ជាមួយគ្នា​នេះ​ កិច្ច​សហការ​នឹង​ជួយ​កាត់បន្ថយ​ភាព​ស្មុគស្មាញ​ក្នុង​ការ​ទូទាត់​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស ​និង​អ្នក​ប្រើប្រាស់​សេវា​ទូទាត់​អន្តរជាតិ ​ព្រមទាំង​សម្រួល​ដល់​ពាណិជ្ជករ​ក្នុង​ការ​ទទួល​ការ​ទូទាត់​ពី​ភ្ញៀវ​អន្តរជាតិ​ដែល​ធ្វើដំណើរ​មក​កម្ពុជា​។

​លើស​ពី​នេះ​ ​គំនិត​ផ្ដួចផ្ដើម​នេះ​ ​ក៏​នឹង​រួមចំណែក​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​វិស័យ​សាធារណៈ​ ​និង​វិស័យ​ឯកជន ​ក្នុង​ការ​ជំរុញ​សមាហរណកម្ម​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​នៅ​កម្ពុជា​ ​និង​បន្ត​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាត់​ឌីជីថល​ឱ្យ​មាន​លទ្ធភាព​ធ្វើអន្តរប្រតិបត្តិការ​ជាមួយ​បណ្ដាញ​ទូទាត់​ក្នុង​តំបន់ ​និង​អន្តរជាតិ​។

ធនាគារ​ជាតិ​នៃ​កម្ពុជា​រំពឹង​ថា​ ​កិច្ច​សហការ​នេះ​នឹង​រួមចំណែក​ធ្វើឱ្យ​ប្រព័ន្ធ​ទូទាត់​ឌីជីថល​នៅ​កម្ពុជា​កាន់តែ​ទំនើប​ ​មាន​ប្រសិទ្ធភាព​ ​និង​មាន​បរិយាបន្ន​ ​ស្រប​តាម​ការ​អភិវឌ្ឍ​នៃ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ក្នុង​តំបន់ ​និង​អន្តរជាតិ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា