គោលនយោបាយលើកទឹកចិត្តវិស័យអចលនទ្រព្យកំពុងបង្កើនការលក់លំនៅដ្ឋានថ្មីក្នុងក្រុងប៉េកាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គោលនយោបាយលើកទឹកចិត្តវិស័យអចលនទ្រព្យកំពុងបង្កើនការលក់លំនៅដ្ឋានថ្មីក្នុងក្រុងប៉េកាំង

គោលនយោបាយលើកទឹកចិត្តវិស័យអចលនទ្រព្យកំពុងបង្កើនការលក់លំនៅដ្ឋានថ្មីក្នុងក្រុងប៉េកាំង

ប៉េកាំង ៖ ទីផ្សារលំនៅដ្ឋានថ្មីៗក្នុងទីក្រុងប៉េកាំង បានស្ទុះងើបឡើងយ៉ាងខ្លាំង ទាំងចំនួនអតិថិជនមកទស្សនាផ្ទះដោយផ្ទាល់ និងប្រតិបត្តិការទិញ-លក់ ពោលគឺមានសកម្មភាពមមាញឹកគួរឱ្យកត់សម្គាល់ បន្ទាប់ពីអាជ្ញាធរបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញតម្រូវការទិញផ្ទះ សំដៅទីផ្សារក្នុងរដ្ឋធានីផ្ទាល់តែម្តង។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយកាសែត Novinata បានសរសេរថា ការងើបឡើងវិញនៃទីផ្សារនេះ ជាផ្លែផ្កានៃការសម្រេចចិត្តកាលពីខែសីហា ដោយអាជ្ញាធរក្រុងប៉េកាំង ដែលបានបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ជាពិសេស ការតម្លើងកម្រិតទំហំប្រាក់កម្ចីសម្រាប់អ្នកទិញ។ ការកែសម្រួលគោលនយោបាយទាំងនេះ មានគោលបំណងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់អ្នកទិញ និងជំរុញសកម្មភាពទិញលក់មុនពេលរដូវកាលលក់អចលនទ្រព្យនៅរដូវស្លឹកឈើជ្រុះចូលមកដល់។

ជាលទ្ធផលដែលបានមកពីវិធានការទាំងនេះ គេបានមើលឃើញថា គម្រោងអភិវឌ្ឍន៍នានានៅទូទាំងទីក្រុង ជាពិសេស នៅមជ្ឈមណ្ឌលលក់ផ្ទះមួយកន្លែងស្ថិតក្នុងខណ្ឌ Shijingshan ភាគខាងលិចទីក្រុងប៉េកាំង ពោរពេញទៅដោយអតិថិជនដែលមកមើលផ្ទះគំរូចាប់ពីទំហំ ៧០ ម៉ែត្រការ៉េឡើងទៅ ជាមួយនឹងបន្ទប់គេង២ រហូតដល់ ១៣០ ម៉ែត្រការ៉េ ដែលមានបន្ទប់គេង៤។ គម្រោងនេះបានកត់ត្រាចំនួនអតិថិជនមកទស្សនាយ៉ាងតិច ៣០ ក្រុមក្នុងមួយម៉ោង នៅអំឡុងថ្ងៃឈប់សម្រាកបុណ្យជាតិ ដែលជាចំនួនកើនឡើងទ្វេដងធៀបនឹងថ្ងៃធម្មតា។

តំណាងផ្នែកលក់បានឱ្យដឹងថា មានការចុះកិច្ចព្រមព្រៀងបង្ហាញបំណងទិញប្រមាណ ៤០ ច្បាប់ ក្នុងមួយថ្ងៃ នាអំឡុងពេលសម្រាក ៧ ថ្ងៃនេះ។ គម្រោងនេះបានបើកលក់ជាផ្លូវការកាលពីថ្ងៃទី ២២ ខែកញ្ញា ជាមួយផ្ទះជិត ៨០០ ខ្នង ហើយរហូតមកទល់ពេលនេះ
មានការចុះកិច្ចសន្យាទិញលក់តាមប្រព័ន្ធអនឡាញផ្លូវការលើសពី ៥០០ ខ្នងផងដែរ។ ប្រភពដដែលបានឱ្យដឹងថា ការផ្គត់ផ្គង់លំនៅដ្ឋានពាណិជ្ជកម្មថ្មីសរុបក្នុងទីក្រុងបានកើនដល់ ៥៣៥០ ខ្នង ក្នុងខែកញ្ញា កើនឡើង ៥៣.៣៤ភាគរយ បើប្រៀបធៀបនឹងខែមុន។

អ្នកជំនាញក្នុងវិស័យនេះកត់សម្គាល់ថា ក្រុមហ៊ុនអភិវឌ្ឍន៍បានរៀបចំពេលវេលាយ៉ាងសមស្របក្នុងការបើកលក់គម្រោងមានគុណភាពខ្ពស់ ដើម្បីទាញយកប្រយោជន៍ពីការផ្លាស់ប្តូរគោលនយោបាយនេះ។ ដោយឡែក ភ្នាក់ងារអចលនទ្រព្យនៅតាមគម្រោងជាច្រើនបានរាយការណ៍ថា ពេលវេលាសម្រាប់ការមើលផ្ទះលើកដំបូងរហូតដល់ការសម្រេចចិត្តចុះកិច្ចសន្យាទិញ បានថយចុះយ៉ាងខ្លាំងដែលវាជាសញ្ញាបង្ហាញពីទំនុកចិត្តឡើងវិញរបស់អ្នកទិញ និងសាច់ប្រាក់ងាយស្រួលនៅក្នុងទីផ្សារ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា