ក្រុមហ៊ុន Unilever គ្រោង​បង្កើតរោងចក្រផលិតរបស់ខ្លួននៅកម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន Unilever គ្រោង​បង្កើតរោងចក្រផលិតរបស់ខ្លួននៅកម្ពុជា​

ក្រុមហ៊ុន Unilever គ្រោង​បង្កើតរោងចក្រផលិតរបស់ខ្លួននៅកម្ពុជា​

ភ្នំពេញ ៖ ក្រុមហ៊ុនយូនីលីវើ (ខេមបូឌា ) លីមីតធីត – Unilever (Cambodia) Limited  ​ដែល​ធ្លាប់នាំចូល​ផលិតផលពីប្រទេសថៃ​នាពេលកន្លងមក ប្រកាស​ជាសាធារណ​លែងនាំចូលពីប្រទេសថៃទៀតហើយ ហើយកំពុង​រៀបចំខ្សែច្រវាក់​ផលិតកម្មរបស់ខ្លួននៅក្នុងប្រទេស​កម្ពុជា លើ​ផលិតផល​មួយចំនួន​ នៅចុងឆ្នាំ ២០២៦នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន​របស់ក្រុមហ៊ុន កាលពីពេលថ្មីៗនេះ។

Advertisement

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ក្រុមហ៊ុន​ យូនីលីវើ​ (ខេមបូឌា) លីមីធីត ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់​ក្រុមហ៊ុន​យូនីលីវើ​ ចក្រភពអង់គ្លេស​ បានឱ្យដឹងថា បច្ចុប្បន្ន​នេះ ក្រុមហ៊ុន បាននាំចូល​ផលិតផលសម្រេច​ ១០០% ពីប្រទេស​ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន វៀតណាម ម៉ាឡេស៊ី​និ​ងប្រទេស​ឥណ្ឌា។

តាមសេចក្ដីប្រកាសព័ត៌មាន​ឱ្យដឹង បច្ចុប្បន្ន​គេឃើញ​មានផលិតផលដែលមានលេខ​បាកូដ 885 នៅលើទីផ្សារ​ប្រទេស​កម្ពុជា ។ ក្រុមហ៊ុន​សូមបញ្ជាក់ថា ផលិតផលទាំង​នោះ គឺជា​ស្តុកចាស់​នៅសេស​សល់ ដែលធ្លាប់​មាននៅលើទីផ្សារ​កន្លង​មក។ ផលិតផលទាំងនេះ មិនមែនជាទំនិញ នាំចូលថ្មី​នាពេល​បច្ចុប្បន្ន​របស់ក្រុមហ៊ុននោះទេ។ ការ​លក់​ស្តុកដែលនៅសេស​សល់ គឺជា​ស្តុកចាស់​ មានស្រាប់របស់អាជីវករ ឬអ្នកលក់​ដុំ និងរាយ នៅលើទីផ្សារ​ប៉ុណ្ណោះ។​

បើតាម​សេចក្ដីជូនដំណឹង​របស់ក្រុមហ៊ុន​បានឱ្យដឹងថា តាមរយៈប្រតិបត្តិការអាជីវកម្ម​របស់ក្រុមហ៊ុន​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន​យូនីលីវើ​ (ខេមបូឌា) លីមីតធីត ត្រូវបាន​ទទួលស្គាល់​ពីអាជ្ញាធរ​ពាក់ព័ន្ធ ចំពោះការអនុវត្ត​តាមច្បាប់ ការ​បង់ពន្ធ និងការរួម​ចំណែក​របស់ក្រុមហ៊ុន​ចំពោះសេដ្ឋកិច្ច​ និងសង្គម​កម្ពុជា។

ជាពិសេស​ ក្រុមហ៊ុន​ត្រូវបានទទួលស្គាល់​ជា​ក្រុមហ៊ុន​បង់ពន្ធច្រើនជា​ងគេមួយចំណាត់ថ្នាក់ទី ១៤ ដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ ២០២៥​ និង​ជា​ក្រុមធុរជន​ដែលល្អបំផុត ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្នុង​រយៈពេល ១០ ឆ្នាំជាប់ៗគ្នា។ ការទទួលស្គាល់​ទាំង​នេះ បង្ហាញពីការ​បន្ត​ប្ដេជ្ញា​ចិត្ត​របស់ក្រុមហ៊ុន​ចំពោះ​អភិបាលកិច្ច​ល្អ ការអនុវត្ត​តាមច្បាប់ និងការ​ប្រកប​ដោយអាជីវកម្ម​ប្រកបដោយទំនួលខុស​ត្រូវ។

លោកឧកញ៉ា​តែ តាំង​ប៉ ប្រធានម្ព័ន្ធសមាគមសហគ្រាស​ធុន​តូច និងមធ្យមកម្ពុជា​ ( SME ) បានមានប្រសានស៍ថា​ ចាប់តាំងពីប្រជាពលរដ្ឋ​កម្ពុជា​ធ្វើពហិកា​លើ​ផលិតផល​ថៃ ដោយសារតែការឈ្លានពានរបស់ថៃមក​លើ​ដែនអធិបតេយ្យភាពកម្ពុជា មាន​ក្រុមហ៊ុន​ដែលធ្លាប់ចូលផលិតផលពីថៃជាច្រើន បានងាកមក​ផលិត​នូវទំនិញ​ក្នុងស្រុក​ដើម្បីផ្គត់ផ្គង់វិញ ហើយកំណើន​រោងចក្រ​សហគ្រាស​ផលិតទំនិញនៅក្នុងប្រទេស​កម្ពុជា​រំពឹង​ថា​កើនឡើង​ខ្ពស់​នៅចុងឆ្នាំ ២០២៧។

លោកឧកញ៉ា​បន្តថា ទិន្នាការ​ធុរជន​ដែល​ចាប់ផ្ដើម​ផលិតទំនិញនៅក្នុងប្រទេស​កម្ពុជា ដោយ​កាត់បន្ថយការ​នាំចូលពីបរទេស មិនថា​តែមកពីប្រទេសថៃ ឬប្រទេស​ផ្សេងទៀត គឺស្រប​ទៅនឹង​យុទ្ធសាស្ត្រ​របស់រាជរដ្ឋាភិបាលកម្ពុជា ដែល​កន្លងមក​បានខិតខំជំរុញឱ្យសហគ្រិនក្នុងស្រុក​ពង្រីក​ និងពង្រឹង​គុណភាពផលិតផល​ក្នុងស្រុកឱ្យ​បានច្រើន​កាត់បន្ថយការ​នាំចូល​ ពីព្រោះថា​ផលិតនៅក្នុងប្រទេស​នឹងធ្វើឱ្យ​ចំណេញខ្ពស់ បង្កើត បង្កើត​ប្រាក់ចំណូលបន្ថែម ដល់ពលរដ្ឋ​ក្នុងស្រុកតាមបង្កើតការងារ ការទិញ កសិផល​ពីកសិករ​ ដើម្បីបម្រើ​ខ្សែច្រវាក់ផលិតកម្ម​។

បើតាមលោក​ឧកញ៉ា​បានបញ្ជាក់ថា ការពហិការបស់​ពលរដ្ឋខ្មែរ​លើ​ផលិតផល​ថៃ គឺជា​ឱកាស​ដ៏ល្អបំផុត​សម្រាប់សហគ្រិនក្នុង​ស្រុកពង្រឹង និងពង្រីកផលិតផលរបស់ខ្លួន ដើម្បីជំនួសឱ្យផលិតផល​របស់ថៃ និងជាឱកាស​ក្នុងការពង្រឹង​សេដ្ឋកិច្ច​កម្ពុជា​ឱ្យកាន់តែខ្លាំង ដោយមិនចាំបាច់ពឹងលើផលិតផល​បរទេសទៀត៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា