ខេត្តព្រះសីហនុដោះស្រាយអគារជាប់គាំងបាន ១៤៨ គម្រោង គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តព្រះសីហនុដោះស្រាយអគារជាប់គាំងបាន ១៤៨ គម្រោង គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦

ខេត្តព្រះសីហនុដោះស្រាយអគារជាប់គាំងបាន ១៤៨ គម្រោង គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦

​ព្រះសីហនុ៖ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៤៨ គម្រោង ស្មើនឹង ៣៣.៨ ភាគរយ នៃគម្រោងអគារជាប់គាំងក្នុងក្រុងព្រះសីហនុ ត្រូវបានដោះស្រាយ តាមយៈយន្តការលើកទឹកចិត្តពិសេស។

Advertisement

គម្រោងទាំងនេះកំពុងបន្តសាងសង់ កែលម្អ សាងសង់បញ្ចប់ និងមួយចំនួនបានចាប់ផ្តើមដំណើរការអាជីវកម្ម។ ទិន្នន័យនេះត្រូវបានរៀបចំឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានមានប្រសាសន៍កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៦ ថា ក្នុងចំណោមគម្រោងដែលបានដោះស្រាយរួច អគារប្រមាណ ៣៣,៨ភាគរយ ត្រូវបានជួសជុល កែលម្អ និងដាក់ឱ្យដំណើរការឡើងវិញ។

ឯកឧត្តម បានបន្តថា ចំពោះអគារជាប់គាំងដែលមិនទាន់ដោះស្រាយបញ្ចប់ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងរដ្ឋបាលខេត្ត កំពុងបន្តខិតខំដោះស្រាយ ដើម្បីឱ្យអគារទាំងនោះអាចដំណើរការ និងមានសកម្មភាពអាជីវកម្មឡើងវិញ។

ឯកឧត្តម អ៊ឹម សុខធី បានឱ្យដឹងថា កន្លងមក ក្រុមការងារ និងរដ្ឋបាលខេត្តបានសហការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការវិនិយោគនៅខេត្តព្រះសីហនុ ដោយបានអញ្ជើញវិនិយោគិនដែលពាក់ព័ន្ធនឹងអគារជាប់គាំងមកស្វែងយល់ពីអត្ថប្រយោជន៍ដែលពួកគេអាចទទួលបាន ប្រសិនបើចាប់ផ្តើមដំណើរការវិនិយោគលើអគារទាំងនោះឡើងវិញ។

ឯកឧត្តម បានលើកឡើងថា ប្រសិនបើម្ចាស់គម្រោងអគារជាប់គាំងបន្តសកម្មភាពសាងសង់ឡើងវិញ ទោះបីជាគ្រាន់តែលាបថ្នាំ ឬបំពាក់បង្អួចក៏ដោយ រាជរដ្ឋាភិបាលនឹងផ្តល់ការលើកលែងពន្ធជូនរហូតដល់ឆ្នាំ២០២៨។ ការលើកទឹកចិត្តនេះ គឺជាអត្ថប្រយោជន៍មួយដែលម្ចាស់គម្រោងអាចទទួលបាននៅពេលដំណើរការអគារឡើងវិញ។

ឯកឧត្តម អ៊ឹម សុខធី ក៏បានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែកក្កដា ឆ្នាំ ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអនុម័តគម្រោងវិនិយោគចំនួន ៥០០ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៨,៣ ពាន់លានដុល្លារអាម៉េរិក។ ក្នុងចំណោមនោះ ភាគច្រើនជាគម្រោងផ្តោតលើវិស័យទេសចរណ៍ និងអចលនទ្រព្យ ដែលមានទុនវិនិយោគប្រមាណជាង ៤ ពាន់លានដុល្លារអាម៉េរិក។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា កាលពីឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ក្នុងគោលបំណងគាំទ្រ និងផ្តល់ការលើកទឹកចិត្តបន្ថែមដល់គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជីពន្ធដារ។

ឯកឧត្តមបានបន្តថា តាមរយៈកម្មវិធីពិសេសនេះ រាជរដ្ឋាភិបាលនឹងសម្រួលបែបបទ និងនីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានាដល់វិនិយោគិន។

ឯកឧត្តម បានឱ្យដឹងទៀតថា លើសពីនេះ ក៏មានការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធផ្សេងៗ រួមទាំងការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ ឆ្នាំ ៦ឆ្នាំ និង ៩ឆ្នាំបន្ថែម អាស្រ័យលើប្រភេទគម្រោងវិនិយោគ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា