ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ភ្នំពេញ ៖ ជាញឹកញយ គេតែងកត់សម្គាល់ឃើញ​មានករណីខុស​ឈ្មោះ ឬខុស​អក្ខរាវិរុទ្ធ​នៅលើ​​ប្លង់រឹងដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈ​មន្ទីររាជធានី ខេត្ត  ។ កំហុស​ទាំង​នេះ អាចកែតម្រូវ​បាន ហើយម្ចាស់កម្មសិទ្ធិ​ត្រូវតែរូតរះទៅកែតម្រូវ​ឱ្យបានឆាប់បំផុត ។

Advertisement

សូម​បញ្ជាក់ថា ក្នុង​ករណីខុសឈ្មោះ ឬក៏​កំហុស​អក្ខរាវិរុទ្ធណាមួយ​នៅលើ​ប្លង់​នោះ កម្មសិទ្ធិករ ឬក៏ម្ចាស់ប្លង់​រឹងនោះ ​មិនអាច​ផ្ទេរ​ ឬលក់​បន្តទៅ​អ្នកផ្សេងបាននោះទេ។ អ្វីដែលពិសេស សូម្បីតែយកប្លង់នោះ យកទៅដាក់​ជាទ្រព្យធានាដើម្បីយក​កម្ចីពីធនាគារប្រើប្រាស់ក៏ធនាគារ​មិនទទួល​ស្គាល់​ និងមិនផ្ដល់​ឥណទានឱ្យដែរ ដូច្នេះហើយ​ ចាំបាច់ត្រូវតែដាក់ពាក្យ​ស្នើ​សុំកែតម្រូវជា​បន្ទាន់ ។

ការ​កែតម្រូវ​ឈ្មោះលើប្លង់​រឹងនោះ ត្រូវ​មើល​ទៅលើអង្គហេតុ​ថា​តើ​ជា​កំហុស​របស់មន្ត្រី​ធ្វើ​ប្លង់​រឹង ឬក៏ជាកំហុសរបស់​ម្ចាស់កម្មសិទ្ធិ ។ កំហុស​ម្ចាស់កម្មសិទ្ធិ អាចជា​ឈ្មោះនៅលើ​សំបុត្រកំណើត ​និង​លើ​អត្តសញ្ញាណ​បណ្ណ​ខុស​គ្នា​ ហើយមន្ត្រីមិនបានពិនិត្យ​ក៏​យក​ឯកសារ​ណាមួយក្នុងចំណោម​ពីរនោះ​មកបញ្ចូលឈ្មោះ​ ។ កំហុស​នេះ គឺខាង​ម្ចាស់ដី ឬម្ចាស់ទ្រព្យជាអ្នកទទួលខុស​ត្រូ​វដោយខ្លួនឯង ហើយរាល់ការ​ចំណាយ​ត្រូវ​តែជាម្ចាស់កម្មសិទ្ធិជាអ្នកចំណាយ ។ ក្នុងករណីទាំង​សំបុត្រ​កំណើត និង​អត្តសញ្ញា​ណបណ្ណ​ដូច​គ្នាទាំងអស់ ប៉ុន្តែខាង​មន្ត្រីបញ្ចូលទិន្នន័យជាអ្នក​វាយបញ្ចូល​ឈ្មោះក្នុងប្រព័ន្ធ​ខុស ក្នុងករណីនេះម្ចាស់ទ្រព្យអាចដាក់ពាក្យស្នើសុំធ្វើការកែតម្រូវនៅមន្ទីររៀបចំដែន នគរូបនីយកម្ម សំណង់ និងសូរិយោដី ។

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​ ដែលដីនោះស្ថិតនៅ ។ ចំណែកឯកសារ​ដែលត្រូវ​ភ្ជាប់​ទៅជាមួយ មានប្លង់រឹង​ ច្បាប់​ដើម អត្តសញ្ញាណ​បណ្ណ​ ឬលិខិត​ឆ្លង​ដែន​ ថតចម្លង១សន្លឹក ត្រូវមានការ​បញ្ជាក់ត្រឹមត្រូវ សៀវភៅគ្រួសារ ឬសៀវភៅ​ស្នាក់នៅថតចម្លង​១ច្បាប់ សំបុត្រកំណើត​ថត​ចម្លង១ច្បាប់ ។​

បើតាមលោក វ៉ា វណ្ណា​ នាយកគ្រប់គ្រង​នៃក្រុមហ៊ុន​ Propertydia ជំនាញលើ​ការ​កាត់ប្លង់រឹង​ បានថ្លែងប្រាប់បណ្ដាញ​ព័ត៌មាន​ AMS ឱ្យដឹងថា កំហុស​លើ​ប្លង់រឹង​ដែលបានចេញដោយក្រសួង​ដែនដី តាមរយៈមន្ទីរសុរិយោដី តែងតែកើតមាន ។​ បើសិនជាកំហុសនោះតិច​តួច ម្ចាស់​ប្លង់​អាច​យក​ទៅឱ្យខាង​មន្ត្រីសុរិយោដីជួយ​កែតម្រូវ ឬកោសលុបទៅតាមបច្ចេកទេស​​ ហើយជាគោលការណ៍​មិនអស់​ថ្លៃចំណាយទេ​ ។ សម្រាប់លិខិត​ដែល​ត្រៀម​ដាក់ដើម្បីកែតម្រូវលើ​ឈ្មោះ​នេះ គឺដូច​នឹង​លិខិត ​ឬឯកសារ​ដែល​ដាក់ក្នុងពេលធ្វើ​ប្លង់​ផ្ទេរ​កម្មសិទ្ធិដូច្នេះដែរ ។

លោក វណ្ណា ​បានបញ្ជាក់ថា ការខុសឈ្មោះ​ ឬខុសអក្ខរាវិរុទ្ធនៅលើ​ប្លង់រឹង​នេះ គឺត្រូវតែទៅកែតម្រូវ​ឱ្យត្រូវ​ មិនថា​ខុសតិច ​ឬខុស​ច្រើននោះទេ ព្រោះវាចាំបាច់នៅពេល​ថ្ងៃខាងមុខ ដូចជាការធ្វើអំណោយទៅ​ទាយាទជំនាន់​ក្រោយៗ ឬទិញ-លក់បន្ត ហើយក្នុងករណីមានកំហុស ឬខុស​ឈ្មោះ មិនបានកែតម្រូវនោះទេវានឹងពិបាកនៅពេលដំណើរការ​នីតិវិធី​ធ្វើអំណោយ​នាថ្ងៃខាងមុខ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា