កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគបង្កើត​តំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ​មានទុនសរុប​ជាង​ ៨៣០លានដុល្លារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគបង្កើត​តំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ​មានទុនសរុប​ជាង​ ៨៣០លានដុល្លារ​

កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគបង្កើត​តំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ​មានទុនសរុប​ជាង​ ៨៣០លានដុល្លារ​

ភ្នំពេញ ៖ គិត​ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា​ ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់​មានគម្រោងវិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៧ ត្រូវ​បានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ចេញវិញ្ញា​បន​បត្រ​ចុះបញ្ជីវិនិយោគជាផ្លូវការ ដោយមានដើមទុនវិនិយោគសរុបប្រមាណជាង​ ៨៣៧លានដុល្លារអាម៉េរិក ។ នេះបើយោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។​

យោងតាម​របាយការណ៍បានបង្ហាញថា តំបន់​សេដ្ឋកិច្ចពិសេស​ទាំង​៧​ ដែលបានអនុម័តចុះ​បញ្ជី​វិនិយោគ​ជាផ្លូវ​ការនេះមានទីតាំងនៅ​រាជធានីភ្នំពេញ​ចំនួន ២តំបន់ នៅខេត្តកំពង់ស្ពឺ ចំនួន ៣តំបន់ និង​នៅ​ខេត្តកំពត​ចំនួន ២តំបន់ ដោយអាច​បង្កើតការងារ​បាន​ចំនួន ៤​២០៣កន្លែង ដល់ប្រជាពលរដ្ឋ​​នៅដំណាក់​កាល​​ដំបូង​ ហើយអាច​នឹង​បង្កើនការងារជាច្រើន​ទៀត​ក្រោយពេល​តំបន់សេដ្ឋកិច្ចទាំង​នោះដំណើរការ​ពេញលេញ។

តាមការសិក្សា​របស់​ក្រុមហ៊ុនអចលនទ្រព្យ APS បានបង្ហាញឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ តំបន់​សេដ្ឋកិច្ចពិសេស​នៅក្នុងប្រទេសកម្ពុជា​បានរីកសាយ​ទៅកាន់​តាមបណ្ដាខេត្តសក្ដានុពលជាច្រើន ដូចជា ខេត្ត​តំបន់​សមុទ្រ រួមមាន ខេត្ត​ព្រះសីហនុ កោះកុង និងកំពត ហើយក្រៅពីនេះនៅមាន រាជធានីភ្នំពេញ ខេត្ត​ស្វាយរៀង​ ខេត្ត​បន្ទាយមានជ័យ​ ខេត្តក្រចេះ ខេត្តតាកែវ ជាដើម ។​ តាមរយៈតំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​នៅរាជធានីភ្នំពេញ និង​តាមបណ្ដាខេត្ត​បានទាក់ទាញគម្រោ​ងវិនិយោគជាច្រើន​ចូលមក​បណ្ដាក់ទុន ព្រោះ​ការ​វិនិយោគ​នៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស មានភាពងាយស្រួល មិនសូវមាននីតិវិធី​ស្មុគស្មាញដែលធ្វើឱ្យវិនិយោគិនចំណេញពេលវេលា​ និងអាច​ដំណើរការ​វិនិយោគរបស់ខ្លួន​បានលឿន​ ។

អ្នកនាង គឹម គិនកេសា នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារអចលនទ្រព្យ​អន្តរជាតិប្រចាំកម្ពុជា APS បានឱ្យដឹងថា វិនិយោគិន​ដែល​មានបំណង​វិនិយោគនៅកម្ពុជា ​ជាពិសេស​ក្នុងវិស័យឧស្សាហកម្ម​​ ពួកគេមានជម្រើស​ក្នុងការជ្រើសរើស​យកទីតាំង​នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ឬក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ ។​ សម្រាប់​ការ​វិនិយោគ​នៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស ធ្វើឱ្យវិនិយោគិនមានភាពងាយស្រួល មិនស្មុគស្មាញ​ច្រើន ព្រោះតាមតំបន់សេដ្ឋកិច្ចពិសេស​នីមួយៗមានហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច ងាយស្រួលប្រតិបត្តិការ និងដឹកជញ្ជូន ។

លោក ​ចេង វុទ្ធី អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ​ INVA Realty ក៏បានឱ្យដឹងដែរថា ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាការ​វិនិយោគដែលមានសុវត្ថិភាពជាង​នៅក្រៅតំបន់ ពីព្រោះក្នុងតំបន់​សេដ្ឋកិច្ចពិសេស​នីមួយៗមានការ​យាមកាម​ត្រឹមត្រូវពីក្រុមសន្តិសុខ​របស់តំបន់ ការ​ចេញ​ចូល​ត្រូវមានការអនុញ្ញាត​ ដូចដែល​បានដឹងថា ឧបករណ៍​ក្នុងរោងចក្ រ​សហគ្រាស​នីមួយ​ៗ មានតម្លៃមិនទាបនោះទេ​ ដូច្នេះហើយ ទើបមួយរយៈចុងក្រោយនេះ មាន​ក្រុមហ៊ុនសហគ្រាស​ជាច្រើន​ស្វែងរក​ទីតាំង​វិនិយោគ​ក្នុងតំបន់សេដ្ឋកិច្ចពិសេស ហើយក៏ធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេស​នៅកម្ពុជាកាន់តែ​កើនឡើងជាបន្តបន្ទាប់ ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេស​នៅកម្ពុជាសរុប​មានចំនួន ៦៥ តំបន់​ ក្នុងនោះ​ ៣៩​ តំបន់​ មានសកម្មភាព។ ក្នុងចំណោម​តំបន់​សេដ្ឋកិច្ចពិសេស​ទាំង​៣៩តំបន់​នេះ បានទាក់ទាញគម្រោង​វិនិយោគ​សរុប​បានចំនួន ១ ១២២ គម្រោង ជាមួយទំហំទឹកប្រាក់សរុប​ប្រមាណ ១៤,៥៩​ពាន់លានដុល្លារអាម៉េរិក ដោយ​បានបង្កើតការងារ​សរុប​​ប្រមាណ  ២៦ម៉ឺននាក់ ។​

តាមរបាយការណ៍ដដែលនេះ ក៏បានបង្ហាញឱ្យឃើញថា ការ​ផលិត​ទំនិញនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស បានរួម​ចំណែក​ដល់ការនាំចេញរបស់​កម្ពុជា​បានមួយចំនួនធំ ជាក់ស្ដែង​ ក្នុងរយៈពេល​៧ខែ​ ឆ្នាំ២០២៦នេះ ការ​នាំចេញទំនិញពីតំបន់​សេដ្ឋកិច្ចពិសេស​​មានទឹកប្រាក់​សរុប​ប្រមាណ ៦,២២ពាន់​លានដុល្លារអាម៉េរិក ខណៈដែលរាជរដ្ឋាភិបាល​កម្ពុជា កំពុងបន្តជំរុញឱ្យ​មានការ​បង្កើត​តំបន់សេដ្ឋកិច្ច​ដោយផ្ដោតលើ​ប្រទេស​មួយ​ៗ ឧទាហរណ៍ថា តំបន់សេដ្ឋកិច្ច​ចិន ​សម្រាប់ទាក់ទាញវិនិយោគិន​ចិន, តំបន់សេដ្ឋកិច្ចពិសេស​ជប៉ុន​សម្រាប់ទាក់ទាញវិនិយោគិន​ជប៉ុន​ជាដើម ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា