ឆ្នាំ២០២៦ អ្នកទិញអចលនទ្រព្យមានអំណាច​ជាងអ្នកលក់ ខណៈតម្លៃទីផ្សារទាបជាងឆ្នាំចាស់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្នាំ២០២៦ អ្នកទិញអចលនទ្រព្យមានអំណាច​ជាងអ្នកលក់ ខណៈតម្លៃទីផ្សារទាបជាងឆ្នាំចាស់​

ឆ្នាំ២០២៦ អ្នកទិញអចលនទ្រព្យមានអំណាច​ជាងអ្នកលក់ ខណៈតម្លៃទីផ្សារទាបជាងឆ្នាំចាស់​

ភ្នំពេញ ៖ ជាការ​កត់សម្គាល់ ចាប់តាំងពីពិភពលោក​ជួបវិបត្តិ​កូវីដ១៩ បានធ្វើឱ្យស្ថានភាពនៃវិស័យអច​លន​ទ្រ​ព្យ​សកល រួមទាំងកម្ពុជាផងដែរ​ ​ជួបបញ្ហា​ប្រឈម ឬទីផ្សារធ្លាក់ចុះជាខ្លាំង ហើយបន្តរហូតមកដល់ពេលបច្ចុប្បន្ន ខណៈដែលការផ្គត់ផ្គង់លើសពីតម្រូវការជាក់ស្តែង។ ស្ថិតក្នុងស្ថានភាពបែបនេះ អ្នកទិញអចលនទ្រព្យមានប្រៀប ឬមានអំណាចជាងអ្នកលក់ ហើយតម្លៃអចលនទ្រព្យទៀតសោតក៏លក់មិនបានថ្លៃនោះដែរ។

Advertisement

លោក ចេង វុទ្ធី អគ្គនាយក​ក្រុមហ៊ុនអចលនទ្រព្យ INVA បានថ្លែង​ក្នុងកិច្ចសម្ភាសន៍​ជាមួយ​បណ្ដាញព័ត៌មាន​ AMS ឱ្យដឹងថា បច្ចុប្បន្ន ការទិញ​-លក់អចលនទ្រព្យនៅកម្ពុជា មានទស្សនវិស័យខុសពីមុន​ ដោយអ្នកទិញភាកច្រើន គឺទិញអចលនទ្រព្យណា​ដែលអាច​រកចំណូលបាន ហើយប្រើពេលវិនិយោគរយៈពេល​វែង​ និងមានឥទ្ធិល​ខ្លាំង​ជាង​អ្នកលក់​ ដែលវាក៏ជា​ពេលវេលា​ល្អសម្រាប់អ្នក​ទិញស្វែងរកអចលនទ្រព្យ​ដែលមានទីតាំងល្អ ។

លោកបន្ថែមថា ៖

«អ្នកទិញ​អចលនទ្រព្យ​ដែលមានលុយគ្រប់គ្រាន់ អាច​ស្វែងរកទិញអចលនទ្រព្យ​ដែលមានតម្លៃក្រោមទីផ្សារ​ ហើយអ្នកទិញដែលមានកេរ្តិ៍ឈ្មោះល្អ មិនធ្លាប់​មាន​បញ្ហានៅក្នុងប្រព័ន្ធស៊ីប៊ីស៊ី និងមិនធ្លាប់ត្រូវ​រងបណ្ដឹង អាច​ស្វែងរក​កម្ចីពីធនាគារ​ដើម្បីទិញអចលនទ្រព្យ​បានដែរ»។​

លោក ​ឌិត​ ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឡាក់​គី បានមានប្រសាសន៍ថា បើទោះបីជាស្ថានភាពអចលនទ្រព្យនៅកម្ពុជា​នាពេលបច្ចុប្បន្ន​មិនទាន់មានភាពល្អប្រសើរដូច​មុនវិបត្តិកូវីដ​១៩​ក៏ដោយក្តី តែសម្រាប់អចលនទ្រព្យ​ដែលមានតម្លៃក្រោមទីផ្សារ នៅតែមានការ​ទិញ-លក់ ដោយអ្នកទិញ​ដែលមានលុយគ្រប់គ្រាន់​អាច​ស្វែងរកអចលនទ្រព្យមានទីតាំងល្អៗ ហើយ​មានឥទ្ធិពល​ក្នុងការចរចា​ទិញ​ក្នុងតម្លៃក្រោមទីផ្សារ​ថែមទៀត​ផង ។

លោក​បន្តថា​ ៖​

«ការទិញអចលនទ្រព្យជាពិសេស​លើដីធ្លី ភាគច្រើនផ្ដោតលើ​ដីឧស្សាហកម្ម​ ដែលមានតម្លៃក្នុងរង្វង់​១០ដុល្លារ​អាម៉េរិកក្នុងមួយម៉ែត្រ​ការ៉េ​ ហើយជាប្រភេទដីដែលស្ថិតនៅជាយក្រុង ជា​ដីធំទូលាយ ដែលអ្នក​វិនិយោគ​ងាយស្រួល​ក្នុងការ​សាងសង់ជាឃ្លាំង ឬរោងចក្រ​សម្រាប់​បម្រើ​ដល់វិស័យឧស្សាហកម្ម»។

អ្នកស្រី អាន សុធីតា អគ្គនាយិកា​ក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ដែរថា សម្រាប់វិស័យអចលនទ្រព្យ​នៅដើមឆ្នាំ២០២៦នេះ មិនខុស​ប្លែកគ្នាពីឆ្នាំ២០២៥ប៉ុន្មាននោះទេ ពោលគឺទាំងដីធ្លី និងផ្ទះសម្បែង ដោយតម្រូវការ​ភាគច្រើន​ជា​ប្រភេទ​អចលនទ្រព្យ​ដែលមានតម្លៃសមរម្យ ជាក់ស្ដែង​លំនៅឋានតម្លៃ​សមរម្យ​នៅតែមានការ​វិនិយោគ ​និងនៅតែមានតម្រូវការ​ ។​

អ្នកស្រី បាន​បន្តថា ឆ្នាំ២០២៦នេះ គឺជា​ឱកាស​មួយល្អសម្រាប់អ្នកវិនិយោគដែលមានទុនគ្រប់គ្រាន់​ក្នុងការ​ចាប់យកឱកាសទិញអចលនទ្រព្យដែល​មានទីតាំង​ល្អ​ៗ ទុកសម្រាប់វិនិយោគបន្តយកចំណេញក្នុងរយៈពេលវែង ខណៈដែលការចរចាតម្លៃក៏មានភាពងាយស្រួល ឬទិញក្នុងតម្លៃក្រោមទីផ្សារ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា