នៅត្រឹមត្រីមាសទី១ ឆ្នាំ២០២៦​​ តម្លៃដីធ្លីនៅខណ្ឌដូន​ពេញ នៅតែទ្រឹងដូចគ្នាក្នុងឆ្នាំ២០២៥ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នៅត្រឹមត្រីមាសទី១ ឆ្នាំ២០២៦​​ តម្លៃដីធ្លីនៅខណ្ឌដូន​ពេញ នៅតែទ្រឹងដូចគ្នាក្នុងឆ្នាំ២០២៥

នៅត្រឹមត្រីមាសទី១ ឆ្នាំ២០២៦​​ តម្លៃដីធ្លីនៅខណ្ឌដូន​ពេញ នៅតែទ្រឹងដូចគ្នាក្នុងឆ្នាំ២០២៥

ភ្នំពេញ ៖ ខណ្ឌដូនពេញ ត្រូវ​បានគេចាត់ទុកជា​តំបន់ដែលមាន​សក្ដានុពលខ្ពស់ ហើយតម្លៃដីធ្លី​ជាមធ្យមក៏ខ្ពស់ជាង​គេក្នុង​ចំណោម​បណ្ដា​ខណ្ឌទាំង​១៤​ ក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះ នៅទីតាំងខ្លះ​មានតម្លៃរហូតដល់​ជាង​១ម៉ឺនដុល្លារ​អាម៉េរិកក្នុងមួយម៉ែត្រ​ការ៉េ ប៉ុន្តែក៏មានដីនៅទីតាំងខ្លះទៀតមានតម្លៃទាបត្រឹមតែជាង ​១ពាន់ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃទាំងនេះដូចគ្នាទៅនឹងឆ្នាំ២០២៥។​

Advertisement

យោងតាមការ​វាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA បានបង្ហាញថា​ ទីតាំងដែលមានតម្លៃខ្ពស់ក្នុងខណ្ឌដូនពេញ​ មានមិនច្រើននោះទេ​ ពោលរួមមាននៅសង្កាត់​ផ្សារ​ថ្មីទី១ ទី២ ​និងទី៣ មានតម្លៃដីខ្ពស់​ជាងគេ ដោយទីតាំង​ដីនៅតាមបណ្ដោយផ្លូវធំៗ អាច​មានតម្លៃចម្លោះពី ៤​​ ៣០០ដុល្លារ ដល់ ​១០ ៤០០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ ហើយផ្លូវ​តូចៗ មានតម្លៃចន្លោះពី ២ ២០០​ដុល្លារដល់ ៣ ៧០០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ​ ។ ​ដីនៅក្នុង​សង្កាត់ផ្សារកណ្ដាលទី១ និងទី២ តាមបណ្ដោយផ្លូវធំៗ មានតម្លៃចន្លោះពី ៤ ៣០០ដុល្លារ ​ដល់ ៩ ៦០០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ និង​ដីដែលស្ថិតនៅតាមផ្លូវ​ក្នុង ឬផ្លូវតូច​ៗ មានតម្លៃចន្លោះពី ​២ ២០០ដុល្លារដល់ ៣ ៧០០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ ។

ដោយឡែកនៅសង្កាត់ចតុមុខ សមាគម​ CVEA បាន​បង្ហាញ​ក៏បានឱ្យឃើញថា ដីនៅតាមផ្លូវធំៗ​មានតម្លៃ​​ចន្លោះពី ៤ ១០០ដុល្លារ​ដល់ ៧ ៣០០ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រការ៉េ និងតាមផ្លូវតូចៗ​មានតម្លៃច​ន្លោះ​ពី ​២ ១០០ដុល្លារដល់ ៣ ៩០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រ​ការ៉េ ។ ​ចំណែកក្នុង​សង្កាត់ជ័យ​ជម្នះ​ ឃើញថាតម្លៃដីនៅជាប់​ផ្លូវធំៗ មានតម្លៃចន្លោះពី​៤ ០០០ដុល្លារ ដល់ ៦ ៥០០ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រ​ការ៉េ និងចន្លោះពី ២ ១០០ដុល្លារដល់ ៣ ៩០០ដុល្លារ​អាម៉េរិកក្នុងមួយម៉ែត្រការ៉េ សម្រាប់ទីតាំង​ដីដែលស្ថិតជាប់​ផ្លូវតូចៗ ។

សម្រាប់​ដីនៅ​សង្កាត់បឹងរាំង ​មានតម្លៃចន្លោះពី ៤ ១០​០​ ដល់ ៦​​ ០០០ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រការ៉េ សម្រាប់ទីតាំង​ស្ថិតនៅ​ជាប់ផ្លូវ​ធំ និង​តម្លៃចន្លោះពី ២ ៣០០ដុល្លារ​ ដល់ ៣ ៩០០ដុល្លារ​ សម្រាប់ទីតាំង​ស្ថិតនៅជាប់ផ្លូវតូចៗ ឬផ្លូវ​ខាង​ក្នុង​។ រីឯសង្កាត់​វត្ត​ភ្នំពេញ តម្លៃដី​តាមផ្លូវ​ធំ ស្ថិតនៅចន្លោះ​ ៣ ៤០០ដុល្លារ​ ដល់​ ៤៨០០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ និង​តម្លៃចន្លោះពី ២ ០០០ដុល្លារ ​ដល់ ៣​ ៦០០ដុល្លារ​សម្រាប់ទីតាំង​ស្ថិតនៅជាប់​ផ្លូវ​តូច​ៗ ឬផ្លូវ​ខាង​ក្នុង ។ ចំណែក​ខណ្ឌស្រះចកដែលចាត់ទុកជាតំបន់ដែលមានតម្លៃទាបជាង​គេ​ក្នុង​ចំណោម​បណ្ដាសង្កាត់ក្នុង​ខណ្ឌដូនពេញ ដោយតម្លៃដីស្ថិតនៅចន្លោះពី ២៩០០ដុល្លារដល់ ៤៦០០ដុល្លារអាម់េរិក​ក្នុងមួយម៉ែត្រការ៉េ ចំពោះទីតាំង​ដែលស្ថិតនៅជាប់​ផ្លូវធំ និង​ចន្លោះពី ១ ៦០០ដុល្លារ​​ ដល់ ៣ ២០០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ​សម្រាប់ទីតាំង​ដីដែលស្ថិតនៅជាប់​ផ្លូវ​តូច​ៗ ។​

លោក​ ចេង វុទ្ធី ស្ថាបនិក​ និងជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ អចលនទ្រព្យ INVA Real Estate បានមានប្រសាសន៍ប្រាប់​បណ្ដាញ​ព័ត៌មាន ​AMS ឱ្យដឹងថា ខណ្ឌដូនពេញ ត្រូវ​បានចាត់ទុក​ជា​ខណ្ឌដែល​មានតម្លៃដីខ្ពស់ជាង​គេ​ក្នុង​ចំណោម​បណ្ដាខណ្ឌ​ក្នុង​រាជធានី ដោយសារតែ​តំបន់ភាគច្រើនក្នុង​ខណ្ឌមួយនេះ​​មានផ្លូវធំៗ ដូចជា​ ផ្លូវ​ព្រះមុនីវង្ស ផ្លូវ​ព្រះនរោត្តម ផ្លូវព្រះសីហនុ និង​ផ្លូវធំៗជាច្រើនទៀត ដូច្នេះ ដីដែលស្ថិតនៅតាមបណ្ដោយផ្លូវធំ គឺមានតម្លៃខ្ពស់ ជាពិសេស​តំបន់​ភាគច្រើនក្នុង​ខណ្ឌនេះមានសក្ដានុពលខ្ពស់​សម្រាប់​ការអភិវឌ្ឍ​ ។

លោកបន្តថា​ ការ​វាយតម្លៃដីធ្លី​ គឺផ្អែកទៅលើ​ការព្យាករ​ និង​វាយតម្លៃជាក់ស្ដែងពីអ្នកជំនាញ​ក្នុងវិស័យអចលនទ្រព្យ និងផ្អែកលើ​ទឡ្ហីករណ៍មួយចំនួន​ដែល​អ្នកជំនាញផ្នែកវាយតម្លៃមានក្នុងដៃ​​ ដោយមិនមាន​របាយការណ៍ណាមួយចេញពីក្រសួង ឬស្ថាប័នផ្លូវការ​នោះទេ​ ។ ដោយឡែក សម្រាប់​ទីផ្សារ​ដីធ្លីក្នុងឆ្នាំ២០២៦​នេះ គឺមិនខុស​នឹង​ឆ្នាំ២០២៥កន្លងទៅនោះទេ​ ពោលគឺ​មិនមានការ​ឡើង​ថ្លៃ ហើយក៏មិនចុះបន្ថែមទៀត​នោះដែរ ជាក់ស្ដែង​ដីនៅតំបន់ខ្លះ​ វា​បានចុះដល់​កម្រិតទាបរួចទៅហើយ លើកលែងតែអ្នកលក់ត្រូវការបន្ទាន់ដែលអាចលក់តម្លៃក្រោមទីផ្សារ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា