មជ្ឈមណ្ឌល​ F​CPC ​ទទួល​ដោះស្រាយ​វិវាទ​អតិថិជន​ដោយ​ឥត​គិត​ថ្លៃ​ និង​កាត់បន្ថយ​ភាព​ស្មុគស្មាញ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មជ្ឈមណ្ឌល​ F​CPC ​ទទួល​ដោះស្រាយ​វិវាទ​អតិថិជន​ដោយ​ឥត​គិត​ថ្លៃ​ និង​កាត់បន្ថយ​ភាព​ស្មុគស្មាញ​

មជ្ឈមណ្ឌល​ F​CPC ​ទទួល​ដោះស្រាយ​វិវាទ​អតិថិជន​ដោយ​ឥត​គិត​ថ្លៃ​ និង​កាត់បន្ថយ​ភាព​ស្មុគស្មាញ​

​ភ្នំពេញ​៖​ ​មជ្ឈមណ្ឌល​ការពារ​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ ​(​F​CPC​)​ ​បាន​ដាក់​ចេញ​យន្តការ និង​នីតិវិធី​សាមញ្ញ ​ងាយស្រួល ​និង​ឥត​គិត​កម្រៃ ​ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ ​និង​អតិថិជន​ដោះស្រាយ​វិវាទ​ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ខណៈ​វិវាទ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​មជ្ឈមណ្ឌល​ ​អាច​សម្របសម្រួល​ដោះស្រាយ​បាន​ជោគជ័យ​លើស ៩០​ភាគរយ​។

​លោក​ ហេង​ ​កូយ ​នាយក​ប្រតិបត្តិ​ F​CPC ​បាន​ប្រាប់​ AMS នារសៀល​ថ្ងៃ​ទី​២ ​ខែ​វិច្ឆិកា​ ថា​ ​មជ្ឈមណ្ឌល​បាន​ដាក់​ដំណើរ​ការ​សាកល្បង​នៅ​ដើម​ខែ​វិច្ឆិកា​នេះ​។​ ​ការ​បង្កើត​មជ្ឈមណ្ឌល​នេះ​ ​គឺជា​ការ​ប្តេជ្ញាចិត្ត​បន្ថែម​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ក្នុង​ការ​ពង្រឹង​យន្ត​ការ​ការពារ​អ្នក​ប្រើប្រាស់​ ​និង​លើកកម្ពស់​ការ​យល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជា​ពលរដ្ឋ​។

​លោក​បាន​បញ្ជាក់​ថា​ ​ទោះបីជា​គ្រឹះស្ថាន​ធនាគារ​នីមួយ​ៗ ​និង​អាជ្ញាធរ​អាណាព្យាបាល​មាន​យន្តការ​ការពារ ​និង​ដោះស្រាយ​វិវាទ​ជូន​អតិថិជន​រួចហើយ​ក្តី​ ​ប៉ុន្តែ​វត្តមាន​របស់​ F​CPC ​នឹង​ជួយ​បំពេញ​បន្ថែម​ ​និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អតិថិជន​ឱ្យ​កាន់តែ​ប្រសើរឡើង​។

យោងតាម​លោក​ ​ហេង ​កូយ ​នីតិវិធី​របស់​មជ្ឈមណ្ឌល​ត្រូវ​បាន​រៀបចំ​ឱ្យ​មាន​ភាព​សាមញ្ញ ​និង​មិន​ស្មុគស្មាញ​។ ​ក្នុង​ករណី​អតិថិជន​គ្រាន់តែ​ត្រូវការ​ការ​បំភ្លឺ​ ​ឬ​ប្រឹក្សា​យោបល់​ ពួក​គេ​អាច​ទទួល​បាន​ការ​ណែនាំ​ពី​ក្រុម​ការងារ​ ​ដោយ​មិន​ចាំបាច់​ដាក់​ពាក្យបណ្តឹង​ ​ឬ​បំពេញ​ទម្រង់​បែបបទ​ឡើយ​។ ​សេវា​ប្រឹក្សា​យោបល់​ ​និង​សម្របសម្រួល​ដោះស្រាយ​វិវាទ​ទាំងអស់​ ​គឺ​មិន​គិត​កម្រៃ​ពី​អតិថិជន​នោះ​ទេ​។

​សម្រាប់​ដំណើរការ​ដោះស្រាយ​វិវាទ F​CPC ​នឹង​ពិភាក្សា​ ​និង​ប្រមូល​ភស្តុតាង​ដាច់​ដោយឡែក​ពី​អតិថិជន ​និង​គ្រឹះ​ស្ថាន​ធនាគារ ​ដើម្បី​ស្វែងរក​ចំណុច​រួម ​និង​ដំណោះស្រាយ​សមស្រប​ ​ដោយ​មិន​ចាំបាច់​ឱ្យ​ភាគី​ទាំង​ពីរ​ធ្វើដំណើរ​មក​ជួប​គ្នា​ផ្ទាល់​នោះ​ទេ​។ ​ក្នុង​ករណី​បញ្ហា​មាន​ភាព​ស្មុគស្មាញ​ ​ឬ​មិន​អាច​ឈានដល់​ការ​ឯកភាព​គ្នា​ ​ទើប​មជ្ឈមណ្ឌល​អញ្ជើញ​ភាគី​ទាំង​ពីរ​មក​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​។

​លោក​បាន​ឱ្យ​ដឹង​ថា​ ​ជា​គោលការណ៍​ ​មជ្ឈមណ្ឌល​ចំណាយ​ពេល​ប្រហែល​មួយ​ខែ​សម្រាប់​ដំណើរការ​ដោះស្រាយ​ករណី​នីមួយ​ៗ​។ ​ប្រសិនបើ​ត្រូវការ​ពេលវេលា​បន្ថែម​ ​F​CP​C ​នឹង​ជម្រាប​ជូន​អ្នក​ដាក់​ពាក្យបណ្តឹង​ ​និង​បន្ត​នីតិវិធី ​ប្រសិនបើ​ទទួល​បាន​ការ​យល់ព្រម​។

​ក្នុង​ដំណាក់កាល​សាកល្បង​រយៈពេល​ ៩​ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ F​CPC ​បាន​ទទួល​ការ​ហៅ​ទូរសព្ទ​សរុប​ ​២​,​៥​៨៩ ​ដង​ ក្នុង​នោះ​មាន​បណ្តឹង​ ៦៤​ ករណី​ ​ការ​សាកសួរ​ ​និង​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​ ​២៥០​ ករណី ​និង​ការ​សាកសួរ​ព័ត៌មាន​អំពី​ធនាគារ​ ​២​,​២៧៥ ​ដង​។

​ចំពោះ​ការ​សាកសួរ​អំពី​ភាព​ស្រប​ច្បាប់​របស់​គ្រឹះស្ថាន​ធនាគារ​ជាង​ ២​,​០០០​ ​ករណី​ ​ក្រុមការងារ​បាន​ឆ្លើយតប និង​ដោះស្រាយ​បញ្ចប់​ភ្លាម​ៗ​ ​ប្រសិនបើ​អតិថិជន​ពេញចិត្ត​។ ​ចំណែក​ករណី​ជាង​ ២០០ ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​ក្នុង​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ ​ត្រូវការ​ឯកសារ​បន្ថែម​សម្រាប់​ការ​សិក្សា​ ​និង​ផ្ទៀងផ្ទាត់ ​ហើយ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ជោគជ័យ​ស្ទើរតែ​ ​១០០​ភាគរយ​។

​ដោយឡែក​ ​ក្នុង​ចំណោម​វិវាទ​ជាង​ ៦០​ ​ករណី​ដែល​ទទួល​បាន​សិទ្ធិ​សម្របសម្រួល​ F​CP​C ​កំពុង​គ្រប់គ្រង​ដោះស្រាយ​ទាំងអស់​ ​ដោយ​បច្ចុប្បន្ន​ជាង​ ៦០​ភាគរយ​ត្រូវ​បាន​ដោះស្រាយ ​និង​ប្រមាណ​ជាង​ ២០​ភាគរយ​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នីតិវិធី​។ ​ផ្អែក​លើ​បទពិសោធន៍​កន្លង​មក​ វិវាទ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​មជ្ឈមណ្ឌល​ ​អាច​សម្របសម្រួល​ដោះស្រាយ​បាន​ជោគជ័យ​លើស ៩០​ភាគរយ​។

​ប្រជា​ពលរដ្ឋ​ ​និង​អតិថិជន​ដែល​មាន​ចម្ងល់​ ត្រូវ​ការ​ប្រឹក្សា​យោបល់​ ​ឬ​ចង់​ដាក់​ពាក្យបណ្តឹង​សម្របសម្រួល​វិវាទ ​អាច​ទាក់ទង​ F​CPC ​តាមរយៈ​ខ្សែ​ទូរសព្ទ​ជំនួយ​លេខ​ ០​១៥​ ​៣៦៥​ ​២​២២ ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ ​«​មជ្ឈមណ្ឌល​ការពារ​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ F​CPC​»​ ​ឬ​គណនី​តេឡេក្រាម​ @F​CP​C​HOTLINE​។​ ​អតិថិជន​ក៏​អាច​ទៅកាន់​ការិយាល័យ​មជ្ឈមណ្ឌល​នៅ​ជាន់​ទី​៦​ ​អគារ LH ​Aroma ​ផ្ទះ​លេខ​២២ ​ផ្លូវ​២៤២ ​កែង​ផ្លូវ​១០៧ ​សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧​មករា​ ​រាជធានី​ភ្នំពេញ​។

​សម្រាប់​ជំហាន​បន្ទាប់ F​CPC ​នឹង​សហការ​ជាមួយគ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញវត្ថុ​ ​អង្គការ ​និង​កម្មវិធី​អភិវឌ្ឍន៍​ ​ព្រមទាំង​ស្ថាប័ន​រដ្ឋ ​ដើម្បី​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ការ​ការពារ​អ្នក​ប្រើប្រាស់​ឱ្យ​បាន​ទូលំទូលាយ​។ ​ការ​ផ្សព្វផ្សាយ​នេះ​នឹង​ផ្តោត​លើ​ការ​បញ្ជ្រាប​ចំណេះដឹង​ដល់​ប្រជា​ពលរដ្ឋ​ ​កម្ម​ករ​-​កម្មការិនី ​និង​ប្រជាជន​នៅ​តំបន់​ដាច់ស្រយាល ​ដើម្បី​បង្កើន​ការ​យល់ដឹង​អំពី​សិទ្ធិ​អ្នក​ប្រើប្រាស់​ ​និង​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា