បុរី​ ​៥៦​៥​ ​គម្រោង​រំពឹង​សាងសង់​រួច​នៅ​ចុង​ឆ្នាំ​​២០​២៦ ​ខណៈ​លំនៅឋាន​តម្លៃ​សមរម្យ​នៅតែ​មាន​តម្រូវការ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បុរី​ ​៥៦​៥​ ​គម្រោង​រំពឹង​សាងសង់​រួច​នៅ​ចុង​ឆ្នាំ​​២០​២៦ ​ខណៈ​លំនៅឋាន​តម្លៃ​សមរម្យ​នៅតែ​មាន​តម្រូវការ​

បុរី​ ​៥៦​៥​ ​គម្រោង​រំពឹង​សាងសង់​រួច​នៅ​ចុង​ឆ្នាំ​​២០​២៦ ​ខណៈ​លំនៅឋាន​តម្លៃ​សមរម្យ​នៅតែ​មាន​តម្រូវការ​

​ភ្នំពេញ​៖​ ​គម្រោង​អចលន​ទ្រព្យ​ប្រភេទ​បុរី​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ដល់​ ៥​៦៥​ ​គម្រោង​ដែល​បាន​សាងសង់​រួច ​ស្មើនឹង​ ១៨៤​,​២៤៣ ​ខ្នង​ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​ ​២០២៦ ​ខណៈ​លំនៅឋាន​ដែល​មាន​តម្លៃ​ក្រោម​ ​១០០​,​០០០ ​ដុល្លារ ​នៅតែ​មាន​តម្រូវការ​ខ្លាំង​ពី​អ្នក​ទិញ​។

​លោក​ ​ជា ​គឹម​ស៊ា នាយករង​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​ ​និង​ប្រឹក្សា​យោបល់​របស់​ក្រុមហ៊ុន​ ​APS ​Cambodia ​បាន​ប្រាប់​ AMS នារសៀល​ថ្ងៃ​ទី​២១​ ​ខែ​កញ្ញា​ ​ថា​ ​វិស័យ​អភិវឌ្ឍន៍​អចលន​ទ្រព្យ​នៅ​កម្ពុជា​នៅតែ​បន្ត​មាន​ការ​អភិវឌ្ឍ​ ​ហើយ​ចំនួន​គម្រោង​បុរី​ដែល​បាន​សាងសង់​រួច​ត្រូវ​បាន​រំពឹង​ថា​នឹង​ឈាន​ដល់​ ៥​៦៥​ ​គម្រោង​នៅ​ចុង​ឆ្នាំ​នេះ​។

​លោក​បាន​ឱ្យ​ដឹង​ថា​ ​គិត​ត្រឹមត្រីមាស​ទី​៣ ​ឆ្នាំ​២០២៦ ​APS ​Cambodia ​បាន​កត់សម្គាល់​ឃើញ​គម្រោង​បុរី​ចំនួន​ ២៤ ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​។ ​ក្នុង​ចំណោម​នេះ​ មាន​ ១១ ​គម្រោង​ជា​ប្រភេទ​កម្រិត​មធ្យម​ ៩​ ​គម្រោង​ជា​ប្រភេទ​កម្រិត​ខ្ពស់​ ​និង​ ៤​ ​គម្រោង​ជា​លំនៅឋាន​តម្លៃ​សមរម្យ​។

​លោក​ ​ជា​ ​គឹម​ស៊ា ​បាន​ថ្លែង​ថា​៖​ ​«​ក្នុង​ចំណោម​គម្រោង​ទាំង​២៤ ​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​នោះ​ ​១១ ​គឺជា​គម្រោង​កម្រិត​មធ្យម​ ៩​ ​គឺជា​គម្រោង​កម្រិត​ខ្ពស់​ ​ដែល​ភាគ​ច្រើន​ស្ថិត​នៅក្នុង​ខណ្ឌ​មាន​ជ័យ​ ​និង​ខណ្ឌ​ដង្កោ​។ ​ហើយ​ ៤​ ​គម្រោង​ទៀត​ ​គឺជា​គម្រោង​ដែល​មាន​តម្លៃ​សមរម្យ​ ​ហើយ​ស្ថិត​នៅ​តំបន់​ភាគ​ខាង​ត្បូង​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ ​គឺ​តំបន់​ស្រុក​កណ្តាល​ស្ទឹង​ ​និង​ក្រុង​តា​ខ្មៅ​»​។

​លោក​ ​ជា​ ​គឹម​ស៊ា ​បាន​ឱ្យ​ដឹង​ថា​ ​APS ​Cambodia ​មើល​ឃើញ​ថា​ ​គម្រោង​បុរី​តម្លៃ​សមរម្យ​ ​និង​កម្រិត​មធ្យម ​នៅតែ​តំណាង​ឱ្យ​ទីផ្សារ​ដែល​មាន​វិសាលភាព​ធំទូលាយ ​ខណៈ​អចលន​ទ្រព្យ​កម្រិត​ខ្ពស់​បម្រើ​ដល់​ក្រុម​អ្នក​ទិញ​ដែល​មាន​ចំនួន​តិច​ជាង​។

​លោក​បាន​បន្ថែម​ថា​ ​សកម្មភាព​លក់​អចលន​ទ្រព្យ​កម្រិត​ខ្ពស់​ ​អាច​មិន​ឆ្លុះបញ្ចាំង​ទាំងស្រុង​ពី​ស្ថានភាព​ទូទៅ​នៃ​ទីផ្សារ​លំនៅឋាន​នោះ​ទេ​ ​ដោយសារ​តម្រូវការ​របស់​ក្រុម​អ្នក​ទិញ​មាន​ភាព​ខុសគ្នា​តាម​កម្រិត​តម្លៃ​។

​លោក​ ​ជា ​គឹម​ស៊ា ​បាន​ថ្លែង​ថា​៖​ «​ជា​ទូទៅ​ អចលន​ទ្រព្យ​ដែល​មាន​តម្លៃ​សមរម្យ​នៅតែ​មាន​អត្រា​លក់​ចេញ​បាន​លឿន​ជាង​អចលន​ទ្រព្យ​កម្រិត​មធ្យម ​និង​កម្រិត​ខ្ពស់​ ​ដោយសារ​វា​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ក្រុម​អ្នក​ទិញ​ដែល​មាន​ចំនួន​ច្រើន​ជាង​ ​ដែល​រួមមាន​ទាំង​អ្នក​ទិញ​ដើម្បី​ស្នាក់នៅ​ផ្ទាល់ ​និង​អ្នក​ដែល​មាន​លទ្ធភាព​ហិរញ្ញវត្ថុ​ក្នុង​កម្រិត​កំណត់​»​។

​ជាមួយនឹង​ស្ថានភាព​លក់​យឺត ​អ្នក​អភិវឌ្ឍន៍​បាន​បង្កើន​ការ​ផ្តល់​ជូន​បញ្ចុះ​តម្លៃ​ ​និង​កម្មវិធី​ផ្សព្វផ្សាយ ​ដើម្បី​ជំរុញ​ការ​លក់​។ ​លោក​ ​ជា​ ​គឹម​ស៊ា ​បាន​កត់សម្គាល់​ថា​ ការ​បញ្ចុះ​តម្លៃ​សម្រាប់​អចលន​ទ្រព្យ​ប្រភេទ​ផ្ទះ ​ត្រូវ​បាន​ឃើញ​មាន​ជា​ទូទៅ​ប្រមាណ​ ​១០​ ​ភាគរយ​ ​ប៉ុន្តែ​កម្រិត​ជាក់ស្តែង​អាច​ប្រែប្រួល​តាម​គម្រោង​ ​និង​លក្ខខណ្ឌ​នៃ​ការ​ទូទាត់​។

​លោក​ក៏​បាន​បញ្ជាក់​ថា​ ​អ្នក​អភិវឌ្ឍន៍​កាន់តែ​មាន​ភាព​ច្នៃប្រឌិត​ក្នុង​ការ​រៀបចំ​កញ្ចប់​កម្មវិធី​ផ្សព្វផ្សាយ​លក់ ​ដើម្បី​ទាក់ទាញ​អ្នក​ទិញ​ក្នុង​ទីផ្សារ​ដែល​កំពុង​ប្រឈម​ការ​លំបាក​។​

​ទោះជា​យ៉ាងណា ​លោក​ ​ជា ​គឹម​ស៊ា ​បាន​សង្កត់ធ្ងន់​ថា​ ​ការ​បញ្ចុះ​តម្លៃ​តែ​មួយ​មុខ​មិន​មែន​ជា​កត្តា​សំខាន់​បំផុត​សម្រាប់​ជំរុញ​ការ​លក់​លំនៅឋាន​តម្លៃ​សមរម្យ​ ​និង​កម្រិត​មធ្យម​នោះ​ទេ​។ ​លក្ខខណ្ឌ​បង់ប្រាក់​ដែល​មាន​ភាព​បត់បែន ​និង​ទាក់ទាញ​ ​ហើយ​ស្រប​ទៅនឹង​លទ្ធភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ទិញ​ ​មាន​សារៈសំខាន់​ជាង​ក្នុង​ការ​ជំរុញ​ការ​សម្រេចចិត្ត​ទិញ​។

​លោក​ ប៉ូ ​អ៊ាវ​គង់​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Advance ​Real ​Estate ​Co Ltd ​បាន​ឱ្យ​ដឹង​ថា​ ទីផ្សារ​បុរី​កំពុង​មាន​ការ​ផ្លាស់ប្តូរ​ ​ប៉ុន្តែ​ក៏​នៅ​មាន​ភាព​ជាប់គាំង​មួយ​ចំនួន​ ​ដោយ​ការ​លក់​គម្រោង​ដំណើរការ​យឺត​។​ ​ស្ថានភាព​នេះ​បាន​ធ្វើឱ្យ​យុទ្ធសាស្ត្រ​បញ្ចុះ​តម្លៃ​ក្លាយជា​វិធីសាស្ត្រ​មួយ​ដែល​អ្នក​អភិវឌ្ឍន៍​ត្រូវ​អនុវត្ត​នៅក្នុង​ទីផ្សារ​បច្ចុប្បន្ន​។

​លោក​បាន​បែងចែក​ទីផ្សារ​បុរី​ជា​បី​កម្រិត​តាម​តម្លៃ​។ អចលន​ទ្រព្យ​ដែល​មាន​តម្លៃ​ក្រោម​ ​១០០​,​០០០ ​ដុល្លារ ​ជា​ទូទៅ​ត្រូវ​បាន​ចាត់ទុកជា​លំនៅឋាន​តម្លៃ​សមរម្យ​ ​ខណៈ​អចលន​ទ្រព្យ​ដែល​មាន​តម្លៃ​ចន្លោះ​ពី​ ​១០០​,​០០០ ​ដុល្លារ ​ដល់​ ៣០០​,​០០០ ​ដុល្លារ ​ស្ថិត​ក្នុង​កម្រិត​មធ្យម​។ ​ចំណែក​អចលន​ទ្រព្យ​ដែល​មាន​តម្លៃ​ចាប់​ពី​ ​៣០០​,​០០០ ​ដុល្លារ​ឡើង​ទៅ​ ​រហូតដល់​រាប់​លាន​ដុល្លារ ​ស្ថិត​ក្នុង​ទីផ្សារ​កម្រិត​ខ្ពស់​។

​លោក​ ប៉ូ ​អ៊ាវ​គង់ ​បាន​ថ្លែង​ថា​៖​ «​ប្រសិនបើ​យើង​បែងចែក​តាម​កម្រិត​តម្លៃ​ទាំងនេះ​ ​យើង​ឃើញ​ថា​អចលន​ទ្រព្យ​ដែល​មាន​តម្លៃ​ក្រោម​ ​១០០​,​០០០ ​ដុល្លារ ​នៅតែ​មាន​តម្រូវការ​ខ្លាំង​នៅក្នុង​ទីផ្សារ​»​។

​យ៉ាងណា​ក៏ដោយ​ ​លោក​បាន​លើកឡើង​ថា​ ​លក្ខណៈ​នៃ​គម្រោង​ដែល​ទីផ្សារ​ត្រូវការ​នៅ​មិន​ទាន់​ឆ្លើយតប​ទាំងស្រុង​ទៅ​នឹង​អ្វី​ដែល​អ្នក​អភិវឌ្ឍន៍​កំពុង​ផ្តល់​ជូន​នៅឡើយ​ទេ​។ ​លោក​បញ្ជាក់​ថា​ ​លំនៅឋាន​តម្លៃ​សមរម្យ​ក្រោម​ ​១០០​,​០០០ ​ដុល្លារ​ ​តម្រូវ​ឱ្យ​មាន​ការ​គ្រប់គ្រង​ចំណាយ​សាងសង់​ក្នុង​កម្រិត​ទាប​បំផុត​។

​លោក​ ប៉ូ ​អ៊ាវ​គង់ ​បាន​ឱ្យ​ដឹង​ថា​ ទីផ្សារ​បុរី​នៅតែ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ ​ដោយ​អ្នក​អភិវឌ្ឍន៍​មួយចំនួន​ជួប​ការ​លំបាក​ក្នុង​ការ​លក់​គម្រោង​របស់​ខ្លួន​។ ​លោក​បាន​លើកឡើង​ថា​ ​កម្ពុជា​កំពុង​ទទួល​រង​សម្ពាធ​ពី​កត្តា​ខាង​ក្នុង​ ​និង​ខាង​ក្រៅ ​ដែល​បាន​ធ្វើឱ្យ​ការ​ចំណាយ​របស់​ប្រជាជន​មាន​ការ​ផ្លាស់ប្តូរ​។

​លោក​បាន​ពន្យល់​ថា​ ​ការ​ថយចុះ​នៃ​ប្រាក់​សន្សំ​បាន​ធ្វើឱ្យ​មនុស្ស​មួយចំនួន​ផ្អាក​គម្រោង​ទិញ​អចលន​ទ្រព្យ​របស់​ខ្លួន​។​ ​ទោះ​យ៉ាងណា ​លោក​នៅតែ​មើល​ឃើញ​ឱកាស​សម្រាប់​អ្នក​ដែល​មាន​បំណង​ទិញ​ផ្ទះ ​ដោយសារ​មាន​ការ​ផ្តល់​ជូន​ពិសេស ​និង​ការ​បញ្ចុះ​តម្លៃ​ពី​អ្នក​អភិវឌ្ឍន៍​។

​លោក​ ប៉ូ ​អ៊ាវ​គង់ ​ក៏​បាន​បញ្ជាក់​ថា​ ​ប្រសិនបើ​តម្លៃ​ដី​ ​ថ្លៃ​ពលកម្ម ​និង​តម្លៃ​សម្ភារ​សំណង់​មាន​ការ​ថយចុះ​ ​នោះ​នឹង​ជួយ​កែលម្អ​លក្ខខណ្ឌ​សម្រាប់​ការ​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​ ​និង​សម្រួល​ដល់​អ្នក​អភិវឌ្ឍន៍​ក្នុង​ការ​ជំរុញ​ទីផ្សារ​ប្រភេទ​នេះ​។

​លោក​ ​ហុង វណ្ណៈ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​បាន​ពន្យល់​ថា​ ​វិស័យ​អចលន​ទ្រព្យ​ជា​វិស័យ​មួយ​ដែល​ពឹងផ្អែក​លើ​វិស័យ​ជា​ច្រើន​ទៀត​ ​ដែល​រួមគ្នា​បង្កើត​កម្លាំង​ទិញ​ ​ដើម្បីឱ្យ​ប្រតិបត្តិការ​ទីផ្សារ​អាច​ដំណើរការ​។

​លោក​បាន​បញ្ជាក់​ថា​ ទីផ្សារ​បុរី​ ​និង​អចលន​ទ្រព្យ​អាស្រ័យ​លើ​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ទាំងមូល​របស់​ប្រទេស​ ​តំបន់ ​និង​ពិភពលោក​។ ​នៅពេល​ស្ថានភាព​សេដ្ឋកិច្ច​មាន​ការ​ផ្លាស់ប្តូរ​ ​តម្លៃ​អចលន​ទ្រព្យ​ក៏​អាច​ប្រែប្រួល​ទៅ​តាម​ស្ថានភាព​ទាំងនោះ​។

​លោក​ ​ហុង វណ្ណៈ ​ក៏​បាន​លើកឡើង​ថា​ ​ការ​លក់​ ​និង​ការ​បញ្ចុះ​តម្លៃ​អចលន​ទ្រព្យ​អាស្រ័យ​លើ​ទីតាំង ​លក្ខណៈ​ភូមិសាស្ត្រ​ ​និង​តម្លៃ​ទីផ្សារ​ដែល​ម្ចាស់​គម្រោង​កំណត់ ​ដោយ​ផ្អែក​លើ​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​ ​និង​សកលលោក​។

​លោក​បាន​បន្ថែម​ថា​ ​ក្នុង​ដំណាក់កាល​ទិញ​លក់​បច្ចុប្បន្ន​ អតិថិជន​មិន​មាន​ភាព​ច្របូកច្របល់​ខ្លាំង​នោះ​ទេ ​ដោយ​អ្នក​អភិវឌ្ឍន៍​បុរី​បាន​ផ្តល់​ជូន​ជម្រើស​ផ្សេង​ៗ រួម​មាន​ការ​បញ្ចុះ​តម្លៃ​ ​កម្មវិធី​ពិសេស ​និង​ការ​ផ្តល់​ជូន​មួយចំនួន​ដែល​អាច​ចរចា​បាន​។

តាម​ទិន្នន័យ​របស់​ APS ​Cambodia ​ចំនួន​គម្រោង​បុរី​ដែល​បាន​សាងសង់​រួច​ត្រូវ​បាន​រំពឹង​ថា​នឹង​ឈាន​ដល់​ ​៥​៦៥​ ​គម្រោង​ ​ស្មើនឹង​ ​១៨៤​,​២៤៣ ​ខ្នង​ ​នៅ​ត្រឹម​ចុង​ឆ្នាំ​២០២៦ ​ដោយ​លំនៅឋាន​តម្លៃ​សមរម្យ​ ​និង​កម្រិត​មធ្យម​នៅតែ​ជា​ផ្នែក​សំខាន់​នៃ​ទីផ្សារ​សម្រាប់​អ្នក​ទិញ​ផ្ទះ​នៅ​កម្ពុជា​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា