កំពង់ផែកំពត ​ឡូជីស្ទីក​ ទំហំ​ជាង ​១០លានម៉ែត្រ​ការ៉េ​ នឹងជួយ​ជំរុញ​ឱ្យ​ការធ្វើពាណិជ្ជកម្ម​​ កម្ពុជា-អន្តរជាតិ កាន់តែងាយស្រួ​ល​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំពង់ផែកំពត ​ឡូជីស្ទីក​ ទំហំ​ជាង ​១០លានម៉ែត្រ​ការ៉េ​ នឹងជួយ​ជំរុញ​ឱ្យ​ការធ្វើពាណិជ្ជកម្ម​​ កម្ពុជា-អន្តរជាតិ កាន់តែងាយស្រួ​ល​

កំពង់ផែកំពត ​ឡូជីស្ទីក​ ទំហំ​ជាង ​១០លានម៉ែត្រ​ការ៉េ​ នឹងជួយ​ជំរុញ​ឱ្យ​ការធ្វើពាណិជ្ជកម្ម​​ កម្ពុជា-អន្តរជាតិ កាន់តែងាយស្រួ​ល​

ភ្នំពេញ ៖ កំពង់​ផែ​កំពត​ ឡូជីស្ទីក​ ដែលមានទីតាំង​ស្ថិតនៅក្នុងភូមិ ចង្អោន សង្កាត់​ព្រែកត្នោត ក្រុង​បូក​គោ ខេត្តកំពត​ ត្រូវបានរាជរដ្ឋាភិបា​ល​សម្រេចចេញអនុក្រឹត្យ​ឱ្យបង្កើត ​និងអភិវឌ្ឍន៍ជាផ្លូវការ ដែល​គម្រោង​នេះ​មានផ្ទៃសរុប​ទាំង​ដែនទឹក និងដែកគោក ជាង​១០លាន​ម៉ែត្រការ៉េ​។​ នេះបើតាមអនុក្រឹត្យ​របស់រាជរដ្ឋាភិបាល​ចុះហត្ថលេខា​ដោយសម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីចុងសប្ដាហ៍មុននេះ ។ ការ​បង្កើត​កំពង់ផែនេះដែរ នឹងអាចជួយកម្ពុជា​ឱ្យកាន់តែមានភាពងាយស្រួលក្នុងការ​ធ្វើពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នានាក្នុង​តំបន់​ និងលើពិភពលោក​ ។

Advertisement

បើតាម​អនុក្រឹត្យដដែល​នេះបានឱ្យដឹងថា កំពង់ផែកំពត​ ឡូជីស្ទី​ក ជាគម្រោងដែលអភិវឌ្ឍន៍ដោយ​ក្រុមហ៊ុន​ កំពត​ ឡូជីស្ទីក​ អេន​ ផត ឯ.ក ។ គម្រោង​នេះមានផ្ទៃដែនទឹក​ទំហំ​៣,៦៨លានម៉ែត្រការ៉េ និង​ដែនដីគោកទំហំ ៦,៦២លាន​ម៉ែត្រការ៉េ ។ កំពង់​ផែនេះដែរ ត្រូវចាត់​ទុកជា​កម្មវត្ថុ​សម្រាប់ការ​គ្រប់គ្រង​ និង​ប្រើប្រាស់​ដោយ​អង្គ​ភាពគ្រប់គ្រង​កំពង់ផែកំពត​ឡូជីស្ទីក ដែលរួមមាន ចំណត​នាវា សញ្ញា​ជំនួយ​នាវាចរណ៍ កន្លែង​បោះយុថ្កា​ កន្លែង​បត់​នាវា និងឋបមនីយភណ្ឌផ្សេងទៀត ដើម្បីធានា​ដល់កា​រថែរក្សា​ការពារ​សុវត្ថិភាព សន្តិសុខ និងបរិស្ថាន​ សម្រាប់​ឱ្យ​នាវា​ចូល ចេញ បោះយុថ្កា លើកដាក់ ផ្ទេរ​ ​ផ្ទុក​ ទំនិញ​​ និងប្រតិបត្តិការ​ទាំង​មូលនៃកំពង់​ផែ​នេះ ។

ក្នុងអនុក្រឹត្យក៏បានបញ្ជាក់​ផងដែរថា កំពង់ផែកំពត ​ឡូជីស្ទីក​ មានឋមបនីយភណ្ឌផែទំនិញ​ ដែលមានសមត្ថភាពផ្ដល់សេវា​កម្ម​សម្រាប់ទំនិញឆ្លងកាត់​ប្រមាណ​ ៣លាន​តោន​ក្នុងមួយឆ្នាំ ។​

លោក​ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន LINEX Logistics Cambodia Co., Ltd បានមានប្រសាសន៍ប្រាប់​បណ្ដាញព័ត៌មាន​ AMS ឱ្យដឹងថា ការ​ធ្វើពាណិជ្ជកម្ម​ជាមួយបណ្ដាប្រទេស​ក្នុងតំបន់​ និង​លើពិភពលោក គឺមានការទាក់ទង​នឹង​វិស័យឡូជីស្ទីក​ ហើយបើវិស័យឡូជីស្ទីក​នៅកម្ពុជាមានការរីក​ចម្រើន នោះនឹងធ្វើឱ្យការ​ធ្វើ​ពាណិជ្ជកម្មរបស់​កម្ពុជា​ជាមួយបណ្ដា​ប្រទេស​នានា​លើពិភពលោក​ក៏កាន់រីក​ចម្រើន​ផងដែរ ។​

លោកឧកញ៉ា​បន្តថា ថ្មីៗនេះ រាជរដ្ឋាភិបាល​បាន​ចេញអនុក្រឹត្យចំនួន២​ ពាក់ព័ន្ធនឹង​បង្កើត​កំពង់ផែ ដោយមួយកន្លែង​នៅខេត្តកំពត និង​មួយកន្លែងទៀត​នៅខេត្ត​កំពង់ឆ្នាំង ។ កំពង់ផែទាំងពីរ​នេះ សុទ្ធសឹងតែស្ថិតនៅតំបន់​ដែលមានសក្ដានុពល ជាក់ស្ដែង​កំពង់ឆ្នាំង ជា​ទីតាំង​ដែលមានសក្ដានុពលមួយក្នុងការផលិត​ ទាំងឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម​ ហើយកំពត ក៏ជាតំបន់​ដែល​កំពុង​តែទាក់ទាញលើវិស័យឧស្សា​ហកម្ម ដូច្នេះ ការ​សម្រេច​ចិត្តរបស់​រាជរដ្ឋាភិបាល​នឹងធ្វើឱ្យការ​ធ្វើពាណិជ្ជកម្ម​អន្តរជាតិរបស់កម្ពុជាឈានទៅមុខ​មួយកម្រិតទៀត ។

លោក ​ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ​ ឡាក់គី បានមានប្រសាសន៍លើកឡើងថា ការ​បង្កើត​ ឬការ​វិនិយោគលើ​កំពង់ផែ​នៅខេត្តកំពតនេះ មិនត្រឹមតែ​ធ្វើឱ្យមានតម្រូវការ​នៃការ​ប្រើប្រាស់ដីនៅក្នុង​គម្រោងកំពង់ផែ​នោះផ្ទាល់ទេ ប៉ុន្តែវា​នឹង​ធ្វើឱ្យ​ការ​ប្រើប្រាស់​នៅជុំវិញកំពង់ផែនោះ ជាពិសេស​តាមបណ្ដោយផ្លូវជាតិសំខាន់​ៗ នៅក្នុង​ខេត្តកំពត​ក៏ដូចជាខេត្តជាប់​គ្នានោះ ។​

លោកបន្តថា នៅពេល​បង្កើត​កំពង់ផែ​ ប្រាកដណាស់ទំនិញ​ដែល​ត្រូវ​ចេញចូលកំពង់ផែ នឹង​មិនអាច​ដាក់​ក្នុងកំពង់ផែបានអស់ទេ ដូច្នេះត្រូវ​ការ​ទីតាំង​សម្រាប់ស្តុកទុក ដូច្នេះហើយ​តម្រូវការ​ដីសម្រាប់​សាងសង់ឃ្លាំង​ស្តុកទំនិញនៅតាម​បណ្ដោយផ្លូវ​សំខាន់​ៗ ជាពិសេស​ផ្លូវជាតិលេខ​៣ និងផ្លូវជាតិលេខ​៤១​ ដែលជាផ្លូវ​ឆ្ពោះទៅកាន់ខេត្តកំពត ។

គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យក​តំបន់ឆ្នេរ​ជា​គោលដៅនៃការអភិវឌ្ឍ​ ដោយរាជរដ្ឋាភិបាល​បោះទុនវិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និង​តភ្ជាប់ទៅកាន់​តំបន់​ផ្សេង​ទៀត​ទូទាំង​ប្រទេស​ ។ ជាលទ្ធផល​ ខេត្តព្រះសីហនុ ក៏ទទួលបានភាពទាក់ទាញ​ក្នុងការ​វិនិយោគពីក្នុង និងក្រៅប្រទេស ។ ដោយឡែក​ ខេត្តកំពត ក៏កំពុងទទួល​បានការ​វិនិយោគជា​បន្ត​បន្ទាប់ ដោយមានគម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ចពិសេស​ចំនួន​២ កំពុង​ដំណើរការ​វិនិយោគ ដែលនឹងអាច​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគចូលបន្ថែម​ជាច្រើនទៀត​ ៕ ​

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា