ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះ ប៉ុន្តែ​មានសកម្មភាពទិញ-លក់ ​ដោះដូរតិចតួច ។ ថ្ងៃនេះ បណ្ដាញព័ត៌មាន​ AMS Economy នឹងលើកយកពីតម្លៃដីធ្លី​តាមតំបន់​ក្នុ​ងខណ្ឌឫស្សីកែវមកជម្រាបជូន​ដើម្បីបានជាព័ត៌មានទីផ្សារអចលនទ្រព្យខ្លះៗ ។​

យោងតាមការ​ចេញផ្សាយរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហាញ​ពីតម្លៃដីធ្លី​តាមតំបន់​មួយចំនួនក្នុងខណ្ឌឫស្សីកែវ ដោយនៅក្នុងឆមាស​ទី​១ ឆ្នាំ២០២៦​ ឃើញថា​តម្លៃដីក្នុង​ខណ្ឌមួយនេះទាប​បំផុតត្រឹម ​២៩០ដុល្លារ​អាម៉េរិកក្នុងមួយម៉ែត្រការ៉េ និង​ខ្ពស់​បំផុត ត្រឹម​ ២ ៤៣០​ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ហើយសង្កាត់ទួល​សង្កែទី១ ជាតំបន់​ដែលមានតម្លៃដីធ្លីខ្ពស់ជាង​គេនៅក្នុងខណ្ឌ ។​

បើតាមតារាងតម្លៃដីធ្លី​របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងថា ដីធ្លីនៅក្នុង​សង្កាត់ឫស្សីកែវ តំបន់ដែលស្ថិតនៅតាមបណ្ដោយផ្លូវធំៗ​តម្លៃស្ថិតនៅចន្លោះ​ ៨៧០​ដុល្លារ​អាម៉េរិក ដល់​ ២ ៣៣០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ និង​តាមបណ្ដោយផ្លូវតូច​មានតម្លៃចន្លោះពី ៣៩០​ដុល្លារ​ ដល់ ៩៧០ដុល្លារ​អាម៉េរិក​ក្នុងមួយម៉ែត្រការ៉េ ។ ដោយឡែក សង្កាត់ទួល​សង្កែទី​១ ដីនៅតាមផ្លូវធំៗ មានតម្លៃចន្លោះពី ៨៧០ដុល្លារ​ ដល់​ ២ ៤៣០​ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ខណៈតាមបណ្ដោយផ្លូវតូច​ៗ មានតម្លៃចន្លោះពី ​៤៩០ដុល្លារដល់​ ១ ២៦០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ ។

តារាងនេះ​ក៏បានបង្ហាញថា នៅសង្កាត់​ទួល​សង្កែទី២ ដីតាមបណ្ដោយផ្លូវធំៗ មានតម្លៃចន្លោះពី​៥៨០​ដុល្លារ ដល់ ១៨៤០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ចំណែកតាមបណ្ដោយផ្លូវតូចៗ​មានតម្លៃ ២៩០ដុល្លារដល់ ៦៨០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ។ ងាកទៅ​សង្កាត់គីឡូម៉ែត្រលេខ៦ ដីនៅតាមបណ្ដោយផ្លូវធំៗ វាមានតម្លៃចន្លោះពី​៥៨០ដុល្លារដល់ ១២៦០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ ហើយដីនៅតាមបណ្ដោយផ្លូវ​តូច​ៗ មានតម្លៃចន្លោះពី​៤៩០ដុល្លារដល់​៦៨០ដុល្លារ​អាម៉េរិកក្នុងមួយម៉ែត្រការ៉េ ។ចំណែក​សង្កាត់ច្រាំង​ចំរេះ​ទី​១ និង​សង្កាត់ច្រាំង​ចំរេះទី២​ ដីធ្លីដែលនៅតាមបណ្ដោយផ្លូវធំៗមានតម្លៃចន្លោះពី ៥៨០ដុល្លារ​ដល់ ១២៦០ដុល្លារក្នុងមួយម៉ែត្រការ៉េ និង​ដីដែលស្ថិតនៅ​តាមបណ្ដោយផ្លូវ​តូចៗ​មានតម្លៃចន្លោះពី៤៩០ដុល្លារដល់ ៦៨០ដុល្លារ​អាម៉េរិកក្នុងមួយម៉ែត្រការ៉េ  ។​

ចំណែកសង្កាត់ដែលស្ថិតនៅ​ឆ្ងាយជាង​គេ​នៃខណ្ឌឫស្សីកែវ គឺសង្កាត់​ស្វាយប៉ាក តម្លៃដីអាចរកបានចន្លោះពី​ ៣៩០ដុល្លារ ដល់​ ៨៧០ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រការ៉េ សម្រាប់ទីទាំង​ស្ថិតនៅតាមបណ្ដោយផ្លូវធំៗ និង​ចន្លោះពី ២៩០ដុល្លារ ដល់ ​៥៨០ដុល្លារ​អាម៉េរិក​ក្នុងមួយម៉ែត្រការ៉េ​ សម្រាប់ទីតាំង​ដីស្ថិតនៅតាមបណ្ដោយផ្លូវតូចៗ ។

លោក​ អឿន ធារ៉ា ស្ថាបនិក និងជានាយក​ប្រតិបត្តិ​នៃក្រុមហ៊ុនអចលនទ្រព្យ Cam Realty បានមាន​ប្រសាសន៍ថា ការទិញលក់ដីធ្លី​នៅតាមបណ្ដាខណ្ឌនានា​ក្នុងរាជធានីភ្នំពេញ នៅតែ​បន្ត​មានជា​ហូរហែដោយតំបន់ខ្លះមានការទិញលក់ច្រើន តំបន់​ខ្លះទៀត​មានការទិញលក់តិចតួច ។

លោកបន្តថា តំបន់​នៃខណ្ឌ​កណ្ដាលក្រុង​ មិនសូវ​មានការទិញលក់​ច្រើនទេ ព្រោះតំបន់ទាំង​នោះតម្លៃដីខ្ពស់ ហើយការទិញលក់​ គឺទិញដើម្បីអភិវឌ្ឍន៍ ចំណែក​តំបន់​នៅជាយក្រុង ​ដូចជា ​តំបន់​នៃខណ្ឌដង្កោ ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ មានការទិញលក់​ច្រើន​ជាងតំបន់​នៅប៉ែកខាង​ជើង​រាជធានីភ្នំពេញ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា