ផ្ទៃដី​ជាង ២ ៤៧៥ហិកតា ​​ក្នុងស្រុក​អង្គរបុរី​ ខេត្តតាកែវ ត្រូវកាត់ឱ្យមក​ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាល​ក្រុង​សំពៅពូន​ ខេត្តកណ្ដាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្ទៃដី​ជាង ២ ៤៧៥ហិកតា ​​ក្នុងស្រុក​អង្គរបុរី​ ខេត្តតាកែវ ត្រូវកាត់ឱ្យមក​ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាល​ក្រុង​សំពៅពូន​ ខេត្តកណ្ដាល

ផ្ទៃដី​ជាង ២ ៤៧៥ហិកតា ​​ក្នុងស្រុក​អង្គរបុរី​ ខេត្តតាកែវ ត្រូវកាត់ឱ្យមក​ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាល​ក្រុង​សំពៅពូន​ ខេត្តកណ្ដាល

កណ្ដាល​៖​ យោងតាមសេចក្ដីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​កណ្ដាល ស្ដីពីការ​ប្រែប្រួលទំហំ​ផ្ទៃដី នៅក្នុង​ភូមិ​សាស្ត្រ​ខេត្តកណ្ដាល កាលពីថ្ងៃទី០៩ ខែកក្កដា ២០២៥ បានឱ្យដឹងថា ផ្ទៃដីទំហំ ២ ៤៧៥​ហិកតា និង ៦ ១៧៨​ម៉ែត្រ​ការ៉េ ក្នុង​ឃុំ​ព្រែក​ផ្ទោល ​និង​ឃុំ​គោកធ្លក​ នៃស្រុក​អង្គរ​បុរី ត្រូវបានកាត់ឱ្យម​កស្ថិត​នៅ​ក្រោមការ​គ្រប់គ្រង​របស់​សង្កាត់សំពៅពូន ក្រុង​សំពៅ​ពូន ខេត្ត​កណ្ដាល​ ដោយ​កំណត់​យក​ស្ទឹង​អង្គរ​បុរីជា​ខ្សែព្រំ​ដែន​រដ្ឋបាល ។​

Advertisement

យោងតាម​សេចក្ដីជូន​ដំណឹង​ដដែលនេះ​ក៏បាន​បង្ហាញផងដែរពីការ​កាត់​យក​ផ្ទៃ​ដី​ទំហំ​ ២២៦ហិកតា ១៩៤០​ម៉ែត្រការ៉េ ក្នុងនោះ​ផ្ទៃដីគោក​ទំហំ​ ១៨១ហិកតា ៥ ០១៤ម៉ែត្រការ៉េ និងផ្ទៃទឹក​ទំហំ​ ៤៤ហិកតា ៦ ៩២៦ម៉ែត្រការ៉េ​ ពី​ភូមិ​ជ្រោយអំពិល​១ សង្កាត់​ក្បាល​ដី​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឱ្យមក​ស្ថិតនៅក្រោមការ​គ្រប់គ្រង​របស់​ភូមិកោះប្រាក់ ឃុំ​ភូមិ​ធំ ស្រុកកៀនស្វាយ​ ខេត្ត​កណ្ដាល​ផងដែរ ។​

តាមរយៈការកាត់ផ្ទៃដីពី​ផ្នែកខ្លះនៃរាជធានីភ្នំពេញ ​និ​ងផ្នែក​ខ្លះ​នៃ​ស្រុក​អង្គរ​បុរី ខេត្តតាកែវ ឱ្យ​មក​ស្ថិត​នៅ​ក្រោម​កា​រ​​គ្រប់គ្រង​របស់​រដ្ឋបាលខេត្តកណ្ដាល បានធ្វើឱ្យ​ទំហំ​ផ្ទៃដី​ខេត្តកណ្ដាល​កើនឡើងពី​ ៣ ២៥១,៤៦​គីឡូ​ម៉ែត្រ​ក្រឡា មុន​ឆ្នាំ២០២៥ ដល់​ទំហំ​ ៣ ២៧៨,៤៨គីឡូម៉ែត្រ​ក្រឡា ដោយ​បច្ចុប្បន្ននេះ​ខេត្ត​កណ្ដាល​មានព្រំ​ប្រទល់​ខាង​ជើង​ជាប់នឹង​ខេត្តកំពង់ចាម និង​ខេត្តកំពង់ឆ្នាំង ខាងកើត​ជាប់នឹង​ព្រៃវែង​ ខាងត្បូង​ជាប់​នឹង​ប្រទេស​វៀតណាម និង​ខាង​លិចជាប់​នឹងតាកែវ និង​ខេត្តកំពង់ស្ពឺ ។ ខេត្តកណ្ដាល​ក៏ជាខេត្ត​ដែលព័ទ្ធជុំ​វិញ​រាជធានីភ្នំពេញ​ផងដែរ ។​

បើតាម​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​បានលើកឡើងថា ការ​កាត់ដីតំបន់​មួយ​ទៅឱ្យក្រោមការ​គ្រប់​គ្រង​របស់រដ្ឋបាលក្រុង​ ឬខេត្ត​ផ្សេងទៀត មាន​ទាំង​ផល​វិជ្ជ​មាន​ និ​ងផល​លំបាក ជាក់ស្ដែង ពលរដ្ឋ​រស់​នៅ​តំ​ប​ន់​មួយ​​ដែល​ស្ថិតនៅក្រោម​ការ​គ្រប់គ្រងរបស់រដ្ឋបាល​ខេត្តមួយ ហើយត្រូវ​ផ្លាស់​ប្តូរ​ទៅក្រោមកា​រគ្រប់​គ្រង​របស់​រដ្ឋ​បាលរាជធានីវិញ គឺពលរដ្ឋ​តំបន់នោះត្រូវ​ធ្វើឯកសារ​បញ្ជាក់ទីលំនៅជាថ្មី​ ដែល​ត្រូវ​ចំណាយ​ពេលសម្រាប់​ការ​ងារ​នេះ ។

លោក ​ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ​ Advance បានមានប្រសាសន៍​លើកឡើងថា​ ជាទូទៅ​គេ​សង្កេតឃើញថា នៅពេល​រាជធានីភ្នំពេញ កាន់តែ​រីក​ចម្រើន​ រាជរដ្ឋាភិបាលបានសម្រេច​កាត់យកដី​ខេត្ត​ជាប់​ភ្នំពេញឱ្យមក​ស្ថិតនៅក្រោមការ​គ្រប់គ្រង​របស់​រាជធានី ។ នៅពេលនោះ ​ឯកសារ​របស់ពលរដ្ឋ​ដែលធ្លាប់​បញ្ជាក់​រស់នៅ​ខេត្ត​ត្រូវ​ផ្លាស់​ប្តូរ​មកនៅក្រោម​រដ្ឋបាលរាជធានីភ្នំពេញ ។ នេះជា​ផលលំបាក​មួយ ប៉ុន្តែ​សម្រាប់ផលវិជ្ជមានវិញ ឃើញថា​ដីធ្លីនៅតំបន់​នោះ នឹងអា​ចឡើងថ្លៃជាងមុន ពេល​កាត់ចូលម​កក្រោ​ម​កា​រ​​គ្រ​ប់គ្រងរបស់រដ្ឋបាល​រាជធានី ហើយ​តំបន់នោះ​ក៏ត្រូវបាន​យកចិត្តទុកដាក់​អភិវឌ្ឍ​ន៍ឱ្យ​សមជាតំបន់​ស្ថិត​ក្រោម​ការគ្រប់គ្រងរាជធានីភ្នំពេញដែរ ដោយ​ត្រូវពង្រីកផ្លូវ​ តបណ្ដាញ​អគ្គិសនី ទឹកស្អាត​ និ​ង​ហេដ្ឋា​រច​នា​ស​ម្ព័​ន្ធ​កាន់​​តែទំ​នើបជាង​មុន​ ​។​​

សម្រាប់​ខេត្តកណ្ដាល​ក៏ជា​ខេត្ត​មួយដែលមានសក្ដានុពល​ខ្ពស់​បន្ទាប់ពីរាជធានីភ្នំពេញ ពីព្រោះតែខេត្ត​នេះ ស្ថិតនៅជាប់គ្នា​នឹង​រាជធានីភ្នំពេញ​ស្រាប់ ។ ការ​អភិវឌ្ឍឧស្សាហកម្ម​ ការអភិវឌ្ឍលំនៅឋាន​​ក៏ឃើញថា​មាន​ការ​រីក​សាយ​ទៅកាន់​តំបន់មួយចំនួន​នៃខេត្ត​កណ្ដាល ​ជាពិសេសសម្រាប់តំបន់ដែល​ស្ថិតនៅជិត​ភ្នំពេញ ហើយក៏មានពលរដ្ឋ​ដែលធ្វើការ​នៅរាជធានីភ្នំពេញ បានទិញផ្ទះ​សម្រាប់ការ​ស្នាក់នៅ​តំបន់​នៃខេត្ត​កណ្ដាល​ច្រើន​ផងដែរ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា