ស្វែងយល់ពីនីតិវិធី និង​របៀប​ស្នើ​សុំ​កាត់ប្លង់​ផ្ទេរកម្មសិទ្ធិ​ក្នុង​រង្វង់សាច់ញាតិ ឬអំណោយផ្ដាច់​​តាម​ប្រព័ន្ធអនឡាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វែងយល់ពីនីតិវិធី និង​របៀប​ស្នើ​សុំ​កាត់ប្លង់​ផ្ទេរកម្មសិទ្ធិ​ក្នុង​រង្វង់សាច់ញាតិ ឬអំណោយផ្ដាច់​​តាម​ប្រព័ន្ធអនឡាញ

ស្វែងយល់ពីនីតិវិធី និង​របៀប​ស្នើ​សុំ​កាត់ប្លង់​ផ្ទេរកម្មសិទ្ធិ​ក្នុង​រង្វង់សាច់ញាតិ ឬអំណោយផ្ដាច់​​តាម​ប្រព័ន្ធអនឡាញ

ភ្នំពេញ ៖ ការកាត់ប្លង់ផ្ទេរកម្មសិទ្ធិក្នុងរង្វង់សាច់ញាតិ ឬអំណោយផ្ដាច់ គឺជាការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ (ដី/ផ្ទះ) ពីឪពុក-ម្តាយ​ ទៅកូន ឬពីយាយ-តា ទៅចៅ ។ ការផ្ទេរប្រភេទនេះទទួលបាន ការលើកលែងពន្ធប្រថាប់ត្រា ប៉ុន្តែតម្រូវឱ្យបំពេញបែបបទផ្លូវការនៅការិយាល័យភូមិបាលក្រុង/ស្រុក/ខណ្ឌ ទីតាំងដី ។ នៅថ្ងៃនេះ ពីបណ្ដាញព័ត៌មាន​ AMS នឹង​ចែករំលែកចំណេះដឹងពីការ​ដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញរបស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ។

Advertisement

ជា​ជំហានដំបូង​ បងប្អូន ឬអតិថិជន ត្រូ​វចូលទៅកាន់​គេហទំព័រ​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមតំណ https://mlmupc.gov.kh/ ប៉ុន្តែមុននឹង​ចូលទៅកាន់​ការ​ប្រើប្រាស់​នូវសេវា​ផ្សេងៗបាន លោក​អ្នក​ត្រូវ​ប្រាកដ​ថា​បាន​បង្កើតគណនី​រួចហើយ ។ បន្ទាប់​មក​ជ្រើសរើស​យកពាក្យ​ថា សេវា​លក់ និងអំណោយផ្ដាច់ ហើយត្រូវបំពេញ​បែបបទដែលបានបង្ហាញ រួមមាន​សេវា​សាធារណៈ ដែល​ក្នុងនោះ​មាន លក់/អំណោយផ្ដាច់​​វិញ្ញា​បនបត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ , លក់​/អំណោយផ្ដាច់​វិញ្ញាបនបត្រ​សម្គាល់ម្ចាស់​ចំណែកឯកជន ឬហៅថា​ខុនដូ ។

បន្ទាប់ពីនេះ ជ្រើសរើសយក​លក់​/អំណោយផ្ដាច់ តែសម្រាប់​ការផ្ទេរ​កម្មសិទ្ធិក្នុង​រង្វង់សាច់ញាតិ​សូមជ្រើសរើសយក អំណោយផ្ដាច់ ។ ​ក្រោយបំពេញ​ត្រង់ចំណុច​នេះរួចរាល់ លោក​អ្នក​ត្រូ​វបំពេញ​បន្ត​នូវប្រភេទដី ដូចជា​ ប្រភេទដីលំនៅឋាន កសិកម្ម ឬដីរដ្ឋ ហើយត្រូវ​បញ្ចូលលេខ​ក្បាល​ដី ទំហំផ្ទៃដី ទីតាំង​ដី​រួមមាន​រាជធានី/ខេត្ត ក្រុង/ស្រុក/ខណ្ឌ ឃុំ/សង្កាត់​ ភូមិ​។

នៅពេលបំពេញបែបបទរួច ប្រព័ន្ធអេឡិចត្រូនិកនឹង​បង្ហាញរាល់ឯកសារ​ត្រៀម​ ដែលត្រូវយកទៅ​ប្រគល់​ឱ្យ​មន្ត្រីជំនាញ ។ បន្ទាប់ពីត្រួតពិនិត្យលើការ​ស្នើ​សុំ​រួចរាល់​ លោកអ្នក​អាច​ធ្វើការបង់​ប្រាក់តាមរយៈប្រព័ន្ធទូទាត់​ KESS Payment Hub  (QR Code ) ដែលមានធនាគារ​ដៃគូជាច្រើន​ ឬក៏អាចជ្រើសរើស​ការ​បង់ប្រាក់​តាម​បញ្ជរ​របស់មន្ទីរ​រៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ។​​ ជំហាន​បន្ទាប់​លោកអ្នកអាច​តាមដាន​រាល់​ដំណើរការនៃចរន្តឯសារ​ដែលបានដាក់​ស្នើ​ ដោយគ្រាន់តែចូលទៅកាន់ប្រវត្តិឯកសារ​ ឬស្កែន​ ​QR  នៅលើ​បង្កាន់​ដៃ​ដែលប្រព័ន្ធបានផ្ដល់ជូន ។

លោក សារិន វណ្ណា​ ប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់​ និងសុរិយោដី រាជធានីភ្នំពេញ បានលើកឡើងថា ដើម្បីចូលរួម​ចំណែក​នៅក្នុងការ​ខិតខំកំណែទម្រង់​ និងធ្វើ​ទំនើបកម្ម​របស់​រាជរដ្ឋាភិបាលដែល​មានក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​​ ជាសេនាធិកា​រ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់​ និងសុរិយោដី បានបង្កើត​នូវក្រុមការងារដើម្បីរៀបចំការ​ផ្ដល់​សេវា​សាធារណៈជូនប្រជាពលរដ្ឋ​តាមប្រព័ន្ធឌីជីថល នូវមុខ​សេវា​មួយចំនួន​ ដែលជាមុខងារសេវា​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ​ ដូចជា​ ការ​លក់​ផ្ទេរ ការដាក់​បញ្ចាំ ដាក់ហ៊ីប៉ូតែក និងការ​ប្រកាស​តំបន់​វិនិច្ឆ័យ​ដែល​ចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ ។

លោកបន្តថា តាមរយៈសេវា​អនឡាញរបស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួយប្រជាពលរដ្ឋ​​កាត់បន្ថយការ​ចំណាយទាំងពេលវេលា និងថវិកា ហើយការ​ផ្ដល់សេវា​បែបនេះ​ក៏ប្រក​បដោយតម្លាភាព​ផងដែរ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា