ស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុ ៖ ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុ ៖ ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ

ស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុ ៖ ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ

ភ្នំពេញ៖ ការផ្តល់ឥណទានដោយការទទួលខុសត្រូវ គឺជាការអនុវត្តរបស់គ្រឹះស្ថានហិរញ្ញវត្ថុ (ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ) ក្នុងការផ្តល់កម្ចីដល់អតិថិជនដោយផ្អែកលើក្រមសីលធម៌ វិជ្ជាជីវៈ និងការគិតគូរយ៉ាងល្អិតល្អន់ពីផលប្រយោជន៍ និងសមត្ថភាពពិតប្រាកដរបស់អ្នកខ្ចី។ គោលបំណងចម្បងគឺដើម្បីការពារអ្នកខ្ចីពីការធ្លាក់ចូលទៅក្នុងបំណុលលើសលប់ និងធានាឱ្យបាននូវស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុទាំងមូល។

Advertisement

លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា៖​ ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ គឺការផ្តល់ឥណទានដែលមានការវាយតម្លៃអតិថិជនប្រកបដោយតថភាព និងត្រឹមត្រូវតាមគោលការណ៍ដែលបានកំណត់។

តើគេវាយតម្លៃទៅលើអ្វីខ្លះ? ទីមួយ គឺគោលដៅរបស់អតិថិជន ខ្ចីឥណទានយកទៅធ្វើអ្វី? ទីពីរ បើអ្នកខ្ចីឥណទានយកទៅប្រើប្រាស់ចំគោលដៅ មានន័យថា អ្នកផ្តល់ឥណទានពិតជាបានវាយតម្លៃត្រឹមត្រូវ ហើយស្របតាមនីតិវិធី ក៏ដូចជាគោលនយោបាយផ្ទៃក្នុងស្ថាប័ន ហើយចំណុចដែលសំខាន់ គឺលទ្ធភាពពិតនៃការសងត្រឡប់របស់ងតិថិជន។

អ្នកស្រីបានសង្កត់ធ្ងន់ថា ៖

«ការវាយតម្លៃថា តើគាត់រកចំណូលមួយថ្ងៃបានប៉ុន្មាន? អាចសងបានទេ? ឧទាហរណ៍ គាត់ខ្ចីលុយ ៤៥ ​០​០​០ ដុល្លារទៅទិញផ្ទះ តើផ្ទះហ្នឹងទិញពិតមែន ឬអត់ ? ប៉ុន្តែចុងក្រោយអ្នកខ្ចីប្រាប់ថា គាត់យកលុយទៅវិនិយោគបន្ត តើអ្នកផ្តល់ឥណទានហ្នឹងពិតជាបានវាយតម្លៃ ពិតជាបានធ្វើវិភាគត្រឹមត្រូវដែរ ឬទេ? អ៊ីចឹង មានន័យថា ចំណុចទីមួយ គឺត្រូវវាយតម្លៃ ចំណុចទីពីរ គឺតម្លាភាព ។ អ្នកដែលផ្តល់ឥណទានប្រកប​ដោយការទទួលខុសត្រូវ ត្រូវមានតម្លាភាព។ តម្លាភាពហ្នឹង មានន័យថាម៉េច? មានន័យថា រាល់ព័ត៌មានលម្អិតទាំងអស់ ដែលអ្នកផ្តល់កម្ចីត្រូវតែជម្រាបជូនអតិថិជន អត្រាការប្រាក់ប៉ុន្មាន? អតិថិជននោះ គាត់មានសិទ្ធិអីគេខ្លះ? គាត់មានសិទ្ធិទាមទារនេះ ទាមទារនោះ អីគេខ្លះ? គាត់មានកាតព្វកិច្ចអ្វីខ្លះ?»

លោកស្រី បានលើកឡើងទៀតថា៖ ជាទូទៅ នៅពេលដែលទៅខ្ចីឥណទាន គេកម្រនិយាយអំពីកាតព្វកិច្ចមុនណាស់ ពីព្រោះនៅពេលដែលគេនិយាយអំពីកាតព្វកិច្ច ច្រើនតែមានអារម្មណ៍ថា ពិបាកនឹងទទួលបាន។ ប៉ុន្តែ អ្នកផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ត្រូវតែនិយាយមុន ត្រូវតែជម្រាបជូនអតិថិជនដោយតម្លាភាពមុន បើទទួលបានឥណទានហើយ អ្នកខ្ចីអាចអនុវត្តសិទ្ធិជារបស់ខ្លួនបាន ប៉ុន្តែក៏មានកាតព្វកិច្ចទទួលខុសត្រូវលើការសងត្រឡប់ផងដែរ ។ ដូច្នេះ នេះគឺជាកត្តាដែលអាចនិយាយបានថា អ្នកផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវគឺត្រូវតែអនុវត្តតាមគោលការណ៍របស់ស្ថាប័ន ឬគ្រឹះស្ថានរបស់ខ្លួន។

លោកស្រីអគ្គនាយករង បានបញ្ជាក់ថា៖

« អ្នកផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ មិនត្រឹមតែនៅមុនពេលផ្តល់ឥណទានទេ កំឡុងពេលដែលអតិថិជនរបស់គាត់ប្រើប្រាស់ឥណទាន គាត់មិនមែនផ្តល់ឥណទានហើយទុកចោល ចាំតែប្រមូលការប្រាក់ ចាំតែប្រមូលប្រាក់ដើមជារៀងរាល់ខែ ប្រចាំត្រីមាស ហើយចប់ នោះទេ ប៉ុន្តែគាត់ត្រូវត្រួតពិនិត្យជាប្រចាំ ថាតើអតិថិជនប្រើចំគោលដៅដែរទេ? អាជីវកម្មរបស់អតិថិជនរីកចម្រើនកម្រិតណា ត្រូវផ្តល់ប្រឹក្សាជាមួយអតិថិជន ដើម្បីអាចរកដំណោះស្រាយ»។

លោក តូច ចៅចេក ប្រធានគណៈកម្មការហិរញ្ញវត្ថុនៃសមាគមធនាគារនៃកម្ពុជា និងជាប្រធានប្រតិបត្តិនៃធនាគារប្រៃសណីយកម្ពុជា បានលើកឡើងថា៖ ជាធម្មតាធនាគារមានគោលការណ៍ច្បាស់លាស់ និងនីតិវិធីក្នុងការវិភាគឥណទាន ដែលក្នុងនោះមានតាំងពីសីលធម៌ សុវត្ថិភាព និងគោលបំណងនៃការប្រើប្រាស់ និងទ្រព្យធានា។ ចំណែកអ្នកខ្ចីលុយក៏ដូចគ្នាដែរ ខ្ចីលុយប្រកបដោយការទទួលខុសត្រូវ និងមានគោលបំណងច្បាស់លាស់ និងប្រាប់ពីព័ត៌មានលម្អិតពិតប្រាកដ។

លោកបានបញ្ជាក់ថា៖

«ការផ្តល់ឥណទានប្រកបដោយវិជ្ជាជីវៈ គឺអ្នកដែលផ្តល់កម្ចីត្រូវតែមានគោលការណ៍ វិជ្ជាជីវៈ ហើយអ្នកខ្ចីក៏ដូចគ្នា កុំមានបញ្ហាភ្លាមទៅបន្ទោសធនាគារ ហើយត្រូវដឹងថា កាលណាខ្ចីគេ ត្រូវតែសងគេ ទាំងដើម ទាំងការ ហើយមុនខ្ចីមកប្រកបរបរទទួលទាន ត្រូវតែគិតឱ្យច្បាស់ថា ចំណូលរបស់យើងហ្នឹង ត្រូវតែអាចសងគ្រប់ទៅលើការបង់ការប្រាក់»។

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា