ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ភ្នំពេញ ៖ អគារ​ការិយាល័យ​នៅក្នុងរាជធានីភ្នំពេញប្រមាណជា ៣៦ភាគរយ នៅទំនេរ​ និងកំពុងត្រូវការអតិថិជន​ដើម្បីមកជួល ខណៈអ្នកជំនាញវិស័យ​អចលនទ្រព្យ​​នៅកម្ពុជា​បាន​លើកឡើងថា ទីផ្សារមួយនេះ នៅតែពឹង​ផ្អែក​លើវិនិយោគិន​បរទេស ក្នុងពេលវិនិយោគិន​ និងធុរជន​ក្នុងស្រុក​មានអត្រា​តិចតួច​ដែល​ប្រើប្រាស់ការិយាល័យ​ស្តង់ដារ​នៅតាមអគារ​នានា ។

Advertisement

កញ្ញា សុខ ហេង​ពេជ្រ​មុន្នី ប្រធាន​ផ្នែក​សេវា​កម្មលក់រាយនៃ​ក្រុមហ៊ុនអចលនទ្រព្យ APS បានថ្លែង​ប្រាប់​បណ្ដាញព័ត៌មាន​ AMS ឱ្យដឹងថា រហូតមកដល់​បច្ចុប្បន្ន​នេះ អគារិយាល័យ​ស្តង់ដារ​នៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់​មិនទាន់អស់ទេ ដោយនៅមាន​ទំនេរ​ច្រើន ដោយសារតែ​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំមកនេះ ការ​វិនិយោគ​លើអគារ​ការិយាល័យក្នុងរាជធានីភ្នំពេញ​មានកំណើនឡើងខ្ពស់ ហើយ​តម្រូវការ​នៃការ​ប្រើប្រាស់​មានកំណើន​តិចតួច ។

កញ្ញា​បន្តថា វិនិយោគិន​ ឬធុរជនក្នុង​ស្រុកមួយចំនួន​ធំ​នៅបន្ត​ប្រើប្រាស់ផ្ទះល្វែង ផ្ទះវីឡា ឬផ្ទះពាណិជ្ជកម្ម​ធ្វើ​ជា​ការិយាល័យ​ក្រុមហ៊ុន​ ឬស្នាក់​ការ​របស់ខ្លួន​ ពីព្រោះ​ផ្ទះល្វែង ផ្ទះវីឡា ឬផ្ទះពាណិជ្ជកម្ម​ អាច​ឱ្យ​ពួកគេ​ប្រើប្រាស់ពហុមុខ​ងារ ដូចជា​ប្រើប្រាស់ជា​កន្លែង​សម្រាប់បុគ្គលិក​ស្នាក់នៅផង និងជាកន្លែង​បំពេញការងារផង ។ សម្រាប់ការិយាល័យស្តង់ដារ​ដូចជានៅតាមអគារ​ខ្ពស់ៗ​ក្នុងរាជធានីភ្នំពេញ មានការគ្រប់គ្រ​ងតឹង​រឹង​ពីម្ចាស់អគារ ដោយកំណត់​ម៉ោង​ចេញចូល និងកំណត់​ការ​ប្រើប្រាស់​ថាមពលជា​ដើម ខុសពីផ្ទះ​ល្វែង ផ្ទះវីឡា អាច​ចេញចូលម៉ោង​ណាក៏បាន មិនមានការរឹតបន្តឹងពីម្ចាស់ផ្ទះនោះទេ ។

កញ្ញា​បន្ថែមថា ៖

«បច្ចុប្បន្ន​​​ ការិយាល័យកម្រិត​ B និង C មានតម្រូវការ​ និងប្រើប្រាស់ច្រើនជាង​គេ ព្រោះវា​មានតម្លៃសមរ​ម្យ​ ខណៈការិយាល័យកម្រិត​ A មានតែក្រុមហ៊ុនធំៗ​មកពីក្រៅប្រទេស ឬក្រុមហ៊ុនក្នុងស្រុកធំៗ​ដែលមានចំនួនតិចតួចកំពុងប្រើប្រាស់»។

លោក ចេង វុទ្ធី អគ្គនាយក​ក្រុមហ៊ុនអចលនទ្រព្យ INVA Real Estate បានលើកឡើងថា អគារ​ការិយាល័យស្តង់ដារនៅកម្ពុជាដែលស្ថិតក្នុងអគារខ្ពស់ៗ ​តាំងពីមុន​រហូតមកដល់​បច្ចុប្បន្ននេះ នៅតែបន្តឹងពឹងលើបរទេស ព្រោះបរទេស​គេមានទម្លាប់​ប្រើប្រាស់អគារ​បែបនេះយូរមក​ហើយតាំងពីនៅប្រទេស​គេ​ម្ល៉េះ ។ ងាកមក​កម្ពុជា សហគ្រិន​ ឬអ្នកដែលទើប​ចាប់ផ្ដើមអាជីវកម្ម នៅតែបន្ត​ប្រើប្រាស់ការិយាល័យ​តាមផ្ទះល្វែង​ ផ្ទះវីឡា ដែលស្រដៀង​គ្នានឹងទម្លាប់​ការរស់នៅរបស់ពលរដ្ឋ​ខ្មែរ គឺ​ចូលចិត្ត​រស់នៅផ្ទះជាប់ដីជាង​រស់នៅក្នុងអគារ​សហកម្មសិទ្ធិ​ ឬខុនដូ ។

លោក​បន្ត​ថា ៖

«ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារវិនិយោគិន​លើ​សហគ្រាស​ធុនតូច និងមធ្យម​ មកពីខាងក្រៅប្រទេស​ ហាក់​នៅមានចំនួនតិច​តួច ដូច្នេះហើយទើប​មើលឃើញថា ការ​ប្រើប្រាស់ការិយាល័យស្តង់ដារ​នៅសល់​ទំនេរ​ច្រើន ដែលត្រូវ​ការ​ឱ្យម្ចាស់​​កែប្រែ​ការិយាល័យ​ទាំង​នោះ ដើម្បីប្រើប្រាស់ទីតាំង​នោះ​រក​ប្រភពចំណូល​បន្ថែម»។

យោងតាម​របាយការណ៍របស់​ក្រុមហ៊ុន​ APS បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ការផ្គត់ផ្គង់អគារិយាល័យនៅលើទីផ្សារ​ក្នុងរាជធានីភ្នំពេញ មានទំហំសរុប ​១,២លានម៉ែត្រ​ការ៉េ​ ដោយមានអ្នក​ប្រើប្រាស់​បច្ចុប្បន្ន​ត្រឹមតែ ៦៤ភាគរយ​ប៉ុណ្ណោះ ។​ តាមរបាយការណ៍ដដែលបានបង្ហាញថា តម្លៃនៃអគារការិយាល័យ​គិតជាមធ្យម​សម្រាប់​កម្រិត A ស្ថិតនៅចន្លោះ ២០ ទៅ ២៥ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រ​ការ៉េ, កម្រិត​ B មានតម្លៃចន្លោះពី ១៥ ទៅ ២០​ដុល្លារ​ក្នុងមួយម៉ែត្រ​ការ៉េ​ និង​កម្រិត C មានតម្លៃចន្លោះពី​ ១០​ ទៅ ​១៥ដុល្លារអាម៉េរិកក្នុង​ម៉ែត្រ​ការ៉េ​​ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា