ប្រព័ន្ធធនាគារនៅកម្ពុជានៅតែមានភាពធន់ និងរឹងមាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រព័ន្ធធនាគារនៅកម្ពុជានៅតែមានភាពធន់ និងរឹងមាំ

ប្រព័ន្ធធនាគារនៅកម្ពុជានៅតែមានភាពធន់ និងរឹងមាំ

ធនាគារជាតិនៃកម្ពុជា និងសមាគមហិរញ្ញវត្ថុចំនួនពីរនៅកម្ពុជា បានគូសបញ្ជាក់ថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានៅតែបន្តមានភាពរឹងមាំ មានសន្ទនីយភាពគ្រប់គ្រាន់ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីធនាគារជាតិនៃកម្ពុជា (NBC)។ ​ការលើកឡើងពីធន់ និងរឹងមាំរបស់វិស័យធនាគារ និងហិរញ្ញវត្ថុនេះ​ គឺស្របពេលដែលប្រជាពលរដ្ឋជាច្រើន​បាន​មកតម្រង់ជួរ និងសម្រុកទៅដកប្រាក់នៅធនាគារ APD ក្នុងតំបន់បឹងកក់ កាលពីព្រឹកថ្ងៃចន្ទទី១៦ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ។

Advertisement

ក្នុងសេចក្តីថ្លែងការណ៍ក្នុងថ្ងៃដដែល លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ន ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែមានភាពរឹងមាំ ដោយអតិថិជននៅតែធ្វើប្រតិបត្តិការជាមួយធនាគារបានធម្មតា។ ទោះបីជាយ៉ាងណាក៏ដោយ លោកជំទាវបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ទុកពេលវេលាឱ្យខាងធនាគារជាតិនៃកម្ពុជា បន្តធ្វើការជាមួយធនាគារពាក់ព័ន្ធ ហើយរកវិធីដោះស្រាយចំពោះប្រាក់បញ្ញើរបស់បងប្អូនទាំងអស់គ្នា។

សូមបញ្ញាក់ផងដែរថា ការដាក់ប្រាក់ក្នុងធនាគារ សុទ្ធតែមានកាលកំណត់ ដូច្នេះ អតិថិជនមិនអាចចេះតែសម្រុកទៅដកប្រាក់ក្នុងពេលតែមួយដំណាលគ្នានោះទេ ព្រោះវានឹងអាចប៉ះពាល់ដល់ការធ្វើប្រតិបត្តិការរបស់ប្រព័ន្ធធនាគារ។

សមាគមធនាគារនៅកម្ពុជា(ABC) និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ក៏បានអះអាងកាលពីម្សិលមិញនេះផងដែរថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តមានភាពរឹងមាំ មានសន្ទនីយភាពគ្រប់គ្រាន់ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីធនាគារជាតិនៃកម្ពុជា ជាមួយនឹងសូចនាករចម្បងៗ នៃភាពប្រុងប្រយ័ត្នស្ថិតនៅកម្រិតលើសពីបទប្បញ្ញត្តិដែលបានកំណត់។

សមាគមទាំងពីរ បានឱ្យដឹងទៀតថា ការចែកចាយ និផ្សព្វផ្សាយ ព័ត៌មានមិនពិតពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមួយចំនួននាពេលថ្មីៗនេះ មិនបានឆ្លុះបញ្ចាំងជារួមពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនៅកម្ពុជានោះទេ។

សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា ភាពរអាក់រអួរចំពោះប្រតិបត្តិការបណ្តោះអាសន្ននៅស្ថាប័នហិរញ្ញវត្ថុណាមួយ មិនគួរយកទៅបកស្រាយថា ជាការឆ្លុះបញ្ចាំងពីស្ថានភាពនៃប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុទាំងមូលនោះឡើយ។ វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែបន្តទទួលបានការគាំទ្រដោយបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង រួមទាំងការត្រួតពិនិត្យ និងវិធានការធានាលើហានិភ័យសន្ទនីយភាពសាច់ប្រាក់ជាប្រចាំ។

ទន្ទឹមនេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានបំភាន់ដែលអាចប៉ះពាល់ដល់ជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារនៅកម្ពុជា។

សមាគមទាំងពីរ សូមអំពាវនាវដល់សាធារណជន សូមកុំឆាប់ជឿតាមពាក្យចចាមអារ៉ាម ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ពីបណ្តាញសង្គម។ សូមតាមដានព័ត៌មានផ្លូវការពីធនាគារជាតិនៃកម្ពុជា និងធនាគារដែលមានអាជ្ញាប័ណ្ណ ឬទាក់ទងទៅគ្រឹះស្ថានដែលខ្លួនប្រើប្រាស់សេវាដោយផ្ទាល់ ដើម្បីសាកសួរបញ្ជាក់ព័ត៌មានបន្ថែម។

សមាគមទាំងពីរបន្តរក្សាទំនុកចិត្ត និងភាពរឹងមាំនៃវិស័យធនាគារ និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានសមាជិក ទាំងអស់ ដើម្បីធានាការទំនាក់ទំនងច្បាស់លាស់ លើកកម្ពស់បរិយាកាសប្រតិបត្តិការឱ្យមានរបៀបរៀបរយ និងរក្សាស្ថិរភាព និងទំនុកចិត្តលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។

របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ប្រព័ន្ធធនាគារកម្ពុជា មានធនាគារពាណិជ្ជ ៥៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៤ ធនាគារឯកទេស ៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨៥ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១២ គ្រឹះស្ថានឥណទានជនបទ ៨៩ អ្នកដំណើរការតតិយភាគី ៤ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣០ ក្រុមហ៊ុនចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងបរទេស ៥ និងអាជីវកម្មប្តូរប្រាក់ ៣.៣៩៥។

ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានកើន ៩,៥% ដល់ ៤០៧,១ ទ្រីលានរៀល (១០១,៨ ប៊ីលានដុល្លារអាមេរិក) ដោយក្នុងនោះ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានសមាមាត្រ ៩៧% និងបានកើនឡើង ៩,៧% ដល់ ៣៩៤,៨ ទ្រីលានរៀល (៩៨,៧ ប៊ីលានដុល្លារអាមេរិក) ខណៈដែលគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើមានសមាមាត្រ ៣% និងបានកើនឡើង ៣,១% ដល់ ១២,៣ ទ្រីលានរៀល (៣,១ ប៊ីលានដុល្លារអាមេរិក)។

ឥណទានអតិថិជនបានកើនឡើងប្រមាណ ៤,១% ដល់ ២៥២,២ ទ្រីលានរៀល (៦៣ ប៊ីលាន ដុល្លារអាមេរិក) ខណៈប្រាក់បញ្ញើអតិថិជនបានកើន ១៤,៧% ដល់ ២៦២,៩ ទ្រីលានរៀល (៦៥,៧ ប៊ីលាន ដុល្លារអាមេរិក) ហើយដើមទុនបានកើន ២,៨% ដល់ ៤១,៩ ទ្រីលានរៀល (១០,៤ ប៊ីលានដុល្លារអាមេរិក)។

ទន្ទឹមនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានពង្រីកវិសាលភាពសេវាហិរញ្ញវត្ថុបន្ថែមឱ្យកាន់តែទូលំទូលាយជូនអតិថិជន ដោយចំនួនគណនីប្រាក់បញ្ញើ និងឥណទានបានកើនដល់ ៣០,៦ និង ៤,៥ លានគណនី រៀងគ្នា។ ចំនួនទីស្នាក់ការកណ្តាល និងសាខារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក៏បានកើនជាលំដាប់ដល់ ២.៧៣៥ ទីតាំង ជាមួយនឹងម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) ចំនួន ៦.០៤៦ ម៉ាស៊ីនទូទាំងប្រទេសផងដែរ។

ជារួម ប្រព័ន្ធធនាគារនៅកម្ពុជាបន្តមានភាពធន់ ដែលឆ្លុះបញ្ចាំងតាមរយៈកម្រិតខ្ពស់នៃដើមទុន និងសន្ទនីយភាព បើទោះជាប្រឈមនឹងភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកល ការគំរាមកំហែងពីការផ្ទុះអាវុធតាមព្រំដែន កំណើនទាបនៃឥណទាន និងការកើនឡើងនៃឥណទានមិនដំណើរការក៏ដោយ។

ដើម្បីរក្សាបានភាពធន់និងបង្ការហានិភ័យ ធនាគារជាតិនៃកម្ពុជាបានបន្តយកចិត្តទុកដាក់ និងពង្រឹងលើការតាមដាននិងវាយតម្លៃហានិភ័យ និងភាពងាយរងគ្រោះជាប្រព័ន្ធ តាមរយៈការរៀបចំប្រព័ន្ធសូចនាករព្រមាន ការធ្វើស្ត្រេសតេស្ត ការត្រួតពិនិត្យគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុផ្អែកលើហានិភ័យ និងទស្សនៈអនាគត ជាពិសេសហានិភ័យបច្ចេកវិទ្យា ការពង្រឹងច្បាប់និងបទប្បញ្ញត្តិឱ្យស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ព្រមទាំងដាក់ចេញគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ន។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បាននិងបន្តការអនុវត្តការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ កិច្ចការពារអតិថិជន កិច្ចការពារប្រាក់បញ្ញើ និងការងារហិរញ្ញវត្ថុប្រកបដោយចីរភាពយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុប្រកបដោយតម្លាភាព បរិយាបន្ន និងចីរភាព៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា