រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ភ្នំពេញ ៖ កំពង់ស្ពឺ នៅតែជា​ខេត្ត​ដែលមានសក្ដានុពល​ និងទាក់ទាញគម្រោង​វិនិយោគបានច្រើនជា​ងគេ​ក្នុងចំណោម​បណ្ដារាជធានី-ខេត្ត​ទាំង​២៥​ ទូទាំងប្រទេសកម្ពុជា​ ជាក់ស្ដែង​ក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ ២០២៦​នេះ ខេត្តមួយនេះទទួលបានគម្រោង​វិនិយោគរហូតដល់ ​៧៥គម្រោង និងអាច​បង្កើតការងារ​ជូនប្រជាពលរដ្ឋ​បានរាប់ម៉ឺននាក់​ ។

បើតាមរបាយការណ៍​របស់​គណៈកម្មាធិការ​វិនិយោគកម្ពុជានៃក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​បានឱ្យដឹងថា ក្នុងរយៈពេល​៧ខែ ដើមឆ្នាំ២០២៦នេះ គណៈកម្មាធិការ​វិនិយោគ​កម្ពុជាបានអនុម័ត​គម្រោង​វិនិយោគសរុប​ចំនួន ៣០៩​គម្រោង ជាមួយនឹងដើមទុនវិនិយោគប្រមាណ ៥,២ពាន់​លានដុល្លារអាម៉េរិក ហើយក្នុងនោះសម្រាប់តែខេត្ត​កំពង់ស្ពឺ​ ស្រូបទាញគម្រោង​វិនិយោគបានចំនួន ៧៥គម្រោងទៅហើយ និងបានក្លាយជាខេត្តជាប់លេខ​១ ដែលទទួលបានគម្រោងវិនិយោគច្រើនជាង​គេក្នុងពេល៧ខែនេះ ។​

បើតាមរបាយការណ៍បាន​បង្ហាញថា ការ​វិនិយោគ​នៅក្នុងខេត្តកំពង់ស្ពឺភាគច្រើន​ផ្ដោតលើ​វិស័យឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម រួមមាន​រោងចក្រកាត់ដេរ សម្លៀក​បំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ ដោយប្រភព​ទុនវិនិយោគ​ភាគច្រើនមកពីប្រទេស​ចិន កូរ៉េ​ខាង​ត្បូង និងបណ្ដាប្រទេស​ក្នុង​តំបន់អាស៊ី ​ព្រមទាំងវិនិយោគទុន​ក្នុង​ស្រុកផងដែរ​ ។​

គួរ​បញ្ជាក់ថា ​ដើម្បីអាចទាក់ទាញវិនិយោគិន​ទាំងក្នុង និងក្រៅប្រទេស​មក​បណ្ដាក់ទុន​នៅក្នុង​ខេត្តកំពង់ស្ពឺ​បានកាន់តែច្រើន​បន្ថែមទៀត រាជរដ្ឋាភិបាល តាមរយៈក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និ​ងសំណង់ គ្រោង​រៀបចំ​ក្រុង​ច្បារមន ឱ្យក្លាយជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដោយ​កែលម្អ បង្កើនសោភ័ណភាព រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង​មួយនេះ​ឱ្យកាន់តែទំនើប​ កាត់បន្ថយ​កា​រកកស្ទះចរាចរណ៍​ក្នុង​ក្រុង​ និងរៀបចំសួន​ច្បារសម្រាប់ពលរដ្ឋ​លំហែ​កាយ និងហាត់ប្រាណនាពេលសម្រាក​ពីការនឿយហត់ប្រកបអាជីវកម្ម ក៏ដូចជាការងារផងដែរ។​

អ្នកឧកញ៉ា​ សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាល​​សម្ព័ន្ធក្រុមហ៊ុន​ SAM SN Group បានមានប្រសាសន៍ថា​ កំពង់ស្ពឺ ជា​ខេត្តដែលទាក់ទាញមួយ​សម្រាប់ការ​វិនិយោគនានា ព្រោះខេត្តនេះ ស្ថិតនៅមិនឆ្ងាយពីរាជធានីភ្នំពេញ មានផ្លូវ​ល្បឿនលឿនឆ្លងកាត់​ និងមានផ្លូវ​ជាតិ​សំខាន់ៗជាច្រើន​តភ្ជាប់ខេត្ត​មួយនេះ ដូចជា​ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ​​៤១ ផ្លូវជាតិលេខ​៥១​ និងផ្លូវជាតិលេខ៤ ភ្ជាប់ទៅកំពង់ផែ ខេត្តកោះកុង និងកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុជាដើម ។

អ្នកឧកញ៉ា​បន្តថា​ ៖

«តម្លៃដីធ្លីនៅក្នុង​ខេត្តកំពង់​ស្ពឺ ក៏ឃើញថានៅមានភាពល្អប្រសើរ​មិនថ្លៃពេក​ និង​មិនទាបពេក ដែល​សមល្មម​សម្រាប់វិនិយោគិន​មានបំណង​ស្វែងរកទីតាំង​សម្រាប់ការ​វិនិយោគ សាងសង់​រោងចក្រ ឃ្លាំង​ស្តុកទំនិញ​ ក៏ដូចជា​ការ​វិនិយោគលើវិស័យកសិកម្ម​»។

អ្នកឧកញ៉ា​បាន​បន្ថែមថា ក្នុងមួយ​រយៈពេល​ចុងក្រោយនេះ ខេត្តកំពង់​ស្ពឺនៅតែបន្តទាក់ទាញ​លើ​គម្រោង​វិនិយោគ​ជាច្រើនទៀត ដូចជា ​តំបន់​សេដ្ឋកិច្ចពិសេស​លើ​ទំហំផ្ទៃដី​ជាង​៥០០ហិកតា​របស់​ក្រុមហ៊ុន​ OCIC និងគម្រោង​រោងចក្រផលិត​សម្ភារៈអេឡិចនិត្រូនិក​សម្រាប់នាំចេញមួយចំនួនទៀត ។

លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី បានលើកឡើងថា ការវិនិយោគលើ​វិស័យឧស្សាហកម្ម​ បានជំរុញឱ្មានយតម្រូវការ​អចលនទ្រព្យ​ ដូចជា​ដីធ្លី សម្រាប់​សង់ឃ្លាំង រោងចក្រ ជាដើម ​។​​ យ៉ាងណា​ក៏ដោយ​ តម្រូវការ​ដីធ្លីសម្រាប់​បម្រើ​ក្នុងវិស័យឧស្សាហកម្ម ផ្ដោតលើ​តំបន់ដែលនៅជាយក្រុង​ ឬតំបន់ដែល​តម្លៃដីនៅទាបក្នុង​រង្វង់ប្រមាណ ១០ដុល្លារ​ក្នុងមួយម៉ែត្រ​ការ៉េប៉ុណ្ណោះ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា