តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ភ្នំពេញ ៖ សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ ខណៈតម្លៃលំនៅឋានតាមបណ្ដាខេត្ត​មានកំណើន​ប្រមាណ ២,៨ភាគរយ​ ។ នេះបើតាមរបាយការណ៍របស់​ធនាគារ​ជាតិនៃកម្ពុជា​ចេញផ្សាយ​សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ ។

Advertisement

បើតាម​របាយការណ៍បានបង្ហាញថា វិស័យអចលនទ្រព្យ​ បានបន្ត​មានកំណើន​ទាប ដែលត្រូវបានប៉ាន់​ស្មានថា​ កើន​ត្រឹមតែ ០,១ភាគរយប៉ុណ្ណោះ ធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ក្នុងនោះ​ សកម្មភាពលក់​ផ្ទះ​បានថយ​ល្បឿនពី​ ៤៤,៩ភាគរយ​នៅឆមាសទី​១ ឆ្នាំ២០២៥ មកនៅត្រឹមតែ ៣ភាគរយប៉ុណ្ណោះក្នុងឆមាស​ទី​១ ឆ្នាំ២០២៦​នេះ ដោយឡែក ការ​លក់​ខុនដូ​ក៏បន្ត​ថយចុះដូចគ្នា​ដែរ ជាក់ស្ដែង​ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ ការលក់ខុនដូ​បានធ្លាក់ចុះរហូតដល់ ២៥ភាគរយ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៦ ។​

របាយការណ៍​ធនាគារ​ជាតិនៃកម្ពុជាបានឱ្យដឹងថា ទោះបីជា​តម្លៃលំនៅឋាន​បន្ត​ថយ​ថ្លៃ​ជាង​មុនក្ដី ហើយអ្នកអភិវឌ្ឍន៍លំនៅឋាន​បានផ្ដល់លក្ខខណ្ឌ​បង់ប្រាក់​ដែលមានភាពបត់បែនជាងមុន​ក៏ដោយក៏តម្រូវការ​នៅតែមានភាពទន់​ខ្សោយ​ ដោយសារតែអតិថិជន​សក្ដានុពល​នៅមានភាពស្ទាក់ស្ទើរ​ និងប្រកាន់យក​ឥរិយាបថ​រង់ចាំមើល​ស្ថានភាព​សេដ្ឋកិច្ចក្នុងស្រុក ជាពិសេស មានការ​ប្រុងប្រយ័ត្នខ្ពស់​ក្នុងការ​ចំណាយ ។

គួរ​រម្លឹកថា ដើម្បីពង្រឹង និងស្ដារ​សកម្មភាពសំណង់​លំនៅឋានក្នុងគ្រា​ដែល​សេដ្ឋកិច្ចពិភពកំពុង​ជួបបញ្ហា​ប្រឈម​នេះ រាជរដ្ឋាភិបាល​បានដាក់ឱ្យ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍លំនៅឋាន​សង្គម​ និងលំនៅឋាន​តម្លៃ​សមរ​ម្យ​ជាមួយនឹ​ងអន្តរាគមន៍​នានា ដើម្បីលើកទឹកចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុង និងក្រៅប្រទេស​លើ​ការ​វិនិយោគវិស័យលំនៅឋានតម្លៃសមរម្យ​ ។​

គិតត្រឹមឆមាស​ទី១ ឆ្នាំ២០២៦ គម្រោងអភិវឌ្ឍន៍លំនៅឋាន​តម្លៃសមរម្យ​ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល​មានចំនួន​ ៦គម្រោង មានលំនៅឋានសរុប ៦៨ ០៣០​ខ្នង ក្នុងនោះ​គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ​ដែល​បានបញ្ចប់​មានចំនួន​ ២គម្រោង ​ស្មើនឹង​ ៤ ៣៨៥ ខ្នង និងកំពុង​សាងសង់​មានចំនួន ៣ ​គម្រោង ស្មើនឹង ១​ ៣៤៩​​ ខ្នង ខណៈគម្រោង​ថ្មី​ចំនួន​១ មាន​លំនៅឋាន​ចំនួន ៦២ ២៩៦ខ្នង ប៉ុន្តែមិនទាន់​ចាប់ផ្ដើមដំណើរការ​សាងសង់នៅឡើយ ។​

អ្នកជំនាញនៃវិស័យ​អចលនទ្រព្យនៅកម្ពុជាបានមើលឃើញថា ការធ្លាក់​ចុះនៃសកម្មភាពទិញ-លក់​លំនៅឋាន បានជំរុញឱ្យតម្លៃលំនៅឋាន​​ធ្លាក់ចុះ​ជាងមុនមួយកម្រិត​ទៀត ។

លោក ចេង វុទ្ធី អគ្គនាយក​ក្រុមហ៊ុនអចលនទ្រព្យ INVAR Real Estate បានឱ្យដឹងថា ការដែលតម្លៃលំនៅឋាន​នៅក្នុងរាជធានីភ្នំពេញ​ធ្លាក់ចុះ​ជាង​ឆ្នាំមុននេះ ដោយសារតែលំនៅឋានភាគ​ច្រើន​ត្រូវបាន​ម្ចាស់​កម្មសិទ្ធិដាក់ធ្វើជាទ្រព្យធានា​នៅក្នុងធនាគារ ហើយពេលដែល​ម្ចាស់កម្មសិទ្ធិអស់លទ្ធភាពបង់សង​ត្រឡប់​ គ្រឹះស្ថាន​ធនាគារ​ក៏អនុវត្តតាមនីតិវិធី ​ហើយប្រកាសលក់ទ្រព្យ​ទាំង​នោះ​ ក្នុងតម្លៃទាបជាង​ទីផ្សារ​ ។ យ៉ាងណាក្ដី សម្រាប់លំនៅឋាន​ដែលទិញផ្ទាល់​ពីក្រុមហ៊ុន​ ឬអ្នកអភិវឌ្ឍន៍នៅតែមានតម្លៃដដែល​ ដោយមិនធ្លាក់​ចុះ ឬឡើង​ជាងមុន​ទេ ឬក៏អាច​ម្យ៉ាងទៀត​ថាមានការប្រែប្រួលតិច​តួច ។​

លោកបន្តថា សម្រាប់ក្រុមហ៊ុន ​INVA បច្ចុប្បន្ន​នេះ នៅតែអាច​សម្រប​សម្រួលការទិញលក់ផ្ទះ​របស់អតិថិជន ហើយភាគច្រើន​ជាផ្ទះដែលបញ្ចេញពី​ធនាគារ មានន័យថា ​ជួយរកភ្ញៀវដែលមានតម្រូវការ​ផ្ទះ​ទៅទិញផ្ទះដែលធនាគារ​ប្រកាស​លក់​ ដូច្នេះហើយ​ សកម្មភាព​នៃការទិញលក់​តាមរយៈក្រុមហ៊ុន ​INVA នៅតែមានចរន្ត​ដដែល ។

លោកបន្តទៀតថា លំនៅឋាន​បច្ចុប្បន្ន​នៅតែអាច​លក់បានដដែល សម្រាប់​លំនៅឋានដែលមានតម្រូវការ​លើទីផ្សារ និងមានទីតាំង​សក្ដានុពល ដូចជា​លំនៅឋានដែលមានតម្លៃសមរម្យ​ ហើយស្ថិតនៅ​តំបន់ដែលមានសក្ដានុពល ​និងជា​តំបន់លំនៅឋានពិត​ប្រាកដ ។ ​ដូច្នេះ អ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា​គួរគិតគូ​រ​អភិវឌ្ឍន៍លំនៅឋានដែល​មានតម្រូវការ​ពិតប្រាកដសម្រាប់អ្នកស្វែងរក​ផ្ទះស្នាក់នៅ ។​

បើតាមអ្នកនាង គឹម គិនកេសា នាយិកាប្រតិបត្តិក្រុមហ៊ុន​ Advantage Property Services ( APS ) បានឱ្យដឹងថា​ ក្នុងពេល​បច្ចុប្បន្ន​នេះ សម្រាប់លំនៅឋានតម្លៃសមរម្យ​តែនៅមានទីផ្សារ ព្រោះលំនៅឋានប្រភេទនេះ វាមានតម្រូវការពិត​ប្រាកដ​សម្រាប់អ្នក​ដែល​កំពុងស្វែងរកផ្ទះទី១​ ។ ដោយឡែកការ​ទិញលក់​ផ្ទះក្នុងគោលដៅដើម្បីវិនិយោគ​ដូចជាទិញផ្ទះដើម្បីទុកលក់​ចំណេញ​នៅពេលឡើងថ្លៃជាដើម​នោះ​បានថមថយ​ច្រើន ។

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា