ខេត្ត​ព្រះសីហនុ​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៨៧​ ​គម្រោង​ ក្រោម​ទុន​ប្រមាណ​ ​៤៣៦​ លាន​ដុល្លារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្ត​ព្រះសីហនុ​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៨៧​ ​គម្រោង​ ក្រោម​ទុន​ប្រមាណ​ ​៤៣៦​ លាន​ដុល្លារ​

ខេត្ត​ព្រះសីហនុ​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៨៧​ ​គម្រោង​ ក្រោម​ទុន​ប្រមាណ​ ​៤៣៦​ លាន​ដុល្លារ​

​ព្រះសីហនុ​៖​ ​ក្នុង​រយៈពេល​ ​៧​ខែ ​ឆ្នាំ​២០២៦​ ​ខេត្ត​ព្រះសីហនុ​ទទួលបាន​គម្រោង​វិនិយោគ​ចំនួន​ ​៨៧​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៤៣៦​លាន​ដុល្លារ​អាម៉េរិក​ និង​ប៉ាន់ស្មាន​ថា​អាច​បង្កើត​ការងារ​បាន​ជិត​ ​៦,០០០​កន្លែង​។ ​នេះ​បើ​តាម​របាយការណ៍​របស់​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ​។

Advertisement

​ឯកឧត្តម ​អ៊ឹម ​សុខ​ធី ​ប្រធាន​លេខាធិការ​ដ្ឋាន​នៃ​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ​បាន​មានប្រសាសន៍​ថា​ ​ក្នុង​ចំណោម​គម្រោង​វិនិយោគ​ ​និង​វិនិយោគិន​ដែល​មក​បោះ​ទុន​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ​ភាគ​ច្រើន​ជា​វិនិយោគិន​ចិន​។

​ឯកឧត្តម​បាន​ឱ្យដឹង​ថា​ ​ក្រៅពី​វិនិយោគិន​ចិន ​ក៏​មាន​វិនិយោគិន​មកពី​តំបន់​ផ្សេង​ៗ​ទៀត​ក្នុង​បរិមាណ​តិចតួច​ ​ដូចជា​ ​អឺរ៉ុប​ និង​មជ្ឈិមបូព៌ា​ជាដើម​ ​ដោយ​ផ្ដោត​លើ​វិស័យ​ទេសចរណ៍​។ ​ជាក់ស្ដែង​ ​ចាប់តាំងពី​រាជ​រដ្ឋាភិបាល​បាន​ប្រកាស​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ​មាន​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន​ ​១២៨​គម្រោង​ត្រូវបាន​លើកទឹកចិត្ត​។​

ក្នុង​ជំនួប​អាហារ​សាមគ្គី​ជាមួយ​វិនិយោគិន​ចិន​មក​ពី​ក្រុង​អ៊ូស៊ី ​ប្រទេស​ចិន ​ដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិនិយោគ​ខេត្ត​ព្រះសីហនុ ​កាលពី​ល្ងាច​ថ្ងៃទី​២៩​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​ឯកឧត្តម​ ម៉ាង​ ស៊ីណេត ​អភិបាល​ខេត្ត​ព្រះសីហនុ ​បាន​មានប្រសាសន៍​ថា​ រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំ​ផែនការ​មេអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ​ឱ្យ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ ​និង​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​កម្ពុជា​ ​ទៅជា​របៀង​សេដ្ឋកិច្ច​ពហុ​បំណង​ ​និង​ប្រទាក់​ក្រឡា​។

​ឯកឧត្តម​បាន​បន្ត​ថា​ ​ក្នុង​ផែនការ​នេះ​ ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​រៀបចំ​ឱ្យ​មាន​តំបន់​ទីក្រុង​សមាហរណកម្ម ​ដែល​រួមមាន​តំបន់​រស់​នៅ​ប្រណិត​ ​តំបន់​ទេសចរណ៍​ប្រណិត​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​និង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​។​

ក្រៅពី​នេះ​ ​ខេត្ត​ព្រះសីហនុ ​ក៏​នឹង​ត្រូវ​រៀបចំ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ ​ដោយ​រៀបចំ​បណ្ដា​កោះ​ ​និង​ឆ្នេរ​ដ៏​ស្រស់ស្អាត​នៅក្នុង​ខេត្ត​ ​ឱ្យ​ក្លាយជា​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែល​មាន​លក្ខណៈ​ទាក់ទាញ​។

​ឯកឧត្តម​បាន​បន្ត​ថា​ ​ក្រៅពី​តំបន់​ទីក្រុង​សមាហរណកម្ម ​និង​តំបន់​ទេសចរណ៍​ ​ខេត្ត​ព្រះសីហនុ ​ក៏​នឹង​រៀបចំ​ឱ្យ​មាន​តំបន់​កសិកម្ម​ ​ដើម្បី​រៀបចំ​ជា​តំបន់​វារី​វប្បកម្ម ​ការ​កែច្នៃ​ផល​នេសាទ​ ​និង​កសិផល​ ការ​ចិញ្ចឹម​សត្វ​ ​និង​កសិ-​ឧស្សាហកម្ម​។

​ដើម្បី​ទាក់ទាញ​វិនិយោគិន​ពី​ប្រទេស​នានា ​រាជ​រដ្ឋាភិបាល​បាន​រៀបចំ​ខេត្ត​ព្រះសីហនុ​ឱ្យ​មាន​តំបន់​ឧស្សាហកម្ម​ ​និង​ភស្តុភារកម្ម ​ដោយ​រៀបចំ​ជា​សួន​ឧស្សាហកម្ម​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​ ​និង​ជា​ច្រក​ចេញ​-​ចូល​អន្តរជាតិ​ ​រួមទាំង​ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម​ជាតិ​ ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន​ ​និង​សកលលោក​។

​ឯកឧត្តម​អភិបាល​ខេត្ត​បាន​បញ្ជាក់​ថា​ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​តែងតែ​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​ប្រកបដោយ​ភាព​ឆាប់រហ័ស​ តម្លាភាព​ ​ទំនុកចិត្ត​ ​និង​ប្រសិទ្ធភាព​ខ្ពស់​ ​ព្រមទាំង​ការពារ​សន្តិសុខ​ ​និង​សុវត្ថិភាព​ដល់​វិនិយោគិន ​និង​ភ្ញៀវ​ទេសចរ​។

​ឯកឧត្តម​បាន​បន្ថែម​ថា​ ​រដ្ឋបាល​ខេត្ត​មាន​យន្ត​ការ​បង្ការ​ និង​ឆ្លើយតប​ទាន់​ពេលវេលា​ ​ដើម្បី​ធានា​ថា​វិនិយោគិន ​និង​ភ្ញៀវ​ទេសចរ​គ្រប់​រូប​អាច​ធ្វើ​អាជីវកម្ម​ ​និង​ដំណើរកម្សាន្ត​ប្រកបដោយ​ភាព​កក់ក្ដៅ​ ​សុវត្ថិភាព​ ​និង​ទំនុកចិត្ត​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា