ទុន​ត្រឹម​ពី​ ​១០​-​១០០​ដុល្លារ​៖ ​តើ​អ្នក​វិនិយោគ​ថ្មី​អាច​ចាប់ផ្តើម​រក​ចំណូល​ពី​ផ្សារ​ហ៊ុន​កម្ពុជា​ដោយ​របៀប​ណា​?​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទុន​ត្រឹម​ពី​ ​១០​-​១០០​ដុល្លារ​៖ ​តើ​អ្នក​វិនិយោគ​ថ្មី​អាច​ចាប់ផ្តើម​រក​ចំណូល​ពី​ផ្សារ​ហ៊ុន​កម្ពុជា​ដោយ​របៀប​ណា​?​

ទុន​ត្រឹម​ពី​ ​១០​-​១០០​ដុល្លារ​៖ ​តើ​អ្នក​វិនិយោគ​ថ្មី​អាច​ចាប់ផ្តើម​រក​ចំណូល​ពី​ផ្សារ​ហ៊ុន​កម្ពុជា​ដោយ​របៀប​ណា​?​

​សម្រាប់​មនុស្ស​មួយចំនួន​ តែង​គិត​ថា​ ​ការ​វិនិយោគ​លើ​ផ្សារ​ហ៊ុន​អាច​ត្រូវការ​ដើមទុន​ធំ ​និង​ចំណេះដឹង​ជ្រៅ​ជ្រះ ​ប៉ុន្តែ​អ្នក​ជំនាញ​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា​យល់​ថា​ ​អ្នក​ចាប់ផ្តើម​ថ្មី​មិន​ចាំបាច់​មាន​ប្រាក់​ច្រើន​ទេ​ ​ដោយ​អាច​ចាប់ផ្តើម​ពី​ទឹក​ប្រាក់​ត្រឹម​ ​១០​ ​ទៅ​ ​១០០ ​ដុល្លារ ​ដើម្បី​ស្វែងយល់​ពី​ទីផ្សារ​ ​និង​បង្កើត​ទម្លាប់​សន្សំ​-​វិនិយោគ​ជា​ប្រចាំ​។

​ក្នុង​ការ​ជួញដូរ​ភាគហ៊ុន​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ ​អ្នក​វិនិយោគ​អាច​ទិញ​ភាគហ៊ុន​ចាប់​ពី​មួយ​ភាគហ៊ុន​ឡើង​ទៅ​ ​ខណៈ​ភាគហ៊ុន​មួយចំនួន​មាន​តម្លៃ​ប្រមាណ​ ​១​,​០០០​ ​ទៅ​ ​២​,​០០០​ រៀល​។ ​នេះ​មាន​ន័យ​ថា​ ​អ្នក​ដែល​មាន​ប្រាក់​ត្រឹម​ ​១០​,០០០​ ​ឬ​ ​២០​,​០០០​ រៀល ​ក៏​អាច​ចាប់ផ្តើម​ទិញ​ភាគហ៊ុន​បាន​។

​លោក​ ​ហុង ​សុហួរ​ ​អគ្គ​នាយក​ផ្សារ​មូលបត្រ​កម្ពុជា ​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ AMS ថា​ ​សម្រាប់​អ្នក​ដែល​មិន​ទាន់​មាន​ចំណេះដឹង​ជ្រៅ​ជ្រះ ​ប៉ុន្តែ​ចង់​សាកល្បង ​និង​ស្វែងយល់​ពី​វិស័យ​នេះ​ ​អាច​ចាប់ផ្តើម​ជាមួយ​ទឹក​ប្រាក់​ប្រមាណ​ ​១០០ ​ដុល្លារ​។

​លោក​បាន​លើកឡើង​ថា​ ​ទឹក​ប្រាក់​នេះ​មិន​ច្រើន​ទេ​ ​ហើយ​ប្រសិនបើ​ការ​វិនិយោគ​មិន​ទទួល​បាន​លទ្ធផល​ល្អ ​អ្នក​វិនិយោគ​ក៏​មិន​ខាត​ច្រើន​ដែរ​ ​ដោយ​អាច​ខាត​ប្រមាណ​ ​១ ​ដុល្លារ​ ២ ​ដុល្លារ​ ​ឬ​ ៥ ​ដុល្លារ ​ប្រសិនបើ​តម្លៃ​ភាគហ៊ុន​ធ្លាក់ចុះ​។

យ៉ាងណា​ក៏ដោយ​ ការ​ចាប់ផ្តើម​នេះ​គឺ​សម្រាប់​អ្នក​ដែល​ចង់​ស្វែងយល់ ​និង​បង្កើន​ចំណេះដឹង​អំពី​វិស័យ​មូលបត្រ ​ជាពិសេស​អ្នក​ដែល​មាន​គោលដៅ​វិនិយោគ​រយៈពេល​វែង​។

​លោក​ ​ទើយ​ ​ហុង ​អ្នក​ជំនាញ ​និង​ជា​គ្រូបង្គោលប្រឹក្សា​លើ​ការ​វិនិយោគ​ភាគហ៊ុន​ជិត ​១០ ​ឆ្នាំ ​ក៏​លើកទឹកចិត្ត​ឱ្យ​អ្នក​មាន​ទុន​តិច​ចាប់ផ្តើម​ពី​ចំនួន​តូច​។ ​លោក​បាន​និយាយ​ថា​ ​តាម​បទពិសោធន៍​របស់​លោក​ ​វិស័យ​មូលបត្រ​កម្ពុជា​កំពុង​ឆ្ពោះទៅ​មុខ​ ​ហើយ​ការ​ចាប់ផ្តើម​ពី​ ​១០០ ​ដុល្លារ ​សម្រាប់​អ្នក​ដែល​មិន​ទាន់​យល់​ច្បាស់​ពី​វិស័យ​នេះ​ ​គឺ​ជា​រឿង​ដែល​អាច​ធ្វើ​បាន​។

​ជាក់​ស្តែង​ ​លោក​ ​ទើយ​ ​ហុង ​បាន​ចាប់ផ្តើម​វិនិយោគ​ដំបូង​ជាមួយ​ទឹក​ប្រាក់​ ​១០០ ​ដុល្លារ ​ក្នុង​ឆ្នាំ​២០១៧​។ ​លោក​បាន​ប្រើ​យុទ្ធសាស្ត្រ ​«​Buy and ​Hold​»​ ​ឬ​ទិញ​ហើយ​កាន់​ទុក​ ​ដោយ​មិន​ធ្វើ​សកម្មភាព​ទិញ​-​លក់​ញឹកញាប់​។ ​លោក​បាន​កាន់​ភាគហ៊ុន​រយៈពេល​ ៤ ​ឆ្នាំ ​រហូតដល់​ឆ្នាំ​២០២១ ​ហើយ​បាន​លើកឡើង​ថា​ ​ការ​វិនិយោគ​របស់​លោក​ចំណេញ​ជាង​ ​២០០​ ​ភាគរយ​។

​សម្រាប់​អ្នក​ដែល​យល់​ថា​ ​១០០ ​ដុល្លារ​ច្រើន​ពេក​ ​លោក​ ​ទើយ​ ​ហុង ណែនាំ​ថា​ ​ពួក​គេ​អាច​ចាប់ផ្តើម​ពី​ត្រឹម​ ​១០​ ​ទៅ​ ​២០ ​ដុល្លារ​ក៏​បាន​។

​សម្រាប់​លោក​ ការ​ចាប់ផ្តើម​ពី​ទុន​តូច​មិន​មែន​មាន​ន័យ​ថា​ ​អ្នក​វិនិយោគ​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ភ្លាម​ៗ​នោះ​ទេ​ ​ប៉ុន្តែ​វា​អាច​ជួយ​បង្កើត​ទម្លាប់​សន្សំ ​និង​វិនិយោគ​ជា​ប្រចាំ​។ ​នៅ​ពេល​មាន​ប្រាក់​ចំណូល​ បុគ្គល​អាច​កំណត់​ចំនួន​មួយ​មកវិនិយោគ​លើ​ភាគហ៊ុន​រៀងរាល់​ខែ ​ដែល​អាច​ជួយ​បង្កើត​វិន័យ​ក្នុង​ការ​គ្រប់គ្រង​លុយ ​និង​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​របស់​ខ្លួន​។

​លោក​ ​ទើយ​ ​ហុង ​បាន​ពន្យល់​ថា​ ​នៅពេល​អ្នក​វិនិយោគ​មាន​ផែនការ​ច្បាស់លាស់​ជាមួយ​ប្រាក់​របស់​ខ្លួន​ ​ហើយ​ជ្រើសរើស​ភាគហ៊ុន​បាន​ត្រឹមត្រូវ​ ​ប្រាក់​របស់​ពួក​គេ​អាច​កើនឡើង​ ​ហើយ​ពួកគេ​ក៏​អាច​ទទួល​បាន​ភាគលាភ​នៅពេល​ក្រុមហ៊ុន​ចែក​រំលែក​ប្រាក់​ចំណេញ​ទៅ​ម្ចាស់​ភាគហ៊ុន​។

​លោក​បាន​លើកឡើង​ថា​ ​ទម្លាប់​ចាប់ផ្តើម​ពី​ដើមទុន​តូច​អាច​ជួយ​ឱ្យ​អ្នក​វិនិយោគ​កសាង​ទ្រព្យសម្បត្តិ​ ​និង​បង្កើត​ប្រភព​ចំណូល​អកម្មមួយ​ផ្នែក​សម្រាប់​ផ្គត់ផ្គង់​ការ​រស់នៅ ​និង​ការ​ចំណាយ​ផ្សេង​ៗ​នៅពេល​អនាគត​។

​លោក​ ​ហុង ​សុហួរ ​ក៏​បាន​លើកឡើង​ថា​ ​ការ​វិនិយោគ​ចាប់​ពី​ ​១០០ ​ដុល្លារ​ឡើង​ទៅ​ ​អាច​ជួយ​ឱ្យ​អ្នក​វិនិយោគ​មាន​កម្លាំង​ចិត្ត​តាមដាន​ ​និង​សិក្សា​បន្ថែម​អំពី​វិស័យ​នេះ​។ ​លោក​រំពឹង​ថា​ ​នៅ​ពេល​ផ្សារហ៊ុន​កាន់តែ​ធំ ​និង​សកម្មភាព​ជួញដូរ​កាន់តែ​ច្រើន​ ឱកាស​ទទួល​បាន​ផលចំណេញ​ក៏​អាច​កើនឡើង​ផងដែរ​។

​លោក​បាន​សង្កត់ធ្ងន់​ថា​ ​ការ​វិនិយោគ​មិន​គួរ​ធ្វើឡើង​ដោយ​ប្រថុយ​ប្រថាន​ខ្លាំង​ពេក​ទេ​ ​ហើយ​ការ​វិនិយោគ​រយៈពេល​វែង​អាច​ជា​ជម្រើស​មួយ​សម្រាប់​អ្នក​ដែល​ចង់​បង្កើត​ប្រភព​ចំណូល​បន្ថែម​។ ​ផលប្រយោជន៍​មួយ​ដែល​អ្នក​វិនិយោគ​អាច​ទទួល​បាន​ ​គឺ​ភាគ​លាភ ​នៅ​ពេល​ក្រុមហ៊ុន​ចុះ​បញ្ជី​ទទួល​បាន​ប្រាក់​ចំណេញ​ ​និង​សម្រេចចែក​ភាគ​លាភ​ទៅ​ម្ចាស់​ភាគហ៊ុន​។

​ផ្សារហ៊ុន ​​ធនាគារ​ ​ឬ​មាស​?​

ការ​សម្រេចចិត្ត​ថា​តើ​គួរ​ដាក់​ប្រាក់​ក្នុង​ធនាគារ​ ​ទិញ​មាស​ ​ឬ​វិនិយោគ​ក្នុង​ភាគហ៊ុន​ ​គឺជា​ជម្រើស​ដែល​មាន​លក្ខណៈ​ខុសគ្នា​។

​លោក​ ​ទើយ​ ​ហុង ​យល់​ថា​ ​ការ​ដាក់​ប្រាក់​ក្នុង​ធនាគារ​គឺជា​រឿង​ល្អ​សម្រាប់​ការ​ការពារ​ប្រាក់​ ​និង​ការ​សន្សំ​សម្រាប់​គោលដៅ​នា​ពេល​អនាគត ​ដូចជា​ ​ប្រាក់​បម្រុង​ពេល​មានអាសន្ន​ ​ឬ​ប្រាក់​ដែល​ត្រៀមទុក​សម្រាប់​គោលដៅ​ផ្សេង​ៗ​។

​ប៉ុន្តែ​លោក​បាន​លើកឡើង​ថា ​ចំណុច​អវិជ្ជមាន​មួយ​នៃ​ការ​ដាក់​ប្រាក់​ក្នុង​ធនាគារ​ ​គឺ​ប្រសិនបើ​អតិផរណា​ខ្ពស់​ជាង​អត្រា​ការប្រាក់​ដែល​ទទួល​បាន​ ​នោះ​តម្លៃ​ពិត​នៃ​ប្រាក់​សន្សំ​អាច​ថយចុះ​។ ​លោក​បាន​លើក​ឧទាហរណ៍​ថា​ ​ប្រសិនបើ​អតិផរណា​មាន​ ៥​ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ ​ខណៈ​ប្រាក់​បញ្ញើ​ទទួល​បាន​ការប្រាក់​ ៣​ ​ភាគរយ​ ​នោះ​តម្លៃ​ពិត​នៃ​ប្រាក់​អាច​ខាត​ប្រមាណ​ ២ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ​។

​ចំពោះ​មាស​ ​លោក​ ​ទើយ​ ​ហុង ​ចាត់ទុក​ថា​ ​មាស​ជា ​«​Store ​of ​Value​»​ ​ឬ​ទ្រព្យ​ដែល​រក្សា​តម្លៃ​ ​ដែល​មាន​តួនាទី​ប្រហាក់ប្រហែល​នឹង​ការ​ធានារ៉ាប់រង ​ជាពិសេស​នៅពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ ​ឬ​សង្គ្រាម​ធ្ងន់ធ្ងរ​។

​លោក​បាន​ណែនាំ​ថា​ ​ប្រសិនបើ​មនុស្ស​ម្នាក់​មាន​ប្រាក់​ ​១០​,​០០០ ​ដុល្លារ​ ការ​យក​ប្រមាណ ១០​ ​ទៅ​ ​១៥​ ​ភាគរយ​ទៅ​ទិញ​មាស​ ​គឺ​គ្រប់គ្រាន់​ហើយ​ ​ដោយសារ​មាស​មិន​មែន​ជា​ទ្រព្យ​ដែល​ផ្តល់​ចំណូល​ជា​ប្រចាំ​ទេ​។ ​អ្នក​កាន់​មាស​មិន​ទទួល​បាន​ការប្រាក់​ដូច​ប្រាក់​បញ្ញើ​ ​ឬ​ភាគលាភ​ដូច​ការ​កាន់ភាគ​ហ៊ុន​ឡើយ​។

​ជាមួយគ្នា​នេះ​ ​លោក​បាន​បញ្ជាក់​ថា​ ភាគ​ហ៊ុន​មាន​ហានិភ័យ​ខ្ពស់​ជាង​ការ​ដាក់​ប្រាក់​ក្នុង​ធនាគារ​ ​និង​ការ​ទិញ​មាស​ ​ប៉ុន្តែ​វា​មាន​សក្តានុពល​ខ្ពស់​ជាង​ផងដែរ​ ​ប្រសិនបើ​អ្នក​វិនិយោគ​អាច​ជ្រើសរើស​ក្រុមហ៊ុន​ដែល​មាន​ការ​រីកចម្រើន ​និង​មាន​ប្រាក់​ចំណេញ ​និង​ប្រាក់​ចំណូល​កើនឡើង​ជា​បន្តបន្ទាប់​។

​ដូច្នេះ​ ​សម្រាប់​អ្នក​ដែល​ចង់​ចាប់ផ្តើម​ពី​ទុន​តូច ​ចំណុច​សំខាន់​មិន​មែន​ស្ថិត​នៅ​លើ​ចំនួន​ប្រាក់​ដំបូង​តែ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ស្ថិត​នៅ​លើ​ការ​បង្កើត​ទម្លាប់​សន្សំ ​និង​វិនិយោគ​ជា​ប្រចាំ​ ​ការ​រៀនសូត្រ​ពី​ទីផ្សារ ​និង​ការ​មាន​គោលដៅ​រយៈពេល​វែង​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា