ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

​ភ្នំពេញ​៖​ ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​។

​ឯក​ឧត្តម​ ​ស៊ូ ​សុជាតិ​ ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​ទទួល​បន្ទុក​ជា​អគ្គ​នាយក​នៃ​និយ័តករ​មូលបត្រ​កម្ពុជា ​(​ន.ម.​ក.​)​ ​បាន​ឱ្យ​ដឹង​ថា​ ​កំណើន​នេះ​ជា​លទ្ធផល​នៃ​ការ​ពង្រឹង​ទីផ្សារ​ ការ​ពង្រីក ​និង​ធ្វើ​ពិពិធកម្ម​ផលិតផល​ ​ព្រមទាំង​ការ​ដាក់​ចេញ​វិធានការ​នានា ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ​កម្ពុជា​។

ថ្លែង​ក្នុង​វេទិកា​ផ្សព្វផ្សាយ​សមិទ្ធផល​អាណត្តិ​ទី​១ ​របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិន​មែន​ធនាគារ​ ​នាពេល​ថ្មី​ៗ​នេះ​ ​ឯកឧត្តម​ ​ស៊ូ ​សុជាតិ ​បាន​បញ្ជាក់​ថា​ ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុងក្រោយ ​និង​ជាពិសេស​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ចុងក្រោយ ​កម្ពុជា​ ​សម្រេច​បាន​លទ្ធផល​ជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ ​តាមរយៈ​ការ​ពង្រឹង​ទីផ្សារ​ ការ​ពង្រីក​ផលិតផល​ ​និង​ពិពិធកម្ម​ទីផ្សារ ​ព្រមទាំង​វិធានការ​គាំទ្រ​ផ្សេង​ៗ​។​

​ឯក​ឧត្តម​បាន​មានប្រសាសន៍​ថា​៖​ «​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦​នេះ​ ​យើង​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ទាំងអស់​ចំនួន​ ​២៨ ​ដែល​ចុះ​បញ្ជី​ទាំង​ផ្នែក​មូលបត្រ​កម្ម​សិទ្ធិ​ ​ទាំង​ផ្នែក​មូលបត្រ​បំណុល​។ បើ​គិត​ជា​សាច់ប្រាក់​ដែល​ប្រមូល​បាន​ក្នុង​យន្តការ​ទីផ្សារ​ ​យើង​មាន​ការ​ប្រមូល​សាច់​ប្រាក់​ជិត​ដល់​ ១​,​០០០ ​លាន​ដុល្លារ​»​។

​តាមរយៈ​ការ​អនុញ្ញាត​របស់​រាជ​រដ្ឋាភិបាល​ ន​.​ម​.​ក. ​ក៏​បាន​ដាក់​ចេញ​ប្រកាស​ស្តីពី​ការ​បោះផ្សាយ​សញ្ញា​បណ្ណ​ឯកជន​។ ​ឯក​ឧត្តម​បាន​លើកឡើង​ថា​ ​តាមរយៈ​ការ​បោះផ្សាយ​សញ្ញា​បណ្ណ​ឯកជន​ ទុន​ដែល​ប្រមូល​បាន​ពី​ការ​បោះផ្សាយ​នឹង​ឈាន​ទៅដល់​ ​១​,​០០០​ ​លាន​ដុល្លារ​ដូចគ្នា​។​

​ឯក​ឧត្តម​ ​ស៊ូ ​សុជាតិ ​បាន​លើកឡើង​ថា​ ​សមិទ្ធផល​ទាំង​នេះ​បង្ហាញ​ពី​កំណើន​របស់​ទីផ្សារ​មូលបត្រ ​ដែល​កំពុង​វិវត្ត​ស្រប​ជាមួយ​បរិវត្ត​កម្ម​បច្ចេកវិទ្យា​ ​តាមរយៈ​ការ​ផ្លាស់ប្តូរ​ពី​របៀប​ប្រតិបត្តិការ​បែប​ចាស់​មក​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ​ព្រមទាំង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​សម្រាប់​សកម្មភាព​ជួញដូរ​ ​ឯកឧត្តម​បាន​រំលឹក​ថា​ ​កន្លង​មក​លោក​ធ្លាប់​ប្រមើល​មើល​ថា​ ​ត្រូវ​ចំណាយ​ពេល​ ៣ ​ទៅ​ ៥ ​ឆ្នាំ​ទៀត​ ​ទើប​ការ​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឈាន​ដល់​ ​១ ​លាន​ដុល្លារ​។ ​ប៉ុន្តែ​បច្ចុប្បន្ន​ ការ​ជួញដូរ​មិន​សូវ​ធ្លាក់​ក្រោម​ ១ ​លាន​ដុល្លារ​នោះ​ទេ​ ​ហើយ​ថ្ងៃ​ខ្លះ​អាច​កើនឡើង​ជិត​ ២ លាន​ដុល្លារ​ ​ឬ​ឈាន​ដល់​ ៤ ​លាន​ដុល្លារ​។

​ឯក​ឧត្តម​បាន​ទទួល​ស្គាល់​ថា​ ទីផ្សារ​មូលបត្រ​កម្ពុជា​នៅ​មាន​ទំហំ​តូច ​បើ​ធៀប​នឹង​ទីផ្សារ​មួយចំនួន​ក្នុង​តំបន់​ ​និង​ទីផ្សារ​សកល​។ ​លោក​បាន​លើកឡើង​ថា​ ​ការ​ដឹកនាំ​តាម​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ ការ​ចូលរួម​ពី​គ្រប់​តួអង្គ​ក្នុង​វិស័យ​មូលបត្រ​ ​និង​ការ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍ​ ​បាន​ជួយ​ឱ្យ​ទីផ្សារ​នេះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយ​នៃ​ការ​អភិវឌ្ឍ​។

​លោក​ ​ហុង ​សុហួរ​ ​អគ្គ​នាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ ​បាន​ឱ្យ​ដឹង​នា​ពេល​ថ្មី​ៗ​នេះ​ថា​ ​នៅ​ដើម​ខែ​កញ្ញា​ ​ទំហំ​ជួញដូរ​នៅ​ផ្សារ​មូលបត្រ​មិន​ទាន់​មាន​ការ​ថមថយ​នោះ​ទេ ​ប៉ុន្តែ​នៅតែ​បន្ត​កើនឡើង​។ ​លោក​បាន​បន្ថែម​ថា​ ​ការ​ចាប់​អារម្មណ៍​របស់​សាធារណជន​ក៏​កើនឡើង ​ស្រប​ពេល​តម្លៃ​ភាគហ៊ុន​មាន​កំណើន​ល្អ ​និង​មាន​វត្តមាន​ក្រុមហ៊ុន​ថ្មី​ៗ​កំពុង​សម្រុក​ចូល​មក​បន្ថែម​ក្នុង​ទីផ្សារ​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា